孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយនិងផ្លូវមួយ”ជាអ្វី?

2019-04-24 10:19:28 cri

គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​ជាអ្វី?​​

កាលពី​ខែកញ្ញា​និងខែតុលា​ឆ្នាំ២០១៣​ លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​បាន​លើកឡើង​ជាបន្តបន្ទាប់​នូវ​គំនិតផ្តួចផ្តើម​ស្តីពី​ការកសាង​“ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវសូត្រ​”និង“​ផ្លូវសូត្រ​លើ​សមុទ្រ​សតវត្សរ៍​ទី២១”​​ពេល​លោក​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​កាហ្សាក់ស្ថាន​និង​ឥណ្ឌូណេស៊ី​ ហើយ​“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​”គឺជា​ការហៅកាត់​នៃ“ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវសូត្រ”​និង​“ផ្លូវសូត្រ​លើសមុទ្រ​សតវត្សរ៍​ទី២១”។

“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ”​ជាវេទិកា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និងផលិតផល​សាធារណៈ​ដែល​ប្រទេសចិន​ផ្តល់ឲ្យ​ពិភពលោក​ គឺជា​គំនិតផ្តួចផ្តើម​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ដែល​បើកទូលាយ​និងបរិយាប័ន្ន​ ។ ខ្លឹមសារ​ស្នូលនៃ​“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ”​គឺយក​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាខ្សែសំខាន់​ តភ្ជាប់​គោលនយោបាយ​និងយុទ្ធសាស្ត្រ​ការអភិវឌ្ឍ​របស់​បណ្តា​ប្រទេសនានា​ ដើម្បី​ស្វែងរក​កម្លាំង​ចលករថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​និងបង្កើត​វេទិកាថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច​អន្តរជាតិ ។

គោលការណ៍​នៃការកសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ជាមួយគ្នា​​

ការពិគ្រោះគ្នា​ កសាងជា​មួយគ្នា ​និងចែករំលែក​ជាមួយគ្នា​ជាគោលការណ៍​មូលដ្ឋាននៃ​ការជំរុញ​កិច្ចកសាង​“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​” ។ ឯកសារ​ក្រោម​ចំណងជើងថា “​ចក្ខុវិស័យ​និង​ការប្រតិបត្តិការ​ស្តីពី​ការជំរុញ​កិច្ចកសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវសូត្រ​និង​ផ្លូវសូត្រ​លើសមុទ្រ​សតវត្សរ៍ទី២១​ជាមួយគ្នា​”ដែល​គណៈកម្មាធិការ​អភិវឌ្ឍន៍​និង​កំណែទម្រង់​ជាតិចិន​ ក្រសួង​ការបរទេស​និងក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ផ្សាយនៅ​ឆ្នាំ២០១៥​បានចែងថា​ ការកសាង​“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ”​ជាមួយគ្នា​ត្រូវគោរព​តាមគោលការណ៍​ដូចខាងក្រោម​ គឺប្រកាន់​ខ្ជាប់​កម្មវត្ថុ​និងគោលការណ៍​នៃរដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ប្រកាន់ខ្ជាប់​ការបើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ ​ប្រកាន់ខ្ជាប់​ការចុះសម្រុងគ្នា​និងបរិយាប័ន្ន​ ប្រកាន់ខ្ជាប់​​ដំណើរការ​តាមទីផ្សារ​និង​ប្រកាន់ខ្ជាប់​ការផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមកនិង​ឈ្នះ-ឈ្នះ ។

គំនិតស្នូល​នៃខ្សែ​ក្រវាត់មួយ​និងផ្លូវមួយ

    ស្មារតី​ផ្លូវសូត្រ​ គឺសន្តិភាព​និង​កិច្ចសហប្រតិបត្តិការ ​បើកទូលាយ​និងបរិយាប័ន្ន ​រៀនសូត្រ​ពីគ្នា ​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​និងឈ្នះ-ឈ្នះ​ ជាគំនិតស្នូល​នៃការកសាង​“ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ”​ជាមួយគ្នា ។

ខ្សែ​ទិសដៅធំទាំង​៥​នៃ​កិច្ច​រួម​គ្នា​កសាង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ

ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​នៃ​ផ្លូវ​សូត្រ​មាន​ទិសដៅ​ធំ​ទាំង​៣ ​មួយ​គឺ​ចាប់​ពី​ភាគ​ពាយព្យ​និង​ភាគ​ឦសាន​នៃ​ប្រទេស​ចិន​ ឆ្លងកាត់​អាស៊ី​កណ្តាល​និង​រុស្ស៊ី​ទៅ​ដល់​ទ្វីប​អឺរ៉ុបនិង​សមុទ្រ​បាល់ទិក ​មួយ​ទៀត​គឺ​ពី​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន​ ឆ្លងកាត់​អាស៊ី​កណ្តាល​ ​អាស៊ី​ខាង​លិច​ ទៅ​ដល់​ឈូងសមុទ្រ​ពែក្សនិង​មេឌីទែរ៉ាណេ ​ទី​៣​ ​គឺ​ចាប់ពី​ភាគ​នីរតី​ប្រទេស​ចិន​ ឆ្លងកាត់​ឧបទ្វីប​IndoChina​ ដល់​មហាសមុទ្រ​ឥណ្ឌា។

    ផ្លូវ​សូត្រ​លើ​សមុទ្រ​សតវត្ស​ទី២១​មាន​ខ្សែ​ពីរ។​មួយ​គឺ​ពី​កំពង់ផែ​តាម​ឆ្នេ​សមុទ្រ​ចិន​ឆ្លងកាត់​សមុទ្រ​ចិន​ខាង​ត្បូង ​ច្រកសមុទ្រ​មាឡាកា ​ដល់​មហាសមុទ្រ​ឥណ្ឌា ​និង​អឺរ៉ុប។​ខ្សែ​ទី​២​គឺ​ពី​កំពង់ផែ​តាម​ឆ្នេ​សមុទ្រ​ចិន​ឆ្លងកាត់​សមុទ្រ​ចិន​ខាង​ត្បូង ទៅ​ដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង។

    ខ្សែ​ទាំង​៥​នេះ​គ្របដណ្តប់​ប្រទេស​ចំនួន​៦៤ ​គឺ​សំដៅ​ចំពោះ​ប្រទេស​តាម​បណ្តោយ​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”ដែល​តែងតែ​លេចចេញ​ក្នុង​ការងារ​ស្ថិតិនា​ពេល​បច្ចុប្បន្ន ​តែ​នេះ​មិនមែន​និយាយ​ថា​ជា​ក្របខ័ណ្ឌ​នៃ​ប្រទេស​ចូលរួម​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”នោះ​ទេ ​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”ជា​វេទិកា​សហប្រតិបត្តិការ​ដែល​បើក​ទូលាយ​និង​បរិយាប័ន្ន។

ប្រទេស​និង​អង្គការ​ដែល​ជា​សមាជិក​ចូលរួម​កិច្ច​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ

    គំនិតផ្តួចផ្តើម”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”សំខាន់​ផ្តោត​ទៅ​លើ​មហាដីគោកអាស៊ី ​អឺរ៉ុប​និង​អាហ្វ្រិក ​ហើយ​ក៏​បើក​ទូលាយ​ចំពោះ​ដៃគូ​ទាំង​អស់​ដែរ។ក្នុង​រយៈ​ពេល​ជិត​៦​ឆ្នាំ​កន្លង​ទៅ ​កិច្ច​កសាង​គំនិតផ្តួចផ្តើម”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”បាន​ទទួល​ការ​ឆ្លើយ​តប​យ៉ាង​សកម្ម​ពី​ប្រទេស​និង​អង្គការ​កាន់តែ​ច្រើន។​រហូត​ដល់​ចុង​ខេ​មីនា​ឆ្នាំ​២០១៩ ​រដ្ឋាភិបាល​ចិន​បាន​ចុះ​ហត្ថលេខាលើ​ឯកសារ​សហប្រតិបត្តិការ​ចំនួន​១៧៣​ជា​មួយ​និង​ប្រទេស​ចំនួន​១២៥និង​អង្គការ​អន្តរជាតិ​ចំនួន​២៩។ប្រទេស​ជា​សមាជិកចូលរួម​កិច្ច​កសាង​គំនិតផ្តួចផ្តើម”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”បាន​ត្រូវ​ពង្រីក​ពី​អាស៊ីអឺរ៉ុប​ដល់​អាហ្វ្រិក​ អាមេរិកឡាំទីន​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូងជា​ដើម។​គំនិតផ្តួចផ្តើម​រួម​គ្នា​កសាង​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”​និង​ទស្សនៈជា​ស្នូល​នៃ​គំនិត​នេះ​បាន​ត្រូវសរសេរ​ក្នុង​ឯកសារ​មាន​ពាក់ព័ន្ធ​នៃ​អង្គការ​សហប្រជាជាតិ ​ក្រុម​ប្រទេស​G20 ​អង្គការ​អាស៊ីប៉ាស៊ីហ្វិកនិង​អង្គការ​តំបន់​ផ្សេងទៀត​ជា​ដើម។

លទ្ធផល​នៃ​កិច្ច​កសាង​គំនិត​ផ្តួច​ផ្តើម​ ​"​ ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ "

ក្នុង​រយៈពេល​ជាង​ ៥ ឆ្នាំ​កន្លងទៅនេះ​ កិច្ច​កសាង​ការ​ផ្តួចផ្តើម​គំនិត​ “ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​”បាន​ផ្តោត​សំខាន់ទៅលើ​ការ​បង្កើន​ការ​ផ្លាស់ប្តូរ​ផ្នែក​គោល​នយោបាយ​ ការ​តភ្ជាប់​គ្នា​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​ធ្វើ​ពាណិជ្ជកម្ម​យ៉ាង​ស្រួល​ ការ​តភ្ជាប់​ដូងចិត្ត​ប្រជាជន​និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ឧស្សាហកម្ម​  ព្រមទាំងទទួល​បាន​លទ្ធផល​យ៉ាង​លេច​ធ្លោរ ។ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​នាំចូល​ទំនិញ​​រវាង​ប្រទេស​ចិននិង​បណ្តា​ប្រទេសនានា​តាម​បណ្តោយ​​ពី​ឆ្នាំ​ ២០១៣ ដល់​ ឆ្នាំ​២០១៨ សរុប​លើស​ពី​ ៦ ទ្រី​លាន​ដុល្លារអាមេរិក​ ​ចំណែក​ឯ​ការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​​ប្រទេសនានា​តាម​បណ្តាយ​របស់​សហគ្រាស​ចិន​បានលើសពី​ ៩ ម៉ឺន​លាន​ដុល្លារអាមេរិក​ ។

ទំហំ​ពាណិជ្ជកម្ម​រវាង​ចិននិង​អាស៊ាន​ឆ្នាំ​ ២០១៨ មាន​ ៥ សែន​ ៨ ម៉ឺន​ ៧ ពាន់​ ៨ រយ​ ៧០ លាន​ដុល្លារអាមេរិក​ ។ ​​រហូត​ដល់​ចុង​ឆ្នាំ​ ២០១៨  ប្រទេស​ចិន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទីមួយ​នៃ​អាស៊ាន​ក្នុង​រយៈពេល​ ១០ ឆ្នាំ​ជាប់​  ហើយ​អាស៊ាន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ៣ នៃ​ប្រទេស​ចិន​ក្នុងរយៈពេល​ ៨ ឆ្នាំ​ជាប់​ ។ ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ធំ​បំផុតនៃ​​អាស៊ាន​ ។ សូម​បញ្ជាក់​ថា​ រហូត​ដល់​ចុង​ឆ្នាំ​ ២០១៨  ទំហំ​វិនិយោគ​គ្នា​រវាង​ចិននិង​អាស៊ាន​សរុប​លើស​ពី​ ២០០ ប៊ីលានដុល្លារអាមេរិក​ ​។

ទំនាក់ទំនាង​រវាង ​"​ ខ្សែក្រវាតមួយ​និង​ផ្លូវ​មួយ " និង​អាស៊ាន​​

    ក្នុង​រយៈពេល​ជិត​ ៦​ ឆ្នាំ​កន្លងទៅនេះ​ កិច្ច​សហប្រតិបត្តិការ​ស្តីពី​ “ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ ”រវាង​ប្រទេស​អាស៊ាន​និងប្រទេស​ចិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ ។ រដ្ឋា​ភិបាល​ចិន​បាន​ចុះ​ហត្ថលេខា​លើឯកសារ​កិច្ច​សហប្រតិបត្តិការ​ស្តីពី​ “ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ ” ​ជាមួយ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន​ ១០ ។ គំនិត​ផ្តួចផ្តើម​ “​ ខ្សែក្រវាត់មួយ​និង​ផ្លួវ​មួយ​ “​ បាន​តភ្ជាប់​យ៉ាង​សកម្ម​ជាមួយ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៃប្រទេស​អាស៊ាន​ជាច្រើន​ ។

    ផ្លូវ​ដែក​ពី​ចិន​ដល់​ឡាវ​កំពុងសាងសង់​យ៉ាង​រលូន​ ។ ទោះបី​មាន​ការ​ខ្វែងមតិ​មួយ​ចំនួន​ក្នុង​ដំណើរ​នៃការ​ជំរុញ​គម្រោង​​កិច្ចសហប្រតិបត្តិការ​ស្តីពី​ “​ ខ្សែក្រវាត់មួយនិងផ្លូវ​មួយ”ក្តី​ ក្នុងនោះ​រួមទាំង​គម្រោង​ផ្លូវដែកពី​ហ្សាកាតា​ដល់​បានឌុង ផ្លូវដែក​ពី​ចិន​ដល់​ថៃ​ ផ្លូវ​ដែក​នៅ​ត្រើយសមុទ្រ​​ខាង​កើត​នៃប្រទេស​ម៉ាឡេស៊ី​ជាដើម​ ប៉ុន្តែ​ ការ​ខ្វែង​មតិ​ទាំងនេះ​ច្បាស់​ជា​នឹង​ត្រូវ​ដោះស្រាយ​បាន​ក្រោមកិច្ច​ខិត​ខំ​ប្រឹងប្រែង​រួម​នៃ​ប្រទេស​ចិននិង​អាស៊ាន​ ។

ទិសដៅអភិវឌ្ឍន៍នៃគំនិតផ្តួចផ្តើម​"ខ្សែក្រវាត់មួយនិងផ្លូវមួយ"

    ការ​បង្កើត​យន្តការ​កាន់តែច្រើន​ស្របតាម​តម្រូវការ​អភិវឌ្ឍន៍​ដែល​មាន​គុណភាពខ្ពស់ ​បម្រើ​ឲ្យកាន់តែ​ល្អប្រសើរ​ដល់​ការលើកកម្ពស់​និង​ការអនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង ​ក៏ដូចជា​លើកកម្ពស់​យ៉ាង​ពិតប្រាកដ​នូវ​កិច្ចសហប្រតិបត្តិ​ការ​អន្តរជាតិ​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​ឲ្យ​ឆ្ពោះទៅ​រក​ការអភិវឌ្ឍ​ដែលមាន​គុណភាព​ខ្ពស់។​ប្រទេសចិន​នឹង​តភ្ជាប់​បន្ថែម​ទៀត​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាមួយ​បណ្តាប្រទេស​នានា ​បង្កើត​គម្រោង​កិច្ចសហ​ប្រតិបត្តិការ​ថ្មីសំខាន់ៗ​មួយចំនួន​និង​លើកកម្ពស់​ការអនុវត្ត​របៀប​វារៈ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​ ២០៣០​ ក៏​ដូចជា​យកចិត្តទុកដាក់​ខ្ពស់​នូវ​ការ​កែលម្អ​ជីវភាព​រស់នៅ​របស់ប្រជាជន​ក្នុង​ដំណើរ​នៃ​ការធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហ​ប្រតិបត្តិការ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​បណ្តាប្រទេស​តាម​បណ្តោយ។​

គោលដៅនៃកិច្ចកសាងគំនិតផ្តួចផ្តើម​"ខ្សែក្រវាត់មួយនិងផ្លូវមួយ"​

    ភាគីពាក់ព័ន្ធ​ទាំងអស់​នឹង​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"ឲ្យក្លាយជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​សន្តិភាព ​ភាពរុងរឿងថ្កុំថ្កើង ​ការបើកទូលាយ ​ភាពច្នៃប្រឌិតថ្មី​និង​អរិយធម៌ ​ហើយ​ជំរុញ​សកលភាវូបនីយកម្ម​ផែ្នក​សេដ្ឋកិច្ច​ឲ្យ​អភិវឌ្ឍ​ទៅតាម​ទិសដៅ​ប្រកបដោយ​បើក​ទូលាយ​ បរិយាប័ន្ន ​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​ តុល្យភាព​និង​ឈ្នះ-ឈ្នះ។​

    វេទិកាកំពូល​លើកទី​ ២​ ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ"​នឹង​ប្រារព្ធឡើង​នៅ​ក្រុងប៉េកាំង​ចាប់ពី​ថ្ងៃទី​ ២៥ ​ដល់​ថ្ងៃទី​ ២៧ ​ខែមេសា​ខាង​មុខនេះ។​តាមដំណឹង​ឲ្យបាន​ដឹងថា ​ប្រមុខរដ្ឋ ​អ្នកដឹកនាំ​កំពូល​រដ្ឋាភិបាល​នៃ​បណ្តាប្រទេស ​ចំនួន​ ៣៧ ​ក្នុងនោះ ​រួមទាំង​មេដឹកនាំ​នៃ​បណ្តាប្រទេស​អាស៊ាន​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​តុមូល។​ភ្ញៀវកិត្តិយស​អន្តរជាតិ​ ចំនួន​ ជិត​ ៥០០០​ រូប​មកពី​បណ្តាប្រទេស ​ចំនួន​ ជាង ​១៥០ ​និង​អង្គការ​អន្តរជាតិ​ ចំនួន ​ជាង​ ៩០ ​បាន​បញ្ជាក់ថា​ នឹង​មានវត្តមាន​ក្នុង​វេទិកានេះ។​

    សកម្មភាពសំខាន់ៗ​រួមមាន​ ការ​រៀបចំ​អនុវេទិកា​ចំនួន​ ១២ ​និង​មហាសន្និបាត​សហគ្រិន​មួយ ​ការ​រៀបចំ​ពិធីសម្ពោធបើក​និង​កិច្ចប្រជុំ​ជាន់ខ្ពស់ ​និង​ការ​រៀបចំ​កិច្ចប្រជុំកំពូល​តុមូល​នៃ​មេដឹកនាំ។​លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋ​ចិន​នឹង​អញ្ជើញ​ចូលរួម​ពិធីសម្ពោធបើក​នៃ​វេទិការកំពូល​ព្រមទាំង​ថែ្លង​សុន្ទរកថា​សំខាន់ៗ​និង​ធ្វើជា​អធិបតី​នៃ​កិច្ចប្រជុំកំពូល​តុមូល​នៃ​មេដឹកនាំ។​បន្ទាប់ពី​កិច្ចប្រជុំ​ នោះ ​លោក ​ស៊ីជីនភីង ​នឹង​បកស្រាយ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ដល់​ប្រព័ន្ធ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ។​

    ភាគីចិន​មានឆន្ទៈ​រួមសហការ​ជាមួយ​ភាគីពាក់ព័ន្ធ​នានា​ដើម្បី​បូកសរុប​បទពិសោធន៍ ​រៀបចំ​ផែនការ​នាពេល​អនាគត ​ប្រមូល​គំនិតឯកភាពគ្នា​តាមរយៈ​វេទិកា​កំពូល​លើក​ទី​ ២ ​នេះ ​ក្នុងន័យ​ជំរុញ​យ៉ាង​ពិតប្រាកដ​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​"ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ"​ឲ្យ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ដែលមាន​គុណភាពខ្ពស់៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស