ក្នុងឱកាសខួបទី ៤០ នៃកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន សហគមន៍អន្តរជាតិពិភាក្សាជាបន្តបន្ទាប់នូវសំនួរមួយ៖ តើប្រទេសចិនបានធ្វើការងារត្រឹមត្រូវអ្វីខ្លះទើបបង្កើតបាននូវ “ភាពអស្ចារ្យនៃមនុស្សជាតិ” បែបនេះ? អ្នកវិភាគនិងប្រព័ន្ធផ្សាព្វផ្សាយភាគច្រើនយល់ឃើញថា គឺដោយសារចិនបានធ្វើការច្នៃប្រឌិតថ្មីផ្នែកយន្តការ ហ៊ានអនុវត្ត ខិតខំតស៊ូនិងឆ្លាតវៃ ។ល។ ក្រៅពីនេះ ក៏នៅមានមូលហេតុសំខាន់មួយទៀត ពោលគឺ រដ្ឋាភិបាលចិនមានផែនការលម្អិតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន ផែនការនេះត្រូវអនុវត្តនិងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាំងពីដើមរៀងមក ដែលនេះបានធានាឲ្យប្រទេសចិនអាចបោះជំហានតៗគ្នាយ៉ាងម៉ឺងម៉ាត់ដើម្បីឈានទៅរកគោលដៅវែងឆ្ងាយតាមរយៈមាគ៌ាធ្វើកំណែទម្រង់និងការបើកទូលាយដែលបានកំណត់។
កំណែទម្រង់និងការបើកទូលាយរបស់ចិនបានចាប់ផ្តើមចេញដំណើរពីកំណែទម្រង់នៃជនបទ។ចាប់ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ២០១៨ កន្លងមកនេះ ខ្លឹមសារនៃឯកសារទីមួយនៃបក្សកុម្មុយនិស្តចិនដែលជាបក្សកាន់អំណាច គឺអំពីកំណែទម្រង់និងការអភិវឌ្ឍនៅតាមជនបទរបស់ប្រទេសចិន។
ជំហាននៃការបើកទូលាយទៅកាន់អន្តរជាតិរបស់ប្រទេសចិនបានចាប់ផ្តើមចេញដំណើរពីក្រុង Shenzhen ខេត្ត Guangdong និងកន្លែងផ្សេងទៀត។ពួកគេបានបើកទូលាយដែលមានលក្ខណៈតំបន់នៅក្នុងប្រទេសចិនតាមរយៈការជំរុញកំណែទម្រង់ផែ្នកសេដ្ឋកិច្ចនិងកំណែទម្រង់ទីក្រុងរបស់ចិន។បន្ទាប់ពីលោក ស៊ីជីនភីង បានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ការពិនិត្យអង្កេតការងារជាលើកដំបូងរបស់លោក ស៊ីជីនភីង គឺក្រុង Shenzhen ។លោកបានដកស្រង់ពាក្យសំដីរបស់លោក Deng Xiaoping ដោយថែ្លងថា ត្រូវតែហ៊ានតស៊ូ ហើយហ៊ានសាកល្បង។
ពេលកន្លងទៅមិនយូរប៉ុន្មាន លោកស៊ីជីនភីងបានអញ្ជើញត្រួតពិនិត្យការងារនៅក្រុងShenzhenម្តងទៀត ហើយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា កំណែទម្រង់និងការបើកទូលាយនៃប្រទេសចិនមិនអាចបញ្ឈប់ជារៀងរហូត ។
កំណែទម្រង់នៅជនបទនិងកំណែទម្រង់នៅទីក្រុងគឺជាវគ្គអស្ចារ្យចំនួនពីរក្នុងរយៈពេល ៤០ ឆ្នាំនៃកំណែទម្រង់និងការបើកទូលាយនៃប្រទេសចិន ។ កំណែទម្រង់ធំសំខាន់នានាដែលប្រទេសចិនអនុវត្តក្នុងគ្រប់វិស័យបានគូរគំនូរនៃមុខមាត់អភិវឌ្ឍរយៈពេល ៤០ ឆ្នាំរបស់ប្រទេសចិន ។ ៤០ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលចិនបានធានាភាពនឹងនរនៃគោលនយោបាយដោយអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ៥ ឆ្នាំមួយហើយមួយទៀត អារម្មណ៍ទទួលបាន អារម្មណ៍ពេញចិត្តនិងអារម្មណ៍មោទនភាពរបស់ប្រជាជនបានលើកកម្ពស់ឥតឈប់ឈរ ។
ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវការអនុវត្តគោលនយោបាយកំណែទម្រង់និងការបើកទូលាយដែលជាទិសដៅដ៏ត្រឹមត្រូវ ។ ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវទស្សនៈអភិវឌ្ឍន៍ស្តីពីការចាត់ទុកប្រជាជនជាស្នូលដែលជាគោលដៅនៃកំណទម្រង់និងការបើកទូលាយ ។ ប្រទេសចិនខិតខំប្រឹងប្រែងជានិច្ចក្នុងការអនុវត្តវិធានការសម្រាប់ការអភិវឌ្ឍ និងរក្សាភាពអត់ធ្មត់ពុះពារគ្រប់ឧបសគ្គ ដើម្បីបង្កើនការធ្វើកំណែទម្រង់និងការបើកទូលាយយ៉ាងស៊ីជម្រៅ ។
ប្រទេសចិនបានអនុវត្តគោលនយោបាយកំណែទម្រង់និងការបើកទូលាយអស់រយៈពេល ៤០ ឆ្នាំមកហើយ នេះជាឧត្តមភាពនៃប្រព័ន្ធជាតិនៃប្រទេសចិន និងជាភាពសំណាងរបស់ប្រជាពលរដ្ឋចិនផងដែរ ។ មាគ៌ានៃការអភិវឌ្ឍរបស់ចិនបានផ្តល់លទ្ធភាពអភិវឌ្ឍន៍សម្រាប់ប្រទេសចិននិងពិភពលោក បានក្លាយជាម៉ាស៊ីនស្ថិរភាពសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ៕