ល្ងាចថ្ងៃទី ២៣ ខែមីនា នៅក្រុង SanYa លោក LiKeqiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលអញ្ជើញទៅចូលរួមសន្និសីទថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូងនិងវេទិកាBoAo សម្រាប់អាស៊ីប្រចាំឆ្នាំ ២០១៦ ។
លោក LiKeqiang បានថ្លែងថា ប្រទេសចិននិងកម្ពុជាជាមិត្តភក្តិល្អដែលអាចជឿទុកចិត្តគ្នាបាន ការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរមាននិន្នាការដ៏ល្អប្រសើរ ដោយឡែក ប្រទេសទាំងពីរបានផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។ លោករំពឹងទុកថា ប្រទេសទាំងពីរអាចបន្តរក្សាការប្រាស្រ័យទាក់ទងគ្នារវាងអ្នកដឹកនាំជាន់ខ្ពស់ ធ្វើឲ្យមានភាពស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ក្នុងន័យជំរុញឲ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀត ។ លោកបានបញ្ជាក់ទៀតផងថា ប្រទេសចិននិងកម្ពុជាត្រូវពន្លឿនការតភ្ជាប់គ្នាជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពផលិតកម្មនិងការវិនិយោគ ព្រមនិងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដើម្បីធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរអាចទទួលបានផលប្រយោជន៍កាន់តែច្រើនពីកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ។ រដ្ឋាភិបាលចិននឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា ហើយលើកទឹកចិត្តនិងជំរុញឲ្យសហគ្រាសចិនកាន់តែច្រើនទៀតទៅធ្វើការវិនិយោគនៅប្រទេសកម្ពុជាផងដែរ ។
ដោយឡែក សម្តេចហ៊ុន សែនបានសំដែងការអបអរសាទរចំពោះសន្និសីទថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកដំបូងដែលទទួលបានជោគជ័យដ៏គាប់ប្រសើរ ព្រមនិងបង្ហាញថា ប្រទេសកម្ពុជាគាំទ្រការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់ប្រទេសឡានឆាង-មេគង្គ។ ប្រទេសកម្ពុជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលមើលឃើញការអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជានិងចិន ព្រមនិងសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រនិងជំនួយឧបត្ថមដល់ប្រទេសកម្ពុជា ក្រៅពីនេះ កម្ពុជាក៏សូមស្វាគមន៍សហគ្រាសចិនបន្ថែមការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្មរបស់កម្ពុជាផងដែរ ។