តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានTasnimនៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១៥ខែឧសភាឲ្យដឹងថា លោកZarifរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានថ្លែងនៅក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកនាថ្ងៃដដែលថា អ៊ីរ៉ង់និងសហភាពអឺរ៉ុបបានធ្វើការចរចាប្រកបដោយលក្ខណៈស្ថាបនាអំពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់។
តាមការផ្សាយដំណឹងឲ្យដឹងថា បន្ទាប់ពីបានជួបពិភាក្សាជាមួយលោកស្រី Mogheriniប្រតិភូជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការទូតនិងសន្តិសុខ លោកZarifបានថ្លែងថា នេះគឺជាកិច្ចសន្ទនាដ៏ល្អប្រសើរនិងប្រកបដោយលក្ខណៈស្ថាបនាមួយលើក យើងបានឈានដល់វិធានការមានភាពធានារួចហើយ។
លោកZarifបានថ្លែងទៀតថា បច្ចុប្បន្ន ក្រៅពីប្រទេសអាមេរិក បណ្តាភាគីហត្ថលេខីដទៃទៀតនៃកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់កំពុងស្ថិតក្នុងផ្លូវដ៏ត្រឹមត្រូវលើវិស័យធានាជាក់លាក់នូវផលប្រយោជន៍រួម ជាពិសេសគឺផលប្រយោជន៍របស់អ៊ីរ៉ង់៕