ថ្ងៃទី ២៨ ខែមេសា លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅសណ្ឋាគាររដ្ឋ Diaoyutai នៃក្រុងប៉េកាំង ។
ក្នុងកិច្ចជំនួប លោក លីខឺឈាង បានលើកឡើងថា ចំណងមិត្តភាពរវាងចិននិងកម្ពុជាមានភាពស៊ីជម្រៅ ។ ក្នុងនាមជាប្រទេសជិតខាងប្រកបដោយមេត្រីភាពរបស់ប្រទេសកម្ពុជា ប្រទេសចិនរីករាយរួមជាមួយប្រទេសកម្ពុជាក្នុងការកសាងទំនុកចិត្តនយោបាយរវាងគ្នានិងគ្នាឲ្យមានភាពកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ រួមគ្នាកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ចាប់ដៃគ្នាដើម្បីបង្កើតសហគមន៍រួមវាសនាប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីឲ្យវិវឌ្ឍរីកចម្រើនទៅកាន់កម្រិតកាន់តែខ្ពស់ ។ ដោយឡែក ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជា ដោយបានគាំទ្រប្រទេសកម្ពុជាក្នុងការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍របស់ខ្លួន និងសម្រេចការអភិវឌ្ឍបែបពិពិធកម្ម ។ ប្រទេសចិនបានជំរុញនិងលើកទឹកចិត្តសហគ្រាសចិនទៅបណ្តាក់ទុននៅប្រទេសកម្ពុជា ក៏ដូចជាពង្រីកការនាំចូលកសិផលមានគុណភាពខ្ពស់របស់ប្រទេសកម្ពុជាផងដែរ ។
ជាការឆ្លើយតប សម្តេច ហ៊ុន សែនបានសម្តែងការសាទរចំពោះប្រទេសចិនដែលបានរៀបចំធ្វើវេទិកាកំពូលស្តីពីកិច្ចសហប្រតិបតិ្តការអន្តរជាតិ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”លើកទីពីរប្រកបដោយភាពជោគជ័យ ហើយសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភយ៉ាងច្រើនដល់ប្រទេសកម្ពុជាក្នុងរយៈពេលជាយូរកន្លងមក ។ ប្រទេសកម្ពុជារីករាយជំរុញឲ្យយុទ្ធសាស្ត្រចតុកោណរបស់ខ្លួនតភ្ជាប់ជាមួយគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ហើយក៏ស្វាគមន៍សហគ្រាសចិនកាន់តែច្រើនទៅបណ្តាក់ទុននិងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារវាងកម្ពុជានិងចិន ៕