魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនចេញផ្សាយសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០១៩

2018-12-31 20:12:38 cri

图片默认标题_fororder_习2019贺词配图 新华logo  700

 

    មុន​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ឆ្នាំ​សកល លោក​ស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​ចេញផ្សាយ​សុន្ទរកថា​ជូន​ពរ​ឆ្នាំថ្មី​ឆ្នាំ​ ២០១៩​ តាម​រយៈ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​និង​បណ្តាញ​អ៊ីនធឺណែត។​តទៅនេះ​ សូមអញ្ជើញ​ស្តាប់​សុន្ទរកថា​ជូនពរ​ឆ្នាំថ្មី​ឆ្នាំ​ ២០១៩​ របស់​លោក​ស៊ីជីនភីង។​

    ជំរាបសួរ​ សមមិត្ត​ មិត្តភក្តិ​ ឯកឧត្តម​ លោកជំទាវ ​លោក​លោកស្រី​ទាំងអស់គ្នា !​

    រយៈពេល​កន្លងផុតទៅ​យ៉ាង​ឆាប់រហ័ស ។ ឆ្នាំ ២០១៩ ខិតជិត​មកដល់ហើយ​ ខ្ញុំ​សូម​ជូន​ពរ​ដ៏​ល្អបវរ​នៃ​ឆ្នាំថ្មី​ដល់​អ្នកទាំងអស់គ្នា​ពី​ទីក្រុង​ប៉េកាំង។​

    ឆ្នាំ ​២០១៨ ​ជាឆ្នាំ​ដែល​យើង​រស់នៅ​ប្រកបដោយ​អត្ថន័យ​និងបាន​ដើរទៅមុខ​យ៉ាង​រឹង​មាំ។​ក្នុងឆ្នាំនេះ យើង​បាន​យកឈ្នះលើ​ហានិភ័យ​និង​បញ្ហាប្រឈម​គ្រប់​បែប​យ៉ាង​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឲ្យអភិវឌ្ឍ​ដោយ​គុណភាពខ្ពស់ បាន​ពន្លឿន​ការផ្លាស់ប្តូរ​នៃ​ចលករថ្មី​និង​ចលករ​ចាស់​ ហើយ​រក្សា​ដំណើរការ​សេដ្ឋកិច្ច​ឲ្យក្នុង​ក្របខ័ណ្ឌ​ដ៏សមរម្យមួយ។ ​ការប្រយុទ្ធ​ដើម្បី​ការពារ​ផ្ទៃមេឃ​ពណ៌ខៀវ​ ទឹកថ្លាយង់​និង​ដី​ប្រកបដោយ​ជីវជាតិ​ត្រូវបាន​ជំរុញ​យ៉ាងរលូន​ ហើយ​កិច្ចការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​គ្រប់បែបយ៉ាង​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ជីវភាព​រស់នៅ​របស់ប្រជាជន​ត្រូវ​បាន​កែលម្អ​ជា​បន្តបន្ទប់​។យុទ្ធសាស្ត្រជាតិ​ ដូចជា​ការអភិវឌ្ឍ​ទីក្រុង​ប៉េកាំង​ ទីក្រុងធានជីន​និង​ខេត្តហឺពៃ​ដោយ​ស៊ី​សង្វាក់​គ្នា​ ការអភិវឌ្ឍ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ទន្លេយ៉ងសេ និងការកសាង​តំបន់​មហាឈូង​សមុទ្រ ​ខេត្តក្វាងតុង​ ហុងកុង​និង​ម៉ាកាវ​ជាដើម​បាន​អនុវត្ត​ជា​បន្តបន្ទាប់​ប្រកបដោយ​ស្ថិរភាព។ ​ពេលខ្ញុំ​ចុះទៅ​ត្រួតពិនិត្យ​ការងារ​នៅ​តំបន់នានា ខ្ញុំមាន​សេចក្តីរីករាយ​ដោយបាន​ឃើញ​ ច្រកសង្ខាង​នៃ​ទន្លេយ៉ងសេ ​មានពណ៌​បៃតង​ ដីស្រែ​រាប់ម៉ឺន​ហិកតា​នៅតំបន់​ជាន​សានជាំង​ពោរពេញ​ដោយ​ដំណាំស្រូវ ​ហើយ​តំបន់អភិវឌ្ឍ ​Qianhai ​ក្រុង​សិនជិន​និង​សួន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ខ្ពស់ ​Zhangjiang ​ក្រុងសៀងហៃ​មាន​កម្លាំង​រស់រវើក​ ស្ពាន​ហុងកុង​ ជូហៃ​និង​ម៉ាកាវ​បាន​តភ្ជាប់​តំបន់​ទាំងបី​ សមិទ្ធផល​ទាំងនេះ​មកពី​ការខិតខំ​តស៊ូ​របស់​ប្រជាជន​គ្រប់​ជនជាតិ​និង​អ្នកតស៊ូ​ក្នុងយុគសម័យថ្មី​នៃប្រទេសចិន។​

    មួយឆ្នាំនេះ​ ការផលិត​ដោយប្រទេសចិន​ ការបង្កបង្កើត​ដោយ​ប្រទេសចិន​ និង​ការ​កសាង​ដោយ​ប្រទេសចិន​បាន​រួមគ្នា​រីកចម្រើន​ និងបាន​បន្ត​ផ្លាស់ប្តូរ​មុខមាត់​ប្រទេស​ចិន។​ឧបករណ៍​វាស់ស្ទង់​សញ្ញា​ឆាងអឺ​លេខ​ ៤​ បាន​បង្ហោះ​ដោយ​ជោគជ័យ នាវា​ផ្ទុក​យន្តហោះ​ទី ​២​ បាន​សាកល្បង​ធ្វើដំណើរ​នៅសមុទ្រ​ យន្តហោះធុនធំ​ដែល​អាច​ចុះចត​លើផ្ទៃទឹក​និង​លើ​គោក​និង​ផលិត​ដោយ​ប្រទេសចិន​បាន​ហោះហើរ​ជាលើកដំបូង​លើផ្ទៃទឹក​ ប្រព័ន្ធ​ណែនាំ​ផ្លូវ​Beidou ​បាន​បោះជំហាន​យ៉ាង​រឹងមាំ​ទៅកាន់​ការបង្កើត​បណ្តាញ​ទូទាំងពិភពលោក។​ឆ្លៀត​ឱកាស​នេះ​ ខ្ញុំសូម​សំដែង​គារវកិច្ច​ចំពោះ​អ្នកវិទ្យាសាស្ត្រ ស្ថាបត្យករ ​អ្នកកសាង​និង​អ្នកចូលរួម​ទាំងអស់។​

    មួយឆ្នាំនេះ​ ការងារ​កាត់បន្ថយ​ភាពក្រីក្រ​ទទួលបាន​ដំណឹងល្អ​ជាច្រើន។​មាន​ស្រុក​ក្រីក្រ​ចំនួន​ ១២៥​ បាន​ត្រូវពិនិត្យ​វិនិច្ឆ័យថា ​បាន​រើបម្រះ​ខ្លួន​ចេញផុតពី​ភាពក្រីក្រ​នៅ​ទូទាំង​ប្រទេស​ បណ្តាជន​ក្រីក្រ​នៅ​ជនបទ​ចំនួន​ ១០ ​លាននាក់​បាន​ដកចេញពី​ខ្សែបន្ទាត់​នៃ​ភាព​ក្រីក្រ។​ថ្នាំ​ការពារ​មហារីក​ចំនួន​ ១៧​ ប្រភេទ​បានបញ្ចុះតម្លៃ​និងត្រូវ​បញ្ចូលក្នុង​បញ្ជី​ធានា​រ៉ាប់រង​ខាង​ព្យាបាលជំងឺ​ បញ្ហា​ក្រីក្រ​ដោយសារ​មាន​ជំងឺ​កំពុង​ត្រូវ​ដោះស្រាយ​ថែម​មួយ​កម្រិត​ទៀត។ខ្ញុំ​តែងតែ​នឹកដល់​សមមិត្ត​ដែល​តស៊ូ​ប្រយុទ្ធ​លើសមរភូមិ​នែការ​កាត់បន្ថយ​ភាព​ក្រីក្រ ​កម្មាភិបាល​និង​លេខាទី​ ១​ ប្រចាំក្នុង​ភូមិ​ចំនួន​ជាង​ ២ ​លាន​ ៨​ សែន​នាក់​ដែល​កំពុង​បំពេញ​ការងារ​យ៉ាង​ផ្ចិតផ្ចង់ ​ត្រូវតែ​ថែរក្សា​សុខភាព​របស់ខ្លួន​ឲ្យបាន​ល្អ។​

    ខ្ញុំ​តែងតែ​នឹកដល់​បណ្តាជន​ក្រីក្រ។​នៅក្នុង​ភូមិ​សានហឺ​តំបន់​លាំងសាន​ខេត្ត​សឺឈាន់​ ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​គ្រួសារ​របស់ ​Jihao​ Yeqiu ​និង ​Jielie​ E​ Amu ​។​នៅក្នុង​ភូមិ​សានជានស៊ី​ក្រុង​ជីណាន​ខេត្ត​សានតុង​ ខ្ញុំបាន​សំណេះសំណាល​ជាមួយ​គ្រួសារ​របស់ ​Zhao ​Shunli។​ខ្ញុំ​បាន​ទៅ​សហគមន៍​តុងហ្វាយាន​ក្រុងហ្វូសុន​ខេត្តលាវនីង ដើម្បី​ស្វែងយល់ពី​ស្ថានភាព​នៃ​ការ​ចាត់ចែង​និង​ការតាំង​ទីលំនៅថ្មី​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ។ នៅក្នុង​ភូមិ​លានចាង​ក្រុង​ឈីងយាន​ខេត្ត​ក្វាងតុង ​ខ្ញុំបាន​និយាយ​ជាមួយគ្រួសារក្រីក្រ​ឈ្មោះLuyi​អំពី​មធ្យោបាយ​ក្នុង​ការ​គេចចេញពី​ភាពក្រីក្រ។​មុខមាត់​ដ៏ស្មោះត្រង់​និង​សុភាពរាបសារ​របស់​ពួកគេ​នៅតែ​ស្ថិត​ក្នុង​ខួរក្បាល​របស់ខ្ញុំ​រហូតដល់​ថ្ងៃនេះ។​ក្នុងឱកាស​ដែល​ឆ្នាំថ្មី​ខិតជិត​មកដល់​ ខ្ញុំសូម​ជូនពរ​បង​ប្អូន​ទំាងអស់​ឲ្យមាន​ជីវភាព​រស់នៅ​ល្អបវរ​និង​កាន់តែ​ធូរធារ​ថែមទៀត។​

    មួយឆ្នាំនេះ​ យើងបាន​អបអរសារទរ​យ៉ាងឱឡារិក​នូវខួបទី ៤០ នៃកំណែទម្រង់​និង​ការ​បើក​ទូលាយ​ ដែល​បានធ្វើ​កំណែទម្រង់​ជាលក្ខណៈ​ប្រព័ន្ធ ជាទូទៅ និងអាច​ចាត់ចែង​ឡើង​វិញ​ចំពោះ​អង្គការ​បក្ស​និងរដ្ឋ​ បានប្រកាស​វិធានការ​កែទម្រង់​សំខាន់ៗ​ជាង ​១០០ ​និង​បាន​រៀប​ចំ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកដំបូង ព្រមទាំង​ចាប់ដំណើរការ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ក្នុង​ខេត្តហៃណាន។​ពិភពលោក​បាន​មើលឃើញ​ល្បឿនអភិវឌ្ឍ​នៃ​ប្រទេស​ចិន ​និង​បាន​មើលឃើញ​ការប្តេជ្ញាចិត្ត​របស់​ចិន​ក្នុង​ការ​អនុវត្ត​ការ​ធ្វើ​កំណែទម្រង់​និង​ការ​បើក​ទូលាយ​គ្មាន​ទីបញ្ចប់។​ជំហាន​នៃ​កំណែទម្រង់​របស់​យើង​មិន​ឈប់ទេ ​ទ្វារ​សម្រាប់​បើក​ទូលាយ​នឹង​កាន់តែ​ធំទៅៗ។​

    ខ្ញុំ​បាន​មើល​ឃើញ​ថា​ និសិ្សត​ជំនាន់​ទីមួយ​បន្ទាប់ពីរៀបចំ​ការ​ប្រឡងចូល​មហាវិទ្យាល័យ​ឡើង​វិញ​ភាគ​ច្រើន​បាន​ដល់​វ័យ​ចូល​និវត្តហើយនៅ​ឆ្នាំ​២០១៨នេះ​ មនុស្ស​ដែល​កើត​ក្រោយពី​ឆ្នាំ​២០០០ភាគ​ច្រើន​បាន​ចូលរៀន​នៅ​សកលវិទ្យាល័យ​ហើយ​ ។  ប្រជាពលរដ្ឋ​​ជាង​ ១ រយ​លាននាក់ដែល​មិនមែន​ជា​អ្នកទី​ក្រុងកំពុង​តាំង​ទីលំនៅ​នៅក្នុង​ទីក្រុង​ ប្រជាជន​១៣​ លាននាក់​រកបាន​​ការងារធ្វើ​នៅ​ទីក្រុងនិង​ផ្សាឃុំ​ លំនៅដ្ឋាន​​ចំនួន ​៥ លាន​ ៨ សែនខ្នង​​​​កំពុង​សាងសង់ឡើង​ដើម្បី​ដោះស្រាយ​បញ្ហាលំនៅ​ដ្ឋាន​ចាស់ទ្រុឌទ្រោម​​  ហើយ​អ្នកក្រុង​ថ្មីក៏​​មាន​លំនៅដ្ឋាន​ដ៏សុខសាន្តផងដែរ​​ ។ អ្នកក្រុង​ហុងកុង​និង​ម៉ាកាវ​ជាច្រើន​ទទួល​បាន​ប័ណ្ណស្នាក់នៅ​ចិន​ដី​គោក​ ហើយ​ក្រុង​ហុងកុងបាន​តភ្ជាប់​​​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​​ទូទាំងប្រទេស ​ ។  ប្រទេសចិនដែល​មាន​ប្រព័ន្ធ​គមនាគមន៍​ទូទាំងប្រទេស​ជា​កម្លាំងចលករ​សម្រាប់​ការ​អភិវឌ្ឍនិងភាព​រុងរឿង​ ។ ប្រជាជន​ចិន​ទាំងអស់​សុទ្ធតែ​ខិត​ខំប្រឹងប្រែង​ដើម្បី​ឱ្យ​សុបិនក្លាយ​ជា​ការ​ពិត​​ ។​

    ពេ​លនេះ ខ្ញុំ​សូម​លើកឡើង​ជា​ពិសេស​នូវ​ឈ្មោះវីរជន​មួយ​ចំនួន​ ។ ឆ្នាំ​២០១៨នេះ នៅ​លើមេឃបាន​បន្ថែមនូវ​តារា​​​មួយ​ឈ្មោះ​ថាតារា​​ Nanrendong ដែល​ជា​ឈ្មោះ​តារាវិទូ​ចិន​ដ៏​ល្បីឈ្មោះ​ម្នាក់​  រូបថត​វីរជន​នៃ​កងទ័ពទាំង​មូល​​បាន​បន្ថែមនូវរូបថត​​របស់លោក​ LinJunde ​និង​លោក Zhangchao ។ យើង​ត្រូវ​ចងចាំលោក​WangJicai ​ជា​អ្នកការពារ​កោះ​អស់​រយៈពេល​ ៣២​ ឆ្នាំ លោក​Huang Qun លោក​Song Yuecai និង​លោក ​Jiang​ kaibin​ ដែល​បាន​ពលី​ជីវិតដើម្បី​ការពារ​វេទិកាពិសោធ​ ព្រម​ទាំង​វីរជន​ផ្សេងទៀត​ដែល​បាន​ពលី​ជីវិតដើម្បី​បុព្វហេតុ​ជាតិនិង​ប្រជាជន​ ។ ពួក​គេ​ទាំងឡាយ​ជា​មនុស្ស​គួរឲ្យ​ស្រឡាញ់​ជា​ទី​បំផុត​ក្នុង​យុគសម័យ​នេះ​ យើងគួរតែរំលឹកឡើង​វិញ​​និង​រៀន​សូត្រ​ជា​និច្ច​ ។

    មួយ​ឆ្នាំ​នេះ​ មិត្តភក្តិថ្មី​និង​ចាស់​ជា​ច្រើន​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ។ យើង​ខ្ញុំ​បាន​រៀបចំធ្វើ​សន្និសីទ​ប្រចាំ​ឆ្នាំនៃ​វេទិកា​អាស៊ីនៅក្រុង​​ប៉អៅ​ សន្និសីទ​កំពូល​ក្រុង​ឈីងតាវនៃ​អង្គការកិច្ច​​សហប្រតិបត្តិការ​សៀងហៃ​និង​សន្និសីទ​កំពូល​ក្រុង​ប៉េកាំង​នៃ​វេទិកា​សហប្រតិបត្តិការ​ចិននិង​អាហ្វ្រិក​​  ដោយបាន​លើក​ឡើង​នូវ​គំនិតផ្តួចផ្តើម​របស់​ចិនិង​បញ្ចេញ​សំឡេង​របស់​ចិន​ផងដែរ​ ។ ខ្ញុំ​និង​សហការី​របស់​ខ្ញុំ​ក៏បានទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទ្វីបចំនួន​​ ៥ ដោយ​បាន​ចូលរួម​សកម្មភាព​ការ​ទូតសំខាន់​ៗជាច្រើន​ ព្រម​ទាំង​ធ្វើការ​ផ្លាស់ប្តូរ​យ៉ាង​ទូលំទូលាយ​ជាមួយ​ថ្នាក់​ដឹកនាំ​នៃប្រទេស​នានា​ ដើម្បី​ពង្រឹងនិង​ពង្រីក​មិត្តភាព​ បង្កើន​ទំនុក​ចិត្តលើ​គ្នា​និង​បន្ថែម​មិត្ត​ភក្តិ​ជា​ច្រើន​ថែម​ទៀត ។ 

    នៅ​ឆ្នាំ​២០១៩ យើង​ខ្ញុំ​នឹង​រៀបចំធ្វើ​​ពិធី​អបអរសាទរ​ខួប​ទី​ ៧០ នៃការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​យ៉ាងឱឡារិក​ ។ ប្រទេសចិន​បាន​ពុះពារឧបសគ្គជាច្រើន​ក្នុងរយៈពេល​ ៧០ ឆ្នាំ ។ ប្រជា​ជន​ជា​មូលដ្ឋាន​ដ៏រឹងមាំ​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន​ និង​ជាកម្លាំង​​គាំទ្រ​ដ៏ធំបំផុត​សម្រាប់យើង​ដឹកនាំ​និង​គ្រប់គ្រង​ប្រទេស​ជាតិ​​​ ។ ជានិច្ចកាល​​ ប្រជាជនចិន​ខិតខំប្រឹងប្រែង​ដោយ​ពឹង​ផ្អែក​លើខ្លួន​ ហើយ​​បាន​បង្កើត​អច្ឆិរយៈចិន​ដែល​ញ៉ាំង​ឲ្យ​ពិភពលោក​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ។ ពេល​អនាគត​ មិន​ថា​នឹង​ជួប​ឧបសគ្គ​លំបាកយ៉ាង​ណា​ក្តី​ យើង​ខ្ញុំ​រឹតតែ​ត្រូវ​ខិតខំព្យាយាម​​ដោយ​ពឹងផ្អែកលើប្រជាជន​ មាន​ជំនឿយ៉ាង​មុតមាំ​និង​ការ​អត់​ធ្មត់ជានិច្ច​​ ដើម្បី​ជំរុញ​​បុព្វហេតុ​ដ៏មហិមា​ដែល​មិន​ធ្លាប់​មាន​កាលពីមុន​ឲ្យ​ទទួល​បាន​ការ​រីកចម្រើន​ ។​

    ឆ្នាំ​ ២០១៩ មាន​កាលានុវត្តភាព​ផង​ហើយក៏​មាន​​បញ្ហា​​ប្រឈម​ផងដែរ​ យើង​ទាំង​អស់​គ្នា​គួរតែ​រួមគ្នា​ខិតខំប្រឹងប្រែងហើយ​តស៊ូជាមួយគ្នា​​ ។ ការ​ដាក់ចេញ​វិធានការ​និង​គោល​នយោបាយ​កាត់បន្ថយ​ពន្ធនិងកាត់បន្ថយ​ថ្លៃដើម​បាន​ជួយបន្ធូរ​បន្ទុក​របស់​សហគ្រាសជា​ច្រើន​​ ។ យើង​គួរតែ​គោរព​ធនធាន​មនុស្ស​គ្រប់​ប្រភេទ​ ដើម្បី​​បំផុស​កម្លាំង​ចលករ​និង​ច្នៃប្រឌិត​ថ្មី​របស់​ពួកគេទាំងឡាយ​ ។ យើង​ត្រូវ​​ស្តាប់​សំឡេង​របស់កម្មាភិបាល​​មូលដ្ឋាន​ ដើម្បីជួយលើកទឹកចិត្តនិង​គាំទ្រ​ដល់ពួក​គេ​​ដែល​មាន​ទំនួល​ខុសត្រូវ​និង​ភាព​ក្លាហាន ។ ​ត្រូវ​តែ​ខិតខំប្រឹងប្រែង​ដើម្បី​សម្រេច​បាន​តាម​ផែនការ​នូវការ​​កាត់​បន្ថយប្រជាពលរដ្ឋ​​ក្រីក្រ​ជាង​ ១០ ​លាន​នាក់នៅ​ជនបទ​ ។ យើង​ត្រូវតែយកចិត្តទុកដាក់​ដល់​អតីតយុទ្ធជន ​ពួកគេ​ទាំង​ឡាយ​បាន​រួម​ចំណែក​របស់​ខ្លួន​ដើម្បី​ការពារ​ជាតិ​ ។ ពេលនេះ​ អ្នកដឹកជញ្ជូន​ទំនិញរហ័ស​​ អ្នក​បោសសម្អាត​ អ្នក​រត់​តាក់ស៊ី​និង​ពលកររាប់​ពាន់​រាប់ម៉ឺន​នាក់​​កំពុង​បំពេញ​ការងារ​យ៉ាង​ឧស្សាហ៍ព្យាយាម​​ យើង​ត្រូវតែ​​ថ្លែង​អំណរគុណ​ចំពោះ​គេទាំងឡាយ​ដែល​ជា​អ្នក​បង្កើត​និង​ជាអ្នក​គាំពារ​ជីវភាព​រស់នៅ​ដ៏ល្អបវរ​នេះ​។

    បើ​សំឡឹង​មើល​ពី​សភាព​ការណ៍​ពិភពលោក​  យើង​ខ្ញុំ​កំពុង​ស្ថិត​​ក្នុង​សភាពការណ៍​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​កាលពី​មុន​ ។ មិន​ថា​ស្ថានការណ៍​អន្តរជាតិ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ណា​ក្តី​ ជំនឿ​និង​ការ​ប្តេជ្ញាចិត្ត​របស់​ចិន​​ក្នុង​ការ​គាំពារ​អធិបតេយ្យភាពនិង​សន្តិសុខ​​ជាតិមិន​ផ្លាស់ប្តូរ​ទេ​​ ហើយ​ភាព​ស្មោះត្រង់និង​សុច្ចន្ទៈរបស់​ចិន​​ក្នុង​ការ​គាំពារ​សន្តិភាពពិភពលោក​និង​ជំរុញ​ការ​អភិវឌ្ឍរួមក៏មិន​ផ្លាស់ប្តូរ​ដែរ។​

    យើង​នឹង​ជំរុញ​យ៉ាង​សកម្ម​នូវ​ការរួមគ្នា​កសាង​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ ​បន្ត​ជំរុញ​ការ​ក​សាង​សហគមន៍​រួមវាសនា​នៃមនុស្សជាតិ ខិតខំ​ឥតស្រាកស្រាន្ត​ដើម្បី​កសាង​ពិភព​មួយ​ដែល​កាន់តែ​រុងរឿង​និង​ល្អបវរ។​

    ស្នូរ​ជួង​ឆ្នាំថ្មី​ជិត​គោះឲ្យ​លាន់ឮ ​សូម​អ្នកទាំងអស់គ្នា​ទទួលបាន​នូវ​ជំនឿចិត្ត​និង​សេចក្តីសង្ឃឹម​ រួមគ្នា​អបអរ​ការ​មកដល់​ឆ្នាំថ្មី​ឆ្នាំ ​២០១៩ ​។​

    ជូនពរ​ប្រទេសចិន​!​ជូនពរ​ពិភពលោក!​

    សូម​អរគុណ!​

អ្នកបកប្រែ:魏伟
ប្លុកពិសេស