孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានក្លាយទៅជាក្បាលម៉ាស៊ីនទីមួយនៃកំណើនសេដ្ឋកិច្ចពិភពលោក

2019-08-30 15:26:48 cri

    កាលពី​ថ្ងៃទី២៩​ខែសីហា ​នាយកដ្ឋាន​ស្ថិតិជាតិចិន​បានប្រកាស​របាយការណ៍​ស្តីពី​សមិទ្ធផល​នៃការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច​នៃ​ខួបទី៧០​នៃការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​ របាយការណ៍​បង្ហាញថា ​ចាប់តាំងពី​ឆ្នាំ២០០៦​រៀងមក ​អត្រារួម​វិភាគទាន​របស់ចិន​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បានកាន់​ឋានៈទីមួយ​លើពិភពលោក​ ហើយ​បាន​ក្លាយ​​ជាក្បាលម៉ាស៊ីន​ទីមួយនៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ។

    ក្នុង​រយៈពេល​៧០ឆ្នាំ​កន្លងទៅនេះ​ កម្លាំង​សេដ្ឋកិច្ច​របស់ចិន​បានកើនឡើង​យ៉ាងជាក់​លាក់ ​។ ​នៅឆ្នាំ​១៩៥២ ​​ផលិតផល​ក្នុងស្រុក​សរុប​(GDP)របស់ចិ​នគឺ៣ម៉ឺន​លានដុល្លារ​អាមេរិក​ ហើយ​នៅឆ្នាំ២០១៨​ ​ផលិតផល​ក្នុងស្រុកសរុប​(GDP)របស់ចិន​បានឡើង​ដល់ជាង​១៣ទ្រីលាន​ដុល្លារអាមេរិក​ ពោលគឺ​កើន​​៤៥២,៦ដង​ធៀបនឹង​ឆ្នាំ​១៩៥២ ។

    ចាប់តាំងពី​សាធារណរដ្ឋ​ប្រជាមានិតចិន​បង្កើតឡើង​​រយៈពេល​៧០ឆ្នាំ​កន្លងទៅនេះ ​​ប្រាក់​ចំណូល​ជាមធ្យម​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់​(GNI)​របស់ចិន​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ ។​ តាមស្ថិតិនៃ​ធនាគារ​ពិភពលោក​បាន​ឱ្យដឹងថា​ នៅឆ្នាំ១៩៦២​ ប្រាក់​ចំណូល​ជាមធ្យម​សម្រាប់​ប្រជាពលរដ្ឋ​(GNI)​ម្នាក់​​របស់ចិន​មានតែ​៧០ដុល្លារអាមេរិក​ប៉ុណ្ណោះ​ ​ហើយ​នៅឆ្នាំ២០១៨​ ប្រាក់​ចំណូល​ជាមធ្យម​សម្រាប់​ប្រជាពលរដ្ឋ​(GNI)​​ម្នាក់​​បានឡើង​ដល់៩៤៧០​ដុល្លារអាមេរិក ។

    បើគណនា​តាម​ស្តង់ដារក្រីក្រ​នៅជនបទ​នាពេល​បច្ចុប្បន្ននេះ​របស់​ប្រទេសចិន ​នៅឆ្នាំ​១៩៧៨ ​ប្រជាជន​ក្រីក្រនៅ​ជនបទ​របស់ចិន​គឺមាន​ចំនួន៧​រយ៧០លាន​នាក់​​ ហើយ​នៅចុងឆ្នាំ​២០១៨ ​ប្រជាជន​ក្រីក្រ​នៅជនបទ​របស់ចិន​គឺមាន​ចំនួន​១៦លាន​៦សែននាក់​ ពោលគឺ​ធ្លាក់ចុះ៧​រយ៥០​លាននាក់​ធៀបនឹង​ឆ្នាំ​១៩៧៨ ។​ ប្រទេសចិន​គឺជាប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​សម្រេច​បាននូវ​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​នៃ​អង្គការ​សហប្រជាជាតិ​មុនគេ​បង្អស់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស