របាយការណ៍ការងាររដ្ឋាភិបាល
--របាយការណ៍ការងាររដ្ឋាភិបាលរបស់លោកLi Keqiang នាយករដ្ឋមន្ត្រីចិនក្នុង
មហាសន្និបាតលើកទីបីនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២
ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥
តំណាងប្រជាជនគ្រប់រូប ៖
ពេលនេះ ខ្ញុំសូមតាងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋ ថ្លែងរបាយការណ៍ការងាររដ្ឋាភិបាលជូនអង្គមហាសន្និបាត ដើម្បីធ្វើការពិនិត្យនិងពិគ្រោះពិភាក្សា ព្រមនិងសុំសមាជិកគ្រប់រូបនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសជួយលើកជាមតិយោបល់ ។
ទីមួយ ការរំលឹកឡើងវិញនូវការងារប្រចាំឆ្នាំ ២០១៤
ក្នុងរយៈពេលមួយឆ្នាំដែលបានកន្លងទៅនេះ ការអភិវឌ្ឍន៍របស់ប្រទេសចិន បានប្រឈមនឹងសភាពការណ៍ស្មុគស្មាញនិងតានតឹងទាំងនៅផ្ទៃក្នុងប្រទេសនិងក្រៅប្រទេស ។ ការងើបឡើងវិញផ្នែកសេដ្ឋកិច្ចនៃពិភពលោកទាំងមូលមានភាពលំបាក និងភាពបត់បែន ជាច្រើន ហើយអង្គភាពសេដ្ឋកិច្ចសំខាន់ៗមាននិន្នាការអភិវឌ្ឍន៍ខុសៗគ្នា ។ សេដ្ឋកិច្ចក្នុងប្រទេសមានសម្ពាធធ្លាក់ចុះកាន់តែខ្លាំង ហើយមានភាពលំបាកនិងរងការសាកល្បងច្រើនបែបយ៉ាង ។ នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមានលោកXi Jinping ជាអគ្គលេខាធិការ ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនបានរួមសាមគី្គគ្នា ខំប្រឹងប្រែងដើម្បីពុះពារគ្រប់ឧបសគ្គ បានសម្រេចនូវគោលដៅនិងភារកិច្ចសំខាន់តាមការកំណត់អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំនេះ ការធ្វើកំណែទម្រង់និងបើកចំហឲ្យកាន់តែស៊ីជម្រៅ មានការចាប់ផ្តើមដ៏ល្អប្រសើរ កិច្ចការជំរុញការគ្រប់គ្រងតាមនីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ បានឈានចូលដំណាក់កាលថី្ម កិច្ចកសាងសង្គមនិយមដែលមានជីវភាពធូរធារបង្គួរដោយ គ្រប់ជ្រុងជ្រោយបានបោះជំហានទៅមុខយ៉ាងមុតមាំ ។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ប្រទេសចិនមានភាពនឹងនរជាទូទៅ ហើយក៏មានការរីកចំរើនច្រើនផងដែរ ។ តម្លៃផលិតផលក្នុងស្រុកសរុបមានដល់ទៅ ៦៣,៦លានលានយាន់ប្រាក់ចិន កើនជាងឆ្នាំ២០១៣ចំនួន៧.៤% ពោលគឺស្ថិតនៅជួរមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក។ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទមានចំនួន ១៣លាន ២សែន ២ម៉ឺននាក់ ដែល តួលេខនេះគឺខ្ពស់ជាងឆ្នាំ២០១៣ ។ ដោយឡែកតម្លៃប្រើប្រាស់របស់ប្រជាជនបានកើន ឡើង ២ភាគរយ ។ រចនាសម្ព័ន្ធសេដ្ឋកិច្ចមានការកែលំអជាថី្ម បរិមាណផលិតស្បៀងមានចំនួនជាង ៦ សែនលានគីឡូក្រាម ការកើនឡើងផ្នែកចំណាយត្រូវជា ៥១.២ភាគរយនៃ កំណើនសេដ្ឋកិច្ច កើនជាងរយៈពេលដូចគ្នានៃឆ្នាំ២០១៣ ចំនួន ៣ភាគរយ សមាមាត្រនៃតម្លៃបន្ថែមរបស់មុខរបរសេវាកម្មបានកើនឡើងពី៤៦.៩ភាគរយ ឡើងដល់ ៤៨.២ភាគរយ មុខរបរថី្ម អាជីវកម្មថី្មនិងរូបមន្តពាណិជ្ជកម្មថី្មបានលេចចេញឥតឈប់ឈរ ។ ល្បឿនកំណើនសេដ្ឋកិច្ចនៃតំបន់ភាគកណ្តាល និងភាគខាងលិចលឿនជាងតំបន់ភាគខាងកើត ។ ចំណូលថវិកាសាធារណៈធម្មតាបានកើនឡើង៨.៦% សមាមាត្រនៃប្រាក់ចំណាយខាងការស្រាវជ្រាវនិងការធ្វើពិសោធន៍បានលើសពី ២% នៃតម្លៃផលិតផលក្នុងស្រុកសរុប កម្រិតចំណាយថាមពលបានថយចុះ ៤.៨ភាគរយ នេះគឺជាការថយចុះច្រើនជាងគេក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ។ ប្រាក់ចំណូលដែលអាចចាត់ចែងបានរបស់ប្រជាជនទូទាំងប្រទេសគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនជាង ៨ភាគរយ ខ្ពស់ជាងកម្រិតកំណើនសេដ្ឋកិច្ច ប្រាក់ចំណូលដែលអាចចាត់ចែងបានរបស់ប្រជាកសិករគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើង ៩.២ភាគរយ ច្រើនជាងកម្រិតកើនឡើងនៃប្រាក់ចំណូលរបស់អ្នកក្រុង ចំនួនបណ្តាជនក្រីក្រនៅជនបទបានកាត់បន្ថយ ១២ លាន ៣សែន ២ម៉ឺននាក់ មានបណ្តាជននៅជនបទចំនួនជាង ៦៦លាននាក់ បានដោះស្រាយបញ្ហាសុវត្ថិភាពទឹកស្អាត ឯអ្នកធ្វើទេសចរណ៍នៅបរទេសមានចំនួនលើសពី១រយលាននាក់ ។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ភាពលំបាកនិងការសាកល្បងដែលប្រទេសចិន កំពុងប្រឈមមានច្រើនជាងការប្រមាណទុក ។ ប៉ុន្តែយើងបានពុះពារនឹងការលំបាក បានធ្វើការងារមានជាអាទិ៍ ៖
១. ធ្វើការកែសម្រួលនិងគ្រប់គ្រងដោយមានទិសដៅនៅលើមូលដ្ឋាននៃការធ្វើការកែសម្រួលនិងគ្រប់គ្រងក្នុងចន្លោះដ៏សមរម្យ រក្សាកំណើនសេដ្ឋកិច្ចឱ្យមានការកើនឡើងដោយនឹងនរ ។ ប្រឈមមុខនឹងសម្ពាធដែលសេដ្ឋកិច្ចកាន់តែថយចុះ យើងត្រូវរក្សាការអនុវត្តយុទ្ធសាស្រ្ត និងធ្វើឲ្យនយោបាយម៉ាក្រូសេដ្ឋកិច្ចមានភាពនឹងនរ មិនចាត់វិធានការរំញោចខ្លាំងក្នុងរយៈពេលខ្លី បន្តច្នៃប្រឌិតថ្មីអំពីគំនិតនិងរូបភាពខាងការគ្រប់គ្រងម៉ាក្រូ សេដ្ឋកិច្ច អនុវត្តការកែសម្រួលនិងគ្រប់គ្រងដោយមានទិសដៅ រំញោចកម្លាំងរស់រវើក បំពេញបន្ថែមចំណុចខ្វះខាត ព្រមនិងបង្កើនកម្លាំងជាក់ស្តែង ។
អនុវត្តដ៏មានប្រសិទ្ធភាពនូវនយោបាយហិរញ្ញវត្ថុមានភាពសកម្ម និងនយោបាយរូបិយវត្ថុមានភាពនឹងនរ ។ អនុវត្តការកាត់បន្ថយពន្ធដារមានកំណត់និងមានលក្ខណៈទូទៅ ក្នុងន័យជំរុញឲ្យសហគ្រាសធុនតូចទទួលបានការអនុគ្រោះកាន់តែច្រើនក្នុងការយកព័ន្ធ ។បង្កើនល្បឿនប្រើប្រាស់ហិរញ្ញវត្ថុ ប្រើប្រាក់ទុនដែលបានតម្កល់ទុកយ៉ាងសកម្ម ប្រើនយោបាយរូបិយវត្ថុយ៉ាងរស់រវើក បង្កើនការគាំទ្រដល់ការអភិវឌ្ឍចំណុចទន់ខ្សោយខាងវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច ។
២. ធ្វើការកែទំរង់និងបើកចំហកាន់តែស៊ីជំរៅ និងរំញោចកម្លាំងរស់រវើកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច ។
ជំរុញការកែទំរង់ក្នុងចំណុចសំខាន់ៗយ៉ាងប្រាកដប្រជា កំណត់និងអនុវត្តគំរោងជាទូទៅសំរាប់ធ្វើការកែទំរង់ខាងរបបហិរញ្ញវត្ថុនិងពន្ធដារយ៉ាងស៊ីជំរៅ ការកែទំរង់ខាងរបបគ្រង់គ្រងថវិកានិងរបបពន្ធដារទទួលបានការរីកចំរើនដ៏សំខាន់ ការគ្រប់គ្រងចំពោះប្រាក់បំណុលដែលមានលក្ខណៈរដ្ឋបាលតំបន់ទទួលបានបន្ថែម ។ ភាពខុសគ្នារវាងអត្រាការប្រាក់នៃប្រាក់បញ្ញើនៅធនាគារនិងអត្រាប្តូរប្រាក់មានគម្លាតធំជាងកាលពីមុន ការងារសាក ល្បងនៃធនាគារមិនមែនកម្មសិទិ្ធរដ្ឋបានបោះជំហានថី្ម ។ ការលក់ដូរភាគហ៊ុននៅទីផ្សារមូលប័ត្រក្រុងសៀងហៃនិងក្រុងហុងកុងបានចាប់ផ្តើមធ្វើការងារសាកល្បង ។ បង្កើនល្បឿនធ្វើការកែទំរង់ខាងតម្លៃថាមពល គមនាគមន៍ ការពារបរិស្ថាន និងទូរគមនាគមន៍ជាដើម ។ ចាប់ផ្តើមធ្វើការកែទំរង់ខាងការគ្រង់គ្រងប្រាក់ទុនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា កិច្ចការប្រឡងផ្នែកទទួលសិស្សចូលរៀននិងកិច្ចការចុះបញ្ជីអត្រារុកុលដ្ឋានព្រមទាំងរបបធានារ៉ាប់រងចំពោះបុគ្គលិកចូលនិវត្តន៍របស់អង្គភាពរដ្ឋបាលជាដើម ។
បន្តកាត់បន្ថយស្ថាប័នរដ្ឋបាល ផ្តល់សិទ្ធិគ្រប់គ្រងការប្រកបអាជីវកម្មទៅឲ្យស្រទាប់មូលដ្ឋាន ចាត់ទុកការកាត់បន្ថយការគ្រង់គ្រងនិងការផ្តល់សិទិ្ធជាការងារសំខាន់ក្នុងការងារកំណែទំរង់។នៅឆ្នាំនេះ ក្រុមប្រឹក្សាកិច្ចការរដ្ឋនឹងលុបចោលនិងផ្តល់សិទិ្ធពិនិត្យនិងឲ្យសច្ចាប័នចំពោះកិច្ចការរដ្ឋបាលចំនួន ២៤៦ចំណុច។ ខំប្រឹងប្រែងធើ្វការកែទំរង់របបកិច្ចការពាណិជ្ជកម្ម អង្គភាពចូលផ្សារហ៊ុនដែលបានចុះបញ្ជីថី្មមានចំនួន ១២លាន ៩សែន ៣ម៉ឺន ក្នុងនោះចំនួនសហគ្រាសដែលបានចុះបញ្ជីថី្មបានកើត ៤៥.៩ភាគរយ ដែលបានកកើតទៅជាសភាពគារណ៍ប្រកបអាជីវកម្មយ៉ាងសកម្ម ។ ពិតមែនតែល្បឿនកំណើនសេដ្ឋកិច្ចបានថយចុះ ប៉ុន្តែឱកាសការងារបែរជាបានកើនឡើង នេះបានបង្ហាញឲ្យឃើញនូវកម្លាំងដ៏ក្លៀវក្លារនៃការកែទំរង់និងសក្តានុពលរបស់ទីផ្សារ ។
ការបើកចំហបានជំរុញដល់ការកែទំរង់និងការអភិវឌ្ឍន៍ ។ ពង្រីកក្របខ័ណ្ឌនៃតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីក្រុងសៀងហៃ ហើយនឹងអនុម័តឲ្យបង្កើតតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីថី្មនៅខែត្រក្វាំងតុង ក្រុងធានជីង និងខែត្រហ្វូជាន ។ រក្សាលំនឹងនៃការនាំចេញ និងបង្កើនការនាំចូល ។ ការប្រើប្រាស់ជាក់ស្តែងផ្នែកប្រាក់ទុនដែលពាណិជ្ជករបរទេសបានបណ្តាក់ទុនដោយផ្ទាល់មានចំនួន ១សែន ១ម៉ឺន ៩ពាន់ ៦រយលានដុល្លារអាមេរិក ឈរនៅលំដាប់ទីមួយនៅលើពិភពលោក ។ ការបណ្តាក់ទុននៅបរទេសដោយផ្ទាល់មានចំនួន ១សែន ២ពាន់ ៩រយលានដុល្លារអាមេរិក ទំហំវិនិយោគនេះប្រហាក់ប្រហែលគ្នានឹងទំហំប្រាក់បណ្តាក់ទុនបរទេស ។ តំបន់ពាណិជ្ជកម្មសេរីរវាងចិននិងប្រទេសអ៊ីស្លង់(Iceland) និងប្រទេសសី្វសបានចាប់ផ្តើមដំណើរការ តំបន់ពាណិជ្ជកម្មសេរីរវាងចិននិងកូរ៉េខាងត្បូងចិននិងអូស្រ្តាលីបានសំរេចការចរចាដែលមានលក្ខណៈជាក់ស្តែង ។ កិច្ចសហប្រតិបតិ្តការជាមួយក្រៅប្រទេសលើវិស័យផ្លូវដែក អគ្គិសនី ប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ និងទូរគមនាគមន៍ជាដើមបានទទួលលទ្ធផលសំខាន់ៗជាច្រើន ។
៣. បង្កើនកម្លាំងកែសម្រួលរចនាសម័្ពន្ធ បង្កើនកម្លាំងអភិវឌ្ឍន៍នៅពេលអនាគត ។
ពង្រឹងមូលដ្ឋានផ្នែកវិស័យកសិកម្មជាបន្តបន្ទាប់ ។ បង្កើនកម្លាំងផ្នែកគោលនយោបាយអនុគ្រោះដល់វិស័យកសិកម្មនិងធ្វើឲ្យប្រជាកសិករទទួលបានចំណូលកាន់តែច្រើន ។ផលិតភាពចំរុះក្នុងវិស័យកសិកម្មបានត្រូវលើកកំពស់ជាបណ្តើរៗ កំរិតវិទ្យាសាស្រ្តបច្ចេកទេសនិងយន្តូបនីយកម្មខាងកសិកម្មបានត្រូវលើកកំពស់ជាបន្តបន្ទាប់ កិច្ចកសាងសំណង់ធារាសាស្រ្តធំនិងសំខាន់បានបង្កើនល្បឿនអាចស្រោចស្រពលើផ្ទៃដីទំហំ២លាន២សែន៣ម៉ឺនហិកតា ផ្លូវថ្នល់នៅជនបទដែលកសាងថី្មមានប្រវែង ២៣ម៉ឺនគីឡូម៉ែត្រ ។
ខំប្រឹងប្រែងកែសម្រួលរចនាសម័្ពន្ធមុខរបរ ។ជំរុញមុខរបរសេវាកម្មឲ្យមានការរីកចំរើន គាំទ្រការអភិវឌ្ឍន៍នៃមុខរបរថី្មដែលមានលក្ខណៈយុទ្ធសាស្ត្រ ដូចជាបណ្តាញអ៊ីនធឺណែតចល័ត ការផលិតបរិក្ខារជឿនលឿននិងរថយន្តប្រើថាមពលថី្មជាដើម ហិរញ្ញវត្ថុតាមបណ្តាញអ៊ីនធឺណែតមានភាពលេចធ្លោ មុខរបរថី្មដូចជាពាណិជ្ជកម្មអេឡិចត្រូនិចនិងចរាចរទំនិញជាដើមបានរីកចំរើនយ៉ាងឆាប់រហ័ស មុខរបរខាងវប្បធម៌ច្នៃប្រឌិតទទួលបានការរីកចំរើនជាអតិបរមា ។ ព្រមជាមួយគ្នានេះ មុខរបរដែលមានផលិតភាពសេសសល់ច្រើននិងត្រូវលុបបំបាត់ជាបណ្តើរៗចំនួន ១៥ ដូចជាមុខរបរដែកថែប និងស៊ីម៉ង់ត៍ជាដើម ភារកិច្ចលុបបំបាត់ប្រចាំឆ្នាំនេះក៏បានសំរេចតាមការកំណត់ហើយ ។ បង្កើនការគ្រប់គ្រង់ផ្សែងអ័ព្ទ ការងារឈប់ប្រើប្រាស់រថយន្តចាស់ៗបានសំរេចលើសពីការកំណត់ ។
ជំរុញកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធនិងធ្វើឲ្យតំបន់នានាអភិវឌ្ឍន៍ដោយមានភាពស៊ីសង្វាក់គ្នា ។ ក្រុងប៉េកាំង ក្រុងធានជីង និងខែត្រហឺប៉ីមានការអភិវឌ្ឍន៍ទន្ទឹមគ្នា កិច្ចកសាងខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ យ៉ាងសេទទួលបានការរីកចំរើនយ៉ាងសំខាន់ ។ ផ្លូវដែកដែលបានកសាងថី្មមានប្រវែង ៨៤២៧គីឡូម៉ែត្រ ផ្លូវដែកល្បឿនលឿនមានប្រវែង ១ម៉ឺន ៦ពាន់គីឡូវម៉ែត្រ ត្រូវជា ៦០ភាគរយនៃប្រវែងផ្លូវដែកល្បឿនលឿននៅលើពិភពលោក ។ ផ្លូវថ្នល់ល្បឿនលឿនមានប្រវែង ១សែន ១ម៉ឺន ២ពាន់គីឡូវម៉ែត្រ កិច្ចកសាងផ្លូវទឹក ផ្លូវអាកាស និងបំពង់បង្ហូរប្រេងនិងឧស្ម័នបានកើតឡើងថែមទៀត ។ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតកំរិតខ្ពស់មានលើសពី ៧រយ ៨០លានគ្រួសារ ។ ឆ្លងតាមការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ វិស្វកម្មរយៈកាលទីមួយនៅកំណាត់កណ្តាលនៃគម្រោងបង្ហូរទឹកពីភាគខាងត្បូងមកតំបន់ភាគខាងជើងបានចាប់ដំណើរការជាផ្លូវការ បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនរាប់រយលាននាក់នៅតាមបណ្តោយទន្លេនេះ ។
អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយច្នៃប្រឌិតថី្ម ។ កម្មវិធីស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនិងបច្ចេកទេសធំនិងសំខាន់ដូចជាការស្រាវជ្រាវខាងកុំព្យូទ័រជឿនលឿនបំផុត កម្មវិធីស្ទង់ពិនិត្យភាពព្រះចន្ទ និងការប្រើប្រាស់តារាវិទ្យាសាស្ត្រជាដើមទទួលបានការវាយទម្លុះថី្ម យន្តហោះដឹកអ្នកដំណើរមានកៅអីតិចជាង១០០កន្លែងដែលប្រទេសចិនស្រាវជ្រាវនិងផលិតដោយខ្លួនឯងបានហោះហើរឡើងដោយជោគជ័យ ។
៤. ធ្វើឲ្យបណ្តាញធានាជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានលក្ខណៈពេញលេញ បង្កើនផលប្រយោជន៍សម្រាប់ប្រជាជន ។ រដ្ឋាភិបាលចិនប្រកាន់ខ្ជាប់កាតចាត់ទុកមនុស្សជាសំខាន់បំផុត បន្តបណ្តាក់ប្រាក់ទុនសំរាប់កែលំអកំរិតជីវភាពរស់នៅរបស់ប្រជាជន ។ ថវិកាដែលប្រើក្នុងវិស័យនេះបានលើសពី ៧០ភាគរយផ្នែកថវិកាហិរញ្ញវត្ថុទាំងមូល ។
បន្ថែមឱកាសការងារនិងបង្កើនការធានាក្នុងសង្គម ។ ធ្វើឲ្យនយោបាយបន្ថែមឱកាសការងារកាន់តែមានលក្ខណៈពេញលេញ ដាក់ចេញនូវគំរោងណែនាំការប្រកបអាជីវកម្ម ។ ធ្វើឲ្យរបបធានារ៉ាប់រងផ្នែកជរាភាពនៅតាមទីក្រុងនិងជនបទមានភាពដូចគ្នា សោធននិវត្តន៍ជាមូលដ្ឋានរបស់បុគ្គលិកសហគ្រាសដែលចូលនិវត្តន៍បានកើនឡើង ១០% ។សំណង់លំនៅដ្ឋានថ្មីដែលមានលក្ខណៈធានាមានចំនួន ៧លាន ៤សែនខ្នង ហើយបានសម្រេចជាមូលដ្ឋានចំនួន ៥លាន ១សែន ១ម៉ឺន សម្រាប់បង្កើតដោយគ្រប់ជ្រុងជ្រោយនូវរបបជួយសង្រ្គោះជាបណ្តោះអាសន្ន កម្រិតធានាជីវភាពរស់នៅទាបបំផុតនៅតាមទីក្រុងនិងជនបទបានកើនឡើង៩.៩៧% និង ១៤.១%ដោយឡែកពីគ្នា ។
បន្តជំរុញសមភាពនៃការទទួលបានការអប់រំ ។ បង្កើនការកសាងសាលារៀនដែលមានភាពអន់ថយផ្នែកការអប់រំជាកាតព្វកិច្ចនៅតំបន់ក្រីក្រ លើកកំពស់កំរិតជួយឧបត្ថម្ភដល់សិស្ស-និស្សិតដែលមកពីគ្រួសារមានភាពក្រលំបាក ហើយនិងលើកកំពស់ស្តង់ដារផ្តល់ឥណទានជាតិសំរាប់ការសិក្សា ។ ឆ្លងតាមការខិតខំប្រឹងប្រែង សមាមាត្រនៃបរិមាណចំណាយខាងអប់រំដែលមានលក្ខណៈហិរញ្ញវត្ថុទូទាំងប្រទេស បានលើសពី៤ភាគរយនៃ តម្លៃផលិតផលក្នុងស្រុកសរុប។
ជំរុញកំណែទំរង់ខាងប្រព័ន្ធឱសថនិងសុខាភិបាលឱ្យមានភាពកាន់តែស៊ីជំរៅ ។ ពង្រីកកន្លែងសាកល្បងផ្នែកការធានារ៉ាប់រងខាងការព្យាបាលជំងឺធ្ងន់របស់ប្រជាជននៅទី ក្រុងនិងជនបទឱ្យទៅដល់គ្រប់ខេត្តក្រុងទាំងអស់នៅទូទាំងប្រទេស គឺបានបង្កើតជាមូលដ្ឋានសម្រាប់របបជួយសង្រ្គោះជំងឺធ្ងន់ជាបន្ទាន់ ការធានារ៉ាប់រងខាងការព្យាបាលជំងឺបានលើសពី៩៥ភាគរយ។
សកម្មអភិវឌ្ឍន៍បុព្វហេតុវប្បធម៌និងឧស្សាហកម្មវប្បធម៌ ។ ជំរុញការកសាងកម្មវិធីវប្បធម៌ដែលធំនិងសំខាន់ដែលមានផលប្រយោជន៍ដល់ប្រជាជន កម្មវិធីភូមិនីមួយៗសុទ្ធតែអាចទស្សនាកម្មវិធីទូរទស្សន៍ និងស្តាប់វិទ្យុវិវឌ្ឍន៍ ទៅជាផ្ទះនីមួយៗមានទូរទស្សន៍និងវិទ្យុប្រើប្រាស់ ។
៥. ច្នៃប្រឌិតថី្មនូវរូបភាពគ្រប់គ្រងសង្គមដើម្បីជំរុញស្ថិរភាពនិងភាពសុខដុមរមនា ។ យើងបានទប់ទល់ដោយសមរម្យចំពោះគ្រោះមហន្តរាយធម្មជាតិ និងព្រឹតិ្តការណ៍ដែលស្រាប់តែកើតមានជាយថាហេតុ បានធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាជននិងបានរក្សាសណ្តាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ ។
នៅឆ្នាំទៅ តំបន់Lu Dian និង Jing Gu នៃខេត្តYun Nan ជាដើមបានកើតមានគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ យើងបានធ្វើការងារទប់ទល់និងជួយសង្គ្រោះជាបន្ទាន់និងមានប្រសិទ្ធភាព ហើយការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ក៍បានដំណើរការយ៉ាងល្អប្រសើរដែរ ។ ប្រទេសចិនបានសកម្មជួយឧបត្ថម្ភដល់ប្រទេសនៅទ្វីបអាហ្រ្វិកដើម្បីទប់ទល់នឹងជំងឺអេបូឡាហើយបានបង្ការកុំឲ្យមេរោគអេបូឡារាតត្បាតចូលក្នុងប្រទេសចិន ។ បង្កើនការបង្កើតផលប្រកបដោយសុវត្ថិភាព ចំនួនកើតមានឧប្បត្តិហេតុធម្មតា ចំនួនកើតមានឧប្បតិ្តហេតុធ្ងន់ធ្ងរ និងចំនួនឧប្បតិ្តហេតុដែលកើតមានក្នុងមុខរបរសំខាន់បានថយចុះ ។ សភាពការណ៍សុវត្ថិភាពផ្នែកគ្រឿងឧបភោគបរិភោគនិងឱសថមានភាពនឹងនរជាទូទៅ ។
យើងបានជំរុញការធ្វើកិច្ចការរដ្ឋបាលតាមច្បាប់ និងធ្វើឲ្យកិច្ចការរដ្ឋបាលមានភាពកាន់តែបើកចំហ ការសំរេចចិត្តនិងគោលនយោបាយធំនិងសំខាន់របស់រដ្ឋាភិបាលនឹងសុំមតិយោបល់ពីសង្គមតាមវិធីគ្រប់បែបយ៉ាង ។
យើងបានបង្កើនកម្លាំងធ្វើការងារអធិការកិច្ចនិងធ្វើសវនកម្ម ជំរុញកិច្ចកសាងឥរិយាបទកាងារស្អាតស្អំក្នុងបក្សនិងប្រឆាំងអំពើពុករលួយ ហើយបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះអំពើខុសច្បាប់និងការល្មើសនឹងច្បាប់វិន័យ ។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ កាងារផ្លូវទូតរបស់ប្រទេសចិនទទួលបានសមិទ្ធផលជាច្រើន ។ អ្នកដឹកនាំប្រទេសចិន មានលោក Xi Jinping ជាដើមបានបំពេញទស្សនកិច្ចនៅប្រទេសជាច្រើន បានចូលរួមសនិ្នសីទកំពូលអ្នកដឹកនាំប្រទេស G២០ កិច្ចជំនួបអ្នកដឹកនាំប្រទេសBrics និងសន្និសីទកំពូលអង្គការសហប្រតិបត្តិការសៀងហៃជាដើម ។ ប្រទេសចិនបានរៀបចំដោយជោគជ័យនូវសនិ្នសីទក្រៅផ្លូវការលើកទី២២ នៃអ្នកដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កិច្ចប្រជុំកំពូលលើកទី៤នៃសនិ្នសីទ ការ កសាងទំនុកចិត្តនៅអាស៊ី និងវេទិកាអាស៊ី Bo Ao ។ យើងបានជំរុញកិច្ចកសាងតំបន់ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រលើសមុទ្រប្រចាំសតវត្សរ៍ទី២១ ។ យើងមានការប្រាស្រ័យទាក់ទងគ្នានិងកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធជាមួយប្រទេសនានា ។
តំណាងប្រជាជនគ្រប់រូប!
សមិទ្ធផលក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺជាសមិទ្ធផលដែលបានមកពីការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់មជ្ឈិមបក្សដែលមានលោក Xi Jinping ជាអគ្គ លេខាធិការបក្សបានគ្រប់គ្រងជាទូទៅ និងបានធ្វើការសំរេចចិត្តដោយវិទ្យាសាស្ត្រ គឺជាសមិទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែងរួមគ្នារបស់បក្សទាំងមូល និងប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេស ។ ខ្ញុំសូមតាងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សូមថ្លែងអំណរ គុណយ៉ាងស្មោះចំពោះប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេស បក្សប្រជាធិបតេយ្យនានា សមាគមប្រជាជននានានិងឥស្សជនគ្រប់មជ្ឈដ្ឋាន ។ សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះបងប្អូនជនរួមជាតិតំបន់រដ្ឋបាលពិសេសហុងកុង បងប្អូនជនរួមជាតិតំបន់រដ្ឋបាល ពិសេសម៉ាកាវ បងប្អូនជនរួមជាតិតំបន់តៃវ៉ាន់ និងអណិកជនចិននៅក្រៅប្រទេស ។ សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះរដ្ឋាភិបាលនៃប្រទេសនានា អង្គការអន្តរជាតិនិងមិត្តភក្តិ ប្រទេសនានាដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់បុព្វហេតុកសាងប្រទេសចិនបែបទំនើបភាវូបនីយកម្ម ។
យើងមិនត្រូវមើលឃើញតែស្នាដៃរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវសម្លឹងមើលពីការលំបាកនិងការសាកល្បងក្នុងដំណើរអនុវត្តផងដែរ ។ កំណើននៃការវិនិយោគទុននៅខ្វះកម្លាំងរស់រវើក បានធ្វើឲ្យចំណុចនៃការចំណាយថ្មីក៏មិនច្រើនដែរ ហើយទីផ្សារអន្តរជាតិ មិនទាន់ទទួលបានការកែលម្អ ការរក្សាកំណើនដោយនឹងនរមានភាពកាន់តែលំបាកលំបិន ក្នុងវិស័យមួយចំនួននៅតែស្ថិតក្នុងស្ថានភាពដែលមានហានិភ័យដដែល ។ តម្លៃនៃផលិតផលឧស្សាហកម្មបានធ្លាក់ចុះជាបន្តបន្ទាប់ ដើមទុននៃកត្តាបង្កើតផលកើនឡើង លេចចេញនូវបញ្ហាដែលសហគ្រាសធុនតូច និងមីក្រូមានភាពលំបាកក្នុងការរួមបញ្ចូលទុនហើយសហគ្រាសមួយចំនួនក៏មានភាពលំបាកក្នុងការប្រកបអាជីវកម្មទៀតផង ។ បែបផែន នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅតែមិនទាន់មានភាពលម្អិត សមត្ថភាពច្នៃប្រឌិតមិនគ្រប់គ្រាន់ បញ្ហាសេសសល់នៃកម្លាំងថាមពលលេចធ្លោ មូលដ្ឋានកសិកម្មអន់ខ្សោយ ។ មហាជននៅមិនទាន់ពេញចិត្តចំពោះវិស័យសុខាភិបាលព្យាបាល ប្រាក់ឧបត្ថម្ភពេលជរា ផ្ទះសម្បែង ចរាចរណ៍ អប់រំ ការចាត់ចែងចំណូល សុវត្ថិភាពគ្រឿងឧបភោគបរិភោគ និងសន្តិសុខក្នុងសង្គមជាដើម ។ តំបន់មួយចំនួននៅមានបញ្ហាបំពុលបរិស្ថានយ៉ាងខ្លាំង ព្រមនិងកើតមានឧប្បត្តិហេតុផ្នែកសន្តិសុខដែលធំនិងសំខាន់មួយចំនួនទៀតផង ។ ការងាររដ្ឋាភិបាលមួយ ចំនួននៅមានកង្វះខាត វិធានការនិងគោលនយោបាយមួយចំនួនពុំអាចអនុវត្តឱ្យបានល្អមានមន្រ្តីមួយចំនួនមិនបានអនុវត្តតាមមុខងាររបស់ខ្លួនឲ្យបានល្អ ។ យើងត្រូវតែទៅប្រឈម នឹងបញ្ហាដោយផ្ទាល់ ពេលសុខសាន្តមិនភ្លេចពេលមានទុក្ខ ហ៊ានទទួលខុសត្រូវ មិនធ្វើឲ្យប្រជាជនខកចិត្ត ។
ពីរ- ការចាត់ចែងការងារទូទៅក្នុងឆ្នាំ ២០១៥
ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក បាននិងកំពុងស្ថិតនៅ ក្នុងរយៈពេលយូរនៃដំណាក់កាលដំបូងនៃរបបសង្គមនិយម ។ ការអភិវឌ្ឍគឺជាគោល នយោបាយជាតិដែលមិនអាចកែប្រែបានទេ ហើយក៏ជាមូលដ្ឋាននិងគន្លឹះសម្រាប់ដោះស្រាយបញ្ហាទាំងអស់ផងដែរ ។ ស្របពេលជាមួយគ្នានេះ ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនបានឈានចូលដំណាក់កាលមានប្រក្រតីភាពថ្មី គុណវិបត្តិខាងរបបនិងយន្តការរួមនិងបដិវាទមានលក្ខណៈរចនាសម្ព័ន្ធជាឧបសគ្គធំ ប្រសិនបើមិនធ្វើកំណែទម្រង់និងការកែសម្រួលរចនាសម្ព័ន្ធទេ នោះក៏ពិបាកសម្រេចការអភិវឌ្ឍន៍ដោយមានភាពនឹងនរនិងស្អាតស្អំដែរ ។ យើងចាំបាច់ត្រូវតែប្រកាន់ខ្ជាប់ដោយមិនងាករេនូវការចាត់ទុកការកសាងសេដ្ឋកិច្ចជាស្នូល ចាំបាច់ត្រូវតែធ្វើដោយមិនងាករេនូវការជំរុញការអភិវឌ្ឍដោយវិទ្យាសាស្រ្តដែលពឹងផ្អែកទៅលើកំណែទម្រង់ ពន្លឿនការផ្លាស់របៀបអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រេចការអភិវឌ្ឍដោយមានប្រសិទ្ធភាព មានគុណភាព និងមាននិរន្តរភាព ។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងការកែសម្រួលដ៏ស៊ីជម្រៅ ។ សេដ្ឋកិច្ចប្រទេសចិនមានសម្ពាធកាន់តែខ្លាំងឡើងៗ បដិវាទនៃស្រទាប់មធ្យមនិងជ្រៅក្នុងការអភិវឌ្ឍន៍មានភាពកាន់តែលេចធ្លោ បញ្ហាដែលយើងប្រឈមក្នុងឆ្នាំនេះមានលទ្ធភាពនឹងខ្លាំងជាងឆ្នាំមុន ។ ព្រមពេលជាមួយគ្នានេះ ការអភិវឌ្ឍន៍របស់ប្រទេសយើងនៅតែស្ថិតក្នុងដំណាក់កាលដែលមានឧត្តមានុភាពនៃយុទ្ធសាស្រ្តដ៏សំខាន់ មានសក្តានុពលដ៏ធំសម្បើម។ ឧស្សាហភាវូបនីយកម្មបែបថ្មី ព័ត៌មានភាវូបនីយកម្ម នគរូបនីយកម្ម ទំនើបភាវូបនីយកម្មខាងកសិកម្មកំពុងដំណើរដោយមានចីរភាព មូលដ្ឋាននៃការអភិវឌ្ឍន៍មានភាពកាន់តែរឹងមាំ កំណែទម្រង់កំពុងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ ការគ្រប់គ្រងដោយម៉ាក្រូបានប្រមូលផ្ដុំនូវបទពិសោធន៍ដ៏សម្បូរបែប ។ យើងចាំបាច់ត្រូវតែបង្កើនមនសិការអំពីការគិតគូរដល់គ្រោះថ្នាក់និងហានិភ័យ ប្រកាន់នូវទស្សនៈដែលមុខជាអាចទទួលបានភាពជោគជ័យក្តាប់ជាប់នូវសិទ្ធិម្ចាស់ការក្នុងការអភិវឌ្ឍន៍ ។
ឆ្នាំថ្មីជាឆ្នាំគន្លឹះនៃការធ្វើកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ជាឆ្នាំចាប់ផ្តើមនៃការជំរុញការគ្រប់គ្រងតាមនីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាឆ្នាំសំខាន់នៃការលំនឹងកំណើនសេដ្ឋកិច្ចនិងកែសម្រួលរចនាសម្ព័ន្ធផងដែរ ។ សំណូមពរជាទូទៅនៃការងាររដ្ឋាភិបាលគឺ សម្របនិងណែនាំដោយម្ចាស់ការនូវសភាពថ្មីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកាន់ខ្ជាប់នូវទិសដៅទូទៅនៃការងារ រក្សាការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយសមរម្យ ផ្តោតសំខាន់លើការលើកកម្ពស់គុណភាពនិងប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ចាត់ទុកការផ្លាស់ប្តូរបែបផែនអភិវឌ្ឍសេដ្ឋកិច្ចនិងកែសម្រួលរចនាសម្ព័ន្ធជាចំណុចកាន់តែសំខាន់ ផ្តោតសំខាន់លើការកែទម្រង់និងពុះពារឧបសគ្គ យកចិត្តទុកដាក់លើការច្នៃប្រឌិតថ្មី ពង្រឹងកិច្ចការបង្ការហានិភ័យ បង្កើនការធានាដល់ជីវភាពរបស់ប្រជាជន ចាត់ចែងឲ្យល្អនូវទំនាក់ទំនងរវាងការកែទម្រង់និងការអភិវឌ្ឍន៍ ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងសេដ្ឋកិច្ចសង្គមនិយម ការកសាងផ្នែកនយោបាយ ការកសាងផ្នែកវប្បធម៌ ការកសាងសង្គម ការកសាងអរិយធម៌អេកូឡូស៊ី ជំរុញឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខដោយមានភាពនឹងនរនិងស្អាតស្អំ និងធ្វើឲ្យសង្គមមានភាពចុះសម្រុងនិងមានស្ថិរភាព ។
យើងត្រូវតែក្តាប់ជាប់នូវសំណូមពរទូទៅឱ្យបានល្អប្រសើរ ផ្តោតសំខាន់លើគោលដៅទាំងពីរស្តីពីការរក្សាកំណើនដោយល្បឿនមធ្យមនិងខ្ពស់ ព្រមនិងឆ្ពោះទៅកាន់កម្រិតមធ្យមនិងខ្ពស់ ប្រកាន់ខ្ជាប់នូវការអនុវត្តលំនឹងគោលនយោបាយនិងការព្យាករណ៍ និងការជំរុញកំណែទម្រង់និងកែសម្រួលរចនាសម្ព័ន្ធ បង្កើនផលិតផលដែលមានភាពច្នៃប្រឌិតដោយមហាជន និងបង្កើនផលិតផលសាធារណការ "មូទ័រទាំងពីរ" នៃសេវាកម្មសាធារណៈ ជំរុញការកែសម្រួលល្បឿនអភិវឌ្ឍន៍តែមិនកាត់បន្ថយភាពរីកចម្រើន បង្កើនបរិមាណនិងលើកកម្ពស់គុណភាពផង សម្រេចការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃសេដ្ឋកិច្ចចិនផង ។
គោលដៅតាមការព្យាករណ៍ដ៏សំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចក្នុងឆ្នាំនេះគឺ តម្លៃផលិតផលក្នុងស្រុកសរុបបានកើនឡើងប្រហែល ៧ ភាគរយ តម្លៃប្រើប្រាស់ប្រជាពលរដ្ឋកើនឡើងប្រហែល ៣ ភាគរយ បន្ថែមឱកាសការងារជាថ្មីនៅតាមឃុំស្រុកលើសពី ១០ លាននាក់ អត្រាបាត់បង់ការងារតាមការកត់ត្រានៅតាមឃុំស្រុកស្ថិតនៅក្រោម ៤,៥ ភាគរយ បរិមាណនាំចេញនិងនាំចូលកើនឡើងប្រហែល ៦ ភាគរយ ចំណូលនិងចំណាយអន្តរជាតិមានតុល្យភាពជាមូលដ្ឋាន កំណើននៃចំណូលប្រជាពលរដ្ឋស្របទៅតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ បរិមាណចំណាយថាមពលធ្លាក់ចុះលើសពី ៣,១ ភាគរយ ការបញ្ចេញធាតុបំពុលបរិស្ថានសំខាន់ៗកាន់តែតិចទៅៗ ។
ធ្វើការងាររដ្ឋាភិបាលឲ្យបានល្អ សំខាន់គឺធ្វើឱ្យបានល្អនូវចំណុច ៣ ដូចខាងក្រោម ៖
១.លំនឹងនិងកែលម្អគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ។ បន្តអនុវត្តគោលនយោបាយដ៏វិជ្ជមាន និងគោលនយោបាយរូបិយវត្ថុដ៏នឹងនរ ។
ឆ្នាំនេះគ្រោងមានឱនភាពខាងហិរញ្ញវត្ថុ ១៦២០០០០ លានយាន់ប្រាក់ចិន កើនឡើង ២៧០០០០លានយាន់ប្រាក់ចិន បើប្រៀបធៀបនឹងឆ្នាំទៅ អត្រាឱនភាពបានកើនឡើងពី ២,១ ភាគរយនៅឆ្នាំទៅដល់ ២,៣ ភាគរយក្នុងឆ្នាំនេះ ។ ក្នុងនោះ មានឱនភាពហិរញ្ញវត្ថុមជ្ឈិម ១១២០០០០ លានយាន់ កើនឡើង ១៧០០០០ លានយាន់ ឱនភាពហិរញ្ញវត្ថុក្នុងតំបន់មាន ៥០០០០០ លានយាន់ កើនឡើង ១០០០០០ លានយាន់ ។
រូបិយវត្ថុM2 កើនឡើងប្រហែល ១២ ភាគរយ បើប្រៀបធៀបនឹងចំនួនតាមការកំណត់ ក្នុងការប្រតិបត្តិជាក់ស្តែង យោងតាមតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រហែលជាអាចខ្ពស់ជាងនេះបន្តិច ។
២.រក្សាតុល្យភាពរវាងកំណើនដ៏នឹងនរនិងការកែសម្រួលរចនាសម្ព័ន្ធ ។ មិនគ្រាន់តែត្រូវធ្វើឲ្យល្បឿនកំណើនមានភាពនឹងនរប៉ុណ្ណោះទេ គឺត្រូវធានាឲ្យសេដ្ឋកិច្ចដំណើរការបានដោយ មានភាពនឹងនរ ធានាឲ្យចំនួនឱកាសការងាររបស់ប្រជាពលរដ្ឋនិងចំណូលមានការកើនឡើងជាបន្តបន្ទាប់ បង្កើតលក្ខខណ្ឌដ៏ល្អប្រសើរសម្រាប់កែសម្រួលរចនាសម្ព័ន្ធនិងផ្លាស់ប្តូរបែបផែនអភិវឌ្ឍន៍សេដ្ឋកិច្ច ថែមទាំងត្រូវកែសម្រួលរចនាសម្ព័ន្ធ ធ្វើឲ្យមូលដ្ឋានមានភាពកាន់តែរឹងមាំក្នុងការបង្កើនកំណើនសេដ្ឋកិច្ច ។ បង្កើនការកសាងគុណភាព ស្តង់ដារ និងម៉ាកល្បី ជំរុញការលើកកម្ពស់សមាមាត្រនិងកម្រិតរវាងមុខរបរឧស្សាហកម្មនិងមុខរបរ ប្រភេទជាយុទ្ធសាស្រ្ត ពន្លឿនការបណ្តុះបណ្តាលវិស័យថ្មីនៃកំណើនសេដ្ឋកិច្ច ។
៣.បណ្តុះបណ្តាលនិងជំរុញឲ្យកកើតជាកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ច ។ បង្កើនការផ្គត់ផ្គង់ផលិតផលសាធារណៈនិងសេវាកម្ម បង្កើនការបណ្តាក់ទុនរបស់រដ្ឋាភិបាលចំពោះវិស័យអប់រំនិងសុខាភិបាលជាដើម លើកទឹកចិត្តឲ្យសង្គមស៊ីវិលចូលរួមបានកាន់តែច្រើន លើកកម្ពស់អត្រាផ្គត់ផ្គង់ ។ ម្យ៉ាងវិញទៀត ជំរុញការប្រកបអាជីវកម្មរបស់មហាជន និងការច្នៃប្រឌិតថ្មីដោយមហាជន ។ ប្រទេសចិនមានប្រជាជនចំនួន ១៣០០ លាននាក់ កម្លាំងពលករ ៩០០០ លាននាក់ ប្រជាជនចិនខិតខំឧស្សាហ៍ព្យាយាមនិងមានប្រាជ្ញាវាងវៃ ហើយនិងប្រកបដោយសមត្ថភាពធ្វើការច្នៃប្រឌិតថ្មីច្រើនឥតឧបមា ប្រសិនបើអាចរួមសាមគ្គីគ្នាជាធ្លុងមួយ ប្រាកដជាអាចកកើតទៅជាកម្លាំងដ៏ធំសម្បើមមួយពុំខាន ដែលអាចទប់ទល់នឹងសម្ពាធពេលសេដ្ឋកិច្ចមានភាពធ្លាក់ចុះ ធ្វើឲ្យសេដ្ឋកិច្ចចិនមានភាពរស់រវើកយ៉ាងផុលផុស ។ រដ្ឋាភិបាលត្រូវហ៊ានធ្វើបដិវត្តន៍ដោយខ្លួនឯង បង្កើតវេទិកាសម្រាប់ធ្វើការប្រកួតប្រជែងដោយមានភាពយុត្តិធម៌ ។ បុគ្គលនិងសហគ្រាសត្រូវហ៊ានបង្កើតឱកាសប្រកបអាជីវកម្មថ្មីនិងធ្វើការច្នៃប្រឌិតថ្មី សង្គមទាំងមូលត្រូវផ្តោតសំខាន់ទៅលើការបង្កើនឱកាសប្រកបអាជីវកម្មថ្មី និងធ្វើការច្នៃប្រឌិតថ្មីខាងវប្បធម៌ ធ្វើឲ្យប្រជាជនអាចសម្រេចតម្លៃរបស់ខ្លួនបានកាន់តែល្អថែមទៀតក្នុងការបង្កើត ភោគទ្រព្យ ។
បី- ធ្វើឲ្យកំណែទម្រង់និងការបើកចំហមានភាពកាន់តែស៊ីជម្រៅ
បង្កើនភាពសាមញ្ញកម្មនៃការធ្វើទម្រង់ការនិងការផ្តល់សិទ្ធិដល់ស្រទាប់មូលដ្ឋាន និងធ្វើការកែទម្រង់ដោយរួមបញ្ចូលការផ្តល់សិទ្ធិនិងការគ្រប់គ្រងឱ្យបានល្អ ។ ឆ្នាំនេះនឹងលុបចោលនិងផ្តល់សិទ្ធិសម្រាប់ការពិនិត្យពិភាក្សាខាងរដ្ឋបាល លុបចោលការពិនិត្យពិភាក្សាមិនមែនរដ្ឋបាលទាំងអស់ បង្កើតរបបគ្រប់គ្រងការពិនិត្យពិភាក្សាខាងរដ្ឋបាលដែលមានបទដ្ឋាន ។ ធ្វើឱ្យងាយស្រួលថែមទៀតនូវការចុះបញ្ជីឈ្មោះផ្នែកមូលធន ប្រកាសបញ្ជីសិទ្ធិអំណាច មុខងាររបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ អនុវត្តដោយប្រាកដប្រជានូវការធ្វើការងារបន្ទាប់ពីទទួលសិទ្ធិតាមច្បាប់ និងចាំបាច់ត្រូវតែអនុវត្តតួនាទីតាមច្បាប់ ។
អាជ្ញាធរគ្រប់ជាន់ថ្នាក់សុទ្ធតែត្រូវបង្កើតយន្តការជំរុញដោយមានប្រសិទ្ធភាពសម្រាប់ការ ធ្វើសាមញ្ញកម្មផ្នែកបំពេញទម្រង់ការនិងផ្តល់សិទ្ធិដល់ស្រទាប់មូលដ្ឋាន ផ្តល់ភាពងាយស្រួលដល់សហគ្រាសក្នុងការបង្កើតឱកាសប្រកបអាជីវកម្មថ្មី និងបង្កើតបរិយាកាសសម្រាប់ធ្វើការប្រកួតប្រជែងដោយមានភាពយុត្តិធម៌ ។ ការពិនិត្យពិភាក្សាខាងរដ្ឋបាលទាំងអស់សុទ្ធតែត្រូវសង្ខេបនូវការបំពេញសំណុំបែបបទ កំណត់ពេលវេលាបំពេញបែបបទឲ្យច្បាស់ សំដៅកាត់បន្ថយការគ្រប់គ្រងខាងរដ្ឋបាលដើម្បីធ្វើឲ្យទីផ្សារកាន់តែមានភាពរស់រវើក ។
ធ្វើការកែទម្រង់របបវិនិយោគទុននិងរួមបញ្ចូលទុនតាមមធ្យោបាយជាច្រើន ។ បង្រួញក្របខ័ណ្ឌពិនិត្យនិងអនុញ្ញាតគម្រោងវិនិយោគទុនរបស់រដ្ឋាភិបាល ផ្តល់សិទ្ធិខាងការពិនិត្យនិងអនុញ្ញាតដល់ស្រទាប់មូលដ្ឋាន ។ ធ្វើសាមញ្ញកម្មផ្នែកបំពេញសំណុំបែបបទនៃការពិនិត្យនិងអនុញ្ញាតគម្រោងវិនិយោគទុន អនុវត្តការបំពេញបែបបទតាមបណ្តាញអ៊ីនធើណេត ។ បន្ធូរការអនុញ្ញាតឲ្យចូលទីផ្សារវិនិយោគទុននៃសង្គមស៊ីវិល លើកទឹកចិត្តឲ្យមូលធនសង្គមបង្កើតមូលនិធិវិនិយោគទុនខាងសិទ្ធិភាគហ៊ុន ។ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសាធារណការជាដើម សកម្មផ្សព្វផ្សាយរូបមន្តសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងមូលធនសង្គម ។
ក្តាប់ជាប់នូវពលានុភាពដើម្បីពន្លឿនការកែទម្រង់ផ្នែកតម្លៃ ។ ទិសដៅធ្វើការកែទម្រង់គឺជាការដើរតួនាទីដែលមានលក្ខណៈសម្រេចចិត្តរបស់ទីផ្សារក្នុងការចាត់ចែងធនធាន កាត់បន្ថយប្រភេទនិងចំនួនគម្រោងដែលកំណត់តម្លៃដោយរដ្ឋាភិបាល បើកចំហការកំណត់តម្លៃនៃផលិតផលដែលមានលក្ខខណ្ឌធ្វើការប្រកួតប្រជែងនិងតម្លៃសេវាកម្ម ។ លុបចោលការកំណត់តម្លៃឱសថភាគច្រើនដោយរដ្ឋាភិបាល ផ្តល់សិទ្ធិកំណត់តម្លៃខាងសេវាកម្មសាធារណៈមូលដ្ឋានមួយចំនួនដល់ស្រទាប់មូលដ្ឋាន ។ ពង្រីកកន្លែងធ្វើពិសោធន៍ផ្នែកកំណែទម្រង់ខាងតម្លៃអគ្គិសនី ជំរុញការកែទម្រង់តម្លៃទឹកខាងកសិកម្ម ធ្វើឲ្យមានភាពពេញលេញនូវគោលនយោបាយអំពីតម្លៃសម្រាប់កាត់បន្ថយថាមពលនិងការពារបរិស្ថាន កែលម្អតម្លៃនៃផលិតផលដែលមានលក្ខណៈធនធានជាដើម ។
ជំរុញការកែទម្រង់របបហិរញ្ញវត្ថុនិងពន្ធដារឲ្យទទួលបានការវិវឌ្ឍន៍ថ្មី ។ អនុវត្តរបបគ្រប់គ្រងថវិកាដែលមានបទដ្ឋាននិងមានតម្លាភាពទាំងស្រុង ក្រៅពីព័ត៌មានសម្ងាត់តាមច្បាប់ ស្ថាប័ននៃមជ្ឈិមនិងសាលាខេត្តនានាសុទ្ធតែត្រូវបើកចំហជាសាធារណៈនូវព័ត៌មានផ្នែកថវិកា ហើយទទួលការត្រួតពិនិត្យដោយគ្រប់ជ្រុងជ្រោយពីសំណាក់សង្គម ។
ជំរុញការកែទម្រង់ហិរញ្ញវត្ថុជុំវិញការផ្តល់សេវាកម្មផ្នែកសេដ្ឋកិច្ច។ ជំរុញឲ្យមូលធនសង្គមស៊ីវិលដែលមានលក្ខខណ្ឌបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុដូចជាធនាគារធុនតូចនិងមធ្យម បង្កើតមួយបានល្អ ឲ្យសច្ចាប័នមួយ មិនកំណត់បរិមាណនោះទេ ។ ជំរុញឲ្យអត្រាប្តូរប្រាក់យាន់ចិនរក្សានូវកម្រិតសមរម្យនិងមានតុល្យភាព ពង្រឹងការធ្វើឲ្យអត្រាប្តូរប្រាក់យាន់ចិនមានភាពឡើងចុះដោយសមរម្យ ។ សម្រេចគម្រោងមូលធនខាងប្រាក់យាន់ចិនជាបណ្តើរៗ ពង្រីកក្របខណ្ឌប្រើប្រាស់ប្រាក់យាន់ចិនលើផ្ទៃអន្តរជាតិ ពន្លឿនការកសាងប្រព័ន្ធបង់ប្រាក់យាន់ចិនដោយឆ្លងដែន ធ្វើឲ្យមានភាពល្អពេញលេញនូវប្រព័ន្ធសេវាកម្មខាងការទូទាត់ដោយប្រាក់យាន់ចិនលើពិភពលោក ។
ធ្វើការកែទម្រង់សហគ្រាសកម្មសិទ្ធិរដ្ឋនិងមូលធនរដ្ឋឲ្យកាន់តែស៊ីជម្រៅ ។ ពន្លឿនការកសាងកន្លែងធ្វើពិសោធន៍នៃក្រុមហ៊ុនកម្មសិទ្ធិរដ្ឋ បង្កើតវេទិកាដំណើរការក្នុងទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់មូលធនរដ្ឋ ។ អនុវត្តដោយមានសណ្តាប់ធ្នាប់នូវការកែទម្រង់កម្មសិទ្ធិចម្រុះ លើកទឹកចិត្តនិងធ្វើឲ្យមានបទដ្ឋាននូវគម្រោងវិនិយោគទុនផ្នែកនាំចូលមូលធន មិនមែនកម្មសិទ្ធិរដ្ឋ ។