ថ្ងៃទី១៦ខែឧសភា លោកចាំងតឺជាំងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជានៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង។
លោកចាំងតឺជាំងបានថ្លែងថា ទំនាក់ទំនងរវាងចិននិងកម្ពុជាអាចចាត់ទុកថាជាគំរូនៃមេត្រីភាពសុខដុមរមនានិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។កាលពីឆ្នាំមុន លោកប្រធានរដ្ឋចិនស៊ីជីនភីងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាដោយជោគជ័យ អ្នកដឹកនាំប្រទេសទាំងពីរបានចង្អុលបង្ហាញទិសដៅអភិវឌ្ឍនៅពេលអនាគតនៃទំនាក់ទំនងរវាងចិននិងកម្ពុជា ភាគីទាំងពីរត្រូវតែអនុវត្តឲ្យបានល្អនូវមតិឯកភាពគ្នាដែលអ្នកដឹកនាំប្រទេសទាំងពីរបានព្រមព្រៀង បង្កើនល្បឿនការតភ្ជាប់នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ ធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងចិននិងកម្ពុជារីកចម្រើនទៅមុខឥតឈប់ឈរ។
ជាការឆ្លើយតប សម្តេចហ៊ុនសែនបានមានប្រសាសន៍ថា វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយគឺជាសន្និសីទមានលក្ខណៈប្រវត្តិសាស្រ្ត ដំណើរទស្សនកិច្ចរបស់ខ្ញុំលើកនេះមានអត្ថន័យជាពិសេសចំពោះការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។ចំពោះផលប្រយោជន៍ដែលជាស្នូលពាក់ព័ន្ធនឹងប្រទេសចិន ភាគីកម្ពុជានឹងប្រកាន់ខ្ជាប់គោលនយោបាយនេះឲ្យជាប់រហូត។