ថ្ងៃទី ២៨ ខែមេសា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជានិងសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាទ្រង់និងសម្តេចបានជួបសវនាការជាមួយលោកយ៉ាងជាឈី ទីប្រឹក្សាកិច្ចការរដ្ឋចិននៅក្រុងភ្នំពេញដោយឡែកពីគ្នា ។
លោកយ៉ាងជាឈីថ្លែងថា ភាគីចិនសូមកោតសរសើរខ្ពស់ដល់ភាគីកម្ពុជាដែលសកម្មគាំទ្រកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយភាគីចិន ប្រទេសចិនទន្ទឹងរង់ចាំសម្តេចហ៊ុនសែនអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិននិងចូលរួមវេទិកាកំពូលអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយនៅពាក់កណ្តាលខែឧសភា ។ ភាគីចិនរីករាយរួមជាមួយភាគីកម្ពុជាដើម្បីបង្កើនល្បឿនតភ្ជាប់យុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឃនៃប្រទេសកម្ពុជា ព្រមទាំងអនុវត្តផែនការនិងវិស្វកម្មមួយចំនួន ដូចជាកិច្ចសហប្រតិបត្តិការខាងផលិតភាពជាដើម ។ ភាគីចិនគាំទ្រសហគ្រាសចិនបន្តធ្វើឲ្យបានល្អនូវការកសាងនិងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងសីហនុ ចូលរួមការកសាងផ្លូវល្បឿនលឿន ព្រលានយន្តហោះនិងកំពង់ផែជាដើម ដើម្បីបង្កើតចំណុចភ្លឺថ្មីនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់បានថ្លែងអំណរព្រះគុណចំពោះភាគីចិនដែលបានគាំទ្រនិងជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏យូរ សង្ឃឹមថាប្រទេសកម្ពុជានិងប្រទេសចិនបន្តរឹតចំណងមិត្តភាពនិងប្រពៃណីតទៅទៀត ដើម្បីជំរុញឲ្យទំនាក់ទំនងទ្វេភាគីទទួលបានសមិទ្ធផលកាន់តែច្រើនឡើងឥតឈប់ឈរ ។