pause
音量+
Play
音量-

វីដេអូ

សាររំលែកទុក្ខរបស់លោក Hu Jintao ប្រធានរដ្ឋចិន ចំពោះការសោយទិវង្គតរបស់
ព្រះបាទសម្តេច នរោត្តម សីហនុ
2012-10-16 15:08:02   cri  Web Editor:xuzhen

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ
ព្រះរាជាណាចក្រកម្ពុជា 

សម្តេចព្រះមហាវីវក្សត្រីនរោត្តម មុនីនាថ សីហនុ

 

បន្ទាប់ពីបានទទួលដំណឹងដ៏រន្ធត់ និងភ្ញាក់ផ្អើលបំផុតស្តីអំពីការសោយទិវង្គតរបស់​ព្រះករុណា ព្រះបាទសម្តេចព្រះនរោមត្តម សីហនុ ព្រះមហាវីវក្សត្រកម្ពុជា ដែលជាមិត្តដ៏​មហិមារបស់ប្រជាជនចិន និងជាអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា យើងខ្ញុំមាន​ក្តីសោកសង្វេគជាអនេកប្បការ ។ ខ្ញុំសូមតំណាងឲ្យរដ្ឋាភិបាលនិងប្រជាជនចិន ព្រម​និងខ្លួនខ្ញុំផ្ទាល់ តាមរយៈព្រះករុណា និងព្រះមហាវីវក្សត្រី យើងខ្ញុំសូមចូលរួមរំលែកទុក្ខ​ដ៏ក្រៀមក្រំបំផុតនិងការសួរសុខទុក្ខដ៏ស្និទ្ធស្នាលនិងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល​និងប្រជាជនកម្ពុជា ។

ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាព្រះបិតាឯករាជ្យជាតិកម្ពុជា ​ទ្រង់បានបូជាព្រះកាយពលពេញមួយជីវិតក្នុងព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ ​សន្តិភាព និងការអភិវឌ្ឍន៍របស់កកម្ពុជា បានបន្សល់ទុកនូវស្នាព្រះហត្ថជាប្រវត្តិសាស្រ្ត​ដែលមិនសាបរលាបក្នុងការសម្រេចបាននូវការផ្សះផ្សាជាតិ និងការអភិវឌ្ឍន៍ប្រទេស​កម្ពុជា ទ្រង់មានព្រះកិត្តិនាម និងកិត្យានុភាពដ៏ឧដុង្គឧត្តមបំផុតក្នុងក្រអៅបេះដូងរបស់​ប្រជាជនកម្ពុជា ។ ការសោយទិវង្គតរបស់ទ្រង់គឺជាការខាតបង់ដ៏មហាធំធេងរបស់​ប្រជាជនកម្ពុជា ។

ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាមិត្តដ៏មហិមារបស់ប្រជាជនចិន ​បានបូជាព្រះកាយពល និងយកព្រះទ័យទុកដាក់ដល់មិត្តភាពចិននិងកម្ពុជាជាដរាបមក ​ព្រមទាំងបានចងចំណងមិត្តភាពដ៏ជ្រាលជ្រៅជាមួយថ្នាក់ដឹកនាំរដ្ឋចិនជាច្រើនជំនាន់​ផងដែរ ។ នៅក្រោមការយកព្រះទ័យទុកដាក់ និងការជំរុញដោយផ្ទាល់របស់ទ្រង់ ព្រម​និងតាមរយៈការខិតខំប្រឹងប្រែងរួមរបស់ទ្វេភាគី មិត្តភាពចិននិងកម្ពុជាបានចាក់ឫស​ចាក់គល់បែកមែកសាខាត្រសុំត្រសាយ និងមានផ្លែផ្កាដ៏ស្តុកស្តម្ភ ព្រមទាំងវិវឌ្ឍន៍​ចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។ ការរួមព្រះរាជវិភាគទានដ៏ឆ្នើមបំផុតរបស់ទ្រង់ក្នុងការ​អភិវឌ្ឍន៍ទំនាក់ទំនងចិននិងកម្ពុជានឹងចារក្នុងប្រវត្តិសាស្រ្តមិត្តភាពចិន-កម្ពុជាជានិរន្តរ៍​រៀងទៅ ។

រដ្ឋាភិបាលនិងប្រជាជនចិនស្រឡាញ់ថ្នាក់ថ្នមមិត្តភាពចិន-កម្ពុជាជាដរាបមក ព្រម​ទាំងផ្តោតការយកចិត្តទុកដាក់ដោយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍន៍ទំនាក់ទំនងប្រទេស​ទាំងពីរ ។ ភាគីចិនរីករាយក្នុងការរួមសហការជាមួយភាគីកម្ពុជា ទៅបន្តពង្រីក និង​ផ្សាយទូលាយនូវចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជាដែលបានចម្រើនលូត​លាស់ក្រោមការត្រួសត្រាយ និងការយកព្រះទ័យ និងយកចិត្តទុកដាក់រក្សាថ្នាក់ថ្នម​របស់ព្រះមហាវីរក្សត្រកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋចិនច្រើនជំនាន់ ។ ជឿជាក់យ៉ាងមុតមាំ​ថា ភាគីទាំងពីរនឹងអាចបន្តពង្រឹង និងពង្រីកមិត្តភាព និងការចុះសម្រុងគ្នា ធ្វើឲ្យកាន់តែ​ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅជំរុញទំនាក់ទំនងជាដៃគូសហប្រតិបត្តិ​ការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងកម្ពុជាឲ្យវិវឌ្ឍន៍ដោយបរិសុទ្ធនិងស៊ី​ជម្រៅ ដើម្បីផ្តល់សុភមង្គលកាន់តែល្អប្រសើរទៀតដល់ប្រទេសនិងប្រជាជនទាំងពីរ ។

ប្រធានរដ្ឋសាធារណរដ្ឋប្រជាមានិតចិន

Hu Jintao 

ធ្វើនៅក្រុងប៉េកាំង ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040