ថ្ងៃទី ១៣ ខែឧសភា នៅក្រុងប៉េកាំង លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Mohammad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ។
ក្នុងកិច្ចជំនួប លោក វ៉ាង យី បានថ្លែងថា ប្រទេសចិនបានចាត់ទុកប្រទេសអ៊ីរ៉ង់ជាដៃគូសហការសំខាន់ក្នុងកិច្ចកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់មួយនិងផ្លូវមួយ " រីករាយរួមសហការជាមួយប្រទេសអ៊ីរ៉ង់ក្នុងន័យអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជារក្សានិងអភិវឌ្ឍឲ្យបានល្អប្រសើរនូវកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ។
លោក វ៉ាង យី បានលើកឡើងទៀតថា ប្រទេសចិនគាំពារយ៉ាងម៉ឺងម៉ាត់នូវពហុភាគីនិយម និងខិតខំប្រឹងប្រែងដើម្បីគាំពារកិច្ចព្រមព្រៀងអន្តរជាតិ ។ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាភាគីពាក់ព័ន្ធនានាក្នុងនោះក៏រួមមានប្រទេសអ៊ីរ៉ង់ផងដែរ ដើម្បីរក្សាការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលគ្នាធើ្វការខិតខំប្រឹងប្រែងក្នុងន័យគាំពារកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ក្នុងឥរិយាបថសត្យានុម័ត យុត្តិធម៌និងមានភាពទទួលខុសត្រូវ ។
ជាការឆ្លើយតប លោក Zarif បានកោតសរសើរខ្ពស់ចំពោះគោលជំហររបស់ប្រទេសចិនក្នុងការគាំពារកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ដោយបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់រីករាយបន្តធ្វើការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយបណ្តាភាគីនានាដែលផ្តល់ការគាំទ្រដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតទៅទៀត ៕