លោកបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារវិទ្យុមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា យុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ ផ្លូវមួយ គឺជាយុទ្ធសាស្ត្រសមស្របនឹងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយុទ្ធសាស្ត្រនេះបានផ្តល់ផលជាវិជ្ជមានដល់កម្ពុជាលើ៥ចំណុចធំៗ ក្នុងនោះចំណុចសំខាន់បំផុតគឺការតភ្ជាប់ផ្នែកដួងចិត្តប្រជាជន ដែលជាកត្តារុញច្រានទៅដល់ការតភ្ជាប់ផ្នែកគោលនយោបាយ, ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់ផ្នែកហិរញ្ញវត្ថុ និងការតភ្ជាប់ពាណិជ្ជកម្ម។
លោកបញ្ជាក់ថា ការតភ្ជាប់ផ្នែកដួងចិត្តប្រជាជនគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថា នៅពេលដែលប្រជាជនអាចជជែកគ្នាបានមានន័យថា យើងអាចពន្លាតទំនាក់ទំនងពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋ តួយ៉ាងដូចជារវាងកម្ពុជានិងចិនគឺមានទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំផង និងប្រជាជនផង ធ្វើឲ្យកាន់តែយល់ពីគ្នាទៅវិញទៅមក រុញច្រានឲ្យទំហំទំនាក់ទំនងកាន់តែធំ ដោយក្នុងនោះប្រជាជនចិនទាំងមូលយល់ពីកម្ពុជាហើយប្រជាជនកម្ពុជាទាំងមូលយល់ពីប្រជាជនចិនតាមរយៈការផ្លាស់ប្តូរភាសានិងវប្បធម៌ជាដើម ដូច្នេះយើងអាចពន្លាតទំនាក់ទំនងពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋ តាំងពីទីប្រជុំជនរហូតដល់ទីជនបទ។ ការតភ្ជាប់ដួងចិត្តនេះក៏អាចជូយរម្លឹកឡើងវិញនូវអនុស្សាវរីយ៍ល្អៗដែលមានជាមួយគ្នា កន្លងមក ជាក់ស្តែងកម្ពុជានិងចិនបានតភ្ជាប់ដួងចិត្តគ្នា តាមរយៈយុទ្ធសាស្ត្រខ្សែក្រវាត់មួយ ផ្លូវមួយ ធ្វើឲ្យទំនាក់ទំនងចិន-កម្ពុជារាប់ពាន់ឆ្នាំត្រូវបានគាស់កកាយឡើងវិញ ហើយក៏កំពុងដើរលើផ្លូវនេះទៅថ្ងៃអនាគត។ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាក៏កំពុងរួមចំណែកជំរុញការតភ្ជាប់ផ្នែកដួងចិត្ត ក្រោមយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ ផ្លូវមួយ ក្នុងនោះមានការបង្រៀនភាសានិងវប្បធម៌ខ្មែរនិងចិន, ធ្វើជាស្ពានតភ្ជាប់ខេត្តរបស់កម្ពុជានិងខេត្តនៅប្រទេសចិន ជាក់ស្តែងខេត្តសៀមរាបបានភ្ជាប់ជាមួយខេត្តគួរចូវ និងខេត្តជាំងស៊ី ហើយគ្រោងនឹងតភ្ជាប់ខេត្តព្រះសីហនុជាមួយខេត្តផ្សេងទៀតនៅប្រទេសចិនដែរ, ការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន និងឱកាសការងារធ្វើសម្រាប់ពលរដ្ឋកម្ពុជាដែលបំរើការងារក្នុងបណ្តាក្រុមហ៊ុនរបស់វិនិយោគិនចិននៅកម្ពុជា ព្រមទាំងចូលរួមសហការជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំយុទ្ធសាស្ត្រ China Ready ដើម្បីទាក់ទាញទេសចរណ៍ចិនមកកម្ពុជាកាន់តែច្រើន។
លោកបន្តទៀតថា វិនិយោគិនចិនកាន់តែច្រើនដែលមកបានមកបណ្តាក់ទុនធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ដូច្នេះ ទាមទារឲ្យប្រជាពលរដ្ឋកម្ពុជាយល់ដឹងពីចិន ហើយចិនក៏ត្រូវយល់ដឹងពីកម្ពុជា ដើម្បីជួយសម្របសម្រួលដល់ដំណើរការវិនិយោគរបស់ចិននៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ស្របពេលដែលកម្ពុជាជាប្រទេសកំពុងបន្តអភិវឌ្ឍន៍ក្រោមម្លប់សន្តិភាព ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។