孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីពីរទាក់ទាញសហគ្រាសជាច្រើន សក្តានុពលទីផ្សារចិនគឺហួសពីការរំពឹងទុក

2019-11-04 16:35:08 cri

    ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​លើកទីពីរ​នឹង​សម្ពោធបើក​នៅព្រឹក​ថ្ងៃទី៥ខែ​វិចិ្ឆកា​នៅក្រុង​សៀងហៃ​ប្រទេសចិន​ ។ ដោយសារ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីមួយ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ ។ ​ដូច្នេះ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកនេះ​បាន​ទាក់ទាញ​សហគ្រាស​ជាង៣០០០​មកពី​ប្រទេស​និងតំបន់​ជាង១៥០​ចូលរួម​ ដែលមាន​ទ្រង់ទ្រាយ​កាន់តែ​ធំ ​គុណភាព​កាន់តែល្អ​និង​សកម្មភាព​កាន់តែ​ច្រើន​ ។ ​ក្នុង​បរិបទនៃ​ការធ្លាក់ចុះ​នៃសេដ្ឋកិច្ច​ពិភពលោក​ បំណង​ប្រាថ្នា​ក្នុង​ការអភិវឌ្ឍ​របស់​ប្រទេសនានា​នៅក្នុង​ទីផ្សារ​ប្រទេសចិន​និង​ធ្វើដំណើរ​ដោយជិះ​ “រថភ្លើង​ល្បឿនលឿន​”​នៃ​ការអភិវឌ្ឍ​របស់ចិន​គឺកាន់តែ​ខ្លាំងឡើងៗ ។

    ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​ជាពិព័រណ៍​ថ្នាក់ជាតិ​ទីមួយ​ដែល​ផ្តោតលើ​ការនាំចូល​ពីពិភពលោក​ជាប្រធានបទ​​ ហើយ​ក៏ជា​វិធានការ​ក្នុង​ការអនុវត្ត​ជាក់ស្តែង​របស់​ប្រទេសចិន​ស្តីពី​បើកទូលាយ​ទីផ្សារ​ចំពោះ​ពិភពលោក​ដោយ​ម្ចាស់ការ​ផងដែរ ​។ ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​លើកទីមួយ​ដែល​បាន​រៀបចំឡើង​កាលពី​ឆ្នាំមុន ​ទំហំ​ទឹកប្រាក់​ជួញដូរ​តាម​កិច្ចសន្យា​មាន​ចំនួន​៥ម៉ឺន៧​ពាន់៨រយ​៣០លាន​ដុល្លារ​អាមេរិក​ ដោយ​ទទួលបាន​លទ្ធផល​ជាផ្លែផ្កា​ ។​ មួយ​ឆ្នាំកន្លង​ទៅនេះ ​ទំនិញ​អន្តរជាតិ​ដែល​មាន​គុណភាព​ខ្ពស់មួយ​ចំនួនបាន​មាន​វត្តមាន​ទីផ្សារ​នៅ​ប្រទេសចិន​ ហើយ​មាន​ភាព​ពេញនិយម​លើទីផ្សារ​យ៉ាង​ឆាប់រហ័ស ​។ នេះនាំឱ្យ​ពាណិជ្ជករ​បរទេស​យល់ឃើញថា ​សក្តានុពល​ដ៏ធំសម្បើម​នៃទីផ្សារ​ចិនគឺហួស​ពី​ការរំពឹងទុក​ ។ ជាពិសេស​គឺក្នុង​បរិបទ​ដែល​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ​នាពេល​បច្ចុប្បន្ន ​ទីផ្សារចិន​ដែល​បើកទូលាយ​ឥតឈប់ឈរ​ក្លាយជា​ឱកាស​ដែល​ពួកគេ​មិនអាច​ខកបាន ។

    ជា​រួម ​ចំនួន​នៃ​ប្រទេស​និង​សហគ្រាស​ ​ព្រម​ទាំង​ចំនួន​ផលិត​ផល​សម្រាប់​ចូល​រួម​ពិព័រណ៍​លើក​នេះ​សុទ្ធតែ​ច្រើន​ជាង​លើក​មុន ​ហើយ​ទំហំនិង​កន្លែង​តាំង​ពិព័រណ៍​ក៏​កើន​ឡើងផង​ដែរ ​។ក្រៅពី​នេះ​ ​មេ​ដឹកនាំ​នៃ​ប្រទេស​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​លោក​ប្រធានាធិបតី​បារាំង​ជា​ដើម​នឹង​ចូលរួម​ពិធី​សម្ពោធ​បើក​នៃ​ពិព័រណ៍​លើក​នេះ​និង​សកម្មភាព​មាន​ពាក់ព័ន្ធ​នានា​ ការនេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់របស់​អ្នក​នយោបាយ​អន្តរជាតិ​ទៅ​លើ​ទី​ផ្សារ​ចិន។ចំនួន​សហគ្រាសអាមេរិក​ដែល​ចូលរួម​ពិព័រណ៍​លើក​នេះ​បាន​កើន​ឡើង​២០ភាគ​រយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ​មិញ ​ការ​នេះ​បង្ហាញ​ថា​ មិនថា​បរិយាកាស​ខាង​ក្រៅ​មាន​ភាព​អាក្រក់​យ៉ាង​ណា​ក៏ដោយ​ក៏សរសៃ​សេដ្ឋកិច្ច​ពិភពលោកបាន​ផ្សារភ្ជាប់​ជា​មួយ​ទីផ្សារ​ចិន​យ៉ាង​ជិតស្និទ្ធជាប់ជា​និច្ច។

    ពាណិជ្ជករ​បរទេស​ចូល​ទី​ផ្សារ​ចិន​គឺ​ដោយសារ​ពួកគេ​មាន​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​ចិន។គិត​ត្រឹម​ត្រីមាស​ទី៣​ឆ្នាំ​នេះ ​​GDPនៃ​ប្រទេស​ចិន​បាន​កើន​ឡើង​៦.២ភាគ​រយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​ទៅមិញ​ឈរ​នៅ​លំដាប់​ថ្នាក់​ទី១​ក្នុងចំណោម​តួអង្គសេដ្ឋកិច្ច​សំខាន់ៗ។អាជីវកម្ម​ថ្មី​និង​ពាណិជ្ជកម្ម​ថ្មី​បាន​រីកចម្រើន​យ៉ាង​ផុលផុស ​ប្រព័ន្ធ៥Gក៏​ដំណើរការ​ជា​ផ្លូវការ​ ​បាន​ឆ្លុះបញ្ចាំង​ពី​កម្លាំង​រស់​រវើក​និង​និរន្តរភាព​យ៉ាង​ខ្លាំង​របស់​សេដ្ឋកិច្ច​ចិន។ទី​ផ្សារ​ប្រទេស​ចិន​ដែល​មាន​មនុស្ស​ចំនួន​១ពាន់​៤រយ​លាន់​នាក់ ​ពោរពេញ​ទៅ​ដោយ​តម្រូវការ​ច្រើន​អនេក​និង​ជា​និរន្តរភាព​ចំពោះ​ផលិតផល​និង​សេវា​ដ៏​មាន​គុណភាព​ខ្ពស់​នៃ​ពិភពលោក។ក្នុង​ពិព័រណ៍​លើក​មុន ​ប្រទេស​ចិន​បាន​សន្យា​ថា​នឹង​បង្កើន​ទំហំ​ទឹកប្រាក់​សម្រាប់​ទំនិញ​នាំ​ចូល​និង​សេវាក្នុង​រយៈ​ពេល​១៥ឆ្នាំ​ខាង​មុខ​ចំនួន​ជាង​៣០ទ្រីលានដុល្លារ​និង​១០ទ្រីលាន​ដុល្លារ​អាមេរិក​ដោយ​ឡែក​ពី​គ្នា។​ប្រទេស​ចិន​មាន​ជំនឿចិត្ត​និង​សមត្ថភាព​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ។

    ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​បានក្លាយ​ជា​មធ្យោបាយ​សម្រាប់បង្ហាញ​ពី​គោល​នយោបាយ​នៃការ​បើកទូលាយ​របស់​ចិន​ទៅកាន់ឆាក​អន្តរជាតិ​​ ។ វិធានការក្នុង​ការ​បើកទូលាយ​ជា​ច្រើន​ដែល​លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​ប្រកាស​កាលពីឆ្នាំ​ទៅមិញ​ត្រូវបាន​អនុវត្តយ៉ាង​ជាក់ស្តែង​ ដូច​ជា​ការ​ផ្តល់​ភាពងាយស្រួល​ដល់វិនិយោគិន​បរទេស​ដើម្បី​ចូល​ទីផ្សារ​ចិន​ ដោយ​ការ​ដាក់ចេញនូវ​ « ច្បាប់​វិនិយោគសម្រាប់​ពាណិជ្ជករបរទេស » និង​បង្កើត​តំបន់​សាកល្បង​ថ្មី​នៃពាណិជ្ជកម្មសេរីក្រុង​​សៀងហៃ ប្រទេស​ចិន​ជាដើម​ ។ ​ប្រទេស​​ចិន​​បាន​គោរព​និង​អនុវត្ត​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ ដើម្បី​គាំពារ​ពហុភាគី​និយម​និង​របៀបរៀបរយ​នៃ​ពាណិជ្ជកម្ម​សេរី​លើពិភពលោក​ ។ « របាយការណ៍ស្តីពី​បរិយាកាស​ពាណិជ្ជកម្ម​ឆ្នាំ​២០២០ »បានបង្ហាញ​ថា​ បរិយាកាស​ពាណិជ្ជកម្ម​របស់​​ចិនបាន​ឈរ​នៅ​លំដាប់ទី​ ៣១ លើពិភពលោក​​ ។ នៅ​ឆមាសទីមួយ​​ឆ្នាំ​២០១៩នេះ​ ប្រទេស​ចិន​បានទាក់ទាញ​ទុនបរទេស​ ៧ ម៉ឺន​ ៣ ពាន់លាន​ដុល្លារអាមេរិក​ បន្ត​កា្លយ​ជា​ប្រទេស​ធំទី​ ២​ដែល​ទាក់ទាញទុនបរទេស​ច្រើន​បំផុត​លើពិភពលោក ។

    ប្រទេស​ចិនបាន​បង្កើត​វេទិកា​មួយ​ ហើយ​ស្វាគមន៍​ប្រទេស​នានា​លើពិភពលោក​ចូលរួម​ ។​ ពេល​បច្ចុប្បន្ននេះ​ ការអភិវឌ្ឍកំពុង​​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​យ៉ាង​ស្មុគ​ស្មាញ​ ។ ដូច្នេះ​​ ពិភពលោក​ត្រូវ​ការ​ការ​បង្កើន​ទំនុកចិត្តគ្នា​ទៅវិញទៅមក​លើ​​​ការ​បើកទូលាយនិង​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​និង​បញ្ហា​ប្រឈម​ ។ ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកទី ២ ដែល​ជិត​នឹង​បើក​ធ្វើ​ពេល​ខាងមុខនេះ​ ច្បាស់​ជា​នឹង​យក​ឈ្នះ​លើ​ការការពារ​និយម​ទាំង​ស្រុង​ ​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ ក៏​ដូច​ជា​​បំពេញ​បន្ថែមនូវ​​កម្លាំង​ចលករ​ថ្មី​ដល់​​កំណើន​សេដ្ឋកិច្ច​ពិភពលោកព្រមទាំង​ការ​​រួមគ្នា​កសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើកទូលាយប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មីនិង​បរិយាប័ន្ន ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()