ចំណាប់អារម្មណ៍​របស់​ឯកឧត្តម ​ជា ច័ន្ទបរិបូរណ៍ ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​កម្ពុជា​ចំពោះ​ដំណើរ​ទស្សនកិច្ច​តាម​ផ្លូវសូត្រ​នៅ​ក្រុង ​Zheng ​zhou ​និង​សកម្មភាព​ផ្សព្វផ្សាយ​ពី​ទីក្រុង​ចឹងចូវ​ទៅកាន់​បរទេស​
2016-11-01 09:49:05  cri  Web Editor:Sun Lingling

    តបតាម​ការអញ្ជើញ​ពី​វិទ្យុអន្តរជាតិចិន ​វិទ្យុប្រជាជន​ក្រុងចឹងចូវ​និង​រដ្ឋាភិបាល​ខេត្ត ​He ​nan ​ក៏ដូចជា​រដ្ឋាភិបាល​ក្រុង​ចឹងចូវ៖​ខ្ញុំបាទ​បាន​ធ្វើដំណើរ​មកដល់​ទីក្រុង​ដ៏អស្ចារ្យ​នេះ ​ចូលរួម​ក្នុង​កម្មវិធី​"ដំណើរ​ទស្សនកិច្ច​តាម​ផ្លូវសូត្រ​នៅ​ក្រុង​ Zheng​ zhou​និង​សកម្មភាព​ផ្សព្វផ្សាយ​ពី​ទីក្រុង​ចឹងចូវ​ទៅកាន់​បរទេស​"ចាប់ពី​ថ្ងៃទី១៥​ដល់​ថ្ងៃទី២១​ខែតុលា​ឆ្នាំ២០១៦​និងបាន​ទស្សនាពិធី ​Zheng ​zhou ​International ​Shao ​lin ​Wu ​shu ​Festival​ដែលជា​កម្មវិធី​បង្ហាញ​ក្បាច់គុន​សាវលីន​លើក​ទី១១​ដែល​ប្រារព្ធ​ធ្វើឡើង​ក្នុង​ក្រុងតឹងហ្វឹង​។ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​រយៈ​ប៉ុន្មានថ្ងៃនេះ ​នៅក្នុង​តំបន់​បេតិកភ័ណ្ឌ​និង​តំបន់​សេដ្ឋកិច្ច​មួយចំនួន​មាន​ដូចជា ​ក្រុងតឹងហ្វឹង,​សារមន្ទីរចឹងចូវ,​ទីសក្ការៈ​ស្តេចហ័ងទី,​វត្តចុងយៀក,​ភូមិតុងថូវ,​វិទ្យាស្ថាន​ជំនាន់​បុរាណ​សុងយុំាង,​សហគ្រាស​ផលិត​គ្រឿង​អេឡិចត្រូនិច​"យៀកព័រ",​សហគ្រាស​ផលិត​និង​កែច្នៃអាហារ​"សានឈាន",​សហគ្រាស​ផលិត​ពុទ្រាក្រហម​"ហោស័ងនី-នឹកអ្នកណាស់",​សហគ្រាស​ផលិត​រថយន្ត​"អ៊ីថុង",​សាកលវិទ្យាល័យ​ចឹងចូវ,​មជ្ឈមណ្ឌល​ព័ត៌មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងចឹងចូវ​និង​ស្ថាប័ន​ផ្សព្វផ្សាយ​មួយចំនួន​នៅក្នុង​ក្រុងចឹងចូវ​(វិទ្យុ​ប្រជាជន​ចឹងចូវ​និង​ក្រុមហ៊ុន​សាជីវកម្ម​កាសែត​ចឹងចូវ)។ល។​ខ្ញុំបាទ​យល់ឃើញថា ​ទីក្រុងចឹងចូវ​គឺជា​ទីក្រុង​មួយ​ដែលមាន​វប្បធម៌​ជា​យូរលង់​ណាស់​មកហើយ​តាមរយៈ​សំណង់​វត្ថុតាង​និង​វត្ថុសិល្បៈ​ទាំងអស់​គឺ​បង្ហាញថា​ប្រទេសចិន​ក៏ដូចជា​ទីក្រុងនេះ​មាន​កំណើត​រាប់ពាន់​ឆ្នាំ​មកហើយ។​ទន្ទឹមនឹងនេះ ​ទីក្រុងទាំងមូលគឺពោរពេញទៅដោយការអភិវឌ្ឍន៍គ្រប់វិស័យ។ ជាក់ស្តែង ខ្ញុំបាន​ចូល​ទស្សនា​បណ្តា​សហគ្រាស​ធំៗ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​បង្ហាញ​ជាក់ច្បាស់​ថា ​វិស័យ​សេដ្ឋកិច្ច​ក្នុងតំបន់​នេះ ​មាន​ការរីកចំរើន​ខ្លាំងក្លា ​និងមាន​ចំណាត់​ថ្នាក់​ល្អ​នៅក្នុង​ចំណោម​ទីក្រុងល្បីៗ​នៅ​ប្រទេសចិន​។ ​ក្នុងនោះ​ផងដែរ ​ទីក្រុងចឹងចូវ​សំបូរ​ទៅដោយ​សាកលវិទ្យាល័យ​ល្អៗ​ដែលជា​ទីបណ្តុះបណ្តាល​ធនធានមនុស្ស​ដ៏មាន​សក្តានុពល​ដោយមាន​ចំណេះជំនាញ​គ្រប់ប្រភេទ​ផងដែរ​។ ​ជាមួយ​គ្នានេះ ​ទីក្រុង​ចឹងចូវ​គឺជា​ទីក្រុង​ដែល​ពោរពេញ​ដោយ​ពណ៌បៃតង​ស្រស់ស្អាត​គួរឲ្យ​ទាក់ទាញ​ជាខ្លាំង​ដល់​ភ្ញៀវទេសចរ​មកកំសាន្ត​។ ​ខ្ញុំបាទ​យល់ឃើញថា ​ការអភិវឌ្ឍន៍​របស់​ទីក្រុង​ចឹងចូវ​គឺពិតជា​មាន​ផែនការ​ច្បាស់លាស់​ល្អសម្រាប់​បច្ចុប្បន្ន​និង​អនាគត។ ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ ​គឺ​ស្របតាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរ​ដែល​បង្ហាញពី​ចំណង​មិត្តភាព​ដ៏រឹងមាំ​និង​កិច្ចសហប្រតិបត្តិការ​ដ៏ស៊ីជម្រៅ​គ្រប់ជ្រុងជ្រោយ​តាមរយៈ​ការបញ្ជូន​មន្រ្តី​មក​ទស្សនកិច្ច​ផ្លូវការ ​ដកស្រង់​បទពិសោធ​និង​ស្វែងយល់​អំពី​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ប្រទេស​រៀងៗខ្លួន​ឲ្យមាន​ភាពរីកចំរើន​រុងរឿង​ទាំងអស់​គ្នា។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ