ថ្ងៃទី២៧ខែមេសា វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ“ខ្សែក្រវាត់មួយនិងផ្លូវមួយ ”លើកទីពីរបានបិទបញ្ចប់បន្ទាប់ពីអនុម័តសេចក្តីប្រកាសរួមនៃសន្និសីទកំពូលតុមូលរបស់មេដឹកនាំ ។ អ្នកដឹកនាំដែលចូលរួមសន្និសីទបានបង្ហាញថា មានការប្តេជ្ញាចិត្តឆ្លងតាមគំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវាត់មួយនិងផ្លូវមួយ ”ព្រមទាំងទំនាក់ទំនងភាពជាដៃគូដែលរួមមានយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការផ្សេងទៀត បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់និងអនុតំបន់និងពិភពលោកទាំងមូល ត្រួសត្រាយអនាគតដ៏ល្អបវរដែលមានវិបុលភាពជាមួយគ្នា ហើយរំពឹងថា នឹងរៀបចំធ្វើវេទិកាកំពូលតាមពេលកំណត់និងរៀបចំសកម្មភាពបន្តបន្ទាប់មានពាក់ព័ន្ធផងដែរ ។
បើប្រៀបធៀបនឹងវេទិកាកំពូលលើកដំបូងដែលបើកធ្វើនៅពីរឆ្នាំមុន វេទិកាកំពូលលើកនេះរួមទាំងអស់បានឈានដល់សមិទ្ធផលជាក់ស្តែងចំនួន២៨៣និងកម្មវិធីកិច្ចសហប្រតិបត្តិការតម្លៃជាង៦ម៉ឺន៤ពាន់លានដុល្លារអាមេរិក ។ នេះបានបង្ហាញថា មានប្រទេសនិងប្រជាជនកាន់តែច្រើនឡើងៗកំពុងក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ម៉ឺងម៉ាត់ដែលតភ្ជាប់និងប្រាស្រ័យទាក់ទងគ្នានិងរួមគ្នាស្វែងរកកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនិងវិបុលភាពលើខ្សែក្រវាត់មួយនិងផ្លូវមួយ ។ “ខ្សែក្រវាត់មួយនិងផ្លូវមួយ ”សមស្របនិន្នាការអភិវឌ្ឍន៍និងចរន្តប្រវត្តិសាស្រ្ត ច្នៃប្រឌិតថ្មីនិងរីកចម្រើន នាំឲ្យប្រជាជនទាំងអស់ឃើញថា មានតែសេដ្ឋកិច្ចពិភពលោកដែលបើកទូលាយទើបអាចនាំមកនូវសុភមង្គលដល់ប្រជាជនបណ្តាប្រទេសនានា ។
ក្នុងរយៈពេល ៦ ឆ្នាំកន្លងមក ក្រោមការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់គ្រប់ភាគីទាំងអស់ ការកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"បានបង្កើតរចនាសម្ព័ន្ធនៃការតភ្ជាប់និងការទាក់ទងគ្នាជាមូលដ្ឋាន។បណ្តាប្រទេសនិងអង្គការអន្តរជាតិ ចំនួន ជាង ១៥០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ជាមួយប្រទេសចិន។យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវជាច្រើនរបស់ធនាគារពិភពលោកដែលបានចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"មានផលប៉ះពាល់ជាវិជ្ជមានដល់ពាណិជ្ជកម្មនិងឱកាសការងារនៃពិភពលោក ជាពិសេស គឺ កំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសនានាដែលមានប្រាក់ចំណូលទាប។គំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"កំពុងជំរុញឲ្យការផ្លាស់ប្តូរអភិបាលកិច្ចសាកលសម្រាប់ការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងវិបុលភាពរួមគ្នា។ក្នុងនាមជាអ្នកផ្តើមគំនិត"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ប្រទេសចិនបានពង្រីកយ៉ាងសកម្មនូវទំហំនៃការនាំចូល ពាណិជ្ជកម្មផែ្នកសេវាកម្មបានរក្សាកំណើនយ៉ាងឆាប់បង្គួរ ហើយបានក្លាយទៅជាទីផ្សារសំខាន់សម្រាប់ការនាំចេញនៃបណ្តាប្រទេសតាមបណ្តោយ។
ការរួមគ្នាកសាងដែលមានគុណភាពខ្ពស់នៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"បានក្លាយជាគំនិតឯកភាពគ្នាកម្រិតខ្ពស់ក្នុងចំណោមគ្រប់ភាគីទាំងអស់ ហើយនឹងអំណោយផលដល់ការកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ដោយមានទស្សនៈវិស័យអភិវឌ្ឍន៍។ក្នុងអំឡុងពេលវេទិកានេះ តំណាងដែលអង្គប្រជុំបានចាប់ផ្តើមដំណើរការ<គំនិតផ្តួចផ្តើមក្រុងប៉េកាំងស្តីពី"ផ្លូវសូត្រប្រកដដោយសុចរិតភាព">ដែលបង្ហាញថា ប្រទេសចិននិងបណ្តាប្រទេសនានាបានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដើម្បីធ្វើឲ្យ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ក្លាយទៅជាផ្លូវមួយដែលប្រកបដោយសុចរិតភាពនិងការគ្រប់គ្រងតាមច្បាប់។
តាមតួលេខស្ថិតិនៃក្រសួងពាណិជ្ជកម្មចិនបានបង្ហាញឲ្យដឹងថា រហូតដល់ចុងឆ្នាំ២០១៨ តំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មក្រៅដែនតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយដែលកសាងដោយប្រទេសចិនរួមទាំងអស់បានបង់ពន្ធក្នុងតំបន់ជាសរុប២៤០០លានដុល្លារអាមេរិក បានបង្កើតកាងារធ្វើសម្រាប់២សែន៧ម៉ឺននាក់។មហាសន្និបាតសហគ្រិនស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយបានបើកធ្វើជាលើកដំបូងនៅវេទិកាកំពូលលើកនេះ សហគ្រិនដែលអង្គប្រជុំបានឈានដល់គម្រោងសហប្រតិបត្តិការសរុបជាង៦ម៉ឺន៤ពាន់លានដុល្លារអាមេរិក។ការនេះបានបង្ហាញឲ្យឃើញថា កិច្ចសហប្រតិបត្តិការស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយបានសមស្របនឹងតម្រូវការក្នុងជីវភាពដ៏ល្អបវររបស់ប្រជាជននៃបណ្តាប្រទេសនានា ការនេះគឺមិនអាចរាំងរាបានទេ។
ក៏ដូចជាលោកស៊ីជីនភីងប្រធានរដ្ឋចិនធ្លាប់បានថ្លែងគឺការកសាងគំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយសមស្របនឹងចរន្តប្រវត្តិសាស្រ្តនៃសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ច តម្រូវការក្នុងសម័យនៃកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកលលោក និងក្តីបំណងយ៉ាងខ្លាំងរបស់ប្រជាជនប្រទេសនានាក្នុងជីវភាពកាន់តែសម្បូរធូធារ។នៅលើផ្លូវបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ប្រជាជនប្រទេសនានាកំពុងបង្កើតជីវភាពរស់នៅដ៏ល្អបវរដោយពួតដៃគ្នា។