ក្នុងសន្និសីទសារព័ត៌មានជាតិនិងអន្តរជាតិដែលរៀបចំឡើងដោយក្រសួងការបរទេសចិនកាលពីថ្ងៃទី៣ខែមេសា លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានថ្លែងថា ឆ្នាំ២០១៨គឺជាខួបទី៤០នៃការធ្វើកំណែទម្រង់និងបើកចំហរបស់ប្រទេសចិន ហើយក៏ជាឆ្នាំទី១សម្រាប់អនុវត្តស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ផងដែរ។ក្នុងខណៈពេលជាប្រវត្តិសាស្រ្តដ៏សំខាន់មួយនេះ លោកស៊ីជីនភីងប្រធានរដ្ឋចិននឹងអញ្ជើញទៅចូលរួមពិធីបើកធ្វើសន្និសីទប្រចាំឆ្នាំ២០១៨នៃវេទិកាអាស៊ីក្រុងប៉អៅ ព្រមទាំងនឹងចូលរួមសកម្មភាពពាក់ព័ន្ធមួយចំនួនផងដែរ ប្រការនេះមានសារៈសំខាន់ជាទីបំផុតចំពោះការជំរុញដោយស៊ីជម្រៅនូវវិស័យការទូតប្រទេសធំដែលប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិនក្នុងយុគសម័យថ្មី ជំរុញការបង្កើតសហគមន៍រួមវេសនាតែមួយនៃអាស៊ីនិងមនុស្សជាតិ ក៏ដូចជាជំរុញបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិផងដែរ។នេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងបង្អស់ក្នុងឆ្នាំ២០១៨ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះផងដែរដែលនឹងបន្ថែមចំណុចទាក់ទាញក្រសែចក្ខុមួយចំនួនក្នុងសន្និសីទប្រចាំឆ្នាំលើកនេះមានដូចជា ទី១ បង្ហាញពីអនាគតថ្មីនៃកំណែទម្រង់និងបើកចំហ ទី២គឺបកស្រាយពីការអភិវឌ្ឍក្នុងយុគសម័យថ្មីរបស់ប្រទេសចិន ទី៣គឺដាក់ចេញនូវគំនិតផ្តួចផ្តើមអំពីការរួមគ្នាត្រួសត្រាយអនាគតថ្មី ទី៤គឺបង្កើតសមិទ្ធផលថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូ ទី៥គឺបន្ថែមកម្លាំងចលករថ្មីសម្រាប់វេទិកាមួយនេះ៕