孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍សាកវប្បកម្មពិភពលោកក្រុងប៉េកាំងឆ្នាំ២០១៩ទទួលបានភ្ញៀវទេសចរសរុបជាង៩លាន៣សែននាក់

2019-10-09 16:28:57 cri

    ពិធីបិទបញ្ចប់​នៃពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​​ក្រុងប៉េកាំង​ឆ្នាំ២០១៩​បាន​ធ្វើឡើង​នៅយប់​ថ្ងៃទី៩​ខែតុលា​នេះ​ ។​ កាលពី​ថ្ងៃទី៨ខែ​តុលា ​គណៈកម្មាធិការ​រៀបចំ​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​​ក្រុងប៉េកាំង​បាន​ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើឡើង​នៅ​ការិយាល័យ​ព័ត៌មាននៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​ថា ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​ដ៏ឱឡារិក​ដែល​មាន​រយៈពេល​ជាង៥​ខែនេះ​​ទទួល​បាន​ភ្ញៀវ​ទេសចរ​​សរុប​ចំនួន​៩លាន​៣សែន​៤ម៉ឺននាក់ ។

    លោកស្រី​ Gaoyan ​ប្រធាន​សមាគម​សម្រាប់​ការជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រទេសចិន​និងជា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អនុវត្តនៃ​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​​ក្រុងប៉េកាំង​បាន​ឱ្យដឹងនៅ​ក្នុងសន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី៨​ខែតុលាថា ​មកដល់​បច្ចុប្បន្ននេះ ​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​​ក្រុងប៉េកាំង​ជាពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​មួយ​ដែលមាន​ទ្រង់ទ្រាយធំ​បំផុតនិង​មានប្រទេស​ចូលរួម​តាំង​ពិព័រណ៍​ច្រើនបំផុត ​ក្នុងនោះ​រួម​មាន​ប្រទេស​និង​អង្គការ​អន្តរជាតិ​ចំនួន១១០​ ព្រមទាំង​អង្គការ​​​ក្រៅផ្លូវការ​នៃ​ប្រទេសចិន​ជាង១២០​ដែលរួមមាន​ខេត្ត ​ទីក្រុង​ ភូមិភាគ​ចំនួន៣១​និងតំបន់​ហុងកុង ​ម៉ាកាវនិង​តៃវ៉ាន់​ជាដើម ។

    លោកស្រី​ Jiang ​Zehui ​ប្រធាន​សមាគមផ្កា​របស់ចិន​បានថ្លែងថា ​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​​ក្រុងប៉េកាំង​មិនត្រឹមតែ​បាន​ផ្សព្វផ្សាយពី​គំនិត​នៃ​អរិយធម៌​អេកូឡូស៊ី​និងជំរុញ​ការអភិវឌ្ឍ​​បៃតង​ប៉ុណ្ណោះទេ​ ថែមទាំង​​បាន​ជំរុញ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សាកវប្បកម្ម​ពិភពលោក​ផងដែរ ។

    សូមបញ្ជាក់ថា​ បន្ទាប់ពី​បញ្ចប់​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោកនេះ​ សួននេះ​នឹងត្រូវ​បង្កើត​ជាមូលដ្ឋាន​គំរូនៃ​អរិយធម៌​អេកូឡូស៊ី​និងកន្លែង​ទេសចរណ៍​សម្រាប់​ប្រជាពលរដ្ឋ​ ហើយ​នឹងផ្តល់​ការធានា​សេវាកម្ម​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​និង​កីឡា​អូឡាំពិក​រដូវរងា​ជនពិការ​ឆ្នាំ២០២២​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស