ថ្ងៃទី ១៥ ខែសីហា ជាទិវាប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន ។ កាលពីថ្ងៃទី ១៤ ខែសីហា ក្នុងសេចក្តីថ្លែងការណ៍របស់លោកស៊ីនហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុនអំពីខួបទី ៧០ ក្រោយសង្គ្រាមលោកលើកទីពីរ លោកបានគេចវេសពីការសុំអភ័យទោស ចំពោះទោសកំហុសសង្គ្រាមលោកលើកទីពីររបស់ជប៉ុន ហើយផ្ទុយទៅវិញ បែរជាប្រកាសថា ប្រជាជនជប៉ុនដែលកើតក្រោយពីសង្គ្រាមលោកលើកទីពីរមិនត្រូវស្តាយនូវបុព្វវាសនានៃការសុំអភ័យទោសដោយសារសង្រ្គាមទៀតទេ ។ ពាក់ព័ន្ធនឹងរឿងនេះ មន្ត្រីនិងប្រព័ន្ធសារព័ត៌មានមួយចំនួននៅក្រៅប្រទេសបានសម្គាល់ថា ជប៉ុនមានតែទទួលស្គាល់ការពិតនិងពិចារណាពីកំហុសនៃប្រវត្តិសាស្រ្តឲ្យបានពិតប្រាកដ ទើបអាចទទួលបានការគោរពនិងទំនុកចិត្តពីប្រទេសជិតខាងនិងសហគមន៍អន្តរជាតិ ។
ថ្ងៃទី ១៤ ខែសីហា លោកបានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានឆ្លងតាមរយៈអ្នកនាំពាក្យរបស់លោកថ្លែងថា លោកបានគីមូនសង្ឃឹមជប៉ុនឆ្លងតាមការគិតពិចារណាឡើងវិញពីកំហុសនៃប្រវត្តិសាស្ត្រនិងការយោគយល់ ប្រទេសមានពាក់ព័ន្ធនានាអាចសម្រេចការជានាគ្នាយ៉ាងពិតប្រាកដ រួមគ្នាបង្កើតសន្តិភាពនិងភាពរុងរឿងក្នុងតំបន់ ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសជប៉ុនមិនត្រូវយកសន្តិភាពនិយមជាវិជ្ជមានធ្វើជាលេសដើម្បីដើរតាមផ្លូវនៃប្រទេសធ្វើសង្រ្គាមនិងផ្លូវឈ្លានពានចំពោះក្រៅប្រទេសនោះទេ ហើយគួរតែឆ្លងតាមការពិនិត្យទោសកំហុសសង្គ្រាមរបស់ខ្លួន ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាង ដែលបូករួមទាំងកូរ៉េខាងជើងផងដែរ ។
បក្សកាន់អំណាចនិងមិនកាន់អំណាចនៃប្រទេសកូរ៉េខាងត្បូងបានសម្គាល់ជាឯកភាពថា ការគិតពិចារណាពីកំហុសឡើងវិញនិងការសុំអភ័យទោសក្នុងសេចក្តីថ្លែងការណ៍របស់លោកស៊ីនហ្សូអាបេនៅមានការខ្វះខាត ។ បក្សជាតិថ្មីដែលជាបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងបានសម្តែងការសោកស្តាយចំពោះការគេសវេសពីការសុំអភ័យទោសដោយផ្ទាល់និងការមិនទទួលស្គាល់ពីការពិតប្រវត្តិសាស្ត្រក្នុងសេចក្តីថ្លែងការណ៍របស់លោកស៊ីនហ្សូអាបេ ។ក្រៅពីនេះ បក្សនយោបាយនិងសម្ព័ន្ធប្រជាធិបតេយ្យថ្មី ដែលជាបក្សមិនកាន់អំណាចធំបំផុតក្នុងប្រទេសកូរ៉េខាងត្បូងក៏បានថ្លែងថា សេចក្តីថ្លែងការណ៍របស់លោកស៊ីនហ្សូអាបេធ្វើឲ្យប្រជាជនមានអារម្មណ៍សោកស្តាយផងដែរ ។