ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារវិទ្យុមិត្តភាពកម្ពុជា-ចិន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័តមាននៃប្រទេសកម្ពុជាបានវាយតម្លៃថា យុទ្ធសាស្ត្រខ្សែក្រវាត់មួយផ្លូវមួយមិនគ្រាន់តែជាថ្នាលធម្មតាមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាថ្នាលប្រកបដោយជីវជាតិធ្វើឲ្យផ្កាមិត្តភាព ផ្កាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនកាន់តែរីកចម្រើន។ ជាងនេះទៅទៀត យុទ្ធសាស្ត្រខ្សែក្រវាត់មួយផ្លូវមួយគឺជាមូលដ្ឋានមួយដ៏ធំនៃកិច្ចសហប្រតិបត្តិការខាងវិស័យសារព័តមានរវាងប្រទេសកម្ពុជានិងចិន ជាពិសេស កម្ពុជាបានទទួលផលប្រយោជន៍ជាច្រើន។
លោកបានរៀបរាប់ថា ផលដែលកម្ពុជាទទួលបានក្រោមយុទ្ធសាស្ត្រនេះរួមមាន ទទួលបានការបណ្តុះបណ្តាលធនធានមនុស្សដោយតាមរយៈយុទ្ធសាស្ត្រនេះ មន្ត្រីកម្ពុជាជាច្រើនរូបត្រូវបានបញ្ជូនទៅទទួលយកការបណ្តុះបណ្តាលនៅប្រទេសចិន ហើយមន្ត្រីរបស់ចិនមកពីប៉េកាំងនិងខេត្តយូណានក៏បានមកធ្វើការនិងដកបទពិសោធន៍ជាមួយមន្ត្រីកម្ពុជានៅកម្ពុជាដែរ។ ក្រៅពីនេះ ក្រសួងព័តមាននៃប្រទេសកម្ពុជាបានរៀបចំកិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងគោលបំណងផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ពី Analog ទៅជា Digital ហើយបច្ចុប្បន្នមានស្ថានីយ៍ទូរទស្សន៍ខេត្តយូណានមួយនៅកម្ពុជា ដោយគ្រោងនឹងពង្រីកប្រព័ន្ធទូរទស្សន៍នេះនៅទូទាំងប្រទេស។ទទឹមនឹងនេះដែរ ក៏មានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរឯកសារដោយកម្ពុជាបញ្ចូនឯកសាររៀបរាប់ពីការរីកចម្រើនរបស់កម្ពុជាទៅកាន់ប្រទេសចិន ហើយមិត្តចិនក៏បញ្ចូនឯកសារមួយចំនួនមកកម្ពុជា ជាពិសេសឯកសារខ្សែភាពយន្តគំនូរជីវចលជាច្រើនដែលធ្វើឲ្យទស្សនិកជនកម្ពុជាសប្បាយរីករាយទស្សនាវីដេអូឯកសារទាំងនេះ ជាពិសេសកុមារដោយសាធារណជនបានទទួលផលចំណេញច្រើនពីការផ្សព្វផ្សាយទាំងនេះ។
លោករដ្ឋមន្ត្រីបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការខាងផ្នែកព័តមានរវាងកម្ពុជានិងចិនក្រោមយុទ្ធសាស្ត្រខ្សែក្រវាត់មួយផ្លូវមួយធ្វើឲ្យកម្ពុជាយល់កាន់តែច្បាស់អំពីអរិយ្យធម៌ ប្រពៃណីរបស់ជនជាតិចិន ជាជាតិសាសន៍ដែលមានប្រជាជនដ៏ច្រើន ហើយការស្គាល់ពីគ្នានេះហើយ ធ្វើឲ្យកម្ពុជាមានការយោគយល់ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសគឺសង្គមមួយដែលមានពហុជនជាតិ សំដៅលើការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយធ្វើយ៉ាងណា ដើម្បីឲ្យរស់នៅប្រកបសុខដុមរមនីយ គឺជាការសំខាន់ណាស់ ហើយនៅពេលដែលចិនបានឃើញឯកសារដែលកម្ពុជាបញ្ចូនទៅ នឹងធ្វើឲ្យចិនស្គាល់កម្ពុជាកាន់តែច្បាស់ដូចគ្នា ដូចនេះនឹងជំរុញឲ្យទេសចរចិនមកកម្ពុជាកាន់តែច្រើន ដូច្នេះការបង្កើតមិត្តភាពគឺជារឿងសំខាន់ បន្ទាប់មកទៀតគឺបានស្គាល់គ្នា នឹងឈានទៅរកចំណងមិត្តភាពខាងសេដ្ឋកិច្ច។
លោកបន្តទៀតថា សម្រាប់ទៅថ្ងៃអនាគតកម្ពុជានិងចិននឹងសហការសម្រេចឲ្យបាននូវគម្រោងធ្វើឲ្យប្រព័ន្ធការផ្សាយតាមទូរទស្សន៍នៅកម្ពុជាទៅជាប្រព័ន្ធ Digitalទូទាំងប្រទេស។ ក្រៅពីនេះ គឺមានគម្រោងការថតខ្សែភាពយន្តចម្រុះកម្ពុជា-ចិនរួមគ្នាក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ដោយលោកបញ្ជាក់ថា វិស័យព័ត៌មានគឺត្រូវការចាំបាច់នូវដៃគូសហការជួយគាំទ្រគ្នា ដើម្បីកាន់តែល្អប្រសើរ ជាពិសេស ធ្វើឲ្យកម្ពុជាជាប្រទេសតូច តែមានសម្លេងធំដែរនៅលើឆាកអន្តរជាតិ ដូច្នេះកម្ពុជាចង់បានការសហការយូរអង្វែងជាមួយចិន ជាពិសេសផ្តោតលើបច្ចេកវិទ្យាសម័យថ្មីដែលនឹងត្រូវពង្រីកថែមទៀត។
សូមបញ្ជាក់ថា វេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពី«ខ្សែក្រវាត់មួយផ្លូវមួយនឹងត្រូវរៀបចំធ្វើឡើងនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏នឹងអញ្ជើញចូលរួមក្នុងវេទិកានេះផងដែរ ហើយសម្តេចតេជោក៏ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិននាឱកាសនោះផងដែរ។
ពាក់ព័ន្ធនឹងការអញ្ជើញចូលរួមរបស់សម្តេចតេជោនៅក្នុងវេទិការនេះផងដែរ លោកបញ្ជាក់ថា ស្ថិតក្នុងទិសនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រលើគ្រប់វិស័យ ទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះមិនគ្រាន់តែដើម្បីរឹតចំណងធម្មតាទេ ប៉ុន្តែនឹងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតលើផ្នែកផ្សេងៗ នៅដើមសតវត្សរ៍ទី២១នេះ ជាពិសេស ដើម្បីជំរុញគោលដៅជម្រុញការអភិវឌ្ឍន៍របស់កម្ពុជាឲ្យចូលជ្រៅថែមទៀតក្នុងសេដ្ឋកិច្ចតំបន់ដោយស្របតាមប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាប្រទេសនៅលើពិភពលោកគឺជារឿងដ៏សំខាន់ ដូច្នេះកម្ពុជាសង្ឃឹមថា ការរួមគ្នាក្រោមយុទ្ធសាស្ត្រនេះគឺជាការសំខាន់ ក្នុងការជំរុញឲ្យសេដ្ឋកិច្ចពិភពលោកកាន់តែមានការអភិវឌ្ឍន៍ ហើយចៀសផុតពីវិបត្តិធ្ងន់ធ្ងរ៕