ថ្ងៃទី ១៤ ខែឧសភា ក្នុងសនិ្នសីទសារព័ត៌មានជាប្រចាំ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការប៉ះទង្គិចដោយប្រដាប់អាវុធដែលកើតឡើងនៅតំបន់ខាងជើងនៃប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗកន្លងទៅនេះ ទាក់ទិននឹងរឿងនេះ ប្រទេសចិនបានលើកការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ព្រមទាំងបានទាមទារឲ្យបណ្តាភាគីនានាបញ្ឈប់ការបាញ់គ្នាភ្លាម ហើយងាលទៅរកការស្តារសុខសនិ្តភាពនៅតាមតំបន់ព្រំដែនរវាងចិននិងមីយ៉ាន់ម៉ាឡើងវិញក្នុងពេលឆាប់ៗ ។ ក្រៅពីនេះ ប្រទេសចិនក៏សង្ឃឹមបណ្តាភាគីនានានៃប្រទេសមីយ៉ាន់ម៉ាអាចជំរុញដំណើរសន្តិភាពតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា និងតាមរយៈការអនុវត្តគោលនយោបាយប្រកបដោយបរិយាប័ន្ន ។
សូមបញ្ជាក់ថា នៅថ្ងៃទី ១២ ខែឧសភាព កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចនៅតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ាបានធ្វើការប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលនៅតាមតំបន់ព្រំដែនរវាងចិននិងមីយ៉ាន់ម៉ាក្នុងរដ្ឋ Shan នៃប្រទេសមីយ៉ាន់ម៉ា ។ លោក Lu Kang បានបញ្ជាក់ថា គិតរហូតដល់បច្ចុប្បន្ន ការប៉ះទង្គិចលើកនេះបានបណ្តាលឲ្យប្រជាពលរដ្ឋចិនពីរនាក់នៅប្រទេសមីយ៉ាន់ម៉ាស្លាប់បាត់បង់ជីវិត ព្រមទាំងមានគ្រាប់រ៉ុក្កែតបីគ្រាប់បាញ់ចូលក្នុងដែនដីប្រទេសចិនទៀតផង ។ ក្រៅពីនេះ មានប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលរស់នៅតាមតំបន់ព្រំដែនចំនួនជាង ៣០ នាក់បានរត់ភៀសខ្លួនចូលក្នុងដែនដីប្រទេសចិនដើម្បីចៀសពីការបាញ់ប្រយុទ្ធគ្នា ប្រទេសចិនបានរៀបចំចាត់ចែងឲ្យជនជាតិមីយ៉ាន់ម៉ាទាំងនេះមានកន្លែងស្នាក់នៅដ៏សមរម្យតាមស្មារតីមនុស្សធម៌ ៕