魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក លីខឺឈាង នាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយតំណាងសហរដ្ឋអាមេរិកដែលអញ្ជើញចូលរួមកិច្ចសន្ទនារវាងសហគ្រិនចិននិងអាមេរិក

2019-09-11 11:25:56 cri

    កាលពី​រសៀល​ថ្ងៃទី ​១០ ​ខែកញ្ញា ​លោក ​លីខឺឈាង ​នាយករដ្ឋមន្រ្តីចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​សហរដ្ឋអាមេរិក​ដែល​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​រវាង​សហគ្រិនចិន​និង​អាមេរិក​នៅ​ទីស្តីការរដ្ឋ ​Zhong ​Nanhai ​នៅ​ក្រុងប៉េកាំង។​តំណាង​នៃ​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ព្រមទាំង​អតីត​មន្រ្តីជាន់ខ្ពស់​អាមេរិក​បាន​បង្ហាញ​នូវ​ទស្សនៈ​និង​សំណើ​របស់ខ្លួន​ជុំវិញ​ទំនាក់ទំនង​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ជាដើម។​

    ថែ្លងក្នុង​កិច្ចជំនួប ​លោក ​លីខឺឈាង​ បាន​លើកឡើង​ថា ​ឆ្នាំនេះ​គឺជា​ខួបទី ​៤០ ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។​ក្នុង​រយៈពេល ​៤០ ​ឆ្នាំ​កន្លង​មក ​ទំនាក់​ទំនង​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​បន្ត​អភិវឌ្ឍ​ទៅមុខ​ឥត​ឈប់​ឈរ​និង​សម្រេចបាន​នូវ​ផលប្រយោជន៍​ដែល​ផ្តល់​ដល់​គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ។​

    លោក ​លីខឺឈាង ​បាន​ចង្អុលបង្ហាញ​ថា ​ទ្វារ​នៃ​ការ​បើក​ទូលាយ​ទៅកាន់​ពិភព​ខាង​ក្រៅ​នៃ​ប្រទេស​ចិន​នឹង​កាន់តែ​ទូលំទូលាយ​និង​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម​ដែល​ផ្តោត​សំខាន់​លើ​ទីផ្សារ​ភាវូបនីយកម្ម ​ការ​គ្រប់គ្រង​តាមច្បាប់​និង​អន្តរជាតូបនីយកម្ម។​លោក​បន្តថា ​ប្រទេស​ចិន​មាន​ទីផ្សារ​ធំ​ទូលំទូលាយ​និង​ស្វាគមន៍​សហគ្រាស​មកពី​បណ្តាប្រទេស​នានា ​រួមទាំង ​សហរដ្ឋអាមេរិក​ដើម្បី​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៅ​ប្រទេសចិន​ដើម្បី​ទទួលបាន​នូវ​ផលប្រយោជន៍​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ​កាន់តែ​ល្អប្រសើរ។​

    ជាការ​ឆ្លើយបត​ តំណាងសហរដ្ឋអាមេរិក​បាន​ថែ្លងថា ​សហគ្រាស​អាមេរិក​បាន​ទទួល​ការ​លើក​ទឹកចិត្ត​តាមរយៈ​វិធានការថ្មីៗ​របស់​ប្រទេសចិន​ក្នុង​ការ​ពង្រីក​ការ​បើកទូលាយ ​ហើយ​នឹង​មាន​ទស្សនៈ​វិស័យ​វែងឆ្ងាយ​អំពី​ជម្លោះ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​នាពេល​បច្ចុប្បន្ន​នេះ។​តំណាងអាមេរិក​រំពឹងថា ​កិច្ចពិគ្រោះពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​នឹង​ទទួល​វឌ្ឍនភាព​ជាវិជ្ជមាន​និង​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ក្នុងពេល​ឆាប់ៗនេះ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស