រសៀលថ្ងៃទី ៧ ខែកញ្ញា តាមម៉ោងនៅប្រទេសឡាវ លោកLi Keqiangនាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមសន្និសីទថ្នាក់ដឹកនាំ១០ បូក ៣ គឺអាស៊ាន និងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូងលើកទី ១៩ នៅមជ្ឈមណ្ឌលសន្និសីទជាតិក្រុងវៀងចន្ទន៍ ។
លោកLi Keqiang បានលើកសំណើចំនួន ៦ ចំណុចអំពីកិច្ចសហប្រតិបត្តិការ ១០ បូក ៣ ៖
ទី ១ បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខហិរញ្ញវត្ថុ ។ ភាគីចិនគាំទ្រប្រទេស១០ បូក ៣ ក្នុងការលើកកម្ពស់សមត្ថភាពស្ទង់ពិនិត្យចំពោះម៉ាក្រូសេដ្ឋកិច្ច។ បណ្តាប្រទេសនានាគប្បីធ្វើការបូកសរុបពីផលប៉ះពាល់ដោយសារវិបត្តិហិរញ្ញវត្ថុ និងរួមគ្នាគាំពារស្ថិរភាពហិរញ្ញវត្ថុ ។
ទី ២ ធ្វើឲ្យកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគទុនមានភាពកាន់តែស៊ីជម្រៅ ។ ភាគីចិនគាំទ្រអាស៊ានដើរតួនាទីណែនាំជាសំខាន់ក្នុងការចរចាRCEP ហើយសង្ឃឹមភាគីនានាអាចពន្លឿនដំណើរចរចា ដើម្បីជំរុញសេរីភាពនិងភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្មក្នុងតំបន់ ។
ទី ៣ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនិងការកាត់បន្ថយភាពក្រីក្រ ។
ទី ៤ ជំរុញការកសាងការតភ្ជាប់គ្នា ។ ភាគីចិនគាំទ្រអាស៊ានក្នុងការតាក់តែង"ផែនការមេទូទៅស្តីអំពីការតភ្ជាប់គ្នានៃអាស៊ាន ២០២៥" ។
ទី ៥ ច្នៃប្រឌិតថ្មីនូវរូបមន្តសហប្រតិបត្តិការផ្នែកផលិតភាព ។
ទី ៦ បង្កើនការផ្លាស់ប្តូរផ្នែកមនុស្សសារស្រ្តនិងសង្គម ។ ភាគីចិននឹងខិតខំលើកទឹកចិត្តដល់អ្នកទេសចរណ៍ចិនឲ្យទៅធ្វើទេសចរណ៍នៅប្រទេសអាស៊ាន។ បណ្តាប្រទេសត្រូវរួមសហការដើម្បីទប់ទល់នឹងបញ្ហាដែលមានមនុស្សវ័យចំណាស់ច្រើនពេក៕