ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនថ្លែងថា សហរដ្ឋអាមេរិកនិងហ្វីលីពីនគួរដកចេញភ្លាមហើយមិនដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមក្នុងតំបន់នេះជារៀងរហូត
2024-07-13 11:15:47cri
Share with:

រសៀលថ្ងៃទី១២ខែកក្កដា វរសេនីយ៍ឯក Zhang Xiaogang អនុប្រធាននៃនាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិចិននិងជាអ្នកនាំពាក្យនៃក្រសួងការពារជាតិចិនបានប្រកាសដំណឹងអំពីបញ្ហាពាក់ព័ន្ធនឹងយោធានៅពេលថ្មីៗចុង្រោយនេះ ។

មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធហ្វីលីពីនបានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា កងទ័ពអាមេរិកកំពុងដកសព្វាវុធរបស់ខ្លួនដែលបានប្រើប្រាស់ក្នុងសមយុទ្ធយោធាចម្រុះប្រចាំឆ្នាំឈ្មោះ "Side by Side" រវាងអាមេរិកនិងហ្វីលីពីនចេញពីហ្វីលីពីន ។ តាមផែនការ ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon ដែលដាក់ពង្រាយនៅហ្វីលីពីននាពេលបច្ចុប្បន្ននឹងត្រូវដកចេញនៅខែកញ្ញាឬកាន់តែឆាប់ ។ តើអ្នកនាំពាក្យមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?

លោក Zhang Xiaogang បានថ្លែងថា យើងបានកត់សម្គាល់ឃើញការផ្សាយដំណឹងពាក់ព័ន្ធហើយ ។ មីស៊ីលរយៈចម្ងាយមធ្យមជាអាវុធវាយប្រហារប្រកបដោយលក្ខណៈយុទ្ធសាស្ត្រដែលមានលក្ខណៈពិសេសនៃសង្គ្រាមត្រជាក់ដើមឡើយ វាមិនត្រូវលេចចេញក្នុងតំបន់នេះទេ ។ សហរដ្ឋអាមេរិកនិងហ្វីលីពីនគួរមានការអនុវត្តឱ្យដូចនឹងពាក្យសម្តី ដកចេញអាវុធទាំងនេះភ្លាមនិងមិនដាក់ពង្រាយជារៀងរហូត ។ យើងដាស់តឿនអាមេរិកនិងហ្វីលីពីនឱ្យគោរពក្តីបំណងរួមរបស់ប្រជាជនក្នុងតំបន់នេះដែលស្វែងរកសន្តិភាពនិងការអភិវឌ្ឍ ហើយធ្វើរឿងដែលមានអំណោយផលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ឱ្យបានច្រើន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស