ក្នុងសន្និសីទកាសែតជាប្រចាំដែលបើកធ្វើនៅក្រុងប៉េកាំងនាថ្ងៃទី ១៥ ខែឧសភា លោកLu Kang អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ខ្លាំងចំពោះការប៉ះទង្គិចដោយកម្លាំងហិង្សារនៅតំបន់ព្រំដែនកាហ្សាដែលបណ្តាលឲ្យមានមនុស្សជាច្រើនស្លាប់និងរងរបួស ។ ប្រទេសចិនប្រឆាំងនឹងអំពើហិង្សាដែលសំដៅចំពោះជនស៊ីវិល ព្រមនិងអំពាវនាវឲ្យភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែល ជាពិសេសគឺភាគីអ៊ីស្រាអែលត្រូវរក្សាភាពអត់ធ្មត់ ដើម្បីចៀសវាងកុំឲ្យស្ថានការណ៍មានភាពកាន់តែតានតឹងថែមទៀត ។
ថ្ងៃទី ១៤ ខែឧសភា ពេលដង្ហែក្បួនបាតុកម្មដើម្បីធ្វើការតវ៉ាចំពោះរឿងដែលស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែលបានរើទៅក្រុងហ្សេរុយសាឡិម ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងយោធានិងប៉ូលិសអ៊ីស្រាអែល ជាហេតុបានបណ្តាលឲ្យមានមនុស្សជាង ៥០ នាក់ស្លាប់បាត់បង់ជីវិត និងជាង ២០០០ នាក់ទៀតរងរបួស ៕