魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក គីមជុងអ៊ុន ប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើង

2019-06-21 15:07:07 cri

    កាលពី​ថ្ងៃទី​ ២០ ​ខែមិថុនា ​លោក ​ស៊ីជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និងជា​ប្រធានរដ្ឋ​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​គីមជុងអ៊ុន ​ប្រធាន​នៃ​គណៈកម្មាធិការ​បក្ស​ពលករ​កូរ៉េខាងជើង​នៅក្រុង​ព្យុងយ៉ាង។​ភាគីទាំងពីរ​បាន​ឯកភាព​គ្នាថា ​នៅលើ​ចំណុច​ចាប់ផ្តើម​ជា​ប្រវត្តិសាស្ត្រ​ថ្មី ​ភាគីទាំងពីរ​ ប្រទេសចិន​និង​កូរ៉េ​ខាងជើង​មានឆន្ទៈ​ពួតដៃ​ជាមួយគ្នា​ដើម្បី​បង្កើត​អនាគត​ដ៏​ល្អបវរ​សម្រាប់​ទំនាក់​ទំនង​រវាង​បក្ស​ទាំងពីរ​និង​ប្រទេស​ទាំងពីរ។​

    ថ្លែងក្នុង​កិច្ចជំនួប​ លោក​ ស៊ីជីនភីង​ បាន​លើកឡើង​ថា ​ឆ្នាំនេះ​គឺជា​ខួប​ទី​ ៧០ ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ចំណង​ការទូត​រវាង​ចិន​និង​កូរ៉េខាងជើង។​ដំណើរទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​រវាង​ចិន​និង​កូរ៉េខាងជើង​និង​ដើម្បី​លើកកម្ពស់​ដំណោះស្រាយ​ខាង​នយោបាយ​នៃ​បញ្ហា​ឧបទ្វីបកូរ៉េ។​ប្រទេសចិន​មានឆន្ទៈ​ក្នុងការ​រក្សា​នូវ​ទំនាក់​ទំនង​យ៉ាង​ស្និទ្ធ​ស្នាល​ជាមួយ​កូរ៉េខាងជើង ​ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ផ្នែក​នយោបាយ ​ក៏ដូចជា​បង្កើន​ទំនាក់ទំនង​ជាយុទ្ធសាស្ត្រ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង។​ប្រទេសចិន​មាន​ឆន្ទៈ​បន្ត​អនុវត្ត​ឱ្យបានល្អ​នូវ​ផែនការ​សកម្មភាព​សម្រាប់​រម្លឹក​ខួប​ទី​ ៧០ ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ចំណង​ការទូត​ជាមួយ​កូរ៉េខាងជើង​ ក៏ដូចជា​ធ្វើ​ការ​ផ្លាស់ប្តូរ​និង​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ ​សុខាភិបាល​និង​កីឡា​ជាដើម​ដើម្បី​បង្កើន​សុខុមាលភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។​

    ជាការ​ឆ្លើយតប ​លោក ​គីមជុងអ៊ុន ​បាន​ថែ្លងថា ​ឆ្នាំនេះ​គឺជា​ខួប​ទី​ ៧០ ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ចំណង​ការទូត​រវាង​ចិន​និង​កូរ៉េខាងជើង​និង​ខួប​ទី ​៧០ ​នៃ​ការបង្កើត​សាធារណ​រដ្ឋប្រជាមានិត​ចិន ​កូរ៉េខាងជើង​មាន​ឆន្ទៈ​រួមសហការ​ជាមួយ​ប្រទេសចិន​ដើម្បី​រៀប​ចំ​សកម្មភាព​អបអរសាទរ​យ៉ាង​កក់ក្តៅ​និង​ឱឡារិក​។​នាពេល​បច្ចុប្បន្ននេះ ​បក្ស​និង​ប្រជាជន​កូរ៉េ​ខាង​ជើង​កំពុង​អនុវត្ត​យ៉ាង​ពេញទំហឹង​នូវ​យុទ្ធសាស្ត្រ​ថ្មី​ដោយ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

    លោក ​ស៊ីជីនភីង ​បាន​វាយតម្លៃ​ជាវិជ្ជមាន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កូរ៉េខាងជើង​ដើម្បី​ធានារក្សា​នូវ​សន្តិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​និង​ជំរុញ​ឱ្យ​គ្មាន​អាវុធ​នុយ​គ្លេអ៊ែរ​នៅ​ឧបទ្វីប​នេះ។​លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​ប្រទេសចិន​មានឆន្ទៈ​ក្នុងការ​ពង្រឹង​ការ​សម្រប​សម្រួល​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កូរ៉េខាងជើង​និង​ភាគីពាក់ព័ន្ធ​នានា​ដើម្បី​ដើរតួនាទី​ជាវិជ្ជមាន​និង​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​ក្នុង​ការ​សម្រេច​បាន​នូវ​គ្មាន​អាវុធ​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប។​

    លោក ​គីមជុងអ៊ុន ​បាន​ថែ្លងថា ​កូរ៉េខាងជើង​មានឆន្ទៈ​បន្ត​ពង្រឹង​ទំនាក់ទំនងគ្នា​និង​ការ​សម្រប​សម្រួល​ជាមួយ​ប្រទេសចិន ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​ការ​វិវឌ្ឍ​ថ្មី​នៅ​ក្នុង​ដំណោះ​ស្រាយ​ខាង​នយោបាយ​នៃ​បញ្ហាឧបទ្វីប​និង​ធានារក្សា​នូវ​សន្តិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​នេះ៕​

图片默认标题_fororder_习金会谈1

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស