孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក​ស៊ី ជីនភីងគូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិនរបស់​ខ្លួន​នោះ​ឡើយ​

2018-03-22 16:46:31 cri

      ថ្ងៃទី ២០ ខែ​មីនា​  មហាសន្និបាតលើក​ទី ១ នៃ​សភា​តំណាងប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី ១៣ បាន​បិទ​បញ្ចប់​នៅក្រុង​ប៉េកាំង​ ។លោក​ស៊ី ជីនភីងបាន​​ឡើង​ថ្លែង​សុន្ទរកថា​ជា​លើក​ដំបូងបន្ទាប់​​​ពី​លោកបាន​​ជាប់​ឆ្នោត​បន្ត​អាណាត្តិ​ជា​ប្រធានរដ្ឋ​ចិន​​​​ដោយ​លើក​ឡើង​ថា លោក​នឹង​បន្ត​អនុវត្ត​តួនាទី​របស់​ខ្លួន​ដែល​កំណត់​​ដោយ​រដ្ឋធម្មនុញ្ញប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​​ដូច​ពេល​មុនៗ​ដែរ ដើម្បី​បម្រើ​ដល់​ប្រជាជន​ និង​ទទួល​ការ​​​ពិនិត្យ​​អង្កេត​ពី​សំណាក់​ប្រជាជន​ ។ លោក​គូសបញ្ជាក់​ថា យុគសម័យ​ថ្មី​នៃ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈពិសេស​ចិន​គឺ​ជា​របស់​ប្រជាជន​ចិន​គ្រប់​រូប​ ឲ្យ​តែ​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​​ និង​ធ្វើ​ការ​តស៊ូ​ជា​មួយ​គ្នា​ នោះ​នឹង​​គ្មាន​កម្លាំង​ណា​មួយដែល​​អាច​រារាំង​ប្រជាជន​ចិនក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិនរបស់​ខ្លួន​នោះ​ឡើយ​​ ។

      ថ្លែង​ក្នុង​សុន្ទរកថានេះ​ផង​ដែរ​​ លោក​ស៊ី ជីនភីង បានលើក​ឡើងទៀត​​ថា ប្រជាជនគឺ​ជា​គោល​ចម្បង​តាំង​ពី​ដើម​ដល់​ចប់​​  ។ លោក​ផ្តល់​អនុសាសន៍​​ឲ្យមន្រ្តី​​​នៃ​ស្ថាប័ន​រដ្ឋ​ទាំង​អស់​​​ មិន​ថា​ខ្លួន​មាន​​ឋានៈខ្ពង់​​ខ្ពស់​ប៉ុន​ណា​ ក៏​ត្រូវ​ចង​ចាំ​ថា​ប្រទេស​ខ្លួន​ជា​សាធារណរដ្ឋប្រជាមានិត​ចិន​ ត្រូវ​ទុក​​ប្រជាជន​ក្នុង​ឋានៈ​ខ្ពស់​ជាង​គេ​បង្អស់​ក្នុង​ក្រអៅ​ដួង​ចិត្តរបស់​ខ្លួន​ជាប់​រហូត ត្រូវ​បម្រើ​​ដល់​ប្រជាជន​ដោយ​​ស្មោះ​ត្រង់​ជាប់​រហូត​ ត្រូវ​​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​​ដើម្បី​ផលប្រយោជន៍​និង​សុខសុភមង្គល​របស់​ប្រជាជន ។

លោក​ស៊ី ជីនភីងបាន​គូស​បញ្ជាក់ទៀត​​ថា សិទ្ធិអំណាច​គ្រប់​យ៉ាង​​របស់ជាតិ​​គឺ​របស់​ប្រជាជន ។ ទាល់​​តែ​ប្រជាជន​មានទំនុក​​ចិត្ត ​ទើប​ប្រទេសជាតិមាន​អនាគត​ដ៏​ល្អ​ប្រសើរ និង​មាន​កម្លាំងខ្លាំង​ក្លា​ ។​

      លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា​ ​ការ​គាំពារ​អធិបតេយ្យភាព​និង​បូរភាព​ដែនដី​ ​​សម្រេច​ការ​បង្រួបបង្រួម​ទាំង​ស្រុង​របស់​មាតុប្រទេស​ ​ជា​ក្តី​បំណង​រួម​របស់​កុកបុត្រកុលធីតា​ជនជាតិ​ចិន​គ្រប់​រូប​​ ​និង​ជា​ផលប្រយោជន៍​ជា​មូលដ្ឋាន​នៃ​ជនជាតិ​ចិន​។ ​នៅ​ចំពោះ​មុខ​​សច្ចធម៌​ជនជាតិ​និង​ចរន្ត​ប្រវត្តិសាស្រ្ត​ ​ទង្វើ​និង​ឧបាយកល​ទាំង​អស់​ដែល​ប៉ុនប៉ង​ធ្វើ​អបគមន៍​​មាតុប្រទេស​សុទ្ធតែ​នឹង​ត្រូវ​ទទួល​​បរាជ័យ​ទាំង​អស់​​។

         លោក​ស៊ីជីនភីង​បាន​រំលឹក​ឡើងវិញ​ថា​ ​ប្រទេសចិន​នឹង​មិន​ធ្វើ​ឲ្យ​មានការ​ពលី​ផល​ប្រយោជន៍​នៃ​ប្រទេស​ដទៃ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ខ្លួន​ជា​ដាច់ខាត​ ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​នឹង​មិន​កកើត​ទៅ​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ណា​មួយ​នោះ​ទេ​ ​ប្រទេស​ចិន​នឹង​មិន​ធ្វើ​អនុត្តរភាព​ជាដរាប​ហើយ​ក៏​មិន​វាត​ទី​ជា​រៀង​រហូត​​។​

        លោក​ស៊ីជីនភីង​បាន​ថ្លែង​ទៀត​ថា​ ​បក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​តែ​រ៉ាប់រង​បន្ទុក​ប្រវត្តិសាស្រ្ត​ដែល​ដឹកនាំ​ប្រជាជន​ឲ្យ​ធ្វើ​បដិវត្តន៍​​សង្គម​ដ៏​មហិមា​ ​ប្រកាន់​ខ្ជាប់​ការ​គ្រប់គ្រង​បក្ស​ដោយ​យុត្តិធម៌​និង​កាន់អំណាច​ដើម្បី​ប្រជាជន​ ​រួម​សុខទុក្ខ​ជា​មួយ​ប្រជាជន​​ព្រម​និង​សាមគ្គី​រួបរួម​កម្លាំង​ជា​មួយ​ប្រជាជន​ដើម្បី​ធ្វើ​ការ​តស៊ូ​ប្រយុទ្ធ​ជា​មួយ​គ្នា​៕

អ្នកបកប្រែ:孙玲玲

ពិភាក្សា()