ថ្ងៃទី ១៧ ខែឧសភា នៅសេតវិមានអាមេរិក លោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបពិភាក្សាជាមួយលោក លីវ ហឺ បេសកជនពិសេសរបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិន សមាជិកការិយាល័យនយោបាយមជ្ឈិមនៃបក្សកុម្មុយនិស្តចិន ឧបនាយករដ្ឋមន្ត្រីចិន និងជាតំណាងភាគីចិនសម្រាប់កិច្ចសន្ទនាគ្រប់ជ្រុងជ្រោយស្តីពីសេដ្ឋកិច្ចរវាងចិននិងអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក ។
ក្នុងកិច្ចជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ។ លោក លីវ ហឺ បានថ្លែងថា ដំណើរទស្សនកិច្ចនៅអាមេរិករបស់ខ្ញុំលើកនេះគឺអនុលោមតាមគំនិតឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ ក្នុងន័យបន្តធ្វើការប្រាស្រ័យទាក់ទងឲ្យកាន់តែស៊ីជម្រៅជាមួយភាគីអាមេរិកអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកតទៅទៀត ។ ប្រទេសចិនរីករាយរួមសហការជាមួយអាមេរិក ធ្វើការខិតខំប្រឹងប្រែង ដើម្បីដោះស្រាយដោយសមរម្យចំពោះបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដោយឈរលើមូលដ្ឋានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជាធានាជាក់លាក់ឲ្យកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្លាយទៅជាយុថ្កាសម្រាប់លំនឹងនាវានិងជាកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកតទៅទៀត ។
ជាការឆ្លើយតប លោក ត្រាំ បានលើកឡើងថា ការដែលអាមេរិកនិងចិនរក្សាទំនាក់ទំនងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ។ លោករំពឹងទុកថា ក្រុមការងារសេដ្ឋកិច្ចនៃប្រទេសទាំងពីរអាចធ្វើខិតខំប្រឹងប្រែងជាមួយគ្នា ក្នុងន័យសកម្មដោះស្រាយបញ្ហាដែលកើតឡើងក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ៕