មុននឹងបញ្ចប់ទស្សនកិច្ចនៅប្រទេសអាមេរិកកាលពីថ្ងៃទី១៩ខែឧសភា លោកលាវហឺបេសកជនពិសេសរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិន សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ឧបនាយករដ្ឋមន្រ្តីចិននិងជាតំណាងភាគីចិនសម្រាប់កិច្ចសន្ទនាគ្រប់ជ្រុងជ្រោយស្តីពីសេដ្ឋកិច្ចរវាងចិននិងអាមេរិកបានថ្លែងថា ការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកលើកនេះបានដំណើរការយ៉ាងសកម្មនិងប្រកបដោយភាពស្ថាបនានិងសមិទ្ធផល ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួចជាស្រេចហើយ នឹងមិនធ្វើសង្រ្គាមពាណិជ្ជកម្ម ព្រមទាំងបញ្ឈប់ការដម្លើងពន្ធគយទៅវិញទៅមក។
លោកលាវហឺបានថ្លែងទៀតថា ភាគីទាំងពីរចិននិងអាមេរិកនឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មលើវិស័យថាមពល កសិផល ការព្យាបាលរោគ ផលិតផលវិទ្យាសាស្រ្តបច្ចេកទេសខ្ពស់និងហិរញ្ញវត្ថុជាដើម។ការធ្វើអ៊ីញ្ចឹងមិនត្រឹមតែអាចជំរុញសេដ្ឋកិច្ចចិនរីកចម្រើនទៅកាន់ទិសមានគុណភាពខ្ពស់និងបំពេញតាមសេចក្តីត្រូវការរបស់ប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែមានអំណោយផលដល់អាមេរិកក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មទៀតផង ដូច្នេះ នេះគឺជាជម្រើសឈ្នះ–ឈ្នះ។
លោកលិវហឺបានថ្លែងថា ថ្វីត្បិតតែលើកនេះភាគីទាំងពីរចិននិងអាមេរិកបានឈានដល់គំនិតឯកភាពរួមក៏ដោយ ក៏ប៉ុន្តែបើចង់ដោះស្រាយបញ្ហារចនាសម្ព័ន្ធក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅត្រូវការពេលវេលាទៀត៕