កាលពីថ្ងៃទី១១ ខែ ឧសភា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក Zhao Ke zhi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិននៅរាជធានីភ្នំពេញ។
ថែ្លងក្នុងកិច្ចជំនួប លោក Zhao Ke zhi បានលើកឡើងថា កាលពីឆ្នាំមុនកន្លងទៅ លោកស៊ីជីនពីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនពីរដង ហើយបានឈានដល់គំនិតឯកភាពរួមសំខាន់ៗស្តីពីការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជាឲ្យមានភាពកាន់តែល្អប្រសើរនៅក្នុងយុគសម័យថ្មី។នាខែមករា ឆ្នាំនេះលោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានបំពេញទស្សនកិច្ចដោយជោគជ័យនៅប្រទេសកម្ពុជា។ប្រទេសចិននិងកម្ពុជាគឺជាសហគមន៍រួមវាសនាតែមួយប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត។ប្រទេសចិននឹងបន្តគាំទ្រប្រទេសកម្ពុជាចំពោះការដើរតាមផ្លូវអភិវឌ្ឍន៍ដោយអនុលោមតាមសភាពការណ៍ជាតិរបស់ខ្លួននិងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចនិងគាំពារសន្តិសុខជាតិនិងស្ថិរភាពជាប់ជានិច្ច។ប្រទេសចិនរីករាយរួមសហការជាមួយកម្ពុជាដើម្បីឆ្លៀតយកខួបទី៦០នៃការបង្កើតចំណងការទូតរវាងចិននិងកម្ពុជាជាឱកាស ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រីកទំហំការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ រួមគ្នាអនុវត្តឲ្យបានល្អនូវគម្រោងផែនការកិច្ចសហប្រតិបត្តិការនៃការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ បង្កើនការការពារសន្តិសុខនៃគម្រោងសំខាន់ៗនិងកិច្ចសហប្រតិបត្តិការនៃសន្តិសុខផែ្នកអនុវត្តច្បាប់ ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាឲ្យអភិវឌ្ឍកាន់តែស៊ីជម្រៅឥតឈប់ឈរ។
ជាការឆ្លើយតប សម្តេចហ៊ុនសែនបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងរដ្ឋាភិបាលចិន ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាបានបោះជំហានទៅដល់កម្រិតថ្មី។ប្រទេសកម្ពុជានឹងបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនលើគ្រប់វិស័យដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕