ថ្ងៃទី១៤ខែសីហា លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនបានលេងល្បែងអក្សរក្នុងសេចក្តីថ្លែងការណ៍ខួបឆ្នាំទី៧០បន្ទាប់ពីសង្គ្រាម គេចវេសពីការសុំអភ័យទោសដោយផ្ទាល់ចំពោះឧក្រិដ្ឋកម្មរបស់ជប៉ុននៅក្នុងសង្គ្រាមលោកលើកទីពីរ ហើយបែរជាបានប្រកាសថា ជនជាតិជប៉ុនដែលកើតក្រោយសង្គ្រាមមិនបាច់រែកពន់នូវការសុំអភ័យទោសជំនួសអ្នកជំនាន់មុននោះទេ ។ វិទ្យុអន្តរជាតិចិនបានទទួលលិខិតមួយច្បាប់ដែលមានចំណងជើងថា ប្រកាន់ខ្ជាប់ការសុំអភ័យទោសគឺត្រូវការសេចក្តីក្លាហានដ៏ពិតប្រាកដពីសមាគមន៍មិត្តភាពជប៉ុននិងចិន Matsumoto នៅពេលកន្លងទៅនេះ ។ អត្ថបទនេះលើកឡើងថា មតិដែលសម្គាល់ថា ក្មេងជំនាន់ក្រោយរបស់ជប៉ុនគ្មានពាក់ព័ន្ធជាមួយនឹងសង្គ្រាមកាលនោះទេ ដូច្នេះ មិនត្រូវបន្តការរ៉ាប់រងភារកិច្ចសង្គ្រាមទេ ដែលនេះគឺជាមតិខុសឆ្គងនិងមិនសមហេតុផលទាល់តែសោះ ។ តាមការសម្គាល់បានបង្ហាញថា នេះគឺគ្រាន់តែចង់ទទួលបន្តទ្រព្យសម្បត្តិរបស់មនុស្សជំនាន់មុន តែមិនចង់រ៉ាប់រងបំណុលប្រវត្តិសាស្ត្រ ជនជាតិប្រភេទនេះនឹងមិនអាចទទួលការគោរពស្រឡាញ់ពីមនុស្សទាំងអស់បានទេ ។
អត្ថបទវែកញែកថា ប្រសិនបើក្នុងសង្គ្រាមលោកលើកទីពីរនោះ ប្រទេសចិនជាភាគីដែលខ្លាំងក្លាជាងគេ ហើយទាហានចិនទៅសម្លាប់យ៉ាងរង្គាលនិងដុតប្លន់នៅលើទឹកដីប្រទេសជប៉ុន ហើយសមាជិកនិងក្រុមគ្រួសាររបស់ជនជាតិជប៉ុនត្រូវសម្លាប់ដោយជនជាតិចិន នោះ ជនជាតិជប៉ុនអាចបំភ្លេចការឈឺចាប់នេះបានដោយងាយឬទេ? ប្រាកដជាមិនអាចបានឡើយ ។ ដូច្នេះ អារម្មណ៍ស្អប់និងគុំគួនចំពោះជប៉ុនរបស់ជនជាតិចិន មិនមែនជាលទ្ធផលនៃការអប់រំប្រឆាំងជប៉ុននោះទេ ។ សង្ឃឹមថា ប្រជាពលរដ្ឋជប៉ុនអាចយកចិត្តទុកដាក់ចំពោះការពិតនៃប្រវត្តិសាស្ត្រនេះ ។