ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

 ក្រសួងការបរទេសចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីដែលជនស៊ីវិលជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនិងរបួសដោយសារប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
2024-08-13 12:10:04cri
Share with:


 

ថ្ងៃទី១២ ខែសីហា នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីករណីដែលជនស៊ីវិលជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនិងរបួសដោយសារប្រតិបត្តិការយោធា របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយអំពាវនាវយ៉ាងខ្លាំងក្លាឱ្យអ៊ីស្រាអែលបញ្ឈប់ការ បាញ់គ្នា និងបញ្ចប់សង្គ្រាមភ្លាមៗ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែសីហាថា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើសាលារៀនមួយខ្នងក្នុងទីក្រុងហ្កាហ្សានៅព្រឹកថ្ងៃដដែល បណ្តាលឱ្យមនុស្សចំនួនជាង១០០នាក់ស្លាប់បាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួស។

 

លោក Lin Jian បានថ្លែងបន្តថា យើងថ្កោលទោសរាល់ទង្វើដែលបង្កអន្តរាយដល់ជនស៊ីវិល ប្រឆាំងទង្វើរំលោភច្បាប់មនុស្សធម៌អន្តរជាតិ និងអំពាវនាវយ៉ាងទទូចឱ្យអ៊ីស្រាអែលស្តាប់ការអំពាវនាវរបស់សហគមន៍អន្តរជាតិដោយយកចិត្តទុកដាក់ ហើយបញ្ឈប់ការបាញ់គ្នានិងបញ្ចប់សង្គ្រាមភ្លាមៗ  ដើម្បីខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការការពារជនស៊ីវិល និងជៀសវាងការកើនឡើងនៃភាពតានតឹងក្នុងតំបន់៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស