សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាចុះថ្ងៃទី៩ ឧសភា ២០១៧បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម«វេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ»ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ដល់១៥ ខែឧសភា ២០១៧ នាទីក្រុងប៉េកាំង តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធីបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោ ហ៊ុន សែននឹងចូលរួមជាមួយប្រមុខរដ្ឋាភិបាលដ៏ទៃទៀត ក្នុងកិច្ចប្រជុំតុមូលសម្រាប់ថ្នាក់ដឹកនាំដែលមានឯកឧត្តម ស៊ីជីនភីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនជាប្រធាន ហើយសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំដែលមានមូលបទ«ថាមពលរួមនៃគោលនយោបាយដើម្បីភាពជិតស្និត»និងក្នុងកិច្ចប្រជុំដែលមានមូលបទ«ពង្រឹងចំណងទាក់ទងរវាងប្រជាជននិងប្រជាជន»។
នៅទន្ទឹមនឹងកិច្ចប្រជុំនេះ សម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម Erdenebat Jargaltugal នាយករដ្ឋមន្ត្រីម៉ុងហ្គោលីនិងទទួលចូលជួបសម្តែងការគួរសមពីប្រធានក្រុមហ៊ុនរបស់ចិនមួយចំនួនផងដែរ។
បន្ទាប់ពីបញ្ចប់វេទិការនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនពីថ្ងៃទី១៦ដល់១៧ខែឧសភា ២០១៧ តបតាមអញ្ជើញរបស់រដ្ឋាភិបាលចិន។ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននឹងមានជំនួបដោយឡែកៗពីគ្នាជាមួយថ្នាក់ដឹកនាំរបស់ចិនជាច្រើនរូប ដូចជាឯកឧត្តម ស៊ី ជីនភីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន,ឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រី,ឯកឧត្តម ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិននិងឯកឧត្តម យូ ផឹងស៊ីង ប្រធានសភាប្រឹក្សានយោបាយចិន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនឹងអមដំណើរសម្តេចតេជោ រួមជាមួយឥស្សរជនកម្ពុជាមួយចំនួនទៀត ដូចជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន,ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសមាជិករាជរដ្ឋាភិបាលកម្ពុជាដ៏ទៃទៀត។