ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ "ការផ្តាច់ទំនាក់ទំនង" ជាមួយប្រទេសចិន នឹងបន្ថែមបន្ទុកដល់សេដ្ឋកិច្ចពិភពលោក
2023-06-06 09:48:34cri
Share with:

      ប៉ុន្មានឆ្នាំកន្លងទៅនេះ យោងតាមកម្មវត្ថុស្តីពី “អាមេរិកជាអាទិភាព”  អាមេរិកបានដាក់ចេញគោលនយោបាយឧស្សាហកម្មជាច្រើនដែលប្រកបដោយភាពរើសអើង ព្រមពេលជាមួយគ្នានេះ ដើម្បីគាំពារអនុត្តរភាពនិងផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន អាមេរិកបានពន្លឿនការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ជាមួយប្រទេសចិនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាជាដើម ។

      នាពេលបច្ចុប្បន្ននេះ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបានរីកចម្រើនយ៉ាងស៊ីជម្រៅ ប្រព័ន្ធបែងចែកឧស្សាហកម្មអន្តរជាតិប្រកបដោយវិទ្យាសាស្ត្រនិងសមហេតុផល វាមានអំណោយផលដល់ការជួយបណ្តាប្រទេសនានាពង្រីកឧត្តមភាពរបស់ខ្លួននិងលើកកម្ពស់ប្រសិទ្ធភាព ដូច្នេះ បណ្តាប្រទេសនានាបានក្លាយទៅជាសហគមន៍រួមវាសនាតែមួយដែលរួមសុខរួមទុក្ខរួចទៅហើយ ។ តាំងពីបានអនុវត្តគោលនយោបាយធ្វើកំណែទម្រង់និងបើកទូលាយមក ក្នុងដំណើររួមបញ្ជូលជាមួយសេដ្ឋកិច្ចសកល ប្រទេសចិនបានក្លាយជាប្រទេសធំខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានឥទិ្ធពលលើទូទាំងពិភពលោក ។ ប្រទេសចិនបានបង្កើតនិម្មាបនកម្មបើកទូលាយចំពោះក្រៅប្រទេសដោយគ្រប់ជ្រុងជ្រោយ ក្នុងន័យចែករំលែកប្រាក់ទុន បច្ចេកវិទ្យានិងទីផ្សារជាមួយពិភពលោក  ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ចិនបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់កំណើនសេដ្ឋកិច្ចសកលឥតឈប់ឈរ ។ ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចសកល គិតជាមធ្យមបានលើសពី៣០ភាគរយ ។

      ក្នុងបរិបទនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច  អាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសដទៃតាមទំនើងចិត្ត ប្រការនេះមិនត្រឹមតែមិនបានកែប្រែភាពពឹងផ្អែករបស់ឧស្សាហកម្មអាមេរិកចំពោះបរទេស ប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាបណ្តាលឱ្យសហគ្រាសរបស់ប្រទេសខ្លួនបន្ថែមដើមទុន ហើយការច្នៃប្រឌិតថ្មីនិងកម្លាំងប្រកួតប្រជែងធ្លាក់ចុះ ដែលបណ្តាលឱ្យផលប្រយោជន៍របស់អ្នកប្រើប្រាស់រងការខូចខាតផងដែរ ។ ព្រមពេលជាមួយគ្នានេះ ក៏បានបណ្តាលឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលមានភាពកាន់តែស្មុគស្មាញនិងទន់ខ្សោយថែមមួយកម្រិតទៀត ដែលបានបង្កជាផលប៉ះពាល់យ៉ាងស៊ីជម្រៅដល់សេដ្ឋកិច្ចសកល ។

      ពិតមែនតែអ្នកនយោបាយទាំងឡាយនៅក្រុងវ៉ាស៊ីនតោន បានស្រែកថា គួរតែកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកបែរជាបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រជាបន្តបន្ទាប់ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មបានលើសពី៧៥ម៉ឺនលានដុល្លារអាមេរិក  នៅឆ្នាំ២០២២ ឈានដល់ជិត៧៦ម៉ឺនលានដុល្លារអាមេរិក ដែលបានកើនឡើងយ៉ាងច្រើន បើប្រៀបធៀបនឹងចំនួន ៥៨ម៉ឺន៣ពាន់៧រយលានដុល្លារអាមេរិកនាឆ្នាំ២០១៧ ។

      អាមេរិកមិនអាចសម្រេចបាននូវការប៉ុនប៉ងស្តីពីការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ក៏បានចាប់ផ្តើមញុះញង់និងជំរុញឱ្យប្រទេសមួយចំនួនតូចឃោសនាបំប៉ោងពីអ្វីដែលហៅថា “ការលុបបំបាត់ហានិភ័យ”  ទង្វើនេះជាឧបាយកលថ្មីរបស់អាមេរិកសម្រាប់អូសទាញសម័្ពន្ធមិត្តរបស់ខ្លួនបន្តដាក់សម្ពាធទៅលើប្រទេសចិន ។ ទស្សនាវដី្តប្រចាំសប្តាហ៍« The Mirror » របស់អាល្លឺម៉ង់បានលើកឡើងថា “ការលុបបំបាត់ហានិភ័យ”  ជាពាក្យមន្តអាគម របស់លោកខាងលិចសម្រាប់យកមកតុបតែងលើការខ្វែងគំនិត ប៉ុន្តែបើសិនជាចង់ធ្វើការប្រាស្រ័យទាក់ទងជាមួយប្រទសេចិន “ការលុបបំបាត់ហានិភ័យ”  មានតែហុចផលវិបាកតបមកវិញ ។

      នាពេលបច្ចុប្បន្ននេះ ដែលសេដ្ឋកិច្ចសកលបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ មិនថាប្រទេសណាមួយ សុទ្ធតែមិនអាចទទួលបានការអភិវឌ្ឍជានិរន្តរភាពដោយពឹងផ្អែកតែខ្លួនឯងនោះទេ ការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះជាគំនិតឯកភាពរួមសកល ។ ប៉ុន្តែអាមេរិកបែរជាចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចចិនថា ជា “ការគំរាមកំហែង” និង “ការប្រឈម” ហើយប៉ុនប៉ងបណ្តេញប្រទេសចិនចេញពីខ្សែសង្វាក់ឧស្សាហកម្មសកល ខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងខ្សែសង្វាក់គុណតម្លៃ ដើម្បីឱ្យចិនផ្តាច់ទំនាក់ទំនងជាមួយសេដ្ឋកិច្ចសកល តែទង្វើនេះមិនអាចធ្វើទៅរួចទេ ហើយនឹងបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ។

       ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសចិនបានប្រកាន់ខ្ជាប់ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងពង្រីកការបើកទូលាយឥតឈប់ឈរ ក្នុងសេដ្ឋកិច្ចសកល សេដ្ឋកិច្ចចិនបានដើរតួនាទីជា “ឧបករណ៍លំនឹង” និង “ប្រភពកម្លាំងចលករ”ជាបន្តបន្ទាប់ ។ ការងើបឡើងវិញរបស់សេដ្ឋកិច្ចសកលត្រូវកាត់បន្ថយហានិភ័យនិងមានពិពិធកម្ម ការដាក់ឱ្យប្រទេសចិននៅឯកោមិនត្រឹមតែមិនអាចធ្វើទៅរួចប៉ុណ្ណោះទេ ថែមទាំងក៏មានគ្រោះថ្នាក់ទៀតផង ។

        លោកស្រី Dilma Rousseff ទេសាភិបាលធនាគារអភិវឌ្ឍន៍ថ្មីរបស់ប្រទេស BRICS និងជាអតីតប្រធានាធិបតីប្រទេសប្រេស៊ីលបានថ្លែងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកបាននិងកំពុងប្រឈមនឹងវិបតិ្តជាច្រើន ប្រទេសមួយចំនួនអនុវត្តឯកតោភាគីនិយមនិងការពារនិយម ហើយប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនតាមរយៈគោលនយោបាយស្តីពីការផ្តាច់ទំនាក់ទំនង ទង្វើនេះជាការគំរាមកំហែងដ៏សំខាន់ដែលការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចបាននិងកំពុងប្រឈម ។ ការគាំពារនិយមផ្នែកពាណិជ្ជកម្មនិងគោលនយោបាយជាឯកតោភាគីបាននាំមកនូវឧបសគ្គជាច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍និងអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី ។

  លោក Martin Wolf ប្រធានអ្នកអត្ថាធិប្បាយសេដ្ឋកិច្ចនៃកាសែត « Financial Times »  បានចេញផ្សាយអត្ថបទដោយលើកឡើងថា ការបង្អង់ល្បឿននៃពាណិជ្ជកម្មសកល ការអនុវត្ត “ជាតិនិយមសេដ្ឋកិច្ច”នៃប្រទេសមួយចំនួន ថែមទាំងពាក្យសំដីនិងទង្វើរបស់លោកខាងលិចស្តីពីការផ្តាច់ទំនាក់ទំនង បាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ។ រីឯលោក Kiyoyuki Seguchi ប្រធាននៃវិទ្យស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រសកល Canon ប្រទេសជប៉ុនបានសម្គាល់ឃើញថា អាមេរិកប្រើប្រាស់ទស្សនផលបូកសូន្យលើវិស័យសេដ្ឋកិច្ច ហើយប៉ុនប៉ងឈានដល់គោលបំណងទប់ស្កាត់អ្នកផ្សេងនិងឱ្យខ្លួនឯងយកឈ្នះ តាមរយៈការអនុវត្តវិធានការដាក់កំហិតគ្រប់បែបយ៉ាង ទីបំផុត មុខជានឹងត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន ។

ផ្ទុយនឹងអ្នកនយោបាយអាមេរិកដែលបានឃោសនាបំប៉ោងយ៉ាងគឃ្លើន អ្នកផងទាំងពួងបានឃើញថា ឧត្តមមន្ត្រីនៃសហគ្រាសបរទសជាច្រើន ក្នុងនោះក៏បូករួមទាំងលោក Musk នាយកប្រតិបតិ្តនៃក្រុមហ៊ុនTeslaផងដែរ បាននាំគ្នាបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះ ប្រការនេះជាការបដិសោធចំពោះការផ្តាច់ទំនាក់ទំនងជាមួយចិន ព្រមពេលជាមួយគ្នានេះ ក៏បានបញ្ជាក់តាមរយៈសកម្មភាពជាក់ស្តែងថា ការផ្តាច់ទំនាក់ទំនងជាមួយចិន មិនអាចទទួលបានការគាំទ្រជាដាច់ខាត ហើយការធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅជាមួយប្រទេសចិន និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយគ្នា ទើបជាបំណងឆន្ទៈរបស់មនុស្សជាទូទៅ ៕



 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស