ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​កម្ពុជា​​​
2016-10-12 09:49:47  cri  Web Editor:Sun Lingling

ប្រទេស​ចិន​និង​កម្ពុជា ​ជា​ប្រទេស​ជិត​ខាងល្អ ដែលមានប្រវត្តិទំនាក់ទំនង​ជា​ប្រពៃណី​និង​ជា​មេត្រីភាពតាំងពីយូរយារណាស់មកហើយ។ រហូតមកដល់ពេលនេះការ​ផ្លាស់​ប្តូរ​ទំនាក់ទំនងទេ្វភាគីនេះ មាន​​រយៈ​ពេល​ជាង២០០០ឆ្នាំ ដោយបាន​បន្ត​នូវប្រវត្តិរឿង​រ៉ាវ​ជា​គំរូ​ល្អៗ​ជាច្រើន​ក្នុង​ប្រវត្តិសាស្រ្ត ​​ដែល​ត្រូវបាន​​កូនចៅជំនាន់ក្រោយអនុវត្តបន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត ។ នៅខែ​មេសា ឆ្នាំ១៩៥៥ លោក​ចូវ អ៊ីនឡាយ នាយករដ្ឋមន្រ្តី​ចិន​និង​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ ព្រះ​នរោត្តម​ សីហនុ បានជួប​​គ្នា​នៅ​ក្នុង​សន្និសីទ​អាស៊ីអាហ្រ្វីកនៅទីក្រុង​បានឌុង ដែលប្រការនេះ​បាន​ក្លាយ​ទៅជា​ទី​ចាប់​ផ្តើម​ថ្មី​នៃ​ទំនាក់​ទំនង​មេត្រីភាព​រវាង​ប្រទេស​ចិននិង​កម្ពុជា។ នៅថ្ងៃ​ទី១៩ ខែ​កក្កដា​ ឆ្នាំ១៩៥៨ ប្រទេស​ចិន​និង​កម្ពុជា ​បាន ចាប់ផ្តើមមានទំនាក់​ទំនង​ការទូត​ជា​ផ្លូវការ។ ចាប់តាំង​ពីមាន​ចំណងទាក់ទង​ការ​ទូត​រយៈ​ពេល​ជាង​ពាក់​កណ្តាលសតវត្សរ៍​កន្លងមក​នេះ​ មិត្តភាពជា​ប្រពៃណី​រវាង​ប្រទេស​ចិននិង​កម្ពុជា​ដែល​ត្រួសត្រាយ​ដោយ​ថ្នាក់​ដឹកនាំ​ជំនាន់មុន ​និងថ្នាក់ថ្នមថែរក្សា​យ៉ាង​យក​ចិត្ត​ទុកដាក់​ដោយ​ថ្នាក់​ដឹក​នាំជំនាន់ក្រោយៗ​របស់​ប្រទេស​ចិន​និង​កម្ពុជា ​​ត្រូវ​បានផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​​ឥត​ឈប់ឈរភាគីទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា​លើ​គ្រប់​វិស័យ​ដូចជា ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌​មនុស្សជាតិ​ ​ព្រមទាំង​កិច្ចការ​ក្នុងតំបន់និងអន្តរជាតិ​ ដោយ​ទទួល​បាននូវ​សមិទ្ធិផលយ៉ាង​ច្រើន​សម្បូរទៀតផង​ ។

ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ជា​មិត្តភក្តិ​ចាស់​របស់​ប្រជាជន​ចិន។ ​ថ្នាក់​ដឹក​នាំ​​ជំនាន់មុនៗ​របស់​ប្រទេស​ចិន​ សុទ្ធតែ​បានរឹត​ចំណង​មិត្តភាព​យ៉ាងជ្រាលជ្រៅ​ជា​មួយ​នឹង​ព្រះ​ករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ដោយបាន​រួម​វិភាគទាន​ដែល​មិន​អាចបំភ្លេច​បាន​ក្នុង​ការ​បណ្តុះ​បណ្តាល​បុព្វហេតុ​មិត្តភាព​រវាង​ប្រទេស​ចិននិង​កម្ពុជា ។ ជាច្រើនទសវត្សរ៍​កន្លង​មក​នេះ ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ​ បាន​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​រាប់​អាន​ជា​មួយ​ប្រទេស​ចិន​ព្រមទាំងបាន​ស្នាក់​នៅក្នុង​​​ប្រទេស​ចិនអស់​រយៈ​ពេលជា​យូរទៀត​ផង​ ។ គួរឲ្យសោកស្តាយបំផុត គឺនៅថ្ងៃ​ទី១៥ ខែតុលា​ ឆ្នាំ២០១២ ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ​ ទ្រង់បានយាង​ចូល​ទិវង្គត​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។ នាពេលនោះថ្នាក់​ដឹក​នាំ​ប្រទេសសចិន​ បាន​រៀបចំ​ពិធី​រំលែក​ទុក្ខ​ចំពោះ​ការយាងចូល ទិវង្គតរបស់ព្រះ​អង្គ​ដោយ​ឡែក​នៅ​ក្រុង​ប៉េកាំង​ ព្រម​ទាំង​រៀបចំចាត់​បញ្ជូន​យន្តហោះ​ពិសេស​ដើម្បី​អម ដំណើរព្រះមជ្ឈូសារបស់​ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ​យាង​ត្រឡប់​ទៅ​កាន់រាជធានី ភ្នំពេញ​វិញ។ នៅខែ​កុម្ភៈ ឆ្នាំ២០១៣ លោក ​ចា ឈាងលីន ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន ក៏បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុងពិធីបញ្ចុះ​សព​​ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ ។

ប្រទេស​កម្ពុជា ​ជា​ដៃគូសហប្រតិបត្តិការ​ដ៏​សំខាន់​របស់​ប្រទេស​ចិន​។ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ​តែងតែមាន​ទំនាក់ទំនង​គ្នាទៅវិញទៅមកជា​ញឹកញាប់​។ នៅខែ​ធ្នូ​ ឆ្នាំ​២០១០ សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ហើយប្រទេស​ទាំង​ពីរ បាន​បង្កើ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ។ ការ​ប្រាស្រ័យ​ទាក់​ទងគ្នា ការ​សម្របសម្រួល​ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ច​ការ​អន្តរជាតិ​និង​ក្នុង​តំបន់​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ដោយ​ឈរ​លើ​មតិ​ឯកភាព​រួម​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​ ភាគីទាំងពីរមានការ​យោគយល់​គ្នា គោរព​គ្នា និង​ផ្តល់​ការ​គាំទ្រ​ដល់​គ្នា​ទៅវិញ​ទៅមក រួមគ្នា​គាំពារ​ស្ថានការណ៍​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន ព្រមទាំង​សុខ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ផងដែរ​ ។

រហូតមកដល់ពេលបច្ចប្បន្ន ប្រទេស​ទាំង​ពីរ​ចិននិង​កម្ពុជា ​ទទួល​បាន​នូវសមិទ្ធិផលជាផ្លែផ្កា​យ៉ាង ច្រើនសម្បូរបែប ប្រទេស​ចិនជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួយ ​និង​ជាប្រទេស​ប្រភព​នៃ​ទុន​បរទេស​ធំ​បំផុ​របស់​ប្រទេស​កម្ពុជា​។ ឆ្នាំ២០១៥ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​មាន​ដល់​ទៅ​ ៤៣២០ លានដុល្លារអាមេរិក។ នៅ​ឆមាស​ទី‌១ ឆ្នាំ ២០១៦ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិននិង​កម្ពុជា​មាន​ដល់​ទៅ​ ២៣៤០ លាន​ដុល្លារអាមេរិក កើន​ឡើង ១០,២%​ បើ​ប្រៀប​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ឆ្នាំ​ទៅ​មិញ។ ប្រទេស​ទាំង​ពីរ​មាន​ជំនឿ​ចិត្តថា នឹង​សម្រេច​គោលដៅ​ដែល​មាន​ទំហំ​ពាណិជ្ជកម្មទ្វេភាគី​​ចំនួន​ ៥០០០ ​លាន​​ដុល្លារអាមេរិក​ក្នុង​ឆ្នាំ២០១៧។ គិត​រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១៦ ប្រាក់​វិនិយោគទុន​ដោយ​ផ្ទាល់​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​សរុប​លើស​ពី​ ១២០០០ លាន​ដុល្លារអាមេរិក ។

ការ​ផ្លាស់​ប្តូរ​ខាងវប្បធម៌​​មនុស្សជាតិ​​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​ពង្រីក​ដោយ​ឥត​ឈប់​ឈរ។ ចាប់ពី​ខែ​មករា​ដល់​ខែ​កក្កដា​ ឆ្នាំ២០១៦ ចំនួនភ្ញៀវ​​ទេសចរ​​ចិន​ដែល​ធ្វើ​ទេសចរណ៍នៅ​កម្ពុជា​មាន​ដល់​ទៅ​ ៤៤,៤៩ម៉ឺន​នាក់ ដែលកើន​ឡើង​ ១២,៤​%​ បើ​ប្រៀបធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ឆ្នាំទៅ​មិញ។ ជារៀងរាល់​ថ្ងៃ​មាន​ជើង​យន្តហោះ​ចំនួន៣៥ ​ធ្វើការហោះ​ហើរទៅ​មក​រវាង​ប្រទេស​ចិន​និង​កម្ពុជា ហើយក្នុងនោះ មាន​ទីក្រុង​របស់ប្រទេសចិន​ជាង១០ ដែលមាន​ជើង​ហោះហើរ​ទៅ​កាន់​កម្ពុជាដោយ​ផ្ទាល់​។ ជាមួយគ្នា នេះដែរ ​ទ្រង់​ទ្រាយ​នៃការ​ចាត់​បញ្ជូនផ្លាស់ប្តូរ​​និស្សិតឲ្យ​បន្ត​ការ​សិក្សា​​និង​ការ​បណ្តុះ​បណ្តាល​ធនធាន មនុស្សរវាងប្រទេសទាំងពីរត្រូវ​បានពង្រីក​ដោយ​ឥត​ឈប់​ឈរ។ ស្របពេលជាមួយគ្នានេះ វិទ្យុ​អន្តរជាតិ​ចិន​បាន​បង្កើតវិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​ដែល​ជា​​វិទ្យុ​FM ប្រចាំនៅ​រាជធានី​ភ្នំពេញ​និងខេត្ត​សៀមរាប​ជា​បន្ត​បន្ទាប់​ ដែលបាន​បង្កើតជា​ស្ពាន​សម្រាប់ការ​​យោគយល់​គ្នា​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។ កន្លងមក កម្មវិធីផ្សាយរបស់​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន ​បាន​ទទួល​ការ​ស្វាគមន៍​និង​ស្រឡាញ់​ចូល​ចិត្ត​យ៉ាង​ខ្លាំង​ពី​ប្រិយមិត្តអ្នកស្តាប់​កម្ពុជា ។

មិនថាស្ថិតនៅក្នុងកាលៈទេសៈណា ភាគី​ចិនតែងតែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ទៅ​លើ​ទំនាក់​ទំនង​       ជា​មួយ​ប្រទេស​កម្ពុជាដោយផ្តល់​ការ​ជ្រោមជ្រែងគាំទ្រ​ដល់​ប្រទេស​កម្ពុជាក្នុងការ​ដើរតាម​មាគ៌ា​អភិវឌ្ឍន៍ ដោយសម​ស្រប​នឹង​ស្ថានភាព​របស់​ប្រទេស​ខ្លួន​។ ជាពិសេសផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​រក្សា​ស្ថិរភាព​ និងពន្លឿន​ការ​អភិវឌ្ឍ​ ធ្វើ​ឲ្យ​​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ចិន​និង​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ​ដោយ​មិន​ងាករេ ព្រមជាមួយគ្នានេះ សហគ្រាស​ចិន​បានជួយ​កសាង​ស្ពាន​និង​ផ្លូវថ្នល់​នៅ​ប្រទេស​កម្ពូជា ដោយ​បាន​រួម​វិភាគ​ទាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ​និង​កែ​លម្អ​ជីវភាព​រស់​នៅ​របស់ប្រជាជន​នៃ​​ប្រទេស​កម្ពុជាផងដែរ ដោយ​សារកសិកម្ម​​កម្ពុជានៅ​មាន​ភាពទន់ ខ្សោយ​បន្តិច ហេតុ​ដូច្នេះ​ប្រទេស​ចិន​បាន​ផ្តល់​ការ​ជួយ​ឧប្ថតម្ភ​គ្រប់​បែប​យ៉ាង​លើ​វិស័យ​កសិកម្ម​ដល់​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បច្ចេកទេស​ដាំ​ដំណាំ​ ប្រព័ន្ធ​ធារាសាស្រ្ត​ និង​ការ​នាំចេញ​អង្ករ​ជា​ដើម​ដោយ​បាន​ផ្តល់​នូវការ​ជួយជ្រោមជ្រែង​យ៉ាង​ជាក់​ស្តែង​ដល់​កសិករ​កម្ពុជា ។

ដោយ​ឡែក​ភាគី​កម្ពុជា​ ក៏​បានផ្តោ​ត​សំខាន់​ដល់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ចិន​ផង​ដែរ ដោយ​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​ភាគី​ចិន​ក្នុង​បញ្ហា​ធំ​និង​សំខាន់​ដែល​ប្រទេស​ចិន​យក​ចិត្ត​ទុក​ដាក់បំផុតដូចជា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងនិង​បញ្ហា​តៃវ៉ាន់​ជា​ដើម។ កាលពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ ២០១៥ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ កម្ពុជា​ បាន​យាង​​ចូលរួមក្នុង​មហាសន្និបាត​រំលឹក​ខួបទី៧០ឆ្នាំ​នៃ​ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​ជប៉ុន​របស់​ប្រជាជន​ចិន​ និង​សង្រ្គាម​ប្រឆាំង​នឹង​ហ្វាស៊ីស​ពិភពលោក។ ប្រទេស​កម្ពុជា ​បាន​គាំទ្រ​នូវគំនិត​ផ្តួច​ផ្តើម​អំពីយុទ្ធសាស្រ្ត ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​" និង​ចូលរួមយ៉ាងសកម្មជាមួយធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​ដែល​​លើក​ឡើង​ដោយ​​ប្រទេស​ចិន។ ជាពិសេសសម្តេច​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា​ ក៏បានអញ្ជើញ​ចូលរួម​ក្នុងពិព័រណ៍ពាណិជ្ជកម្ម​​ចិន​-​អាស៊ាន​ជា​រៀង​រាល់​ឆ្នាំ និង​វេទិកា​អាស៊ី​ប៉ូអាវ​ ផងដែរ កាលពីខែ​មីនា ឆ្នាំ២០១៦កន្លង​ទៅ​​នេះ ​សម្តេចតេជោ​បាន​អញ្ជើញ​ចូលរួម ក្នុងសន្និសីទ​ថ្នាក់​ដឹក​នាំលើក​ដំបូង​ស្តីពី ​យន្តការ​នៃកិច្ចសហប្រតិបត្តិការ​ទន្លេឡានឆាង និង ​ទន្លេ​មេគង្គ​នៅ​ប្រទេស​ចិន។ ម្យ៉ាងទៀត ភាគី​កម្ពុជាក៏​បាន​រួម​សហការ​ជា​មួយ​ភាគី​ចិន​ក្នុង​ការ​បង្រ្កាប​លើករណី បោកបញ្ឆោត​តាម​បណ្តាញ​អ៊ីនធើណេតនិង​ទូរគមនាគមន៍​​ និង​ផ្តល់​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ដល់​ប្រទេស​ចិនក្នុង​ការ​រួម​សហការ​តាមដាន​ចាប់​ខ្លួន​មន្រ្តី​ស៊ី​សំណូក​ ដែល​រត់គេចខ្លួន​នៅ​ឯ​នាយសមុទ្រ​ទៀតផង។ មិនត្រឹមតែ ប៉ុណ្ណោះ ក្នុងខណៈដែល​ប្រទេស​ចិន​កើតនូវ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​ សីហនុ បាន​បរិច្ចាគប្រាក់ជា​​ច្រើន​លើក​ដល់​តំបន់​រង​គ្រោះ​របស់​ប្រទេស​ចិន។ នៅ ខែ​កក្កដា​ ឆ្នាំ២០១៦ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថនរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះ រាជាណាចក្រកម្ពុជានិង​សម្តេច​ព្រះមហាក្សត្រី​នរោត្តម​ មុនីនាថសីហនុ ព្រះវរៈរាជមាតាជាតិ​ខ្មែរ ​បាន​បរិច្ចាគ​ប្រាក់​ដល់​តំបន់​រង​គ្រោះដោយ​សារ​​ទឹក​ជំនន់​នៅ​ប្រទេស​ចិនផង​ដែរ​។ ជាមួយគ្នានេះគ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​កម្ពុជា​​បានយក​ចិត្ត​ទុក​ដាក់​ដល់​តំបន់​រង​គ្រោះ​ដោយធម្មជាតិរបស់​ប្រទេស​ចិន​ និង​បាន​ផ្តល់​ការ​ជួយ​ជ្រោម​ជ្រែង​បាន​ទាន់​ពេល​វេលាទៀតផង។ ព្រមជាមួយគ្នានេះដែរ ភាគី​កម្ពុជាក៏​បាន​ដើរ​តួនាទី​ជាវិជ្ជមាន​ក្នុង​ការ​គាំពារ​និង​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​-​អាស៊ាន ទៀតផង ។ 

កាលពីខែ​ធ្នូ​ ឆ្នាំ២០០៩ លោក ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​ដែលកាលនេះលោក​ជា​អនុប្រធានរដ្ឋ​ចិន​បាន​ អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។ ដោយឡែក​សម្រាប់ដំណើរ​ទស្សនកិច្ច​​របស់​លោក​ ស៊ី ជីនភីង លើកនេះ គឺ​ជា​ទស្សនកិច្ច​លើកដំបូង​ដែល​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​របស់​ប្រទេស​ចិននិង​អញ្ជើញមកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​ក្រោយ​ពី​ចាប់ផ្តើមបង្កើត​ក្រុម​ថ្នាក់​ដឹក​នាំ​អាណត្តិ​ថ្មី​របស់​ប្រទេស​ចិន កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១២។ ដំណើរទស្សនកិច្ចលើកនេះ ​មាន​សារៈ​សំខាន់ខ្លាំងណាស់​សម្រាប់​ពង្រឹង និងពង្រីក​មិត្តភាពជា​ប្រពៃណី​រវាង​ប្រទេសទាំងពីរចិន​និង​កម្ពុជា ហើយក៏នឹងអាចជំរុញធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ទ្វេភាគី​មាន​ភាពកាន់តែ​​ស៊ីជម្រៅ​ថែម​ទៀតផង ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ចនេះដែរលោក ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​នឹង​ចូលថ្វាយបង្គំគាល់ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងសួរសុខទុក្ខ​​សម្តេច​ព្រះមហាក្សត្រី​នរោត្តម​ មុនីនាថសីហនុ​ ​ព្រះវរៈរាជមាតាជាតិ​ខ្មែរ ព្រមទាំងជួបធ្វើ​កិច្ច​សន្ទនា​ជា​មួយនឹងសម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា និង​ចូលរួមក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​ន័យ​ជំរុញ​ឲ្យ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ន៍របស់​ប្រទេស​ចិន​និង​កម្ពុជា​ត​ភ្ជាប់​គ្នាយ៉ាងរឹងមាំ និងធ្វើ​ឲ្យ​​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​លើ​គ្រប់​វិស័យ​កាន់​តែ​មាន​ភាពស៊ីជម្រៅ​ ហើយ​ទទួល​បាននូវ​សមិទ្ធិផល​ថ្មីៗថែម​ទៀត ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ