របាយការណ៍ការងាររដ្ឋាភិបាល
--លោកLi Keqiang នាយករដ្ឋមន្រ្តីចិនថ្លែងក្នុងសន្និសីទលើកទីបួននៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៦


តំណាងគ្រប់រូប !
     ពេលនេះ ខ្ញុំសូមតាងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋចិនធ្វើរបាយការណ៍ការងាររបស់រដ្ឋាភិបាលជូនអង្គមហាសន្និបាត ដើម្បីធ្វើការពិនិត្យនិងពិភាក្សាព្រមនិងសូមសមាជិកគ្រប់រូបនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលើកជាមតិយោបល់ ។

១-ការរំលឹកឡើងវិញនូវការងារប្រចាំឆ្នាំ ២០១៥
     ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានប្រឈមនឹងការលំបាកជាច្រើននិងការសាកល្បងដ៏តឹងរ៉ឹងក្នុងការអភិវឌ្ឍ ។ ដោយស្ថិតក្រោមការដឹកនាំដ៏មុតមាំរបស់មជ្ឈិមបក្សកុម្មុនិយស្តចិនដែលលោកXi Jinpingជាអគ្គលេខាធិការបក្ស  ប្រជាជនគ្រប់ជនជាតិនៃប្រទេសចិនមានជំនឿចិត្តយ៉ាងមុតមាំនិងពេញញេញទៅដោយកី្តក្លាហានហ៊ានតស៊ូ  ពុះពារគ្រប់ឧបសគ្គ ធ្វើការត្រួសត្រាយនិងស្វែងរកការរីកចម្រើន ធ្វើឲ្យវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ជាតិទទួលការរីកចម្រើននិងភាពល្អប្រសើរក្រោមសិ្ថរភាពនៃការអភិវឌ្ឍន៍ដោយបានសម្រេចភារកិច្ចជាគោលដៅដ៏សំខាន់ក្នុងមួយឆ្នាំ ឯកំណែទម្រង់និងការបើកទូលាយព្រមនិងការកសាងសង្គមនិយមបែបទំនើបភាវូបនីយកម្មក៏ទទួលបានសមិទ្ធផលថី្មនិងសំខាន់ផង ។
-ការដំណើរការខាងសេដ្ឋកិច្ចរក្សបាននូវភាពសមហេតុផល ។ តម្លៃផលិតផលក្នុងស្រុកសរុបមានដល់ទៅ ៦៧,៧ លានលានយាន់ប្រាក់ចិន កើនជាងឆ្នាំ ២០១៤ចំនួន ៦,៩ ភាគរយ និងឈរនៅលំដាប់ជួរមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ។ បរិមាណផលិតស្បៀងអាហារបានសម្រេចការកើនឡើង ១២ ខែជាប់ កំណើននៃតម្លៃប្រើប្រាស់របស់ប្រជាជនរក្សានៅកម្រិតទាបបង្គួរ ។ ជាពិសេសគឺស្ថានភាពនៃអត្រាមានការងារមានភាពនឹងនរជាទូទៅ អ្នកមានការងារធ្វើក្នុងទីក្រុងនិងជនបទបានកើនឡើង ១៣,១២ លាននាក់ ដែលលើសពីគោលដៅក្នុងមួយឆ្នាំដែលបានប៉ាន់ប្រមាណទុកក្លាយជាចំណុចលេចធ្លោមួយក្នុងការប្រតិបតិ្តសេដ្ឋកិច្ច ។
-ការកែសម្រួលរចនាសម្ព័ន្ធទទួលបានការវិវឌ្ឍដ៏វិជ្ជមាន ។ សមាមាត្រនៃមុខរបរសេវាកម្មធៀបជាអត្រាក្នុងតម្លៃផលិតផលក្នុងស្រុកសរុបបានកើនឡើង ៥០,៥ ភាគរយ ដែលមានអត្រាលើសពី ៥០ ភាគរយជាលើកដំបូង ។ អត្រារួមចំណែកនៃការប្រើប្រាស់របស់ប្រជាជនចំពោះកំណើនសេដ្ឋកិច្ចមានរហូតដល់ទៅ ៦៦,៤ ភាគរយ ។ កំណើននៃមុខរបរបច្ចេកទេសខ្ពស់ និងមុខរបរផលិតគ្រឿងបរិក្ខារកើនលឿនជាងមុខរបរឧស្សាហកម្មធម្មតា ។ បរិមាណចំណាយថាមពលនៃតម្លៃផលិតផលក្នុងស្រុកគិតជាឯកតាបានធ្លាក់ចុះ ៥,៦ ភាគរយ ។
-បន្ថែមកម្លាំងចលករថ្មីដើម្បីពន្លឿនការអភិវឌ្ឍ ។ បន្តជំរុញយុទ្ធសាស្រ្តអភិវឌ្ឍន៍ដោយការច្នៃប្រឌិតថ្មី ពន្លឿនការគួបផ្សំគ្នារវាងបណ្តាញអ៊ីនធើណេតជាមួយនឹងមុខរបរនានា មុខរបររីកចំរើនបានកើនឡើងយ៉ាងឆាប់រហ័ស ។ ការបង្កើតអាជីពដោយប្រជាពលរដ្ឋ និងការធ្វើការច្នៃប្រឌិតថ្មីដោយប្រជាពលររដ្ឋបានវិវឌ្ឍន៍យ៉ាងផុលផុស ចំនួនសហគ្រាសដែលបានចុះឈ្មោះថ្មីក្នុងមួយឆ្នាំបានកើនឡើង ២១,៦ ភាគរយ គិតជាមធ្យមបានបន្ថែមសហគ្រាសថ្មីចំនួន ១២០០០ សហគ្រាសជារៀងរាល់ថ្ងៃ ។ កម្លាំងចលករថ្មីបានដើរតួនាទីដ៏លេចធ្លោក្នុងការលំនឹងអត្រាមានការងារនិងជំរុញឲ្យមានការលើកកម្ពស់កម្រិតថ្នាក់ដែលបាននិងកំពុងជំរុញឲ្យសេដ្ឋកិច្ចនិងសង្គមកិច្ចមានការប្រែប្រួលយ៉ាងស៊ីជម្រៅ ។
-ជីវភាពរស់នៅរបស់ប្រជាជនទទួលបានការកែលម្អបន្ថែមទៀត ។ ប្រាក់ចំណូលដែលអាចចាត់ចែងបានរបស់អ្នកក្រុងគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនជាង ៧,៤ ភាគរយ មានល្បឿនកំណើនលឿនជាងកំណើនសេដ្ឋកិច្ច ។ ប្រាក់សំណល់នៃប្រាក់បញ្ញើរបស់អ្នកក្រុងនៅចុងឆ្នាំ ២០១៥ បានកើនជាង ៨,៥ ភាគរយ គឺកើនឡើងជាង ៤ លានលានយាន់ប្រាក់ចិន ។ បានដោះស្រាយបញ្ហាសុវតិ្ថភាពទឹកស្អាតរបស់អ្នកភូមិចំនួន ៦៤,៣៤លាននាក់ ។ បានបង្កើនកម្លាំងជួយជ្រោមជ្រែងនិងកាត់បន្ថយភាពក្រីក្រនិងពុះពារការលំបាកជាច្រើន ចំនួនប្រជាជនក្រីក្រនៅជនបទបានកាត់បន្ថយ ១៤,៤២ លាននាក់ ។
សមិទ្ធផលច្នៃប្រឌិតថ្មីមួយចំនួនក្នុងវិស័យបច្ចេកវិទ្យាបានឈានដល់កម្រិតជឿនលឿនលើផ្ទៃអន្តរជាតិ បច្ចេកទេសអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរជំនាន់ទី ៣ បានទទួលការវិវឌ្ឍដ៏ធំនិងសំខាន់ យន្តហោះធុនធំC919 ដែលផលិតដោយប្រទេសចិនបានដំឡើងរួច លោកស្រីTuYouyou បានទទួលពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រ ។ ប្រជាជនគ្រប់ជនជាតិនៅប្រទេសចិនមានក្តីរំភើបនិងមោទនភាពក្រៃលែងចំពោះសមិទ្ធផលដែលប្រទេសជាតិយើងទទួលបាន ។
ពេលរំលឹកឡើងវិញនូវការងារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ការទទួលបានស្នាដៃនិងសមិទ្ធផលជាផ្លែផ្កាទាំងនេះពិតជាមិនងាយនោះទេ ។  ស្នាដៃនិងសមិទ្ធផលទាំងនេះគឺទទួលបានក្រោមបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញនិងតឹងរ៉ឹង ។ឆ្នាំទៅ កំណើនសេដ្ឋកិច្ចពិភពលោកមានភាពទាបបំផុតក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ល្បឿនកំណើនពាណិជ្ជកម្មអន្តរជាតិកាន់តែទាបទៅៗ តម្លៃទំនិញទ្រង់ទ្រាយធំបានធ្លាក់ចុះយ៉ាងខ្លាំង ទីផ្សារហិរញ្ញវត្ថុអន្តរជាតិមានភាពរង្គោះរង្គើកាន់តែខ្លាំង ប្រការទាំងនេះបានប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ។ ស្នាដៃនិងសមិទ្ធផលទាំងនេះគឺទទួលបានក្រោមស្ថានភាពដែលមានបញ្ហាទំនាស់កាន់តែស៊ីជំរៅ ព្រមនិងសេដ្ឋកិច្ចកាន់តែទន់ខ្សោយនិងមានសម្ពាធកាន់តែខ្លាំងថែមទៀត ។ ស្នាដៃនិងសមិទ្ធផលទាំងនេះគឺទទួលបានដោយឈរលើមូលដ្ឋានដែលទំហំសរុបខាងសេដ្ឋកិច្ចរបស់ប្រទេសចិនលើសពី ៦០០០ លានយាន់ប្រាក់ចិន ។ បច្ចុប្បន្ននេះ ពេលតម្លៃផលិតផលក្នុងស្រុកសរុបបានកើនឡើង ១ ភាគរយ នោះក៏ស្មើនឹងចំនួនកើនឡើង ១,៥ ភាគរយនៅ ៥ ឆ្នាំមុន និង២,៥ ភាគរយនៅ ១០ ឆ្នាំមុន ។ពោលគឺបើទ្រង់ទ្រាយសេដ្ឋកិច្ចកាន់តែធំ នោះការលើកកម្ពស់កម្រិតកំណើនគឺកាន់តែពិបាកថែមទៀត ។ ដោយប្រឈមនឹងការលំបាកនិងសម្ពាធខ្លាំង ប្រជាជនគ្រប់ជនជាតិនៃប្រទេសចិនបានតស៊ូអត់ធ្មត់នឹងការលំបាកយ៉ាងច្រើន ទើបអាចទទួលបានសមិទ្ធផលដូចថ្ងៃនេះ ។
ក្នុងរយៈពេលមួយឆ្នាំដែលបានកន្លងផុតទៅ រដ្ឋាភិបាលចិនបានធ្វើការងារសំខាន់ៗដូចខាងក្រោមនេះ ៖
១ ផ្តោតសំខាន់ទៅលើការលំនឹងកំណើនសេដ្ឋកិច្ច កែសម្រួលរចនាសម្ព័ន្ធ និងបង្ការហានិភ័យ និងច្នៃប្រឌិតថ្មីនូវបៀបកែសម្រួលនិងការគ្រប់គ្រងបែបម៉ាក្រូ ។
២ ធ្វើការងារជុំវិញការបំផុសកម្លាំងរស់រវើកនៃទីផ្សារ បង្កើនកម្លាំងធ្វើកំណែទម្រង់និងការបើកទូលាយ ។ បានបញ្ចប់ការពិនិត្យនិងឲ្យសច្ចាប័នដែលមិនមែនតាមវិធីរដ្ឋបាលទាំងស្រុង និងកែសម្រួលសេវាកម្មសាធារណៈ ។ បានផ្តល់ភាំពកាន់តែងាយស្រួលជូនប្រជាជននិងសហគ្រាស និងធ្វើឲ្យសង្គមទាំងមូលមានភាពកាន់តែក្លៀវក្លាក្នុងការបង្កើតអាជីពនិងធ្វើការច្នៃប្រឌិតថ្មី ។
ជំរុញកំណែទម្រង់ជាសំខាន់លើវិស័យដូចជាហិរញ្ញវត្ថុ និងពន្ធដារជាដើមមានភាពកាន់តែស៊ីជម្រៅថែមទៀត ។ 
អក្ខនិ្តកៈអំពីការដាក់កំហិតទៅលើការវិនិយោគទុនរបស់ពាណិជ្ជករបរទេសត្រូវបានកាន់បន្ថយពាក់កណ្តាល ប្រាក់ទុនបរទេសដែលប្រើប្រាស់ជាក់ស្តែងមានចំនួន ១២៦៣០០ លានដុល្លារអាមេរិក កើនឡើង ៥,៦ ភាគរយ ។ ប្រាក់ទុនវិនិយោគផ្ទាល់ទៅក្រៅប្រទេសដែលមិនមែនវិស័យហិរញ្ញវត្ថុមានចំនួន ១១៨០០០ លានដុល្លារអាមេរិក កើនឡើង ១៤,៧ ភាគរយ ។ ផ្សាយទូលាយបទពិសោធន៍នៃតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីសៀងហៃ និងបង្កើតតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីប្រចាំនៅក្វាងតុង ធានជីន និងហុកគាន ។  ប្រាក់យាន់ចិនបានចូលរួមជាមួយSTR ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានត្រូវបង្កើតឡើងជាផ្លូវការ មូលនិធិផ្លូវសូត្របានចាប់ដំណើរការ ។ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីពាណិជ្ជកម្មសេរីរវាងប្រទេសចិននិងកូរ៉េខាងត្បូង រវាងប្រទេសចិននិងអូស្រ្តាលី និងអនុសញ្ញាអំពីការលើកកំពស់លំដាប់ថ្នាក់តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ។ ការកសាងយុទ្ធសាស្ត្រ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"បានទទួលសមិទ្ធផលលេចធ្លោ កិច្ចសហប្រតិបត្តិការខាងផលិតភាពអន្តរជាតិមានល្បឿនកាន់តែលឿន គ្រឿងបរិក្ខាររបស់ប្រទេសចិនដូចជាបច្ចេកទេសផ្លូវដែកល្បឿនលឿន និងអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរជាដើមបានដើរចេញទៅខាងក្រៅប្រទេស និងទទួលបានការវិវឌ្ឍដែលមានលក្ខណៈវាយទម្លុះ ។
៣ ផ្តោតសំខាន់ទៅលើការលើកកម្ពស់គុណភាពនិងបង្កើនប្រសិទ្ធភាព ជំរុញឲ្យឧស្សាហកម្មមានការច្នៃប្រឌិតថ្មីនិងលើកកម្ពស់លំដាប់ថ្នាក់ ។ ដាក់ចេញនូវគោលនយោបាយនិងវិធានការសម្រាប់ជំរុញឲ្យប្រជាជនបង្កើតអាជីវកម្ម និងធ្វើការច្នៃប្រឌិតថ្មី អនុវត្តផែនការប្រតិបត្តិ"បណ្តាញអ៊ីនធើណេត+" និងបង្កើនកម្លាំងចលករថ្មីសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ។ សកម្មចាត់ចែងបញ្ហាអតិរេកផ្នែកផលិតភាព ជំរុញឲ្យសហគ្រាសច្របាស់បញ្ចូលគ្នានិងបង្កើតឡើងជាថ្មី ។
៤ ផ្តោតសំខាន់ទៅលើការត្រួសត្រាយចន្លោះអភិវឌ្ឍន៍ ជំរុញឲ្យតំបន់មានការអភិវឌ្ឍដោយស៊ីសង្វាត់គ្នានិងធ្វើនគរូបនីយកម្មបែបថ្មី ។
៥ ក្តាប់ជាប់និងជំរុញសុខសុខុមាលភាពនៃជីវភាពរស់នៅរបស់ប្រជាជន ជំរុញការកែទម្រង់បុព្វហេតុសង្គមឲ្យរីកចម្រើន ។
៦ ជំរុញឲ្យសង្គមមានភាពចុះសម្រុងនិងមានសិ្ថរភាព ជំរុញការធ្វើកិច្ចការរដ្ឋបាលតាមនីតិរដ្ឋនិងការធ្វើការច្នៃប្រឌិតថ្មីក្នុងការគ្រប់គ្រង ។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ កិច្ចការការទូតគ្រប់ជ្រុងជ្រោយទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងសម្បូរបែប ។ ទំនាក់ទំនងជាមួយនឹងមហាប្រទេសសំខាន់ៗទទួលបានការវិវឌ្ឍថ្មី កិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយនឹងប្រទេសជិតខាងត្រូវបានជំរុញឲ្យមានភាពកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយនឹងប្រទេសជិតខាងត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ទំនាក់ទំនងជាមួយនឹងអង្គការអន្តរជាតិនិងយន្តការអន្តរជាតិដូចជាអង្គការសហប្រជាជាតិត្រូវបានបង្កើនដោយគ្រប់ជ្រុងជ្រោយ កិច្ចការការទូតខាងសេដ្ឋកិច្ច និងការផ្លាស់ប្តូរខាងមនុស្សសាស្រ្តទទួលបាននូវសមិទ្ធផលច្រើនបង្គួរ ។ ប្រទេសចិនជាប្រទេសធំមួយដែលមានភាពទទួលខុសត្រូវ បានដើរតួនាទីដែលមានលក្ខណៈកសាងក្នុងកិច្ចការអន្តរជាតិនិងក្នុងតំបន់ ។
ទន្ទឹមពេលទទួលស្គាល់ដោយពេញលេញនូវស្នាដៃនិងសមិទ្ធផលក្នុងឆ្នាំ ២០១៥ យើងក៏ត្រូវតែកត់សម្គាល់ផងដែរថា ក្នុងការអភិវឌ្ឍរបស់ប្រទេសចិននៅមានការលំបាកនិងបញ្ហាមិនតិចទេ ។ ដោយរងការប៉ះពាល់ពីកត្តាដូចជាពាណិជ្ជកម្មពិភពលោកទាំងមូលមានភាពអន់ខ្សោយជាដើម ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលរបស់ប្រទេសចិននៅឆ្នាំ ២០១៥បានលេចចេញការធ្លាក់ចុះ ហើយគោលដៅកំណើនតាមការប៉ាន់ប្រមាណមិនអាចសម្រេចបាននោះទេ ។ កំណើននៃវិនិយោគទុនមានកម្លាំងទន់ខ្សោយ មុខរបរមួយចំនួនមានបញ្ហាអតិរេកផ្នែកផលិតភាព សហគ្រាសមួយចំនួនមានការលំបាកក្នុងការប្រកបអាជីវកម្ម ការអភិវឌ្ឍនៃតំបន់និងមុខរបរមានភាពខុសគ្នាយ៉ាងខ្លាំង បញ្ហាមិនស៊ីជំរៅគ្នារវាងចំណូលនិងចំណាយខាងហិរញ្ញវត្ថុមានភាពលេចធ្លោ វិស័យហិរញ្ញវត្ថុជាដើមនៅតែមានហានិភ័យ ។ ដោយឡែកបញ្ហាដែលប្រជាជនបានយកចិត្តទុកដាក់ច្រើនបង្គួរ ដូចជាការព្យាបាលជំងឺ ការអប់រំ ការចិញ្ចឹមជីវិតក្នុងវ័យជរា សុវត្ថិភាពគ្រឿងឧបភោគបរិភោគនិងឱសថ ការបែងចែកប្រាក់ចំណូល និងការគ្រប់គ្រងទីក្រុងជាដើម ហើយធាតុអាកាសដែលមានផ្សែងអ័ព្ទខ្លាំងបានលេចចេញនៅតំបន់មួយចំនួន ។  រឿងដែលគួរឲ្យសោកសង្រេងជាខ្លាំងនោះគឺនៅឆ្នាំ ២០១៥ បានកើតមានហេតុការណ៍លិចនាវាដឹកអ្នកដំណើរឈ្មោះDongFangZhiXing និងហេតុការណ៍ផ្ទុះឆេះដ៏ធ្ងន់ធ្ងរនៅក្រុងធានជីន ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរងរបួស ព្រមទាំងទ្រព្យសម្បត្តិរងការខូចខាតយ៉ាងខ្លាំង យើងត្រូវចងចាំអំពីការនេះ និងចាំបាច់ត្រូវតែដកយកបទពិសោធន៍និងមេរៀនពីហេតុការណ៍ទាំងនេះ ។ ការងាររបស់រដ្ឋាភិបាលនៅមានបញ្ហាមួយចំនួន ដូចជាមិនបានអនុវត្តការកែទម្រង់និងសម្រេចគោលនយោបាយនិងវិធានការតាមការកំណត់ មានកម្មាភិបាលមួយចំនួនតូចអាចបំពេញភារកិច្ចបានឬក៍ប្រព្រឹត្តអំពើមិនគប្បីនិងរំលោភអំណាច  ឥរិយាបថអាក្រក់និងបញ្ហាពុករលួយក្នុងវិស័យមួយចំនួនមិនត្រូវមើលរំលងនោះឡើយ ។  យើងត្រូវតែបង្កើនថែមទៀតនូវមនសិការដែលចេះគិតគូរដល់បញ្ហានិងមនសិការទទួលខុសត្រូវ ហើយនិងផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនទៅលើការដោះស្រាយបញ្ហាទាំងនេះ ចាត់ទុកការរំពឹងទុករបស់ប្រជាជនជាទិសដៅនៃអភិបាលកិច្ចជាប់ជានិច្ច ធ្វើការងាររដ្ឋាភិបាលឲ្យបានល្អដោយអស់ពីសមត្ថភាព ដាច់ខាតមិនធ្វើឲ្យប្រជាជនមានការអស់សង្ឃឹមនោះឡើយ ។

តំណាងគ្រប់រូប!
ឆ្នាំ ២០១៥ ជាឆ្នាំបញ្ចប់នៃ"ផែនការអភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី ១២"។ ភារកិច្ចជាគោលដៅសំខាន់នៃ"ផែនការ៥ ឆ្នាំទី ១២" បានសម្រេចហើយ ។ ទីមួយគឺសេដ្ឋកិច្ចរីកចម្រើនដោយល្បឿនលឿនបង្គួរនិងជានិរន្តរភាព ។ តម្លៃផលិតផលក្នុងស្រុកសរុបគិតជាមធ្យមបានកើនឡើង ៧,៨ ភាគរយ បរិមាណសេដ្ឋកិច្ចសរុបបានឈរនៅលំដាប់ទី ២ លើពិភពលោក ប្រទេសចិនបានក្លាយទៅជាប្រទេសធំទីមួយខាងពាណិជ្ជកម្មទំនិញនិងប្រទេសធំខាងការធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេសលើពិភពលោក ។ ទីពីរគឺការកែសម្រួលរចនាសម្ព័ន្ធបានទទួលការវិវឌ្ឍជានិមិត្តសញ្ញា ។ មុខរបរសេវាកម្មបានកា្លយទៅជាមុខរបរធំទីមួយ ការគួបផ្សំគ្នារវាងឧស្សាហូបនីយកម្មនិងព័ត៌មានវិទ្យាមានភាពកាន់តែស៊ីជម្រៅ សមត្ថភាពផលិតចម្រុះផ្នែកកសិកម្មមានភាពកាន់តែខ្លាំងក្លា។ការប្រើប្រាស់បានក្លាយទៅជាកម្លាំងសំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ។ មានប្រជាជនលើសពីពាក់កណ្តាលស្នាក់នៅទីក្រុង។ បរិមាណចំណាយថាមពលនៃតម្លៃផលិតផលក្នុងស្រុកសរុបគិតជាឯកតាបានធ្លាក់ចុះ ១៨,២ ភាគរយ ចំនួនបញ្ចេញសារធាតុបំពុលបរិស្ថានបានត្រូវកាត់បន្ថយលើសពី ១២ ភាគរយ ។ ទីបីកម្រិតហេដ្ឋារចនាសម្ព័ន្ធបានត្រូវលើកកម្ពស់ទាំងស្រុង ។ ប្រវែងសរុបនៃការធ្វើអាជីវកម្មខាងផ្លូវដែកមានដល់ទៅ ១២,១ ម៉ឺនគីឡូម៉ែត្រ ដែលក្នុងនោះប្រវែងផ្លូវដែកល្បឿនលឿនលើសពី ១,៩ ម៉ឺនគីឡូម៉ែត្រ ត្រូវជា ៦០ ភាគរយនៃប្រវែងផ្លូវដែកល្បឿនលឿនរបស់ពិភពលោក ។ ប្រវែងនៃផ្លូវល្បឿនលឿនដែលបានដាក់ឲ្យយានយន្តធ្វើដំណើរលើសពី ១២ ម៉ឺនគីឡូម៉ែត្រ ។ វិស្វកម្មខ្សែខាងកើតនិងខ្សែកណ្តាលនៃគម្រោងបញ្ជូនទឹកពីខាងត្បូងទៅខាងជើងបានចាប់ផ្តើមដំណើរការ ។ បានបង្កើតជាស្ថាពរនូវបណ្តាញទូរគមនាគមន៍ចល័តជំនាន់ទី ៤ ដែលជាបណ្តាញធំបំផុតលើពិភពលោក ។ ទីបួនការច្នៃប្រឌិតថ្មីទទួលបានការវាយទម្លុះដ៏ធំនិងសំខាន់ ។ ការសិក្សាស្រាវជ្រាវជាមូលដ្ឋានដូចជាទូរគមនាគមន៍quantum ជាដើមបានទទួលសមិទ្ធផលមួយចំនួនដែលបង្កើតដោយខ្លួនឯងនិងជាលើកដំបូង គម្រោងអំពីអវកាសយានផ្ទុកមនុស្ស វិស្វកម្មស្ទង់ភពព្រះចន្ទ និងវាស់ស្ទង់សមុទ្រជ្រៅជាដើមបានឈានដល់កម្រិតជឿនលឿនលើពិភពលោក ។ ទីប្រាំជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោ ។ កំណើនប្រាក់ចំណូលរបស់អ្នកក្រុងមានល្បឿនលឿនជាងកំណើនសេដ្ឋកិច្ច គម្លាតខាងប្រាក់ចំណូលរវាងទីក្រុងនិងជនបទត្រូវបានបង្រួមកាន់តែតូចទៅៗជាបន្តបន្ទាប់ ។ អ្នកប្រកបអាជីពថ្មីក្នុងទីក្រុងនិងជនបទលើសពី ៦៤ លាននាក់ ។ បានសាងសង់លំនៅដ្ឋានសម្រាប់ប្រជាជនក្នុងទីក្រុងនិងជនបទចំនួន ៤០,១៣ លានទីតាំង មានមហាជនលើសពី ១០០ លាននាក់ចូលស្នាក់នៅលំនៅដ្ឋានថ្មី ។ ចំនួនអ្នកក្រីក្រនៅទីជនបទបានត្រូវកាត់បន្ថយជាង ១០០ លាននាក់ និងបានដោះស្រាយបញ្ហាសិវត្ថិភាពទឹកស្អាតរបស់អ្នកជនបទជាង ៣០០ លាននាក់ ។ ទីប្រាំមួយការអភិវឌ្ឍសង្គមទទួលបានសមិទ្ធផលល្អ ។ កម្រិតយុត្តិធម៌និងគុណភាពខាងការអប់រំបានត្រូវលើកកម្ពស់យ៉ាងប្រាកដប្រជា។ បានសម្រេចការគ្របដណ្តប់ទាំងស្រុងនូវការធានារ៉ាប់រងខាងការព្យាបាលជំងឺជាមូលដ្ឋាន ហើយអត្រាចូលរួមការធានារ៉ាប់រងចិញ្ចឹមជីវិតក្នុងវ័យជរាជាមូលដ្ឋានបានលើសពី ៨០ ភាគរយ ។

២-ភារកិច្ចជាគោលដៅសំខាន់និងវិធានការធំនិងសំខាន់នៃដំណាក់កាលអនុវត្ត"ផែនការ អភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី ១៣ "

យោងតាមសំណើរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនស្តីពីការកំណត់"ផែនការអភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី ១៣" អំពីសេដ្ឋកិច្ចប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គម ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចងក្រងសេចក្តីព្រាងនៃកម្មវិធី"ផែនការ៥ ឆ្នាំទី ១៣ " អំពីសេដ្ឋកិច្ចប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គម និងដាក់ជូនមហាសន្និបាតដើម្បីធ្វើការពិនិត្យពិភាក្សា ។
សេចក្តីព្រាងនៃកម្មវិធីផែនការនេះបានកំណត់ច្បាស់នូវភារកិច្ចជាគោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ដែលក្នុងនោះបានលើកឡើងជាពិសេសនូវ ៦ ចំណុចដូចខាងក្រោមនេះ ៖
-រក្សាឲ្យសេដ្ឋកិច្ចកើនឡើងដោយល្បឿនមធ្យមនិងលឿន ជំរុញឲ្យឧស្សាហកម្មបោះជំហានទៅកាន់កម្រិតមធ្យមនិងខ្ពស់ ។ សម្រេចគោលដៅដែលកសាងសង្គមមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ រហូតដល់ឆ្នាំ ២០២០ សម្រេចបានតម្លៃផលិតផលក្នុងស្រុកសរុបនិងប្រាក់ចំណូលរបស់អ្នកក្រុងនិងជនបទគិតជាមធ្យមក្នុងមនុស្សម្នាក់ៗកើនជាងឆ្នាំ ២០១០ទ្វេដង ហើយរក្សាកំណើនសេដ្ឋកិច្ចគិតជាមធ្យមក្នុងមួយឆ្នាំៗក្នុងអំឡុងពេលអនុវត្ត"ផែនការ៥ ឆ្នាំទី ‌១៣"ឲ្យលើសពី ៦,៥ ភាគរយ ។ ពន្លឿនការជំរុញការកែសម្រួលនិងលើកកម្ពស់កម្រិតថ្នាក់នៃរចនាសម្ព័ន្ធឧស្សាហកម្ម។ ដល់ពេលនោះ បរិមាណសេដ្ឋកិច្ចសរុបរបស់ប្រទេសចិននឹងលើសពី ៩០ លានលានយាន់ប្រាក់ចិន ហើយគុណភាពនិងប្រសិទ្ធផលនៃការអភិវឌ្ឍក៏ត្រូវលើកកម្ពស់យ៉ាងច្រើនផងដែរ ។
-ការពង្រឹងតួនាទីណែនាំនៃការធ្វើការច្នៃប្រឌិតថ្មី ដើម្បីបំពេញបន្ថែមកម្លាំងចលករនៅក្នុងការអភិវឌ្ឍ ។ ការច្នៃប្រឌិតថ្មីជាកម្លាំងចលករទីមួយសម្រាប់ដឹកនាំការអភិវឌ្ឍ ដែលចាំបាច់ត្រូវតែដាក់នៅឋានៈជាស្នូលនៃការអភិវឌ្ឍប្រទេសជាតិ និងអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ដោយការច្នៃប្រឌិតថ្មីយ៉ាងស៊ីជម្រៅ ។ រហូតដល់ឆ្នាំ ២០២០ ខិតខំប្រឹងប្រែងឲ្យទទួលបាននូវស្នាដៃនិងសមិទ្ធផលធំនិងសំខាន់ខាងការសិក្សាស្រាវជ្រាវជាមូលដ្ឋាន ការសិក្សាស្រាវជ្រាវដែលអាចប្រើប្រាស់ជាក់ស្តែង និងវិស័យនាំមុខខាងយុទ្ធសាស្រ្ត ការបណ្តាក់ទុនទៅលើការសិក្សាស្រាវជ្រាវក្នុងសង្គមទាំងមូលមានដល់ទៅ ២,៥ ភាគរយ អត្រារួមចំណែកនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម្រាប់កំណើនសេដ្ឋកិច្ចមានដល់ទៅ ៦០ ភាគរយ បានបោះជំហានចូលក្នុងជួរនៃប្រទេសបែបច្នៃប្រឌិតថ្មីនិងប្រទេសខ្លាំងខាងធនធានមនុស្ស ។
-ជំរុញការធ្វើនគរូបនីយកម្មបែបថ្មីនិងទំនើបភាវូបនីយកម្មខាងកសិកម្ម ជំរុញឲ្យតំបន់ទីក្រុងនិងជនបទមានការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា ។ ត្រូវជំរុញដោយស៊ីជម្រៅនូវការកសាងនគរូបនីយកម្មបែបថ្មីដែលយកមនុស្សជាគោល សម្រេចឲ្យប្រជាជនដែលផ្ទេរពីវិស័យកសិកម្មប្រហែល ១០០ លាននាក់និងអ្នកស្នាក់នៅជាប្រចាំផ្សេងទៀតស្នាក់នៅទីក្រុង បញ្ចប់ការកែលម្អតំបន់ផ្ទះខ្ទមផ្ទះរោងបណ្តោះអាសន្ននិងភូមិក្នុងទីក្រុងដែលមានប្រជាជនប្រហែល ១០០ លាននាក់ និងណែនាំឲ្យប្រជាជនប្រហែល១០០ លាននាក់ស្នាក់នៅទីក្រុងក្នុងតំបន់កណ្តាលនិងខាងលិច ។ រហូតដល់ឆ្នាំ ២០២០ អត្រាធ្វើនគរូបនីយកម្មនៃប្រជាជនស្នាក់នៅជាប្រចាំមានដល់ទៅ ៦០ ភាគរយ ។ បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនិងសំខាន់ ប្រវែងនៃផ្លូវដែកល្បឿនលឿនមានដល់ទៅ ៣ ម៉ឺនគីឡូម៉ែត្រ និងគ្របដណ្តប់លើទីក្រុងធំៗលើសពី ៨០ ភាគរយ ។ កសាងនិងកែលម្អផ្លូវល្បឿនលឿនប្រហែល ៣ ម៉ឺនគីឡូម៉ែត្រ សម្រេចការគ្របដណ្តប់ទាំងស្រុងដោយបណ្តាញអ៊ីធើណេតនៅទីក្រុងនិងជនបទ ។
-ការជំរុញឲ្យកកើតបែបផែនផលិតនិងរស់នៅបែបពណ៌បៃតង ពន្លឿនការកែលម្អបរិស្ថាន ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ បរិមាណប្រើប្រាស់ទឹកស្អាត បរិមាណចំណាយថាមពល និងបរិមាណបញ្ចេញឧស្ម័នកាបូនិកនៃតម្លៃផលិតផលក្នុងស្រុកសរុបគិតជាឯកតានឹងធ្លាក់ចុះ ២៣ ភាគរយ ១៥ ភាគរយ និង ១៨ ភាគរយដោយឡែកពីគ្នា ហើយអត្រាគ្របដណ្តប់នៃព្រៃឈើមានដល់ទៅ ២៣,៤ ភាគរយ ។ ការគ្រប់គ្រងធាតុអាកាសផ្សែងអ័ព្ទទទួលការវិវឌ្ឍយ៉ាងប្រាកដប្រជា អត្រានៃថ្ងៃដែលមានខ្យល់អាកាសល្អនៅទីក្រុងលើសពី ៨០ ភាគរយ ។ យើងត្រូវតែប្រកាន់ខ្ជាប់ការខិតខំបំពេញភារកិច្ចជាប់រហូត សំដៅកសាងប្រទេសចិនដ៏ស្រស់ប្រិមប្រិយមួយដែលមានផ្ទៃមេឃពណ៌ខៀវ ដីបៃតងនិងទឹកថ្លាឈេ្វង ។
-ធ្វើឲ្យកំណែទម្រង់និងការបើកទូលាយមានភាពកាន់តែស៊ីជម្រៅ កសាងប្រព័ន្ធថ្មីសម្រាប់ការអភិវឌ្ឍ ។ ធ្វើឲ្យទីផ្សារដើរតួនាទីសម្រេចនិងដើរតួនាទីរដ្ឋាភិបាលឲ្យបានកាន់តែល្អក្នុងការចាត់ចែងធនធាន ពន្លឿនការបង្កើតយន្តការ របប និងបែបផែនអភិវឌ្ឍន៍ដែលដឹកនាំសេដ្ឋកិច្ចឲ្យរីកចម្រើនក្រោមប្រក្រតីភាពថី្ម ។
–បង្កើនសុខុមាលកិច្ចរបស់ប្រជាជនជានិរន្តរភាព ដើម្បីញ៉ាំងឲ្យប្រជាពលរដ្ឋគ្រប់រូបអាចចែករំលែកនូវសមិទ្ធផលនៃការអភិវឌ្ឍ    ប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាពលរដ្ឋជាស្នូល ខិតខំបំពេញកង្វះខាតនៃការធានាជីវលើភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាឆ្ពោះទៅរកទិសដៅមានធូរធាបង្គួរជាដោយនឹងនរ។
     ការបំពេញការងារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចក្នុងអំឡុងពេលនៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣ឲ្យបានល្អប្រសើរ និងសម្រេចគោលដៅសង្គមមានជីវភាពធូរធារបង្គួរ គឺចាំបាច់ត្រូវតែក្តាប់ឲ្យបានប្រសើរនូវ៣ចំណុរច៖ ទី១ ក្តាប់ឲ្យជាប់នូវភារកិច្ចចម្បងទី១នៃការអភិវឌ្ឍ។ ការអភិវឌ្ឍជារឿងសំខាន់ជាងគេបង្អស់ និងជាគន្លឹះសម្រាប់ដោះស្រាយនូវបញ្ហាសព្វសារពើរបស់ប្រទេសចិន។ រយៈពេល៥ឆ្នាំខាងមុខជាដំណាក់កាលសំខាន់សម្រាប់ឆ្លងកាត់ ៉អន្ទាក់នៃប្រាក់ចំណូលមធ្យម ៉ ដូច្នេះបញ្ហាទំនាស់និងហានិភ័យគ្រប់បែបយ៉ាងនឹងកើនឡើងយ៉ាងច្បាស់លាស់។ ដូចនេះ ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់ដោយមិនងាករេនូវការចាត់ទុកកិច្ចកសាងសេដ្ឋកិច្ចជាស្នូល ជំរុញការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ ទប់ទល់នឹងការសាកល្បងដោយសមរម្យ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចចិនអាចទទួលបានការរីកចម្រើនដោយរលូន។ ទី២ ជំរុញដោយពេញទំហឹងនូវកំណែទម្រង់ផ្នែករចនា
សម្ព័ន្ធ។ ត្រូវតែជំរុញការកែសម្រួលរចនាសម្ព័ន្ធតាមរយៈកំណែទម្រង់ ទន្ទឹមនឹងពេលដែលពង្រីកដោយសមរម្យនូវតម្រូវការទូទៅ សំខាន់ជាងនេះគឺត្រូវធ្វើកំណែទម្រង់ផ្នែករចនាសម្ព័ន្ធនៃផលិតភាព។ ទី៣ ពន្លឿនការផ្លាស់ប្តូរជានិរន្តរភាពរវាងកម្លាំងចលករថ្មីនិងចាស់។ និយាយជាទូទៅ សក្តានុពលដ៏ធំធេងនៃការអភិវឌ្ឍគឺបង្កប់នៅក្នុងចំណោមប្រជាជន។ កម្លាំងពលកម្មចំនួនជាង៩រយលាននាក់ និងអ្នកជំនាញចំនួនជាង១រយលាននាក់ដែលបានទទួលការអប់រំផ្នែកឧត្តមសិក្សានិងមានវិជ្ជាឯកទេសជាប្រភពធនធាននិងជាឧត្តមភាពធំជាងគេរបស់ប្រទេសចិន។ ការសម្រេចការផ្លាស់ប្តូររវាងកម្លាំងចលករថ្មីនិងចាស់ ព្រមនិងការផ្លាស់ប្តូរទិសដៅនៃការអភិវឌ្ឍកាន់តែច្រើនគឺពឹងផ្អែកទៅលើប្រភពធនធានមនុស្សនិងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា។
      សម្លឹងមើលទៅ៥ឆ្នាំខាងមុខ យើងពោរពេញទៅដោយជំនឿចិត្តដែលនឹងទទួលបានជ័យជំនះជាក់ជាមិនខាន។
៣ ការងារគន្លឹះប្រចាំឆ្នាំ២០១៦
      ឆ្នាំ២០១៦ជាឆ្នាំចាប់ផ្តើមនៃដំណាក់កាលសម្រាប់ការយកជ័យជំនះលើការកសាងសង្គមមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាឆ្នាំមួយសម្រាប់ជំនះឧបសគ្គនៃការជំរុញកំណែទម្រង់ផ្នែករចនាសម្ព័ន្ធផងដែរ។
      គោលដៅសំខាន់ៗដែលកំណត់ទុកជាមុននៃការអភិវឌ្ឍឆ្នាំនេះមានជាអាទិ៍៖ តម្លៃផលិតផលក្នុងស្រុកសរុបកើនឡើងពី៦.៥-៧% កម្រិតកើនឡើងនៃតម្លៃប្រើប្រាស់របស់ប្រជាពលរដ្ឋគឺប្រមាណ៣% ពលរដ្ឋទីក្រុងលើសពី១០លាននាក់មានកន្លែងធ្វើការជាថ្មី អត្រាបាត់បង់ការងារដែលបានចុះឈ្មោះនៅទីក្រុងស្ថិតនៅក្រោម ៤.៥% ការនាំចេញនិងនាំចូលមានភាពនឹងនរឡើងវិញនិងមានសភាពល្អប្រសើរ ចំណូលនិងចំណាយអន្តរជាតិមានតុល្យភាពជាមូលដ្ឋាន កំណើននៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនិងកំណើននៃសេដ្ឋកិច្ចដើរទន្ទឹមគ្នា ការចំណាយថាមពលនៃ GDP ធ្លាក់ចុះលើសពី ៣.៤% ការបញ្ចេញសារធាតុបំពុលសំខាន់ៗនឹងត្រូវកាត់បន្ថយជាបន្តទៀត។
      គោលដៅកំណើនសេដ្ឋកិច្ចដែលកំណត់ទុកជាមុនគឺពី ៦.៥-៧% គោលដៅនេះបានគិតពិចារណាដល់ការតភ្ជាប់ជាមួយគោលដៅកសាងសង្គមមានជីវផាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងតម្រូវការនៃការជំរុញកំណែទម្រង់ផ្នែករចនាសម្ព័ន្ធ ក៏ដូចជាមានអំណោយផលដល់ការធ្វើឲ្យការរំពឹងទុកនៃទីផ្សារមានភាពនឹងនរព្រមនិងអាចដើរតួនាទីឈានមុខបាន។ កំណើនដោយនឹងនរសំខាន់គឺដើម្បីធានាដល់ការរកការងារធ្វើ និងផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រសិនបើមានកំណើនពី ៦.៥-៧% ក៏អាចសម្រេចការរកការងារធ្វើដោយសមរម្យបាន។
      បើវិភាគដោយចម្រុះអំពីសភាពការណ៍គ្រប់ផ្នែក ការលំបាកនិងការសាកល្បងដែលការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវប្រឈមក្នុងឆ្នាំនេះ គឺកាន់តែមានភាពតានតឹងបើធៀបនឹងពេលកន្លងទៅ ដូច្នេះយើងត្រូវធ្វើការត្រៀមបម្រុងដោយពេញលេញដើម្បីធ្វើការជម្នះឧបសគ្គនិងដោះស្រាយបញ្ហាឲ្យបានល្អ។ បើមើលពីផ្ទៃអន្តរជាតិវិញ សេដ្ឋកិច្ចពិភពលកំពុងមានការកែសម្រួលដោយស៊ីជម្រៅ ការស្តារសេដ្ឋកិច្ចឡើងវិញនៅខ្វះខាតកម្លាំងចលករដដែល កំណើនទំហំពាណិជ្ជកម្មអន្តរជាតិមានភាពយឺត ទីផ្សារហិរញ្ញវត្ថុនិងទំនិញទ្រង់ទ្រាយធំមានភាពមិនប្រាកដប្រជ ហានិភ័យផ្នែកនយោបាយតំបន់បានកើនឡើង កត្តាអស្ថិរភាពនិងមិនប្រាកដប្រជានៃបរិយាកាសខាងក្រៅបានកើនឡើង ទាំងនេះនឹងមានផលប៉ះពាល់ ចំពោះការអភិវឌ្ឍរបស់ប្រទេសចិនដែលមិនអាំចមើលរំលងបាន។ បើសម្លឹងមើលមកក្នុងប្រទេសចិន បញ្ហាទំនាស់និងហានិភ័យដែលបានកកើតឡើងអស់រយៈពេលជាពេលយូរបានលេចចេញថែមទៀត ល្បឿននៃកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ឧបសគ្គក្នុងការកែសម្រួលរចនាសម្ព័ន្ធមានភាពលេចធ្លោ ការផ្លាស់ប្តូរវាងកម្លាំងចលករថ្មីនិងចាស់ធ្វើជាបន្តបន្ទាប់ សម្ពាធនៃការធ្លាក់ចុះខាងសេដ្ឋកិច្ចបានកើនឡើង។ ក៏ប៉ុន្តែការលំបាកនិងការសាកល្បងគឺមិនគួរឲ្យភ័យរខ្លាចនោះទេ។ ឆ្លងតាមរយៈការអភិវឌ្ឍដោយល្បឿនលឿនអស់ជាច្រើនឆ្នាំ ប្រទេសចិនមានមូលដ្ឋានសម្ភារៈដ៏សំបូរ សេដ្ឋកិច្ចមានភាពរស់រវើក មានសក្តានុពលគ្រប់គ្រាន់ និងមានចន្លោះអភិវឌ្ឍពេញលេញ កំណែទម្រង់និងការបើកទូលាយត្រូវបំពេញបន្ថែមកម្លាំងចលករថ្មីឥតឈប់ឈរ ការច្នៃប្រឌិតថ្មីផ្នែកគ្រប់គ្រងបែបម៉ាក្រូបានសន្សំទុកនូវបទពិសោធន៍ដ៏សម្បូរ។
      ក្នុងឆ្នាំនេះភារកិច្ចសំខាន់គឺត្រូវបំពេញការងារ៨ផ្នែកឲ្យបានប្រសើរ។
(១) ធ្វើឲ្យគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចមានភាពនឹងនរនិងមានភាពសុក្រឹត រក្សាឲ្យការអភិវឌ្ឍសេដ្ឋកិច្ចដំណើរការក្នុងចន្លោះសមហេតុផល។ បន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុដ៏សកម្មនិងគោលនយោបាយរូបិយវត្ថុដ៏នឹងនរ ធ្វើការច្នៃប្រឌិតថ្មីនូវវិធីគ្រប់គ្រងបែបម៉ាក្រូ អនុវត្តកំណែទម្រង់ផ្នែករចនាសម្ព័ន្ធ ពិសេសគឺកំណែទម្រង់រចនាសម្ព័ន្ធនៃផលិតភាព ក្នុងន័យបងបង្កើតជាបរិយាកាសដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
      ត្រូវបង្កើនកម្លាំងនៃគោលនយោបាយហិរញ្ញវត្ថុដ៏សកម្ម។ ឆ្នាំនេះគ្រោងរៀបចំចាត់ចែងឱនភាពហិរញ្ញវត្ថុចំនួន ២,១៨លានលានយាន់ប្រាក់ចិន កើនជាងឆ្នាំកន្លងទៅ ៥ សែន ៦ ម៉ឺនលានយាន់ប្រាក់ចិន អត្រាឱនភាពត្រូវបានលើកកម្ពស់ដល់៣%។ រៀបចំចាត់ចែងប័ណ្ណបំណុលពិសេសក្នុងតំបន់ចំនួន ៤ សែនលានយាន់ប្រាក់ចិន។ អត្រាឱនភាពនិងអត្រាបំណុលរដ្ឋាភិបាលរបស់ប្រទេសចិនគឺទាបគួរសមបើធៀបនឹងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ដូច្នេះការរៀបចំចាត់ចែងយ៉ាងនេះគឺមានភាពចាំបាច់និងអាចអនុវត្តទៅបាន និងមានសុវត្ថិភាពតៀតផង។
      ការពង្រីកឱនភាពហិរញ្ញវត្ថុដោយសមរម្យ សំខាន់គឺដើម្បីកាត់បន្ថយពន្ធដារនិងថ្លៃចំណាយ ក្នុងន័យកាត់បន្ថយបន្ទុករបស់សហគ្រាស។ ក្នុងឆ្នាំនេះនឹងកាត់បន្ថយបន្ទុករបស់សហគ្រាសនិងបុគ្គលចំនួនជាង ៥០ លានយាន់ប្រាក់ចិនបើធៀបនឹងមុនពេលកំណែទម្រង់។ ជាមួយគ្នានេះ ត្រូវបង្កើនដោយសមរម្យនូវការចំណាយផ្នេកហិរញ្ញវត្ថុនិងការវិនិយោគទុនរបស់រដ្ឋាភិបាលដែលមានភាពចាំបាច់ និងបង្កើនការគាំទ្រចំពោះ
វិស័យទន់ខ្សោយដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាដើម។
      ពន្លឿនកំណែទម្រង់នៃរបបពន្ធដារផ្នែកហិរញ្ញវត្ថុ ប្រគល់សិទ្ធិគ្រប់គ្រងពន្ធដារមួយកម្រិតទៅឲ្យរដ្ឋបាលតំបន់ ព្រមនិងបង្កើតយន្តការខ្ចីប្រាក់បំណុលនិងប្រមូលទុនរបស់រដ្ឋបាលតំបន់ដែលមានបទដ្ឋាន។ រដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវតែប្រកាន់ខ្ជាប់នូវការចំណាយថវិកាដោយមធ្យ័ត ដើម្បីឲ្យរាល់ការចំណាយទាំងអស់មានភាពច្បាស់លាស់និងប្រាកដប្រជា។
      គោលនយោបាយរូបិយវត្ថុដ៏នឹងនរត្រូវតែមានភាពរស់រវើកនិងសមរម្យ។ ក្នុងឆ្នាំនេះ តាមការប៉ាន់ប្រមា M2 ដែលជារូបិយវត្ថុក្នុងន័យទូលាយ ប្រាក់សំណល់មានទ្រង់ទ្រាយនៃការកៀរគរប្រមូលទុនក្នុងសង្គមកើនឡើងប្រមាណ ១៣%។ ត្រូវប្រើប្រាស់ជាទូទៅនូវគោលនយោបាយរូបិយវត្ថុគ្រប់ប្រភេទ រួមបញ្ចូលដើមទុននៃការកៀរគរប្រមូលទុន និងបង្កើនការគ្រាំទ្រចំពោះសេដ្ឋកិច្ចជាក់ស្តែង ជាពិសេសគឺសហគ្រាសតូចនិងមីក្រូ ព្រមនិងកសិករ កសិកម្មនិងជនបទជាដើម។
      ធ្វើឲ្យស៊ីជម្រៅនូវកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ។ ធ្វើឲ្យពេញលេញនូវយន្តការកកើតនៃការធ្វើទីផ្សារអត្រាយភាវូបនីយកម្មអត្រាប្តូរប្រាក់យាន់ចិនជាបន្តទៀត និងរក្សាឲ្យអត្រាប្តូរប្រាក់យាន់ចិនមានភាពនឹងនរលើមូលដ្ឋានសមរម្យនិងមានតុល្យភាព។ ធ្វើឲ្យរបៀបរៀបរយហិរញ្ញវត្ថុមានបទដ្ឋាន វាយប្រហារយ៉ាងតឹងរ៉ឹងទៅលើការបោកប្រាស់ហិរញ្ញវត្ថុ ការកៀគរប្រមូលទុនដោយខុសច្បាប់ និងសកម្មភាពឧក្រិដ្ឋកម្មលើវិសយមូលប័ត្រនិងទំនិញដែលកក់ជាមុន ដើម្បីខិតខំបង្ការកុំឲ្យកើតមានហានិភ័យមានភាពជាប្រព័ន្ធនិងក្នុងតំបន់ទាំងមូល។
      (២) បង្កើនកំណែទម្រង់រចនាសម្ព័ន្ធនៃផលិតភាព និងបង្កើនកម្លាំងចលករនៃកំណើនជានិរន្តភាព។
      ជំរុញការធ្វើសាមញ្ញកម្មផ្នែកនយោបាយ និងប្រគល់សិទ្ធិឲ្យរដ្ឋបាលតំបន់ គួបផ្សំការប្រគល់សិទ្ធិនិងការគ្រប់គ្រង និងធ្វើឲ្យកំណែទម្រង់ផ្នែកសេវាកម្មឲ្យវិវឌ្ឍដោយស៊ីជម្រៅ។ ធ្វើសាមញ្ញកម្មផ្នែកនយោបាយ ដោយឈរលើសា្មរតីបម្រើប្រជាពលរដ្ឋ
ផ្លាស់ប្តូរដោយប្រាកដប្រជានូវមុខងាររដ្ឋាភិបាល និងលើកកម្ពស់ប្រសិទ្ធភាពការងារ។ បន្តកាត់បន្ថយដោយកម្រិតធំនូវទម្រង់ការត្រួតពិនិត្យនិងអនុម័តផ្នែករដ្ឋបាល ប្រកាសដោយសព្វសារពើនូវបញ្ជីស្តីអំពីសិទ្ធិអំណាចនិងទំនួលខុសត្រូវរបស់រដ្ឋបាលតំបន់ ធ្វើការកែសម្រួលនិងលុបបំបាត់ច្បាប់រដ្ឋបាលនិងឯកសារកំណត់ដែលរារាំងដល់ការអភិវឌ្ឍ ជំរុញសកម្មនូវសេវាកម្មផ្នែករដ្ឋបាលតាមរយៈបណ្តាញអ៊ីនធើណែត សម្រេចការចែករំលេកទិន្ន័យរវាងស្ថាប័ននានា ដើម្បីធ្វើឲ្យពលរដ្ឋនិងសហគ្រាសរត់ការតិច និងបំពេញទម្រង់ការដោយរលូននិងមានការពេញចិត្ត។
      បញ្ចេញដោយពេញលេញនូវសក្តានុពលនៃការច្នៃប្រឌិតថ្មីក្នុងការប្រកបអាជីវកម្មនៃសង្គមទាំងមូល។ ខិតខំអនុវត្តយុទ្ធសាស្រ្តច្នៃប្រឌិតថ្មីដើម្បីជំរុញការអភិវឌ្ឍ និងជំរុញឲ្យបច្ចេកវិទ្យានិងសេដ្ឋកិច្ចមានការរួមបញ្ចូលគ្នាដោយស៊ីជម្រៅ ក៏ដូចជាលើកកម្ពស់គុណសម្បត្តិនិងកម្លាំងប្រកួតប្រជែងទូទៅនៃសេដ្ឋកិច្ចជាក់ស្តែង។ ទី១គឺពង្រឹងឋានៈនិងតួនាទីសំខាន់ៗនៃការច្នៃប្រឌិតថ្មីរបស់សហគ្រាស ទី២គឺពង្រីកប្រសិទ្ធភាពជាទ្វេគុណក្នុងការប្រមូលផ្តុំកម្លាំងកាយនិងកម្លាំងចិត្តនៃការប្រកបអាជីវកម្ម ការច្នៃប្រឌិតថ្មីរបស់ប្រជាជននិងបណ្តាញអ៊ីនធើណែត+។ ទី៣គឺធ្វើឲ្យស៊ីជម្រៅនូវកំណែទម្រង់ផ្នែកប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា លើកកម្ពស់ទឹកចិត្តសកម្មរបស់សង្គមទាំងមូលក្នុងការប្រកបអាជីវកម្មនិងច្នៃប្រឌិតថ្មី ព្រមនិងប្រមូលផ្តុំទឹកចិត្តសកម្មទាំងនេះឲ្យក្លាយទៅជាកម្លាំងចលករដ៏ខ្លាំងសម្រាប់ជំរុញកាអភិវឌ្ឍ។
      ខិតខំលុបបំបាត់អតិរេកផ្នែកផលិតភាព កាត់បន្ថយដើមទុននិងបង្កើនប្រសិទ្ធភាព។ សំខាន់គឺគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវផលិតភាពដែលកើនឡើងថ្មី ជម្រុះចោលយ៉ាងដាច់ខាតនូវផលិតភាពអន់ថយ ព្រមនិងលុបបំបាត់ផលិតភាពដែលច្រើនជាងតម្រូវការ។ ហិរញ្ញវត្ថុមជ្ឈិមចាត់ចែងមូលធនបន្ថែមពិសេសចំនួន១លានលានយាន់ប្រាក់ចិនក្នុងរយៈពេល២ឆ្នាំ សំខាន់គឺប្រើប្រាស់សម្រាប់ការរៀបចំចាត់ចែងបុគ្គលិកការងារ។
      ខិតខំកែលម្អផលិតផល សេវាកម្មនិងការផ្គត់ផ្គង់។ ក្តាប់ជាប់នូវវិស័យ៣ ទី១គឺលើកកម្ពស់គុណភាពនៃទំនិញ។ ពន្លឿនការតភ្ជាប់រវាងស្តង់ដារសុវត្ថិភាពគុណភាពជាមួយនិងស្តង់ដារអន្តរជាតិ និងបង្កើតប្រព័ន្ធសងជំងឺចិត្តដែលមានលក្ខណៈផាកពិន័យផ្នែកគុណភាពទំនិញ។ ទី២គឺជំរុញការលើកកម្ពស់កម្រិតថ្នាក់ឧស្សាហកម្មផលិតកម្ម។ ជំរុញដោយស៊ីជម្រៅនូវការផលិតរបស់ប្រទេសចិនឲ្យតភ្ជាប់ជាមួយនឹងបណ្តាញអ៊ីនធើណែត កសាងវេទិកាជាតិស្តីពីការច្នៃប្រឌិតថ្មីមួយចំនួនសម្រាប់ឧស្សាហកម្មផលិតកម្ម។ ទី៣គឺពន្លឿនការអភិវឌ្ឍមុខរបរសេវាកម្មសម័យទំនើប។
      ខិតខំជំរុញកំណែទម្រង់របស់សហគ្រាសកម្មសិទ្ធិរដ្ឋ។ ជំរុញសហគ្រាសកម្មសិទ្ធិរដ្ឋជាពិសេសសហគ្រាសមជ្ឈិមឲ្យធ្វើការកែសម្រួលរចនាសម្ព័ន្ធ ជំរុញកំណែទម្រង់ស្តីពីធ្វើឲ្យសិទ្ធិភាគហ៊ុនមានពហុភាព។ ពន្លឿនកំណែទម្រង់ក្រុមហ៊ុនដែលបណ្តាក់ទុននិងធ្វើអាជីវកម្មដោយប្រាក់ទុនរដ្ឋ។ ជំរុញឲ្យអង្គការត្រួតពិនិត្យទ្រព្យសម្បត្តិរដ្ឋកែប្រែមុខងារតាមរយៈរូបភាពត្រួតពិនិត្យមូលធន។ ផ្តល់សិទ្ធិម្ចាស់ការកាន់តែច្រើនដល់រដ្ឋបាលតំបន់ក្នុងការធ្វើកំណែទម្រង់សហគ្រាសកម្មសិទ្ធិរដ្ឋ។ ធ្វើឲ្យសហគ្រាសកម្មសិទ្ធិរដ្ឋបង្រួមទ្រង់ទ្រាយ និងបង្កើនកម្លាំងប្រកួតប្រជែងជាស្នូល។
      បំផុសឲ្យកាន់តែប្រសើរតៀតនូវកម្លាំងរស់រវើកនៃសេដ្ឋកិច្ចមិនមែនរបស់រដ្ឋាភិបាល។ បន្ធូរបន្ថយដោយកម្រិតធំនូវស្តង់ដារសម្រាប់មូលធនស៊ីវិលចូលទៅក្នុងទីផ្សារថាមពលអគ្គិសនី ទូរគមនាគមន៍ ចរាចរណ៍ ប្រេងកាត ឧស្ម័នធម្មជាតិនិងផ្នែករដ្ឋបាលសាធារណៈនៃទីក្រុងជាដើម លើកទឹកចិត្តឲ្យសហគ្រាសស៊ីវិលពង្រីកការបណ្តាក់ទុន និងចូលរួមកំណែទម្រង់របស់សហគ្រាសជាកម្មសិទ្ធិរដ្ឋ។
(៣) កំណាយរកដោយស៊ីជម្រៅនូវសក្តានុពលផ្នែកតម្រូវការក្នុងស្រុក និងត្រួសត្រាយចន្លោះអភិវឌ្ឍន៍ឲ្យកាន់តែច្រើន។
      បង្កើនតួនាទីជាមូលដ្ឋាននៃការចំណាយក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
      ពង្រីកតួនាទីជាគន្លឹះនៃការវិនិយោគទុនដែលមានប្រសិទ្ធភាពចំពោះការលំនឹងកំណើននិងកែសម្រួលរចនាសម្ព័ន្ធ។ ក្នុងឆ្នាំនេះនឹងចាប់ដំណើរការនូវគម្រោង
សំខាន់ៗនៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣។ សម្រេចការបណ្តាក់ទុនលើផ្លូវដែកលើសពី ៨ សែនលានយាន់ប្រាក់ចិន និងលើផ្លូវថ្នល់ចំនួន ១,៦៥ លានលាន
យាន់ប្រាក់ចិន ចាប់ផ្តើមវិស្វកម្មធារាសាស្រ្តសំខាន់ៗចំនួន ២០ ទៀត កសាងគម្រោងសំខាន់ៗដូចជាវារីអគ្គិសនី អគ្គិសនីដើរដោយថាមពលនុយគ្លែអ៊ែរ ការបញ្ជូនអគ្គិសនីដោយសម្ពាធខ្ពស់ពិសេស បណ្តាញអគ្គិសនីវៃឆ្លាត បណ្តាញបំពង់បង្ហូរប្រេងកាតនិងឧស្ម័នធម្មជាតិ ព្រមនិងការធ្វើគមនាគមន៍តាមផ្លូវដែករបស់ទីក្រុងជាដើម។ ការវិនិយោគទុនរបស់មជ្ឈិមដោយមិនលើសថវិកាជាតិនឹងកើនឡើងដល់៥សែនលានយាន់ប្រាក់ចិន។ ធ្វើឲ្យល្អពេញលេញនូវរូបមន្តសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងមូលធនស៊ីវិល ប្រើប្រាស់ឲ្យបានល្អប្រសើរនូវមូលនិធិនាំមុខនាំចំនួន ១ សែន ៨ ម៉ឺនលានយាន់ប្រាក់ចិន អនុវត្តយ៉ាងម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀង និងបំផុសដោយពេញលេញនូវភាពសកម្មចូលរួមរបស់មូលធនសង្គម ។
     ជំរុញដោយស៊ីជម្រៅនូវការធ្វើនគរូបនីយកម្មបែបថ្មី។ ការធ្វើនគរូបនីយកម្មជាដំណើរដែលត្រូវតែឆ្លងកាត់នៃទំនើបភាវូបនីយកម្ម ហើយក៏ជាផ្នែកដែលពោរពេញដោយសក្តានុពលខាងតម្រូវការក្នុងស្រុកនិងកម្លាំងចលករនៃការអភិវឌ្ឍធំជាងគេរបស់ប្រទេសចិនផងដែរ។ ក្នុងឆ្នាំនេះនឹងក្តាប់ជាប់នូវការងារ ៣ ចំណុច។ទី ១ គឺពន្លឿនការធ្វើឲ្យកសិករដែលផ្ទេរចេញពីជនបទក្លាយទៅជាអ្នកក្រុង។ ធ្វើឲ្យស៊ីជម្រៅនូវកំណែទម្រង់ផ្នែកប្រព័ន្ធបញ្ជីគ្រួសារ បន្ធូរបន្ថយនុវលក្ខខណ្ឌសម្រាប់ការចុះបញ្ជីគ្រួសារនៅទីក្រុង ពង្រីកក្របខ័ណ្ឌនៃការសាកល្បងអំពីការធ្វើនគរូបនីយកម្មបែបថ្មី។ ប័ណ្ណស្នាក់នៅមានសារសំខាន់ណាស់ ដូច្នេះត្រូវពន្លឿនការធ្វើឲ្យពលរដ្ឋដែលស្នាក់នៅក្នុងទីក្រុងជាប្រចាំដែលនៅមិនទាន់ចុះបញ្ជីគ្រួសារមានប័ណ្ណស្នាក់នៅ ដើម្បីធ្វើឲ្យពួកគេអាចទទួលសេវាកម្មសាធារណៈជាមូលដ្ឋានដូចជាការអប់រំជាកាតព្វកិច្ច ការរកការងារធ្វើនិងព្យាបាលជំងឺនៅតំបន់ស្នាក់នៅជាដាើម។ អភិវឌ្ឍទីក្រុងតូចនិងមធ្យមព្រមនិងតំបន់ភាគខាងលិចនិងកណ្តាល ទទួលឲ្យកសិករកាន់តែច្រើនចូលបម្រើការងារនិងប្រកបអាជីវកម្មនៅតំបន់ក្បែរទីលំនៅ ដើម្បីធ្វើឲ្យគេអាចប្រកបការងារផងនិងអាចមើលថែគ្រួសារផង។ ទី ២ គឺជំរុញកិច្ចកសាងវិស្វកម្មផ្ទះសម្បែងដែលមានលក្ខណៈធានាបីទីក្រុង
អភិវឌ្ឍអចលនទ្រព្យដោយនឹងនរនិងបរិសុទ្ធ។ ឆ្នាំនេះបានដំឡើងកម្រិតថ្នាក់នៃផ្ទះសម្បែងនៃតំបន់ផ្ទះឈើនិងផ្ទះរោងបណ្តោះអាសន្នចំនួន ៦ លានគ្រួសារ និងអនុវត្តវិស្វកម្មជួសជួលផ្ទះចាស់ៗនិងមានគ្រោះថ្នាក់ ព្រមនិងសង្កាត់ស្នាក់នៅចាស់ៗក្នុងទីក្រុង។ បង្កើនរបបផ្ទះស្នាក់នៅដែលជួលក៏បានទិញក៏បាន រួមបញ្ចូលជាបណ្តើរៗនូវពលរដ្ឋដែលមកពីខេត្តក្រៅដែលសមស្របនឹងលក្ខខណ្ឌឲ្យទៅក្នុងក្របខ័ណ្ឌនៃការផ្គត់ផ្គង់ផ្ទះជួលសាធារណៈ។ ទី ៣ គឺបង្កើនការគ្រប់គ្រងចំពោះការគ្រោងផែនការនិងកសាងទីក្រុង ដើម្បីបង្កើនភាពវិទ្យាសាស្រ្ត កិត្យានុភាព និងភាពបើកទូលាយនៃការគ្រោងផែនការរបស់ទីក្រុង។
      ធ្វើឲ្យនិម្មាបនកម្មនៃការអភិវឌ្ឍក្នុងតំបន់មានភាពល្អពេញលេញ។
      (៤) ពន្លឿនការជំរុញការធ្វើទំនើបភាវូបនីយកម្មផ្នែកកសិកម្ម ជំរុញឲ្យកសិករអាចបង្កបង្កើនផលជានិរន្តរភាព បន្តប្រកាន់ខ្ជាប់ការធ្វើចាងការងារផ្នែកខាងកសិកម្ម កសិករនិងជនបទឲ្យបានល្អ ធ្វើឲ្យគោលនយោបាយមានភាពកាន់តែពេញលេញសំរាប់ឲ្យកសិករទទួលបានផលប្រយោជន៍និងមានជីវភាពកាន់តែធូធារ ធ្វើឲ្យកំណែទំរង់នៅជនបទមានភាពកាន់តែស៊ីជំរៅ ធ្វើឲ្យកសិករមានឱកាសធ្វើការងារឲ្យបានច្រើននិងទទួលបានចំណូលកាន់តែច្រើន ខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពកសិផល លើកកម្ពស់ប្រសិទ្ធផលនិងកម្លាំងប្រកួតប្រជែង ។
      ពន្លឿនការកែសំរួលរចនាសម្ព័ន្ធកសិកម្ម ។ ត្រូវណែនាំឲ្យកសិករសម្របទៅតាមតម្រូវការទីផ្សារនិងសម្រួលការដាំដំណាំនិងចិញ្ចឹមសត្វ ក៏ដូចជាកាត់បន្ថយផ្ទៃដីដាំពោតដោយសមរម្យ ។ ត្រូវចាត់វិធានការឲ្យបានច្រើនដើម្បីប្រើប្រាស់ស្បៀងដែលស្តុកទុកក្នុងឃ្លាំង ខំប្រឹងប្រែងគាំទ្រការច្នៃប្រឌិតកសិផល ត្រួសត្រាយមុខរបរកសិកម្ម និងកំណត់គម្រោងវគ្គថី្មសី្តពីការឈប់ធ្វើស្រែចំការហើយវិលទៅរកការដាំដើមឈើនិងស្មៅឡើងវិញ ឆ្នាំនេះនឹងដាំដើមឈើនិងស្មៅឡើងវិញចំនួន ១៥ លានហិតា ។
      ពង្រឹងមូលដ្ឋានទ្រទ្រង់វិស័យកសិកម្ម ។ សម្រេចដោយគ្រប់ជ្រុងជ្រោយនូវការបែងចែកនិងកំណត់ដីស្រែជាស្ថាពរ ព្រមទាំងធ្វើការថែរក្សានិងអភិរក្សជាពិសេស បង្កើនកិច្ចកសាងដីស្រែដែលមានស្តង់ដារខ្ពស់ ធ្វើការសាកល្បងដាក់វេនធើ្វស្រែចំការ ពោលគឺដីស្រែអាចមិនដាំដំណាំទៅតាមវេនរបស់ខ្លួនដើម្បីកែលម្អដីស្រែ ។ ធ្វើសកម្មភាពដែលមិនបង្កើនការប្រើគីមី ។ ធានាចំនួនថវិកាផ្នែកកសិកម្ម ហើយនិងណែនាំឲ្យប្រាក់ទុនកាន់តែច្រើនបណ្តាក់ទុនទៅក្នុងកិច្ចកសាងទំនើបភាពវូបនីយកម្មផ្នែកកសិកម្ម ។
      កែលំអសេវាកម្មសាធារណៈនៅជនបទ ។ នឹងស្ថារនិងជួសជុលឡើងវិញនូវផ្លូវថ្នល់នៅជនបទចំនួន ២ សែនគីឡូម៉ែត្រ ក្តាប់ជាប់ការងារកែលំអនិងលើកកម្ពស់កម្រិតថ្នាក់នៃបណ្តាញអគ្គិសនីនៅជនបទ ជំរុញឲ្យមានការធ្វើពាណិជ្ជកម្មអេឡិចត្រូនិចនៅជនបទ ។
      អនុវត្តគម្រោងរំដោះខ្លួនពីភាពក្រីក្រ ។ ឆ្នាំនេះ ត្រូវសម្រេចភារកិច្ចឲ្យប្រជាជនក្រីក្រនៅទីជនបទចំនួនជាង ១០ លាននាក់អាចរួចផុតពីភាពក្រីក្រ ក្នុងនោះ ការរំដោះខ្លួនផុតពីភាពក្រីក្រតាមរយៈការរើទីលំនៅនឹងមានប្រជាជនចំនួនជាង ២ លាននាក់ ។ ចវិកានៃហិរញ្ញវត្ថុមជ្ឈិមរដ្ឋាភិបាលនឹងបង្កើន ៤៣ ក្បៀស ៤ ភាគរយ ។ ប្រកាន់ខ្ជាប់ការជួយជ្រោមជ្រែងភាពក្រីក្រនិងជួយឲ្យប្រជាជនចេញផុតពីភាពក្រីក្រ និងអនុវត្តគោលនយោបាយតាមតំបន់ខុសៗគ្នា ។ ការជួយជ្រោមជ្រែងនិងជួយឲ្យចេញផុតពីភាពក្រីក្រគឺជាភារកិច្ចដ៏ពិបាក រដ្ឋបាលគ្រប់ជាន់ថ្នាក់បានដាក់ចេញជាអាជ្ញាសឹករួចស្រេចហើយ ចាំបាច់ត្រូវសម្រេចការងារតាមពេលកំណត់ តាមគុណភាពដែលបានកំណត់និងតាមចំនួនដែលបានកំណត់ ។
      (៥) ជំរុញការងារបើកទូលាយចំពោះបរទេសដែលមានកម្រិតខ្ពស់ ខិតខំប្រឹងប្រែងសម្រេចការធ្វើកិច្ចសហប្រតិបតិ្តការនិងភាពឈ្នះ–ឈ្នះ ។
      ជំរុញកិច្ចកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយយ៉ាងជាក់លាក់ ។ រៀបចំនិងចាត់ចែងការអភិវឌ្ឍ ការបើកទូលាយនៅក្នុងស្រុក និងកិច្ចសហប្រតិបតិ្តការអន្តរជាតិខាងសេដ្ឋកិច្ច រួមគ្នាកសាងរបៀងសេដ្ឋកិច្ចលើគោកនិងមូលដ្ឋានធ្វើកិច្ចសហប្រតិបតិ្តការលើសមុទ្រ ជំរុញការតភ្ជាប់គ្នា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការផ្លាស់ប្តូរខាងមនុស្សសាស្ត្រ ។ បង្កើតយន្តការសហប្រតិបតិ្តការតាមបណ្តោយផ្លូវសូត្រ កសាងច្រកចរាចរណ៍ទំនិញអន្តរជាតិ ។ ជំរុញកិច្ចកសាងសង្កាត់សហប្រតិបតិ្តការសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន សង្កាត់សហប្រតិបតិ្តការសេដ្ឋកិច្ចឆ្លងដែន និងសង្កាត់សហប្រតិបតិ្តការសេដ្ឋកិច្ចនៅក្រៅដែន ។ ប្រកាន់ខ្ជាប់ការពិគ្រោះពិភាក្សាគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា ដើម្បីធ្វើឲ្យយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយក្លាយទៅជាផ្លូវសនិ្តភាព មិត្តភាពនិងមានភាពរុងរឿង ។
      ពង្រីកកិច្ចសហប្រតិបតិ្តការផ្នែកផលិតភាពអន្តរជាតិ ។ ប្រកាន់ខ្ជាប់ការចាត់ទុកសហគ្រាសជាមូលដ្ឋាន រដ្ឋបាលជាអ្នកជំរុញ ដំណើរការតាមទីផ្សារ និងអនុវត្តគំរោងគំរូធំនិងសំខាន់មួយចំនួន ។ ជំរុញឲ្យបរិក្ខារ បចេ្ចកវិទ្យា ស្តង់ដារ សេវាកម្មរបស់ប្រទេសចិនអាចនាំចេញទៅបរទេស ដើម្បីបង្កើតជាម៉ាកល្បីឈ្មោះរបស់ប្រទេសចិន ។
      ជំរុញឲ្យការធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេសអាចអភិវឌ្ឍន៍ដោយមានភាពច្នៃប្រឌិត ។ ប្រឈមនឹងសភាពការណ៍ដ៏តានតឹងដែលការធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេសមានភាពទន់ខ្សោយជាបន្តបន្ទាប់ ត្រូវចាត់វិធានការយ៉ាងច្រើន ដើម្បីទប់ស្កាត់និន្នាការថយចុះក្នុងវិស័យនាំចេញ ។ ទីមួយត្រូវពន្លឿនការអនុវត្តគោលនយោបាយនិងធ្វើឲ្យគោលនយោបាយមានភាពល្អពេញលេញ ។ ទីពីរត្រូវលើកទឹកចិត្តឲ្យមានភាពច្នៃប្រឌិតយន្តការពាណិជ្ជកម្ម ។ ទីបីត្រូវធ្វើឲ្យរចនាសម័្ពន្ធពាណិជ្ជកម្មមានភាពកាន់តែល្អប្រសើ ។ ទីបួនត្រូវជំរុញឲ្យមានភាពកាន់តែងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ។ ទីប្រាំត្រូវអនុវត្តគោលនយោបាយនាំចូលដែលកាន់តែសកម្ម ។ ពង្រីកការនាំចូលបរិក្ខារបចេ្ចកវិទ្យាជឿនលឿន គ្រឿងបន្លាស់គន្លឹះ និងសម្ភារៈដើមនៃថាមពលជាដើម ។
      លើកកម្ពស់កម្រិតប្រើប្រាស់ប្រាក់ទុនបរទេស ។ បន្តបន្ធូរបន្ថយការកំណត់ខាងផ្នែកបណ្តាក់ទុនវិនិយោគ ពង្រីកការបើកទូលាយខាងវិស័យសេវាកម្មនិងឧស្សាហកម្មផលិតកម្មធម្មតា ធ្វើសាមញ្ញកម្មទម្រង់ការចំពោះពាណិជ្ជករបរទេសក្នុងការបង្កើតសហគ្រាស បង្កើនកម្លាំងទាក់ទាញពាណិជ្ជករបរទេសនិងទាក់ទាញប្រាក់ទុនបរទេស ។ ធ្វើឲ្យប្រទេសចិនក្លាយទៅជាកន្លែងមានកម្លាំងទាក់ទាញចំពោះពាណិជ្ជករបរទេសជាប់រហូត ។
      ពន្លឿនអនុវត្តយុទ្ធសាស្ត្រតំបន់ពាណិជ្ជកម្មសេរី ។ ពន្លឿនការធ្វើការចរចាសី្តពីតំបន់ពាណិជ្ជកម្មសេរីចិន ជប៉ុននិងកូរ៉េខាងត្បូងជាដើម ជំរុញការចរចាអំពីកិច្ចព្រមព្រៀងវិនិយោគរវាងចិននិងអាមេរិក ចិននិងអឺរ៉ុប បង្កើនការស្រាវជ្រាវអំពីយុទ្ធសាស្ត្រនៃតំបន់ពាណិជ្ជកម្មសេរីនៅអាស៊ីប៉ាស៊ីហ្វីក ។ ប្រទេសចិនរីករាយក្នុងការរួមសហការជាមួយភាគីនានា សំដៅជំរុញសេរីភាពខាងផ្នែកពាណិជ្ជកម្មនិងវិនិយោគទុន រួមគ្នាកសាងប្រព័ន្ធសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិដែលមានតុល្យភាព ឈ្នះ–ឈ្នះ និងចុះសម្រុងគ្នា ។
      (៦) បង្កើនកម្លាំងគ្រប់គ្រងបរិស្ថាន ជំរុញការអភិវឌ្ឍន៍បៃតងឲ្យទទួលបានការវាយទម្លុះថី្ម ។
      គ្រង់គ្រងផ្សែងអ័ព្ទនិងការបំពុលទឹកដោយតឹងរ៉ឹង ។ ឆ្នាំនេះ បរិមាណតម្រូវការអុកស៊ីសែនគីមី បរិមាណបញ្ចេញអាម៉ូញាក់នឹងត្រូវបន្ថយចំនួន ២ ភាគរយដោយឡែកពីគ្នា រីឯបរិមាណបញ្ចេញឧស្ម័នឌីអុកស៊ីតសូលហ្វ័រនិងសារធាតុនីដ្រូសែនអុកស៊ីតនឹងបន្ថយចំនួន ៣ ភាគរយដោយឡែក នៅតំបន់សំខាន់ៗ សារធាតុPM 2..5នឹងត្រូវបន្តបន្ថយតទៅទៀត ។
      អភិវឌ្ឍមុខរបរសំចៃថាមពលនិងការពារបរិស្ថានដោយពេញទំហឹង ។ ពង្រីកក្របខ័ណ្ឌគ្របដណ្តប់តាមស្តង់ដារការពារបរិស្ថានបៃតង ។ ធ្វើឲ្យមុខរបរសំចៃថាមពលនិងការពារបរិស្ថានក្លាយទៅជាមុខរបរទ្រទ្រង់ធំមួយនៃការអភិវឌ្ឍរបស់ប្រទេសចិន ។
      បង្កើនកិច្ចកសាងរបាំងសុវត្ថិភាពសំរាប់ការពារអេកូឡូស៊ី ។
      (៧) ធានានិងកែលំអជីវភាពរស់នៅរបស់ប្រជាជន បង្កើនកិច្ចកសាងក្នុងសង្គម ។ ពិតមែនតែកំណើននៃចំណូលហិរញ្ញវត្ថុបានបន្ធូរបន្ថយល្បឿនខ្លះក្តី ក៏ប៉ុន្តែ រឿងប្រាកដប្រជាសំរាប់បម្រើប្រយោជន៍ប្រជាជនមិនអាចខ្វះបានជាដាច់ខាត ។
      ខិតខំប្រឹងប្រែងពង្រីកឱកាសការងារនិងឱកាសប្រកបអាជីវកម្ម ។ អនុវត្តនយោបាយរកការងារធ្វើកាន់តែសកម្ម លើកទឹកចិត្តឲ្យប្រកបអាជីវកម្មដោយខ្លួនឯង ។ ឆ្នាំនេះ និស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យនឹងមានចំនួនដល់ ៧ លាន ៦ សែន ៥ ម៉ឺននាក់ ដូចនេះត្រូវអនុវត្តផែនការជំរុញការរកការងារធ្វើនិងជំរុញការប្រកបអាជីវកម្មឲ្យល្អ ក៏ដូចជាជំរុញការស្វែងរកមធ្យោបាយច្រើនដើម្បីរកការងារធ្វើនិងប្រកបអាជីវកម្ម ។
      អភិវឌ្ឍការអប់រំដែលមានគុណភាពនិងយុតិ្តធម៌កាន់តែខ្ពស់ ។ ការចំណាយខាងការអប់រំសាធារណៈត្រូវប្រើប្រាស់ឲ្យបានកាន់តែច្រើននៅតំបន់ភាគកណ្តាល ភាគខាងលិច តំបន់ដាច់ស្រយាលនិងតំបន់ក្រីក្រ ។
      សម្របសម្រួលនិងជំរុញកំណែទំរង់ខាងការព្យាបាលរោគ ការធានារ៉ាប់រងខាងព្យាបាលរោគនិងឱសថ ។ ឆ្នាំនេះ ត្រូវសម្រេចការងារធានារ៉ាប់រងខាងការព្យាបាលជំងឺធ្ងន់ដោយគ្រប់ជ្រុងជ្រោយ រដ្ឋាភិបាលនឹងបង្កើនការចំណាយ ដើម្បីជួយបន្ធូរបន្ទុកចំណាយរបស់អ្នកមានជំងឺធ្ងន់។ សម្របសម្រួលរបបធានារ៉ាប់រងខាងការព្យាបាលរោគរបស់ប្រជាជននៅតាមទីក្រុងនិងជនបទ ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជារៀងរាល់ឆ្នាំត្រូវដំឡើងពីក្នុងមនុស្សម្នាក់ៗ៣៨០ យាន់ប្រាក់ចិនដល់ ៤២០ យាន់ប្រាក់ចិន ។ នៅតំបន់និងទីក្រុងចំនួនជាង ៧០ ភាគរយ ធ្វើការសាកល្បងការព្យាបាលរោគតាមលំដាប់ថ្នាក់គឺតាមសភាពជំងឺធម្មតានិងជំងឺធ្ងន់ ជំរុញឲ្យធនធានខាងការព្យាបាលរោគអាចបម្រើការដល់តំបន់ស្រទាប់មូលដ្ឋាននិងជនបទ ។ ដើម្បីសុខភាពរបស់ប្រជាជន ត្រូវពន្លឿនការបង្កើនរបបត្រួតពិនិត្យនិងគ្រប់គ្រងសនិ្តសុខ គ្រឿងឧបភោគបរិភោគនិងឱសថដែលមានភាពពេញលេញ ឯកភាពនិងមានកិត្យានុភាព ត្រូវធ្វើការគ្រប់គ្រងចាប់ពីដីស្រែចំការរហូតដល់តុបាយនិងពីបន្ទប់ស្រាវជ្រារហូតដល់មនី្ទរពេទ្យយ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យប្រជាជនទទួលទានចំណីអាហារដែលប្រកបដោយសុវត្តិភាពនិងមានទំនុកចិត្ត ។
      បង្កើតប្រព័ន្ធធានារ៉ាប់រងក្នុងសង្គមដោយល្អពេលលេញ ។ លើកកម្ពស់ស្តង់ដារប្រាក់សោធននិវត្តន៍ជាមូលដ្ឋានចំពោះបុគ្គលិកចូលនិវត្តន៍ជាបន្តទៀត ។ ធ្វើការសាកល្បងកំណែទំនង់សេវាកម្មខាងផ្នែកជរាភាព ជំរុញឲ្យផ្តល់សេវាកម្មពហុបែបផែនផ្នែកជរាភាពនិងការព្យាបាលរោគរបស់មនុស្សចាស់ ។ ស្តង់ដារនៃការធារាជីវភាពរស់នៅទាបបំផុតនៅទីក្រុងនិងជនបទគិតជាមធ្យមនឹងត្រូវលើកកម្ពស់ពី ៥ ដល់ ៨ ភាគរយ ។
      ជំរុញការអភិវឌ្ឍនិងកំណែទំនង់ខាងវប្បធម៌ ។ យកសុបិនប្រទេសចិននិងសង្គមនិយមមានលក្ខណៈពិសេសរបស់ប្រទេសចិនទៅប្រមូលផ្តុំនូវគំនិតឯកភាពនិងកម្លាំងស្មារតីរួម បណ្តុះបំប៉ននិងអនុវត្តទស្សនៈតម្លៃជាគន្លឹះរបស់សង្គមនិយម ។ ណែនាំឲ្យធនធានវប្បធម៌សាធារណៈទៅបម្រើប្រយោជន៍នៅស្រទាប់មូលដ្ឋាននៅតាមទីក្រុងនិងជនបទ ជំរុញឲ្យមុខរបរវប្បធម៌ទទួលបានការអភិវឌ្ឍដោយភាពច្នៃប្រឌិតថី្ម ។
      បង្កើននិងច្នៃប្រឌិតការគ្រប់គ្រងសង្គម ។ ជំរុញកិច្ចកសាងសហករណ៍នៅតាមទីក្រុងនិងជនបទ ជំរុញការពិគ្រោះប្រឹក្សាគ្នាដោយប្រជាធិបតេយ្យនៅស្រទាប់មូលដ្ឋាន ។ ធ្វើឲ្យប្រព័ន្ធធានារ៉ាប់រងសន្តិសុខតាមបណ្តាញអ៊ីធឺណែតមានភាពកាន់តែល្អពេញលេញ ។ ច្នៃប្រឌិតយន្តការគ្រប់គ្រងសនិ្តសុខសង្គមដោយចំរុះ ជំរុញកិច្ចកសាងប្រព័ន្ធបង្ការនិងគ្រប់គ្រងសនិ្តសុខសង្គមដោយយកព័ត៌មានភាវូបនីយកម្មជាទីពឹងផ្អែក ផ្តន្ទាទោសតាមច្បាប់ចំពោះបទឧក្រិដ្ឋផ្សេងៗ វាយបង្រ្កាបសកម្មភាពភេរវកម្មហិង្សាយ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យប្រជាជនទទួលបានអារម្មណ៍សនិ្តសុខ ។
      (៨) បង្កើនកិច្ចកសាងខាងរដ្ឋបាល លើកកម្ពស់សមត្ថភាពខាងរដ្ឋបាលនិងកម្រិតសេវាកម្ម ។ រដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តគំនិតអភិវឌ្ឍន៍ថី្មដោយស៊ីជំរៅ កសាងរដ្ឋាភិបាលឲ្យទៅជានីតិរដ្ឋ រដ្ឋាភិបាលមានភាពច្នៃប្រឌិត រដ្ឋាភិបាលដ៍ស្អាតស្អំ រដ្ឋាភិបាលបែបបម្រើប្រយោជន៍ពលរដ្ឋ និងរដ្ឋាភិបាលដែលធ្វើឲ្យប្រជាជនពេញចិត្ត ។
      ប្រកាន់ខ្ជាប់ការបំពេញតួនាទីតាមច្បាប់ ធ្វើសកម្មភាពរដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ដោយគ្រប់ជ្រុងជ្រោយ ។ រដ្ឋបាលគ្រប់ជាន់ថ្នាក់និងបុគ្គលិករបស់រដ្ឋបាលត្រូវគោរពតាមរដ្ឋធម្មនុញ្ញនិងច្បាប់យ៉ាងម៉ឺងម៉ាត់ ធ្វើការងារដោយប្រើគំនិតគ្រប់គ្រងតាមច្បាប់និងនីតិវិធីដោយស្វយប្រវត្តិ តួបាទីតាមការកំណត់ក្នុងច្បាប់ចាំបាច់ត្រូវអនុវត្ត ហើយសិទិ្ធដែលច្បាប់មិនបានផ្តល់ឲ្យចាំបាច់មិនត្រូវប្រព្រឹត្តិនោះឡើយ ។
      ប្រកាន់ខ្ជាប់ការបំពេញតួនាទីដោយស្អាតស្អំ ជំរុញការប្រឆាំងអំពើពុករលួយនិងផ្តួចផ្តើមឲ្យមានឥរិយាបថស្អាតស្អំកាន់តែស៊ីជំរៅ ។
      ប្រកាន់ខ្ជាប់ការបំពេញតួនាទីដោយពេញទំហឹង លើកកម្ពស់សមត្ថភាពអនុវត្តនិងទំនុកចិត្ត ។ បុគ្គលិករបស់រដ្ឋាភិបាលត្រូវបង្កើនកិច្ចកសាងខាងឥរិយាបថការងារនិងសមត្ថភាព ដើម្បីកសាងទៅជាក្រុមរដ្ឋការដែលមានគុណភាពខ្ពស់និងមានជំនាញវិជ្ជាជីវៈខ្ពស់ ។
      ធ្វើការងារយ៉ាងប្រាកដប្រជាដើម្បីទទួលបានប្រសិទ្ធភាពលេចធ្លោ ខាងវិស័យចាត់ចែងប្រាក់ទុនសំរាប់កិច្ចកសាង ការបន្ថែមដីធ្លីសំរាប់កិច្ចកសាង ការប្រើប្រាស់ប្រាក់ទុនដែលសេសសល់ពីហិរញ្ញវត្ថុរដ្ឋាភិបាលជាដើម ត្រូវបង្កើនកម្លាំងគាំទ្រនិងផ្តល់រង្វាន់លើកទឹកចិត្ត ។ លើកទឹកចិត្តឲ្យតំបន់នានាធ្វើការងារតាមការពិតជាក់ស្តែង ដើម្បីកកើតទៅជាសភាពការណ៍អភិវឌ្ឍន៍ទន្ទឹមគ្នា ។
      តំណាងគ្រប់រូប!
      ជនជាតិចិនគឺជាមហាគ្រួសារមួយ ការជំរុញឲ្យគ្រប់ជនជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា រួមកម្លាំងជាធ្លុងមួយនិងអភិវឌ្ឍន៍ដោយចុះសម្រុងគ្នា គឺជាផលប្រយោជន៍ជាមូលដ្ឋាននិងកាតព្វកិច្ចរួមគ្នារបស់ប្រជាជនគ្រប់ជនជាតិ ។ ត្រូវប្រកាន់ខ្ជាប់មាគ៌ាត្រឹមត្រូវដែលដោះស្រាយបញ្ហាជនជាតិតាមលក្ខណៈពិសេសរបស់ប្រទេសចិន ជំរុញការកសាងរចនាសម័្ពន្ធសង្គមនិងបរិស្ថានសហគមន៍ដែលមានជនជាតិខុសៗគ្នារួមរស់នៅជាមួយគ្នា ជំរុញគ្រប់ជនជាតិឲ្យធ្វើការប្រាស្រ័យទាក់ទងគ្នា ធ្វើការផ្លាស់ប្តូរជាមួយគ្នា និងរួមបញ្ចូលជាមួយគ្នា ។
      ប្រកាន់ខ្ជាប់ការគ្រប់គ្រងកិច្ចការសាសនាតាមច្បាប់ ជំរុញឲ្យទំនាក់ទំនងខាងសាសនាមានភាពចុះសម្រុងគ្នា ពង្រីកតួនាទីវិជ្ជមានរបស់ឥស្សរជនសាសនានិងប្រជាជនកាន់សាសនាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច ។
      គាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អាណិកជនចិននៅឯនាយសមុទ្រ អាណិកជនចិននិងក្រុមគ្រួសារដែលវិលត្រឡប់មកមាតុភូមិវិញ ក្នុងន័យឲ្យពួកគេដើរតួនាទីសំខាន់និងមានលក្ខណៈពិសេសយ៉ាងពេញលេញ ដើម្បីបង្កើនកម្លាំងប្រមូលផ្តុំរបស់កូនចៅចិននៅឯនាយសមុទ្រជាបន្តបន្ទាប់ ។
      តំណាងគ្រប់រូប!
      ក្នុងឆ្នាំថី្មនេះ ត្រូវបង្កើនកិច្ចកសាងក្នុងកងទ័ពដែលមានភាពបដិវត្តន៍ភាវូបនីយកម្ម ទំនើបកម្មនិងមានស្តង់ដារ ដើម្បីការពារសនិ្តសុខជាតិយ៉ាងដាច់ខាត ។ ប្រកាន់ខ្ជាប់គោលការណ៍ជាមូលដ្ឋាននិងរបបដែលបក្សត្រូវដឹកនាំកងទ័ពជាដាច់ខាត ។ ចាត់ចែងការហ្វឹកហាត់ត្រៀមប្រយុទ្ធជាប្រចាំ បង្កើនការគ្រប់គ្រងនិងការយាមល្បាតតាមព្រំដែនដីគោក សមុទ្រនិងអាកាសយ៉ាងម៉ឺងម៉ាត់ ។
      តំណាងគ្រប់រូប!
      រដ្ឋាភិបាលចិននឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវនូវគោលលំនាំស្វ័យភាពកំរិតខ្ពស់ដែលប្រទេសមួយអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងពីរ ពោលគឺអ្នកហុងកុងគ្រប់គ្រងហុងកុង អ្នកម៉ាកាវគ្រប់គ្រងម៉ាកាវ ធ្វើការងារដោយអនុឡោមតាមរដ្ឋធម្មនុញ្ញនិងច្បាប់មូលដ្ឋានយ៉ាងម៉ឺងម៉ាត់ គាំពារឲ្យហុងកុងនិងម៉ាកាវមានភាពរុងរឿងនិងសិ្ថរភាពជាយូរអង្វែង ។ ខំប្រឹងដោយពេញទំហឹងក្នុងការគាំទ្រប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវនិងរដ្ឋបាលតំបន់ឱ្យអនុវត្តគោលនយោបាយតាមច្បាប់ ។ ជំរុញឲ្យតំបន់ដីគោកធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជំរៅជាមួយហុងកុងនិងម៉ាកាវ ជំរុញឲ្យហុងកុងនិងម៉ាកាវលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់ខ្លួន ។
      រដ្ឋាភិបាលចិននឹងប្រកាន់ខ្ជាប់គោលលំនាំនយោបាយស្តីពីការងារតៃវ៉ាន់តទៅទៀត ប្រកាន់ខ្ជាប់ការចាត់ទុកមតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅឆ្នាំ ១៩៩២ ជាមូលដ្ឋាននយោបាយ ប្រឆាំងជាដាច់ខាតចំពោះសកម្មភាពបំបែកបំបាក់របស់មនុស្សមួយក្តាប់តូចដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ គាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី គាំពារទំនាក់ទំនងនៃត្រើយទាំងសងខាងឲ្យអភិវឌ្ឍដោយសនិ្តភាព និងសមុទ្រតៃវ៉ាន់មានសុខសនិ្តភាព ។ ប្រកាន់ខ្ជាប់គោលគំនិតត្រើយទាំងសងខាងគឺជាគ្រួសារតែមួយ រួមគ្នាជាមួយជនរួមជាតិតៃវ៉ាន់ទទួលរ៉ាប់រងមហាសច្ចភាពនៃជនជាតិ រួមគ្នាចែករំលែកឱកាសអភិវឌ្ឍន៍ និងចាប់ដៃគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់ត្រើយទាំងសងខាង ។
      តំណាងគ្រប់រូប!
      យើងនឹងបន្តលើកជ្រោងទង់សន្តិភាព អភិវឌ្ឍន៍ សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ អនុវត្តទស្សនៈផ្លូវទូតដែលមានលក្ខណៈពិសេសប្រទេសចិន គាំពារអធិបតេយ្យភាព សនិ្តសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ ។ រៀបចំឲ្យបានល្អនូវសនិ្នសីទកំពូលអ្នកដឹកនាំប្រទេសG២០ដែលនឹងបើកធ្វើនៅប្រទេសចិន ជំរុញសេដ្ឋកិច្ចពិភពលោកឲ្យមានកំណើនជាថី្ម ជំរុញឲ្យការគ្រប់គ្រងខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោកមានភាពកាន់តែល្អពេញលេញ ។ បង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសធំៗ បង្កើតទំនាក់ទំនងជាមួយប្រទេសធំៗដែលមានអន្តរកម្មវិជ្ជមាន ធ្វើកិច្ចសហប្រតិបតិ្តការនិងស្វែងរកភាពឈ្នះ-ឈ្នះ ។ ប្រកាន់ខ្ជាប់ទស្សនៈផ្លូវទូតដែលមានភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងចុះសម្រុងគ្នាជាមួយប្រទេសជិតខាង រួមរស់នៅដោយសុខដុមរមនា តភ្ជាប់ជាមួយគ្នានិងរួមបញ្ចូលជាមួយគ្នាជាមួយប្រទេសនៅតាមតំបន់ ។ ធ្វើកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍ឲ្យបានកាន់តែស៊ីជំរៅ ជំរុញការអភិវឌ្ឍរួមជាមួយគ្នា គាំពារសិទិ្ធនិងផលប្រយោជន៍ស្របច្បាប់និងសមហេតុផលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ចូលរួមដោយមានលក្ខណៈស្ថាបនាក្នុងការដោះស្រាយបញ្ហាចំណុចក្តៅនិងមានលក្ខណៈជាសកល ។ ពន្លឿនកិច្ចកសាងសមត្ថភាពការពារផលប្រយោជន៍នៅបរទេស ដើម្បីគាំពារយ៉ាងជាក់លាក់នូវសនិ្តសុខនិងសុវត្តិភាពរបស់ប្រជាពលរដ្ឋចិននិងនីតិបុគ្គល ។ ប្រទេសចិនរីករាយរួមសហការណ៍ជាមួយសហគមន៍អន្តរជាតិ ធ្វើការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីសន្តិភាពនិងបុព្វហេតុអភិវឌ្ឍន៍របស់មនុស្សជាតិ !
      តំណាងគ្រប់រូប!
      មានតែការតស៊ូទើបអាចទទួលបានអនាគតល្អបវរ ។ យើងត្រូវរួមសាមគ្គីគ្នាដោយជិតស្និទ្ធនៅជុំវិញបក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាអគ្គលេខាធិការ ប្រមូលផ្តុំស្មារតីនិងកម្លាំង ខិតខំប្រឹងប្រែងនិងធ្វើការត្រួសត្រាយ ខំប្រឹងសម្រេចភារកិច្ចនិងគោលដៅអភិវឌ្ឍន៍នៃសេដ្ឋកិច្ចសង្គមឆ្នាំនេះ ធានាឲ្យមានកិច្ចចាប់ផ្តើមដ៏ល្អប្រសើរនៃដំណាក់កាលគន្លឹះសំរាប់ការកសាងសង្គមមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ សំដៅរួមចំណែកថី្មដើម្បីកសាងប្រទេសសង្គមនិយមមានភាពទំនើប មានភាពខ្លាំងពូកែ មានប្រជាធិបតេយ្យ ប្រកបដោយអរិយធម៌ ភាពចុះសម្រុងគ្នា សម្រេចសុបិនចិនដែលស្តារឱ្យប្រជាជាតិចិនមានភាពរុងរឿងថ្កុំថ្កើងឡើងវិញ!