ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅប្រទេសទួកគី លោក Gong Xiao Sheng បេសកជនពិសេសអំពីបញ្ហាមជ្ឈិមបូព៌ារបស់ប្រទេសចិនបានគូសបញ្ជាក់កាលពីថៃ្ងទី១១ ខែឧសភាថា ត្រូវតែដោះស្រាយយ៉ាងពេញលេញនូវបញ្ហាមជ្ឈិមបូព៌ាទាំងអស់ រួមមានទាំងជម្លោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលព្រមទាំងជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី លីប៊ីនិងយ៉េមែនផងដែរ។
ក្នុងសន្និសីទសារព័ត៌មានដែលបានប្រារព្ធឡើងនៅក្រុងអ៊ីស្តង់ប៊ុលនាថ្ងៃដដែល លោកGong Xiao Sheng បានថែ្លងថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់និងទួកគី ក្នុងគោលបំណងសំខាន់គឺ ធ្វើការផ្លាស់ប្តូរមតិគ្នាស្តីពីបញ្ហាស៊ីរី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់និងបញ្ហាផ្សេងៗទៀតនៅមជ្ឈិមបូព៌ាឲ្យមានភាពកាន់តែស៊ីជម្រៅ។ផ្លូវតែមួយគត់នៃបញ្ហាស៊ីរីគឺដំណោះស្រាយដោយនយោបាយតាមរយៈកិច្ចចរចានិងកិច្ចសន្ទនា។ប្រទេសចិនមានឆន្ទៈក្នុងការដើរតួនាទីកាន់តែធំធេងលើបញ្ហាស៊ីរីនិងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់កិច្ចសន្ទនានិងដំណោះស្រាយដោយនយោបាយ៕