ថ្ងៃទី ១៤ ខែឧសភា នៅក្រុងវៀងចន្ទន៍ លោក Bounyang Vorachit អគ្គលេខាធិកានៃគណៈកម្មាធិកាមជ្ឍិមបក្សបដិវត្តន៍ប្រជាជនឡាវ និងជាប្រធានរដ្ឋឡាវ និងលោក Thongloun Sisoulith នាយករដ្ឋមន្ត្រីឡាវបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោក Zhao kezhi សមាជិកនៃក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសនិ្តសុខសាធារណៈនៃប្រទេសចិន ។
ក្នុងកិច្ចជំនួបទាំងពីរនេះ លោក Zhao kezhi បានថ្លែងថា កាលពីឆ្នាំទៅ លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានមកបំពេញទស្សនកិច្ចនៅប្រទេសឡាវដោយជោគជ័យនិងប្រកបដោយផ្លែផ្កា ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋនៃប្រទេសទាំងពីរបានឈានដល់គំនិតឯកភាពសំខាន់អំពីការបង្កើតសហគមន៍រួមវាសនារវាងចិននិងឡាវដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសឡាវ ខិតខំប្រឹងប្រែងអនុវត្តគំនិតឯកភាពរបស់ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋនៃប្រទេសយើងទាំងពីរ បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ និងធ្វើឲ្យការតភ្ជាប់ជាយុទ្ធសាស្ត្រឲ្យមានភាពស៊ីជម្រៅ និងត្រួសត្រាយកិច្ចសហប្រតិបតិ្តការជាក់ស្តែង ក្នុងន័យរួមគ្នាគាំពារគម្រោងស្ថាបនាសំខាន់ៗនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយនិងផ្លូវមួយ" លើកកម្ពស់កម្រិតកិច្ចសហប្រតិបតិ្តការខាងសនិ្តសុខនិងការអនុវត្តច្បាប់រវាងចិននិងឡាវ ដើម្បីជំរុញឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងឡាវមានការអភិវឌ្ឍកាន់តែស៊ីជម្រៅ ក៏ដូចជានាំមកនូវសុខសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ ។
ជាការឆ្លើយតប លោក Bounyang និងលោក Thongloun បានសម្តែងការជូនពរដល់ប្រទេសចិនដែលទទួលបានសមិទ្ធផលអភិវឌ្ឍន៍គួរជាទីមោទនៈក្រោមការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក ស៊ីជីនភីងជាប្រមុខស្នូល និងបានលើកឡើងថា រីករាយចាប់ដៃគ្នាជាមួយប្រទេសចិនដើម្បីជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ក៏ដូចជាធ្វើឲ្យទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងឡាវនិងចិនមានភាពកាន់តែស៊ីជម្រៅឥតឈប់ឈរផងដែរ ៕