លិខិតជូនពររបស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសគម្រប់ខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា ខ្ញុំសូមតាងនាមរដ្ឋាភិបាលចិននិងខ្លួនខ្ញុំផ្ទាល់ តាមរយៈសម្តេច សូមចូលរួមសម្តែងអបអរសាទរយ៉ាងកក់ក្តៅចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។
ចំណងមិត្តភាពរវាងប្រទេសចិននិងប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ ប្រទេសយើងទាំងពីរគឺជាមិត្តជិតខាងប្រពៃណីនិងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងរយៈពេល ៦០ ឆ្នាំបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតកន្លងមកនេះ ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានវិវឌ្ឍរីកចម្រើនឥតឈប់ឈរ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានភាពលេចធ្លោ ដែលបាននាំមកនូវផលប្រយោជន៍ដ៏ប្រាកដប្រជាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
កាលពីខែមករាឆ្នាំនេះ តបតាមសេចក្តីអញ្ជើញរបស់សម្តេច ខ្ញុំបានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាប្រកបដោយជោគជ័យ ហើយយើងបានសម្រេចគំនិតឯកភាពថ្មីអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ។ ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជា ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន។ ខ្ញុំរីករាយរួមគ្នាជាមួយសម្តេច ដើម្បីពង្រឹងចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត ក៏ដូចជាបន្តធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីជំរុញឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសយើងទាំងពីរឲ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត។
សូមជូនពរចំណងមិត្តភាពចិននិងកម្ពុជាឲ្យស្ថិតស្ថេរជាអមតៈ!
សូមជូនពរព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសម្បូរសប្បាយនិងរុងរឿងថ្កុំថ្កើង!
ឯកឧត្តមៈ លី ខឺឈាង
នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន
ប៉េកាំង ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨