អ្នកសិក្សាស្រាវជ្រាវយល់ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​​យ៉ាង​ពេញទំហឹង​ចំពោះ​​យុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ ផ្លូវមួយ»​​ ព្រោះជាគោលន​យោបាយ​​ឈ្នះៗ​​ទាំង​​អស់​​គ្នា​
2017-05-14 11:25:20  cri  Web Editor:Wang

 អ្នកសិក្សាស្រាវជ្រាវនៅកម្ពុជាមើលឃើញថា ការអញ្ជើញផ្តល់វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី ផ្លូវមួយ ខ្សែក្រវាត់មួយ នាខែឧសភានេះនឹងធ្វើឲ្យកម្ពុជាទទួលបានផលចំណេញចំនួន២សំខាន់ៗ រួមមាននយោបាយការបរទេសនិងការអភិវឌ្ឃន៍សេដ្ឋកិច្ចជាតិ។ លោកបណ្ឌិត ចាប សុថារិទ្ធយល់ថា យុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ ផ្លូវមួយ» គឺជាគោលនយោបាយឈ្នះៗ ផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

 

លោកបណ្ឌិត ចាប សុថារិទ្ធ អ្នកស្រាវជ្រាវ និងជាសមាជិកក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថ្មីៗនេះថា ​វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី «ខ្សែក្រវាត់មួយ ផ្លូវមួយ» នាក្រុងប៉េកាំង ប្រទេសចិនគឺជាការបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រពេញទំហឹងចំពោះយុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ ផ្លូវមួយ» មួយដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានរដ្ឋចិន ស៊ី ជីងភីង ហើយសម្តេចនឹងមានឱកាសណាមួយទាញយកផលប្រយោជន៍ពីគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ ដោយសម្តេចនឹងជួបជុំជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត ដូច្នេះកម្ពុជានឹងចំណេញច្រើនខាងនយោយបាយការបរទេស។ មួយវិញទៀត កម្ពុជាក៏នឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ច តាមរយៈការចុះកិច្ចព្រមព្រៀងជាមួយភាគីចិនក្រោមយុទ្ធសាស្ត្រ«ខ្សែក្រវាត់មួយ ផ្លូវមួយ» ជាពិសេស កម្ពុជាអាចនឹងទទួលបានហិរញ្ញប្បទានឥណទានច្រើនបន្ថែមពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធអាស៊ី (AIIB)  ដើម្បីយកមកអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធនៅកម្ពុជា ក្នុងគោលដៅបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកចម្រើន។

 

លោកបណ្ឌិត ចាប សុថារិទ្ធ បានវាយតម្លៃថា«ខ្សែក្រវាត់មួយ ផ្លូវមួយ» គឺជាគោលនយោបាយឈ្នះៗទាំងអស់គ្នា ជាពិសេសស្របតាមគោលនយោបាយរបស់កម្ពុជាដែលបើកចំហរសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់ ផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយពិភពលោក ដោយកម្ពុជាបានក្លាយជាសមាជិកអាស៊ាន និងចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោកជាដើម។ កម្ពុជាកំពុងផ្សាភ្ជាប់ការពង្រឹងហេដ្ឋារចនាសម្ពន្ធជាមួយបណ្តាប្រទេសទាំងអស់ក្នុងក្របខណ្ឌ«ខ្សែក្រវាត់មួយ ផ្លូវមួយ» ហើយការផ្សាភ្ជាប់ស្ថាប័នកាន់តែប្រសើរឡើង និង ទំនាក់ទំនងប្រជាជននិងប្រជាជនតាមរយៈទេសចរនិងវប្បធម៌កាន់តែប្រសើរឡើង។ ចិនក៏ទទួលបានផលប្រយោជន៍ផងដែរ ក្រោមយុទ្ធសាស្ត្រនេះ ព្រោះថាចិនជាប្រទេសឈានមុខគេ ក្នុងការធ្វើវិនិយោគនៅក្រៅប្រទេស​ ហើយចិនសម្លឹងឃើញថា កម្ពុជាគឺជាដៃគូសេដ្ឋកិច្ចសំខាន់មួយផងដែរ ដូច្នេះចិននិងកម្ពុជាកាន់តែមានទំនាក់ទំនងល្អនឹងគ្នា ទាំងវិស័យទេសចរ ពាណិជ្ជកម្ម និងវិនិយោគ។ លោកមានគំនិតសុទិដ្ឋនិយមយ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រ«ខ្សែក្រវាត់មួយ ផ្លូវមួយ» ដោយសង្ឃឹមថា កម្ពុជានឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីយុទ្ធសាស្ត្រនេះ។

លោកបានបញ្ជាក់ទៀតថា ចាប់ពីមានការដាក់ចេញនូវយុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ ផ្លូវមួយ» តាំងពីឆ្នាំ២០១៣មក គឺមានការរីកចម្រើនច្រើន ដោយមិនមែនគ្រាន់តែជាការនិយាយទេ គឺមានការអនុវត្តជាក់ស្តែង ក្នុងនោះ លេចចេញជាកិច្ចព្រមព្រៀងតែម្តង ដូចជាចិននិងប៉ាគីស្ថានបានចុះកិច្ចព្រមព្រៀងកសាងផ្លូវរថភ្លើងប្រមាណ៣ពាន់គីឡូម៉ែត្រ និងមានកិច្ចព្រមព្រៀងជាច្រើនទៀត រវាងប្រទេសចិនជាមួយបណ្តាប្រទេសស្ថិតក្រោមក្របខណ្ឌ យុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។

សូមបញ្ជាក់ថា វេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីអំពី "ខ្សែក្រវាត់មួយ និងផ្លូវមួយ" នឹង បើកធ្វើនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ តាមគម្រោង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏គ្រោងនឹងចូលរួមក្នុងវេទិកានេះផងដែរ៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ