លោក ​Li ​Ke​qiang ​នាយករដ្ឋមន្ត្រី​ចិន​បាន​គូស​បញ្ជាក់​នៅ​ពេល​អញ្ជើញ​ចូល​រួម​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១០​ថា ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ធ្វើ​ឲ្យ​អាស៊ី​បូព៌ា​ក្លាយ​ទៅ​ជា​ប៉ូល​ដែល​មាន​កំណើន​ដោយ​នឹងនរ​របស់​សេដ្ឋកិច្ច​ពិភពលោក​
2015-11-23 15:31:25  cri  Web Editor:Sun Lingling

ព្រឹក​ថ្ងៃ​ទី​២២​ខែ​វិចិ្ឆកា​តាម​ម៉ោង​តំបន់ ​លោក​ Li ​Ke​qiang ​នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១០​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ក្រុង​គូឡាឡាំពួ​ ។​ នៅ​ក្នុង​សន្និសីទ​នោះ​មាន​ការអញ្ជើញ​ចូល​រួម​ពី​អ្នក​ដឹក​នាំ​របស់​ប្រទេស​អាស៊ាន​១០ ​លោកស្រី​ Park​ Geun-hye ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​ Shinzo​ Abe​ នាយករដ្ឋមន្ត្រី​ជប៉ុន ​លោក ​Obama​ ប្រធានាធិបតី​អាមេរិក ​លោក​ Medvedev ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ លោក​ Modi ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​លោក ​Malcolm ​Turnbull ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ លោក​ John ​Phillipkey​ នាយករដ្ឋមន្ត្រី​នូវ៉ែលហ្សេឡង់​និង​លោក ​Ban​ ki-moon​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផង​ដែរ​ ។​ ចំណែក​លោក ​Najib ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​អង្គ​សន្និសីទ​នេះ ។

លោក ​Li ​Ke​qiang ​បាន​ថ្លែង​ក្នុង​សុន្ទរកថា​ថា ​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​បាន​បង្កើត​ឡើង​អស់​រយៈ​ពេល​១០​ឆ្នាំ​ហើយ​ ​១០​ឆ្នាំ​នេះ​ជា​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ី​បូព៌ា​ ជា​១០​ឆ្នាំ​ដែល​ប្រទេស​នានា​ចែក​រំលែក​សមិទ្ធផល​នៃ​ភាព​រុង​រឿង​ ហើយ​ក៏​ជា​១០​ឆ្នាំ​ដែល​កម្លាំង​ឥទ្ធិពល​នៃ​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​ពង្រីក​ខ្លួន​ឥត​ឈប់​ឈរ​ដែរ​ ។ ​ឈរ​លើ​ចំណុច​ចាប់​ផ្តើម​ដែល​ថ្មី​នេះ​ ​យើង​ត្រូវ​បន្ត​ប្រកាន់​ខ្ជាប់​ឋានៈ​ណែនាំ​របស់​អាស៊ាន​ ប្រកាន់​ខ្ជាប់​ការអភិវឌ្ឍន៍​ដោយ​ចុះ​សម្រុង​គ្នា​នៃ​យន្តការ​នានា​ ។​ លោក ​Li ​Ke​qiang​ បាន​លើក​ឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​នៃ​សន្និសីទ​កំពូល​នៅ​ពេល​អនាគត​ថា៖

ទី​មួយ ​បង្កើន​ល្បឿន​ជំរុញ​សមាហរណកម្ម​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់​ ធ្វើ​ឲ្យ​អាស៊ី​បូព៌ា​ក្លាយ​ទៅ​ជា​ប៉ូល​ដែល​មាន​កំណើន​ដោយ​នឹងនរ​របស់​សេដ្ឋកិច្ច​ពិភពលោក ។

ទី​ពីរ​ សកម្ម​ធ្វើ​ការចរចា​លើ​ផ្នែក​សន្និសុខ​នយោបាយ​ ស្វែង​រក​និង​ពិភាក្សា​អំពី​ការបង្កើត​រចនាសម្ព័ន្ធ​សន្តិសុខ​ដែល​សមស្រប​នឹង​តំបន់​នេះ ។

ទី​បី​ បង្កើន​ការចរចា​និង​ការផ្លាស់​ប្តូរ​ខាង​អរិយធម៌​អាស៊ី​ ជំរុញ​ការរួម​រស់​ជា​មួយ​គ្នា​ដោយ​មេត្រីភាព​ក្នុង​ខណៈ​ដែល​ប្រទេស​មាន​វប្បធម៌​ខុស​គ្នា ។

    លោក ​Li​ Ke​qiang​ វែក​ញែក​ថា ​ប្រទេស​អាស៊ី​បូព៌ា​នានា​រួម​រស់​នៅ​ដោយ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​បាន​កកើត​ទៅ​ជា​សហគមន៍​ដែល​មាន​ផលប្រយោជន៍​និង​ភេរកិច្ច​ជា​មួយ​គ្នា​ ​។​ ឲ្យតែ​យើង​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ដែល​មាន​ការសាមគ្គីគ្នា​ក្នុង​ការធ្វើ​កិច្ច​សហប្រតិបត្តិការ​ ​បើក​ទ្វារ​ចំហ​និង​អធ្យាស្រ័យ​ គ្រប់​គ្រង​ការវិវាទ​ដោយ​មាន​ប្រសិទ្ធិភាព ​គឺ​អាច​នាំឲ្យ​កិច្ច​សហប្រតិបត្តិការ​របស់​អាស៊ី​បូព៌ា​រក្សា​នៅ​លើ​គោចរណ៍​នៃ​ការអភិវឌ្ឍន៍​ដ៏​ល្អ​ប្រសើរ ​ហើយ​ក៏​អាច​មាន​អំណោយផល​ចំពោះ​ប្រជាជន​គ្រប់​ប្រទេស​ផង​ដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ