នៅដើមឆ្នាំថ្មីឆ្នាំសកល ក្រុងប៉េកាំងបានរៀបចំមហាមីទីញយ៉ាងឱឡារិក ដើម្បីរំលឹកខួបទី៤០នៃការដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនប្រកាសលិខិតជម្រាបជូនបងប្អូនជនរួមជាតិតៃវ៉ាន់ ។ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាដ៏សំខាន់អំពីទំនាក់ទំនងរវាងត្រើយទាំងសងខាង ដោយគូសបញ្ជាក់ថា ការសម្រេចបាននូវការបង្រួបបង្រួមប្រទេសចិនទាំងស្រុងជាភារកិច្ចប្រវត្តិសាស្ត្រមិនសាបសូន្យរបស់បក្សកុម្មុយនិស្តចិន រដ្ឋាភិបាលចិននិងប្រជាជនចិន ។ ក្នុងដំណើរការនៃការសម្រេចបាននូវសុបិនដ៏មហិមានៃការធ្វើឲ្យប្រទេសជាតិចិនងើបឡើងវិញ ប្រទេសចិនចាំបាច់ត្រូវតែរួបរួមគ្នា ហើយក៏មុខជានឹងរួបរួមមិនខាន ។
អ្នកវិភាគបានបញ្ជាក់ថា នៅក្នុងសន្ទរកថារបស់លោកស៊ីជីនភីងបានអំពាវនាវឲ្យជនជាតិចិនត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ព្រមទាំងជនជាតិចិននៅក្នុងនិងក្រៅប្រទេសរួមគ្នាខិតខំប្រឹងប្រែងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដោយសន្តិវិធីនិងជំរុញដំណើរការនៃការបង្រួបបង្រួមជាតិចិនដោយសន្តិវិធីតាមរយៈគំនិតផ្តួចផ្តើមនយោបាយចំនួន ៥ ចំណុចរបស់លោកស៊ីជីនភីង ពោលគឺការពួតដៃគ្នាជំរុញការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ការស្វែងរកគម្រោងតៃវ៉ាន់ស្តីពីប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ ការប្រកាន់ខ្ជាប់គោលការណ៍មានប្រទេសចិនតែមួយ ការធ្វើសមាហរណកម្មនូវការអភិវឌ្ឍនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ និងការសម្រេចការយល់ចិត្តគ្នារបស់បងប្អូនរួមជាតិ ។ គំនិតផ្តួចផ្តើមនយោបាយចំនួន៥ ចំណុចរបស់លោកស៊ីជីនភីងនេះគោរពតាមគោលការណ៍នៃការបង្រួបបង្រួមដោយសន្តិវិធី មិនត្រឹមតែមានគោលដៅវែងឆ្ងាយប៉ុណ្ណោះទេ ថែមទាំងបានចង្អុលបង្ហាញពីទិសដៅនិងមាគ៌ាសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ពោលគឺអាចអនុវត្តជាក់ស្តែងបានយ៉ាងល្អប្រសើរ ។
និយាយជាពិស្តារ “ គំនិតផ្តួចផ្តើមនយោបាយទាំង ៥ ចំណុចរបស់លោក ស៊ី ជីនភីង ” មិនត្រឹមតែបានបង្ហាញថាគោលដៅនៃការបង្រួបបង្រួមដោយសន្តិវិធីរបស់ប្រទេសចិនគឺជំរុញការងើបឡើងវិញនៃប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញឲ្យឃើញពីឆន្ទៈធ្វើការពិគ្រោះពិភាក្សាលើគោលជំហរស្មើភាពនូវគម្រោងតៃវ៉ាន់ស្តីពី “ប្រទេសមួយរបបពីរ” ជាមួយគ្រប់មជ្ឈដ្ឋានតៃវ៉ាន់ ក៏ដូចជាមានឆន្ទៈធ្វើឲ្យការអភិវឌ្ឍដោយរួមបញ្ចូលគ្នាកាន់តែស៊ីជម្រៅក្នុងវិស័យដូចជា សេដ្ឋកិច្ច វប្បធម៌ ថែទាំសុខភាព ការធានារ៉ាប់រ៉ងសង្គម នៃត្រើយទាំងសងខាង ដើម្បីបង្កើតទំហំទូលំទូលាយសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី ។ព្រមពេលជាមួយនេះ ក៏បានព្រមានយ៉ាងម៉ឺងម៉ាត់ថា ដាច់ខាតមិនផ្តល់ឱកាសណាមួយដល់សកម្មភាពបំបែក“ឯករាជ្យនៃតៃវ៉ាន់” ឡើយ។
កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានអបអរសាទរខួបទី ៤០ នៃកំណែទម្រង់និងការបើកទូលាយយ៉ាងឱឡារិក។ រយៈពេល ៤០ ឆ្នាំកន្លងមកនេះ មិនត្រឹមតែបានផ្លាស់ប្តូរប្រទេសចិនប៉ុណ្ណោះទេ ក៏បានផ្លាស់ប្តូរផែនទីពិភពលោកផងដែរ ពោលគឺ៖ តំបន់ចិនដីគោកបានស្ថិតនៅលំដាប់ទី ២ នៃតួអង្គសេដ្ឋកិច្ចឈានមុខលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំដោយមានទុនបម្រុងទុកបរទេសច្រើនជាងគេលើលោក ជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់ប្រទេសនិងតំបន់ចំនួនជាង ១២០ ហើយបានផ្តល់វិភាគទានលើសពី ៣០ % ដល់កំណើនសេដ្ឋកិច្ចពិភពលោក។ នៅពេលដែលចិនកំពុងត្រឡប់មកឋានៈជាប្រទេសធំប្រពៃណីនៅក្នុងប្រវត្តិសាស្ត្រ របៀបដោះស្រាយបញ្ហាតៃវ៉ាន់គឺជារបៀបវារៈដ៏ធំនិងសំខាន់នៃប្រទេសជាតិ។
ជាការពិត មិនថានរណាកាន់អំណាចនៅតៃវ៉ាន់ ឬកាន់អំណាចនៅកន្លែងណា បើសម្លឹងមើលឲ្យបានវែងឆ្ងាយ សុទ្ធតែមិនអាចចាកចេញពីការអភិវឌ្ឍរបស់មហាដីគោកចិន ។ គំនិតផ្តួចផ្តើមនយោបាយ ៥ ចំណុចរបស់លោកស៊ីជីនភីងបានចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ។ លោកស៊ីជីនភីងបានលើកឡើងថា គួរតែជំរុញយ៉ាងសកម្មនូវប្រព័ន្ធសហប្រតិបត្តិការខាងសេដ្ឋកិច្ចរវាងត្រើយទាំងសងខាង បង្កើតទីផ្សាររួម រហូតដល់ទៅអាចសម្រេចការតភ្ជាប់បណ្តាញទឹក អគ្គិសនី ឧស្ម័នធម្មជាតិនិងស្ពានរវាងស្រុកJinmen ស្រុកMazuនៃតំបន់តៃវ៉ាន់និងតំបន់តាមសមុទ្រនៃខេត្តFujian ។ ទន្ទឹមនឹងការធ្វើឲ្យស៊ីជម្រៅនិងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងត្រើយទាំងសងខាង ការបង្រួបបង្រួមនឹងអាចជារឿងធម្មជាតិម្យ៉ាងក្នុងកម្រិតណាមួយ ។
ការធ្វើសមាហរណកម្មផ្នែកសេដ្ឋកិច្ចហាក់ដូចជាhardwareសម្រាប់ការបង្រួបបង្រួមត្រើយទាំងសងខាង រីឯការយល់ចិត្តគ្នានៃប្រជាជនត្រើយទាំងសងខាងគឺហាក់ដូចជាsoftware ទាំងនេះគឺជាមូលដ្ឋានសំខាន់សម្រាប់សម្រេចបាននូវការបង្រួបបង្រួមត្រើយទាំងសងខាងដោយសន្តិវិធីនិងធានាការអភិវឌ្ឍដោយចីរភាព ។ វប្បធម៌ប្រជាជាតិចិនជាចំណងរឹងមាំសម្រាប់តភ្ជាប់ប្រជាជនត្រើយទាំងសងខាង ការផ្លាស់ប្តូរធនធានមនុស្សអាចបង្កើនការស្វែងយល់គ្នានិងការទទួលស្គាល់គ្នា ហើយក៏អាចទទួលបានមូលដ្ឋានគ្រឹះនៃគំនិតសាធារណៈសម្រាប់ការបង្រួបបង្រួមនៅពេលអនាគត ។
នៅក្នុងគំនិតផ្តួចផ្តើមនយោបាយចំនួន ៥ ចំណុចរបស់លោក ស៊ីជីនភីង បានបញ្ជាក់យ៉ាងច្បាស់លាស់ថា មជ្ឈដ្ឋាននានារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ត្រូវតែស្វែងរកគម្រោងអំពីប្រព័ន្ធគ្រប់គ្រងពីរនៅតៃវ៉ាន់។គោលការណ៍"ប្រទេសមួយប្រព័ន្ធពីរ"ត្រូវបានទទួលស្គាល់ដោយសហគមន៍អន្ដរជាតិថា ជាមធ្យោបាយល្អបំផុតសម្រាប់ប្រទេសចិនក្នុងការដោះស្រាយកិច្ចការផ្ទៃក្នុងនៃប្រទេសខ្លួនដោយមានប្រាជ្ញា។គម្រោងអំពីប្រព័ន្ធគ្រប់គ្រងពីរនៅតៃវ៉ាន់នេះនឹងខុសគ្នាពីរូបមន្តរបស់តំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ ហើយគម្រោងនេះនឹងយកចិត្តទុកដាក់យ៉ាងពេញលេញចំពោះសុខុមាលភាពរបស់ប្រជាជននៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ស្ថិតក្រោមគោលការណ៍នៃការធានាអធិបតេយ្យភាពជាតិ សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍ ឋានៈ ប្រព័ន្ធសង្គម របៀបរស់នៅនិងផលប្រយោជន៍ជាដើមរបស់តៃវ៉ាន់នឹងត្រូវបានគោរពនិងធានាយ៉ាងពេញលេញ ហើយនឹងទទួលបានការរៀបចំជាប្រព័ន្ធ។
កាលពី ៤០ ឆ្នាំមុន កម្រិតអភិវឌ្ឍន៍ផែ្នកសេដ្ឋកិច្ចតៃវ៉ាន់ គឺរីកចម្រើនច្រើនជាងសេដ្ឋកិច្ចមហាដីគោកចិន។សព្វថ្ងៃនេះ មហាដីគោកចិនដែលមានកម្លាំងនយោបាយ សេដ្ឋកិច្ចនិងយោធាយ៉ាងខ្លាំងក្លានៅតែមានសេចក្តីប្រាថ្នា ការអត់ធ្មត់និងទំនុកចិត្តចំពោះតៃវ៉ាន់សម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី។គំនិតផ្តួចផ្តើមនយោបាយចំនួន ៥ ចំណុចរបស់លោក ស៊ីជីនភីង បានរៀបចំផែនការបង្ហាញផ្លូវនិងគម្រោងជាក់ស្តែងសម្រាប់ការអភិវឌ្ឍដោយសន្តិវិធីនិងការបង្រួបបង្រួមរបស់ប្រទេសចិន។សម្រាប់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ បំណាច់នឹងប្រវត្តិសាស្រ្តមិនអាចជ្រើសរើសបាន នោះក៏ត្រូវចាប់យកនូវឱកាសនាបច្ចុប្បន្ននេះដើម្បីបង្កើតពេលអនាគត៕