ចាប់តាំងពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៃប្រទេសកម្ពុជាបញ្ចុះបឋមសិលាជាផ្លូវការនៅឆ្នាំ២០០៨ រហូតមកទល់នឹងពេលនេះមានរយៈពេលលើសពី៩ឆ្នាំហើយ។ បច្ចុប្បន្ននេះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដែលមានទ្រង់ទ្រាយធំជាងគេ មានចំនួនមនុស្សមានការងារធ្វើច្រើនជាងគេនៅប្រទេសកម្ពុជា ហើយត្រូវបានប្រសិទ្ធនាមថាជាគំរូនៃកិច្ចសហប្រតិបត្តិការចិននិងកម្ពុជានៃការ ផ្តួចផ្តើមគំនិតខ្សែក្រវាត់មួយនិងផ្លូវមួយ។
ក្នុងពេលទទួលសម្ភាស៍ពិសេសពីអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានស៊ីហ្វាចិន លោក Chen Jiangang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបង្ហាញថា សហគ្រាសចូលមកវិនិយោគនៅសួនឧស្សាហកម្មនេះមានច្រើនវិស័យមានដូចជា កាត់ដេរសម្លៀកបំពាក់និងតម្បាញ ឧស្សាហកម្មធុនស្រាលនិងអេឡិចត្រូនិក គ្រឿងបន្លាស់និងគ្រឿងយន្ត ក្តារឈើកម្រាលផ្ទះនិងការវេចខ្ចប់ជាដើម។
នៅពេលនិយាយពីមូលហេតុដែលសហគ្រាសជ្រើសរើសមកបោះទុនវិនិយោគនៅក្រុងព្រះសីហនុ លោក Chen Jiangang បានកត់សម្គាល់ថា ទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំងពីរចិន និងកម្ពុជា ស្ថានការណ៍នយោបាយកម្ពុជាមានភាពនឹងនរ ព្រមទាំងមានវប្បធម៌ស្រដៀងគ្នា សុទ្ធតែជាកត្តាសំខាន់នៃការគិតគូររបស់អ្នកវិនិយោគទុន។ ព្រមជាមួយគ្នានេះ ប្រទេសកម្ពុជាមានគោលនយោបាយអនុគ្រោះមួយចំនួនដល់អ្នកវិនិយោគទុនផងដែរ ដូចជារយៈពេលកំណត់នៃការលើក
លែងពន្ធ។
បន្ទាប់មក ស្ថាប័នដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គយ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងស្ថាប័នត្រួតពិនិត្យជាដើម បានបើកការិយាល័យបំរើសេវានៅក្នុងសួនឧស្សាហកម្មនេះ ហើយរដ្ឋបាលខេត្តព្រះសីហនុក៏បានបង្កើតទីភ្នាក់ងារតំណាងមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់បណ្តាសហគ្រាស អាចបំពេញបែបបទទម្រង់ការធ្វើពាណិជ្ជកម្មទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ក្រៅពីនេះ ទីតាំងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានអាទិភាព ដោយស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្បែរផ្លូវជាតិលេខ៤នៃប្រទេសកម្ពុជា មានចំងាយ ១២គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេសទៅដល់កំពង់ផែទឹកជ្រៅអន្តរជាតិនិងស្ថានីយរថភ្លើងក្រុងព្រះសីហនុ និងមានចំងាយ៣គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់សេដ្ឋកិច្ចពិសេសទៅដល់ព្រលានយន្តហោះអន្តរជាតិ ក្រុងព្រះសីហនុដែលបានផ្តល់ភាពងាយស្រួលខាងចរាចរដឹកជញ្ជូនទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ហើយបានជួយកាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញយ៉ាងច្រើន ។
លោក Chen Jiangang បានបង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំ១១,១៣គីឡូម៉ែត្រការ៉េ បានផ្តល់ការងារធ្វើចំនួន ១៣០០០កន្លែង ព្រមទាំងទីតាំងឧស្សាហកម្មមានភាពល្អឥតខ្ចោះ។ លោកបន្តបញ្ជាក់ទៀតថា អាទិភាពធំបំផុតនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺស្ថិតនៅជិតកំពង់ផែ ហើយគោលដៅអភិវឌ្ឍន៍នាពេលខាងមុខក៏ពឹងផ្អែកទៅលើកំពង់ផែផងដែរសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មជិតកំពង់ផែ ដែលបង្កើតឡើងនូវសួនឧស្សាហកម្មជិតកំពង់ផែប្រកបដោយលក្ខណៈពិសេស។
លោក Chen Jiangang បានលើកឡើងពីយុទ្ធសាស្រ្តចេញក្រៅប្រទេសរហូតដល់គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ និងបាននិយាយថា ការអភិវឌ្ឍន៍នៃតំបន់សេដ្ឋកិច្ចពិសេសគឺទទួលបានផលប្រយោជន៍ពីការភិវឌ្ឍន៍នៃប្រទេសចិន។ លោកបន្តថា ក្នុងរយៈពេលមិនយូរប៉ុន្មាន នៅពេលជួបសន្ទនាជាមួយថ្នាក់ជាន់ខ្ពស់ក្រុមហ៊ុនយើង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទសកម្ពុជាបានថ្លែងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនៃប្រទេសចិនគឺសមស្របយ៉ាងខ្លាំងជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ឧស្សាហកម្មពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ នៃប្រទេសកម្ពុជា។ ចំណុចនេះគឺជានយោបាយល្អបំផុតចំពោះតំបន់សេដ្ឋកិច្ចពិសេស ហើយក៏នឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុនផងដែរ។
ពេលនិយាយពីគោលដៅនៃការស្ថាបនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនាពេលអនាគត លោក ChenJiangang បានថ្លែងថា គោលដៅទីមួយគឺការបង្កើនចំនួនសហគ្រាសមកបោះទុនវិនិយោគពីចំនួន១០០នាពេលបច្ចុប្បន្ន ដល់៣០០ ដែលផ្តល់ការងារធ្វើចំនួនប្រហែល១សែនកន្លែង និងតាមរយៈឧស្សាហកម្មធ្វើការជំរុញការស្ថាបនានគរូបនីយកម្ម។ ទីពីរ ពង្រីកអាទិភាពកំពង់ផែនិងព្រលានយន្តហោះឱ្យពេញលេញ សម្រាប់បង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញមួយ។ ទីបី ពឹងផ្អែកលើមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលមានស្រាប់គួបផ្សំការបណ្តុះបណ្តាល ការរៀនសូត្រ និងការអប់រំជាមួយគ្នា សង្ឃឹមថាអាចបង្កើតសកលវិទ្យាល័យមួយក្នុងសួនឧស្សាហកម្មនេះ ដើម្បីបណ្តុះបណ្តាលកម្មករឱ្យជួយអភិវឌ្ឍន៍ឧស្សាហកម្មនៃប្រទេសកម្ពុជា។
លោក Chen Jiangang បានថ្លែងថា នៅពេលអនាគត តំបន់សេដ្ឋកិច្ចពិសេសក៏នឹងប្រឈមមុខជាមួយការសាកល្បងយ៉ាងច្រើនផងដែរ ដូចជាថាតើធ្វើយ៉ាងដូចម្តេច ដើម្បីរួមបញ្ចូលក្នុងតំបន់ឱ្យកាន់តែជ្រាលជ្រៅថែមមួយកម្រិតទៀត តើធ្វើយ៉ាងដូចម្តេចដើម្បីផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ និងថាតើធ្វើយ៉ាងដូចម្តេចដើម្បីនាំចូលថាមពលអាទិភាពគ្រឿងបរិក្ខារជឿនលឿននៃប្រទេសចិន មកក្នុងប្រទេសកម្ពុជាជាដើម។
ក្នុងពេលសួរអំពីសំណូមពរខ្លះៗ ចំពោះសហគ្រាសចិនដែលបានចេញពីប្រទេសចិន និងមានគោលបំណងចង់ចេញពីប្រទេសចិន លោក Chen Jiangang បានកត់សម្គាល់ថាការត្រួតពិនិត្យនិងស្រាវជ្រាវជាមុនពិតជាមានសារៈសំខាន់ណាស់ ការធ្វើការស្រាវជ្រាវអំពីលក្ខណៈនៃប្រតិបត្តិការឱ្យបានល្អ និងការជ្រើសរើសទីតាំងបោះទុនវិនិយោគឱ្យបានសមរម្យគឺជាចំណុចចាប់ផ្តើមនៃភាពជោគជ័យ។ ក្នុងដំណើរចេញពីប្រទេសចិន សហគ្រាសត្រូវធ្វើការត្រៀមឱ្យបានគ្រប់គ្រាន់ វិភាគ និងប្រៀបធៀបគ្រប់ជ្រុងជ្រោយលើវិស័យដូចជា សុវត្ថិភាពជុំវិញតំបន់ ទីតាំងភូមិសាស្ត្រ ការធានាការវិនិយោគទុននិងឱកាសអភិវឌ្ឍន៍ជាដើម ធ្វើការស៊ើបអង្កេតយ៉ាងពិស្តារដើម្បីជ្រើសរើសទីតាំងវិនិយោគទុនដែលសមស្របនឹងការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួន៕