魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក វ៉ាង យ៉ាង ប្រធាននៃគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

2019-09-28 15:11:19 cri

图片默认标题_fororder_汪洋

    កាលពី​ថ្ងៃទី ​២៧ ​ខែកញ្ញា ​លោក ​វ៉ាង ​យ៉ាង ​ប្រធាន​គណៈកម្មាធិការ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ជួប​សវនាការ​ជាមួយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ​នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​សម្តេច​ព្រះមហាក្សត្រី ​នរោត្តម ​មុនីនាថ ​សីហនុ ​ព្រះវររាជមាតាជាតិ​ខ្មែរ​នៅ​ក្រុងប៉េកាំង។​

    ថែ្លងក្នុង​កិច្ចជំនួប ​លោក ​វ៉ាង ​យ៉ាង ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​យ៉ាង​កក់ក្តៅ​និង​ការ​ជូន​ពរ​ដ៏​ល្អ​របស់​លោកប្រធានរដ្ឋ​ចិន ​ស៊ីជីនភីង ​និង​លោកជំទាវ​ជូនដល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ​នរោត្តម ​សីហមុនី ​និង​សម្តេច​ព្រះមហាក្សត្រី ​នរោត្តម ​មុនីនាថ ​សីហនុ ​។​លោក ​វ៉ាង ​យ៉ាង ​បាន​ថែ្លង​ថា ​មិត្តភាព​រវាង​ចិន​និង​កម្ពុជា​មាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ។​ភាគីចិន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុជា​ក្នុងការ​កសាង​បុព្វហេតុជាតិ​និង​សម្តែង​ការ​កោត​សរសើរ​ចំពោះ​ការចូល​រួម​ចំណែក​ដ៏សំខាន់​របស់​រាជវង្សានុវង្ស​កម្ពុជា​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា។​ភាគីចិន​យកចិត្ត​ទុកដាក់​លើ​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​និង​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ស្តីពី​ការកសាង​សហគមន៍​រួម​វាសនា​រវាង​ចិន​និង​កម្ពុជា ​ក៏​ដូច​ជា​ធ្វើ​ការផ្លាស់ប្តូរ​កម្រិត​ខ្ពស់​បន្ថែមទៀត​ជាមួយ​កម្ពុជា​ដើម្បី​លើក​កម្ពស់​ការ​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ​"និង​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិ​ការ​ជាក់​ស្តែង​លើ​វិស័យ​ផ្សេងៗ។​

    ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ​នរោត្តម ​សីហមុនី ​និង​សម្តេច​ព្រះមហាក្សត្រី ​នរោត្តម ​មុនីនាថ ​សីហនុ ​បាន​ផ្តាំផ្ញើ​លោក ​វ៉ាង ​យ៉ាង ​ពាំនាំ​នូវ​ការសួរសុខទុក្ខ​ដោយ​ស្មោះ​ជូន​ដល់​លោកប្រធានរដ្ឋ​ចិន ​ស៊ីជីនភីង ​និង​លោកជំទាវ​និង​សម្តែង​ការអប​អរ​សាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ខួប​គម្រប់ ​៧០ ​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ហើយ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​ចិន​ក្នុង​ការ​កសាង​សេដ្ឋកិច្ច។​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ដល់​ប្រទេសចិន​ចំពោះ​មិត្តភាព​ដ៏​ជ្រាលជ្រៅ​ជាមួយ​រាជវង្សានុវង្សកម្ពុជា​និង​ផ្តល់​ការគាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការអភិវឌ្ឍ​ផែ្នក​សេដ្ឋកិច្ច​និង​សង្គម​របស់​កម្ពុជា។​កម្ពុជា​រីករាយ​ពង្រឹង​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​លើ​គ្រប់វិស័យ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​នៅក្នុង​យុគសម័យ​ថ្មី៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស