| ស្តាយប្រទេសចិនក្រុងស៊ីអាន | 
       បេតិកភ័ណ្ឌវប្បធម៌   ជាទ្វារធំមួយសម្រាប់មនុស្សជាតិយល់ដឹងពីប្រវត្តិសាស្ត្រ
ហើយក៏បានកត់ត្រាពីរឿងរស់នៅនិងលេខសម្ងាត់អភិវឌ្ឍន៍របស់មនុស្សជាតិផងដែរ ។   ក្នុងថានៈជារាជធានីរបស់រជ្ជកាលចំនួន១៣នៃបុរាណប្រទេសចិន   ក្រុងស៊ីអានមានប្រវត្តកសាងទីក្រុងរយៈពេលជាង៣០០០ឆ្នាំ  មានប្រវត្តកសាងរាជធានីរយៈពេលជាង១១០០ឆ្នាំ   ជារាជធានី១ក្នុងចំណោមរាជធានីដែលមានរយៈពេលកសាងយូរជាងគេ ជារជ្ជកាលមានរាជធានីច្រើនជាងគេ   និងមានឥទ្ធិពលខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រប្រទេសចិន ។  បេតិកភ័ណ្ឌវប្បធម៌ក្រុងស៊ីអាន  មានអត្ថរសនិងអត្ថន័យដ៏សំបូរនិងរបស់របរជាច្រើនប្រភេទ។   ថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅក្រុងស៊ីអាន  ដើម្បីរួមគ្នាផ្តោតអារម្មណ៍ទៅលើវប្បធម៌ប្រវត្តិសាស្ត្រដ៏វិសេសរបស់ក្រុងស៊ីអាន ។
       ជាបឋមយើងខ្ញុំនឹងផ្តល់សំណួរ៣ជូនអស់លោកអ្នកស្តាប់ក្នុងកម្មវិធីថ្ងៃនេះ។
       ទី១៖ តើឧបករណ៍ភ្លេងដែលធ្វើកំណាយនៅស្ថានីយ៍បុរាណដែលស្ថិតនៅបុរាណដ្ឋានប៉ាន់ភស្រាន់ស៊ីឈ្មោះអ្វី  ?
       ទី២៖  រូបស្មូនដីឥដ្ឋក្នុងផ្នូរស្តេចឈីងស៊ី  តើអ្នកណារកឃើញមុនគេ  ?
ទី៣៖ តើរតនៈវត្ថុប្រចាំនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រស៊ីអានមានឈ្មោះអ្វី ?
        ទំនុកភ្លេងដែលលោកអ្នកកំពុងស្តាប់នេះ   ជាទំនុកភ្លេងផ្លុំប្រគំដោយឧបករណ៍ភ្លេងម្យ៉ាងឈ្មោះស៊ីន  ។   តាមការបញ្ជាក់របស់បុរាណវត្ថុវិទូ   ឧបករណ៍ភ្លេងស៊ីនគឺមានតាំងពីយុគសម័យបុរេប្រវត្តិ   ការរកឃើញនិងកកាយចេញពីដីលើកដំបូងគឺនៅបុរាណដ្ឋានប៉ាន់ភ   បុរាណដ្ឋាននេះ  បានបង្ហាញពីអរ្យធម៌មនុស្សជាតិនៃសង្គមមតេយ្យដ៏រុងរឿងប្រមាណ៧០០០ឆ្នាំមុខ ។   ស្នូរភ្លេងនៃឧបករណ៍ភ្លេងស៊ីនកំសត់លន្លង់លន្លោច   មានគុណភាពស្នូរភ្លេងដ៍ពិសេស ។   មនុស្សបុរាណបានប្រៀបធៀបស្នូរភ្លេងនៃឧបករណ៍ភ្លេងស៊ីន  ជាស្នូរភ្លេងក្នុងរដូវស្លឹកឈើជ្រុះ   ពេលស្តាប់ស្នូរភ្លេងនៃឧបករណ៍ភ្លេងស៊ីនប្រហែលអាចបើកទ្វារសម្រាប់មនុស្សទំនាក់ទំនងជាមួយធម្មជាតិ   អ្នកផងស្ទើតែអាចលូកដៃពីដួងចិត្តទៅស្ទាបរដូវស្លឹកឈើជ្រុះ   រដូវស្លឹកឈើជ្រុះជារដូវព៌ណមាស  មានភាពស្ងប់ស្ងាត់   ហើយក៏គួរឲ្យអ្នកផងរិះគិតយ៉ាងម៉ត់ចត់ដែរ ។   មានសំឡេងស្រងេះស្រងោចដូចជាស្ថិតក្នុងរដូវស្លឹកឈើជ្រុះ ដែលមានស្លឹកឈើរុះរោយពេញដី ។
        មកទល់នឹងបច្ចុប្បន្ន  រចនាបថវប្បធម៌និងយូរអង្វែងដ៏ពិសេសនៃឧបករណ៍ភ្លេងស៊ីននៅតែនាំឲ្យអ្នកផងមិនអាចបំភ្លេចបាន ។   បច្ចុប្បន្នឧបករណ៍ភ្លេងស៊ីនដែលធ្វើដោយដីឥដ្ឋបានប្រើប្រាស់ជាទូទៅក្នុងក្រុមភ្លេងជនជាតិចិនហើយ  មានតន្ត្រីករដ៏ល្បីឈ្មោះមិនតិចទេបានតែងទំនុកភ្លេងសម្រាប់ឧបករណ៍ភ្លេងស៊ីន  បានធ្វើឲ្យឧបករណ៍ភ្លេងដ៏បុរាណនេះពេលបច្ចុប្បន្ននេះ  នៅតែបញ្ចេញពន្លឺដដែល ។
ពិតមែនហើយ របស់ដែលមានឈ្មោះជាងគេនៅក្រុងស៊ីអាន ជារូបស្មូនដីឥដ្ឋទាហាននិងសេះក្នុងផ្នូរស្តេចឈីង ដែលបានត្រូវគេហៅថាជាអច្ឆរិយវត្ថុធំទី៨លើពិភពលោក ។ ចេញដំណើរពីក្រុងស៊ីអានតាមផ្លូវថ្នល់ល្បឿនលឿនទៅកាន់ទឹសភាគខាងកើតប្រមាណរយៈពេល៣០នាទី ក៏អាចមើលឃើញភ្នំលីសាន ដែលមានទេសភាពស្រស់ប្រិមប្រិយ ។ នៅព្រៃខាងជើងភ្នំលីសាន ក្នុងព្រៃជ្រៅមានសំណង់ដ៏ធំវិសេសនិងមានក្បាច់រចនាពីខាងក្រៅនេះ គឺជាសារមន្ទីររូបស្មូនដីឥដ្ឋទាហាននិងសេះក្នុងផ្នូរស្តេចឈីងដែលមានឈ្មោះល្បីលើពិភពលោក ។
        ស្ទើរតែរាល់ថ្ងៃ   សុទ្ធតែមានភ្ញៀវទេសចរណ៍បរទេសយ៉ាងច្រើនទៅទស្សនារូបស្មូនដីឥដ្ឋទាហាននិងសេះរបស់ស្តេចឈីង ។   កាលពីឆ្នាំ២២១មុនគ្រឹះសករាជ   ស្តេចឈីងឈ្មោះអ៊ីងចឹង   បានបង្កើតប្រទេសរបបមជ្ឈការមានច្រើនជនជាតិ  ដែលបង្រួបបង្រួមទី១ក្នុងប្រទេសចិន   ហើយនៅបានកសាងផ្នូរដ៏ធំវិសេស១សម្រាប់ខ្លួនឯងផង ។  នៅកន្លែងខាងកើតឃ្លាតពីផ្នូរស្តេចឈីងចំងាយ១.៥គីឡូម៉ែត្រ   មានភូមិស៊ីយ៉ាងដែលជាភូមិតូច១ ។
ដើមឡើយ  ខាងត្បូងភូមិស៊ីយ៉ាងមានចំការផ្លែទន្លាប់  នៅទីនោះមានផ្នូរបុរាណជាច្រើននិងមានដុំថ្មគរជាគំនរ ។   កាលពីខែមិនាឆ្នាំ១៩៧៤   អ្នកភូមិឈ្មោះយ៉ាងចឺហ្វានិងយ៉ាងភៃអ៊ាន  និងអ្នកភូមិផ្សេងទៀតប្រមាណជាជាង១០នាក់  បាននាំគ្នាជីកអណ្តូងនៅក្នុងចំការទន្លាប់   ដើម្បីយកទឹកប្រើប្រាស់   នៅពេលដែលពួកគេជីកបានជម្រៅប្រហែល៤ទៅ៥ម៉ែត្រ  ពួកគេប្រទះឃើញកម្រាលឥដ្ឋ   ក្បាលព្រួញស្ពាន់   ធ្នូរស្ពាន់   ព្រមទាំងបំណែកស្មូនដីឥដ្ឋចំនួន៨ ។   បន្ទាប់ពីនោះ   ផ្នែកបុរាណវិទ្យាជាតិធ្វើកំណាយដោយមានការចាត់តាំង   រូបស្មូនដីឥដ្ឋទាហាននិងសេះរបស់ស្តេចឈីង  ដែលនាំឲ្យពិភពលោកភ្ញាក់ផ្អើល   បានបង្ហាញនៅចំពោះមុខអ្នកចូលរួមជាបន្តបន្ទាប់ ។
        រូបស្មូនដីឥដ្ឋទាហាន និងសេះក្នុងផ្នូរស្តេចឈីង   មិនត្រឹមតែមានទ្រង់ទ្រាយធំសម្បើមនិងមានសេចក្តីក្លៀវក្លាដ៏មហិមាប៉ុណ្ណោះទេ  ហើយបុរាណវត្ថុដែលបានធ្វើកំណាយចេញពីដីកាន់តែប្រសើរអស្ចារ្យទៅទៀត ។   រូបស្មូនដីឥដ្ឋទាហាននិងសេះទាំងនេះមានមាឌធំនិងខ្ពស់  ប៉ុនគ្នានឹងទាហាននិងសេះពិត   អ្នកស្មូនបានធ្វើមុខរូបទាហានខុសប្លែកៗពីគ្នា   ហើយបានបង្ហាញនូវភាពរស់រវើកពីមុខមាត់ពិតរបស់កងទ័ពក្នុងសម័យរជ្ជកាលឈីង  បង្ហាញពីប្រភេទនៃទាហាន  អាវុធនិងរបៀបរៀបចំកងទ័ព  ក្នុងសម័យរជ្ជកាលឈីងកាលពី២០០០ឆ្នាំមុន ។   ពេលដែលភ្ញៀវទេសចរណ៍បានទស្សនារូបស្មូនដីឥដ្ឋទាហាននិងសេះរបស់ស្តេចឈីង   បីដូចជាត្រួតមើលកងទ័ពឈីងដ៏អង់អាចក្លាហាននិងប៉ិនប្រសប់ធ្វើចម្បាំង ។   ក្រោយពេលទស្សនារូបស្មូនដីឥដ្ឋទាហាននិងសេះរបស់ផ្នូរស្តេចឈីងហើយ   ភ្ញៀវទេសចរណ៍នៃប្រទេសវេណេហ្សុយអេឡាលាន់មាត់ថា៖
        ស្អាតណាស់   ស្អាតណាស់   ពេលមើលឃើញរូបស្មូនដីឥដ្ឋទាហាននិងសេះរបស់ផ្នូរស្តេចឈីង   ហាក់បីដូចជាបានទាញអារម្មណ៍មនុស្សឲ្យត្រឡប់ទៅដល់បុរាណកាលវិញ ។
      ជារៀងរាល់ឆ្នាំសារមន្ទីររូបស្មូនដីឥដ្ឋទាហាននិងសេះរបស់ស្តេចឈីង  បានទទួលភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសចំនួនប្រមាណ២លាននាក់   អ្នកផងបានភ្ញាក់ផ្អើលពីភាពគគ្រឹកគគ្រេងនៃក្បួនទាហានឈីង   ហើយមានការកោតស្ញប់ស្ញែងចំពោះរទេះសេះស្ពាន់ដ៏តូចល្អប្រណិត ។   បុរាណវត្ថុទាំងនេះបានបង្ហាញពីភាពវៃឆ្លាតនិងប្រាជ្ញារបស់អ្នកស្មូន និងបង្ហាញពីកម្រិតវិទ្យាសាស្ត្រ   បច្ចេកវិទ្យានិងសិល្បៈរបស់មនុស្សសម័យស្តេចឈីង  កាន់តែធ្វើឲ្យភ្ញៀវទេសចរណ៍មានការកោតស្ញប់ស្ញែងយ៉ាងខ្លាំង   រហូតដល់មានការដំណាលថា៖  បើសិនជាមកលេងប្រទេសចិន  ហើយមិនបានឃើញរូបស្មូនដីឥដ្ឋទាហាននិងសេះទេ    គឺហាក់ដូចជាមិនបានមកដល់ប្រទេសចិនដូច្នោះដែរ ។
        ការសន្សំទុកនូវសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏ច្រើនមហាសាល  និងការបន្សល់ទុកបុរាណវត្ថុនិងស្ថានីយ៍បុរាណ  ដែលមានវិសាលភាពធំធេង  បានធ្វើឲ្យក្រុងស៊ីអានមានឈ្មោះល្អវិសេសវិសាល  ថាជាសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ។   នៅក្រុងស៊ីអាន លើកលែងតែរូបស្មូនដីឥដ្ឋទាហាននិងសេះរបស់ស្តេចឈីង    នៅមានកន្លែង១ទៀតដែលមិនអាចទៅបាន   នោះគឺជាសារមន្ទីរប្រវត្តិសាស្ត្រស្រាន់ស៊ី ។   នៅក្នុងសារមន្ទីរនេះមានលាក់ទុកនូវបុរាណវត្ថុដល់ទៅជាង៣សែន៧ម៉ឺនគ្រឿង  មានតាំងពីឧបករណ៍ធ្វើអំពីថ្មដោយសង្ខែប  ដែលមនុស្សសម័យបុព្វកាលប្រើប្រាស់   រហូតដល់ទៅឧបករណ៍គ្រប់បែបយ៉ាងក្នុងជីវភាពសង្គមប្រទេសមុនឆ្នាំ១៨៤០មុនគ្រិះសករាជ   មានពេលវេលាដល់ទៅជាង ១លានឆ្នាំ ។   បុរាណវត្ថុទាំងនោះរួមមានថូសំរឹទ្ធ   មានគ្រឿងធ្វើអំពីមាសនិងប្រាក់ក្នុងរជ្ជកាលហាន់និងថាំង  និងរូបគំនូរនៅលើជញ្ជាំងផ្នូរស្តេចរជ្ជកាលថាំង។ល។  សុទ្ធសឹងជាវត្ថុដ៏ល្អប្រណិត ។
        ក្នុងសារមន្ទីរប្រវត្តិសាស្ត្រខេត្តស្រាន់ស៊ី   ត្រឹមតែវត្ថុថ្នាក់រតនៈជាតិ  ក៏មានចំនួនដល់ទៅ១៨គ្រឿង   តែមាន២គ្រឿងគឺមិនដែលយកទៅតាំងនៅបរទេសទេ  ក្នុងនោះមាន១គ្រឿង  ជាពែងថ្មកែវក្បាល់សត្វក្រូមេដោយមាស   ហើយក៏ហៅថាពែងថ្មកែវក្បាល់សត្វរជ្ជកាលថាំងដែរ ។   វត្ថុ១គ្រឿងនេះគឺបានធ្វើកំណាយចេញពីភូមិហឺជា  ដែលស្ថិតនៅជាយក្រុងខាងត្បូងនៃក្រុងស៊ីអានកាលពីឆ្នាំ១៩៧០មក   ពែងនេះគឺបានធ្វើតាមរូបស្នែងសត្វនៅខាងមុខពែងមានឆ្លាក់រូបក្បាលសត្វគោ  ដែលមានភ្នែក២ធំក្រឡោតបញ្ចេញមហិទ្ធិប្ញទិ្ធដ៏អស្ចារ្យ ។
        លោកស៊ីហាងអ្នកឧទ្ទេសនាមនៃសារមន្ទីរប្រវត្តិសាស្ត្រខេត្តស្រាន់ស៊ី  បានមានប្រសាសន៍ថា៖              
        វត្ថុនេះក៏បានត្រូវគេប្រសិទ្ធិនាមថាជារតនៈវត្ថុប្រចាំសារមន្ទីររបស់សារមន្ទីរប្រវត្តិសាស្ត្រខេត្តស្រាន់ស៊ីដែរ   ពែងថ្មកែវរូបក្បាលសត្វស្រោបដោយមាស  វត្ថុធាតុដើមរបស់ពែងគឺផ្សំឡើងដោយថ្មកែវសសៃឆ្នូត   យើងអាចដឹងពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់របស់នេះ  ក៏មានមាឌធំដែរ   អ្នកដែលមានលទ្ធភាពប្រើរបស់នេះអាចជាត្រកូលអភិជនក្នុងរាជវង្សានុវង្ស  រហូតដល់ទៅស្តេចអង្គឯង ។   ដូច្នេះកាលពីឆ្នាំ២០០២  នាយកដ្ឋានជាតិខាងបុរាណវត្ថុ  បានប្រកាសនូវឯកសារ១   គឺជាមាតិកានៃវត្ថុលើកទី១  ដែលប្រទេសចិនហាមមិនឲ្យយកទៅដាក់តាំងនៅបរទេស  មានបម្រាមថាវត្ថុបុរាណចំនួន៦៤គ្រឿង សុទ្ធតែមិនអាចយកទៅដាក់តាំងនៅបរទេសជារៀងរហូត   នេះគឺជាលេខរៀងទី៤៤ក្នុងចំណោមវត្ថុបុរាណ   ហើយត្រូវបានភ្ញៀវទេសចរណ៍ប្រសិទ្ធិនាមថាជារតនៈវត្ថុប្រចាំសារមន្ទីរក្នុងសារមន្ទីរប្រវត្តិសាស្ត្រខេត្តស្រាន់ស៊ី ។
        បច្ចុប្បន្ន  មជ្ឈដ្ឋានអ្នកសិក្សាវិជ្ជាទូទៅ  នៅតែមានការជជែកគ្នាពីកន្លែងផលិតពែងថ្មកែវ១គ្រឿងនេះដែលពែងនេះ  ជាពែងស្រារបស់អ្នកបច្ចឹមប្រទេសម៉្យាងហៅថាឡៃថុង  ជាមតិរួមរបស់អ្នកជំនាញការនិងវិទ្យាករ ។   ឡៃថុងជាសម្លេងនៃភាសាក្រិចមានន័យថាហូរចេញ   ភាគច្រើនធ្វើដូចរូបស្នែងសត្វ ។   ជាធម្មតានៅបាតពែងស្រាមានរន្ធសម្រាប់បង្ហូរចេញនូវអង្គធាតុរាវ    ហើយមុខងាររបស់វា  ហាក់ដូចជាជីឡាវ  សម្រាប់យកមកចាក់ស្រាថ្វាយទេវតា  ពេលនោះអ្នកផងមានជំនឿថាប្រើរបស់នោះសម្រាប់ចាក់ស្រាអាចបង្ការជាតិពុល  លើកឡៃថុងឡើងផឹកស្រាគឺជាការគោរពបូជាចំពោះទេវតាដូច្នេះគេតែងតែប្រើក្នុងសកម្មភាពធ្វើពិធីកានិងប្រើក្នុងពិធីបុណ្យប្រពៃណី ។   រតនៈសម្បត្តិជាតិ១នេះ   ជានិមិត្តរូបនៃទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភនិងអំណាច   ហើយក៏ជាគ្រឿងសិល្បៈ១ដ៏ប្រសើរថ្លៃថ្លា   ព្រមជាមួយនេះ  គ្រឿងសិល្បៈនេះក៏ប្រហែលជាគ្រឿងដង្វាយជាតិដែលប្រទេសនៅអាស៊ីកណ្តាលនិងខាងលិចក្នុងសម័យបុរាណថ្វាយចំពោះរជ្ជកាលថាំង  ដែលមានអត្ថន័យមិនធម្មតាទេ   ជាបុរាណវត្ថុសំខាន់១ដែលបានប្រតិស្ឋានក្នុងការផ្លាស់ប្តូរអរ្យធម៌បូព៌ាប្រទេសនិងបច្ចឹមប្រទេស ៕
       ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី  កម្មវិធីថ្ងៃនេះជិតបញ្ចប់ហើយ  យើងខ្ញុំនឹងផ្តល់សំណួរ៣ជូនអស់លោកអ្នកស្តាប់ក្នុងកម្មវិធីថ្ងៃនេះម្តងទៀត ។
       ទី១៖ តើឧបករណ៍ភ្លេងដែលធ្វើកំណាយនៅស្ថានីយ៍បុរាណដែលស្ថិតនៅបុរាណ
ដ្ឋានប៉ាន់ភស្រាន់ស៊ីឈ្មោះអ្វី ?
       ទី២៖ រូបស្មូនដីឥដ្ឋក្នុងផ្នូរស្តេចឈីងស៊ីតើអ្នកណារកឃើញមុនគេ ?
       ទី៣៖ តើរតនៈវត្ថុប្រចាំនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រស៊ីអានមានឈ្មោះអ្វី ?

 
 























