郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនធ្វើពិធីអបអរសាទរយ៉ាងឱឡារិកដើម្បីរំលឹកខួបទី៤០នៃការអនុវត្តកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន

2018-12-18 11:15:37 cri

      ព្រឹក​ថ្ងៃទី ១៨ ខែ​ធ្នូ មហាសនិ្នបាត​អបអរ​សាទរ​ខួប​ទី ៤០​នៃ​ការ​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​និង​បើក​ទូលាយ​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ ក្រោម​អធិបតីភាព​របស់​លោក ស៊ីជីនភីង អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន ប្រធាន​រដ្ឋ​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ ព្រម​ទាំង​មាន​ការ​​ថ្លែង​សុន្ទរកថា​គន្លឹះ​របស់​លោក​ផងដែរ ។

      គួរ​បញ្ជាក់​ថា នៅ​ថ្ងៃទី ១៨ ខែ​ធ្នូ​ឆ្នាំ ១៩៧៨ មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​បើក​ធ្វើ​សនិ្នសីទ​ពេញ​អង្គ​លើក​ទី​៣​​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​អាណតិ្តទី ១១ ។ សនិ្នសីទ​លើក​នេះ​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ជា​លក្ខណៈ​ប្រវតិ្តសាស្ត្រ​ស្តីពី​ការ​ចាត់​ទុក​កិច្ច​កសាង​សេដ្ឋកិច្ច​ជា​ការងារ​សំខាន់ និង​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​និង​បើក​ទូលាយ ។ ៤០ ឆ្នាំ​កន្លង​មក កម្លាំង​ជាក់​ស្តែង​របស់​ប្រទេស​ចិន​បាន​សម្រេច​ការ​វិវឌ្ឍ​រីក​ចម្រើន​ដោយ​​លោត​ភ្លោះ កំណើន​នៃ​​ផលិតផល​ក្នុង​ស្រុក​សរុប​គិតជា​មធ្យម​ក្នុង​មួយឆ្នាំៗ គឺ ៩,៥ភាគរយ ​ប្រាក់​ចំណូល​ដែល​អាច​ប្រើ​ប្រាស់​បាន​របស់​ប្រជាពល​រដ្ឋ​គិត​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់ៗ​បាន​កើន​ឡើង​​២២,៨ដង ប្រជាជន​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​ចំនួន៧៤០លាន​នាក់ ហើយ​អត្រា​រួម​ចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​គឺ​លើស​​ពី​៣០​ភាគរយ​ជាប់ៗ​គ្នា​ជា​ច្រើន​ឆ្នាំ​ ។

     ៤០​ឆ្នាំ​កន្លង​មក ប្រទេស​ចិន​បាន​ធ្វើ​ពាណិជ្ជកម្ម​និង​ធ្វើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​បើក​ទូលាយ ទំហំ​ទំនិញ​នាំ​ចេញ​នាំ​ចូល​បាន​កើន​ឡើង​១៩៨​ដង ទំហំ​ពាណិជ្ជកម្ម​និង​សេវាកម្ម​នាំ​ចេញ​នាំ​ចូល​បាន​កើន​ឡើង​លើស​ពី​១៤៧​ដង និង​​បាន​កៀរគរ​បាន​ប្រាក់​ទុន​បរទេស​សរុប​ជាង​​២ទ្រីលាន​ដុល្លារ​អាមេរិក ។ ប្រទេស​ចិន​បាន​ក្លាយ​ជា​អង្គភាព​សេដ្ឋកិច្ច​ធំទី​ពីរ​ ប្រទេស​ឧស្សាហកម្ម​ធំទី​មួយ​ ប្រទេស​ពាណិជ្ជកម្ម​ទំនិញ​ធំ​ទី​មួយ និង​ជា​ប្រទេស​មាន​រូបិយប័ណ្ណ​បម្រុង​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស