ពីរថ្ងៃកន្លងមកនេះ បរិយាកាសក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ ដែលបើកធ្វើនៅក្រុងញ៉ូវយកមានភាពតានតឹងខ្លាំង៖ ម្ខាងគឺលោក ត្រាំ ប្រធានាធិបតីអាមេរិកប្រកាសជាឯកតោភាគីនូវគំនិត“អាទិភាពរបស់ប្រទេសអាមេរិក” “ផលប្រយោជន៍របស់អាមេរិកជាការសំខាន់បំផុត” ដោយប្រឆាំងជំទាស់នឹងគំនិតសកលភាវូបនីយកម្ម, ម្ខាងទៀត គឺលោក ហ្គូតេរេស អគ្គលេខាធិការអង្គការសហប្រជាជាតិរួមជាមួយតំណាងចូលរួមមហាសន្និបាតភាគច្រើនដាច់ខាតបានសង្កត់ធ្ងន់លើការរក្សាគាំពារពហុភាគីនិយម និងចាត់វិធានការប្រើប្រាស់សកម្មភាពជាសមូហភាព។ នេះបានបញ្ជាក់ថា សកម្មភាពប្រឆាំងជាសកលរវាងពហុនិយមនិងឯកតោនិយម រវាងសណ្តាប់ធ្នាប់និងអំណាច កំពុងដំណើរការលើឆាកអង្គការសហប្រជាជាតិ។
អំឡុងបើកធ្វើមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ ចំពេលដែលឯកតោភាគីនិយមនិងការពារនិយមបានកើនឡើង ហើយប៉ះពាល់យ៉ាងធ្ងន់ដល់ប្រព័ន្ធអន្តរជាតិដែលយកអង្គការសហប្រជាជាតិជាស្នូល បណ្តាលឲ្យកើតមាននូវកត្តាមិននឹងនរនិងមិនច្បាស់លាស់នៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនិងអនាគតនៃការអភិវឌ្ឍ ។ លោកហ្គូតេរេសលើកឡើងថា បច្ចុប្បន្នគឺជាដំណាក់កាលដែលមនុស្សជាតិត្រូវការពហុភាគីនិយមបំផុត ។ ហេតុដូច្នេះ មហាសន្និបាតអង្គការសហប្រជាជាតិលើកនេះរំពឹងទុកមេដឹកនាំនិងអស់លោកតំណាងនៃបណ្តាប្រទេសដែលបានចូលរួមមហាសន្និបាតអាចផ្តល់គំនិតយោបល់ជុំវិញចក្ខុវិស័យនេះ ។ ប៉ុន្តែ លោកត្រាំ ប្រធានាធិបតីអាមេរិកជាថ្មីម្តងទៀតមានទង្វើផ្ទុយទៅវិញ ។
ដូចគ្នាទៅនឹងការចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិកាលពីឆ្នាំមុន លោកត្រាំបានការពារគោលនយោបាយរបស់លោកស្តីពី"អាទិភាពរបស់អាមេរិក"តាំងពីលោកកាន់ដំណែងរៀងមកនៅក្នុងការជជែកវែកទូទៅនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។លោកត្រាំនៅបានទិទៀនអង្គការពហុភាគីដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិនិងកិច្ចព្រមព្រៀងនុយគ្លែអ៊ែរអ៊ីរ៉ង់ព្រមទាំងបានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ វ៉េណេស៊ុយអេឡា អាល្លឺម៉ង់ជាដើម ហើយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា អាមេរិកប្រឆាំងនឹងទស្សនៈសកលភាវូបនីយកម្ម។យោងតាមការផ្សាយរបស់ប្រព័ន្ធសារព័ត៌មានរបស់អាមេរិកឲ្យដឹងថា ការថែ្លងរបស់លោកត្រាំបាននាំឲ្យមានការរិះគន់ជាច្រើន។
ឧទាហរណ៍ដូចជា លោកAntonioGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានចង្អុលបង្ហាញថា ក្នុងរយៈពេលដែលពិភពលោកប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរ សកម្មភាពសមុហភាពជាមធ្យោបាយតែមួយគត់។សហភាពអឺរ៉ុបបានប្រកាសថា នឹងបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់និងបង្កើតប្រព័ន្ធទូទាត់ថ្មី ដើម្បីបញ្ចៀសពីការដាក់ទណ្ឌកម្មពីអាមេរិក។លោកប្រធានាធិបតីតួកគីបានអំពាវនាវឲ្យសកលលោកទាំងមូលបង្កើតសន្តិភាពនិងភាពរុងរឿង។លោកវ៉ាងយីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីការបរទេសចិនបានថ្លែងថាត្រូវតែគាំពារតួនាទីជាស្នូលរបស់អង្គការសហប្រជាជាតិក្នុងកិច្ចការអន្តរជាតិ ដើម្បីផ្តល់ស្ថិរភាពកាន់តែច្រើនដល់ពិភពលោកដែលច្របូកច្របល់។
ដូចដែលកាសែត« Financial Times » របស់អង់គ្លេសបានបញ្ជាក់ថា” និយាយចំពោះមនុស្សដែលជឿជាក់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺថាមហាសន្និបាតអង្គការសហប្រជាជាតិជាកាលានុវត្តភាពមួយដែលអាចបញ្ចេញសំឡេងរបស់ខ្លួនដើម្បីគាំពារកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ “ តាមពិតអាមេរិកជាស្ថាបនិកនិងអ្នកចូលរួមដ៏សំខាន់ក្នុងការបង្កើតរបៀបរៀបរយសេដ្ឋកិច្ចអន្តរជាតិនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគីបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ប៉ុន្តែបន្ទាប់ពីរយៈពេលជាង៧០ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលអាមេរិកអាណត្តិនេះគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនជ្រុលពេក ហើយបានដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP កិច្ចព្រមព្រៀងអំពីបម្រែបម្រួលអាកាសធាតុ កិច្ចព្រមព្រៀងនុយគ្លេអែរអ៊ីរ៉ង់ ដកចេញពីអង្គការយូណេស្កូនិងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាដើម ព្រមទាំងបន្ថែមយកពន្ធគយដើម្បីបង្កសង្គ្រាមពាណិជ្ជកម្មលើពិភពលោក ។ នេះគ្មានអ្វីគួរឲ្យសង្ស័យទេ គឺបានវាយប្រហារយ៉ាងខ្លាំងចំពោះពហុភាគីនិយមនិងច្បាប់នៃអង្គការសហប្រជាជាតិដែលអាមេរិកជាស្ថាបនិកមួយ ហើយច្បាស់ជានឹងត្រូវរងការប្រឆាំងតវ៉ានិងការទប់ទល់នៅក្របខ័ណ្ឌពិភពលោកជាក់ជាមិនខាន ។
អង្គការសហប្រជាជាតិគឺជាវេទិកាសំខាន់បំផុតសម្រាប់អនុវត្តពហុភាគីនិយម មិនមែនជាឆាកជំរុញឯកតោភាគីនោះទេ ។ ពិតមែនតែនយោបាយអំណាចនៅតែគង់នៅក្របខ័ណ្ឌទូទាំងពិភពលោក ក៏ប៉ុន្តែការជំរុញរបៀបរៀបរយអន្តរជាតិរីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល សម្រេចជោគវាសនារួម កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ទើបជាសំឡេងដ៏សំខាន់នៃសហគមន៍អន្តរជាតិ ។ ការជជែកប្រកែកគ្នាយ៉ាងខ្លាំងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ បានឆ្លុះបញ្ចាំងនូវនិន្នាការដែលសមស្របនឹងចិត្តមនុស្សនិងយុគសម័យនេះ ៕