ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ក្នុងការប្រាស្រ័យទាក់ទងជាមួយចិន អាមេរិកកុំចង់ធ្វើអ្វីតាមទំនើងចិត្តឱ្យសោះ
2023-06-06 16:56:46cri
Share with:

    ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានបង្ហាញអាកប្បកិរិយាមិនច្បាស់លាស់ម្តងអ៊ីចេះម្តងអ៊ីចុះក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ពោលគឺ មួយផ្នែក លោក Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានបង្ករឿងហេតុទៅលើប្រទេសចិននៅកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ២០ ដោយលើកឡើងអំពីបញ្ហាច្រកសមុទ្រតៃវ៉ាន់ព្រមទាំងអ្វីដែលហៅថា "សេរីភាពខាងនាវាចរណ៍" ព្រមពេលជាមួយគ្នានេះ កងទ័ពអាមេរិកបានឃោសនាបំប៉ោងពីករណីដែលនាវាចម្បាំងបានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយបែរជាមួលបង្កាច់ថា វាត្រូវបានភាគិចិន"ចាប់ស្ទាក់ប្រកបដោយគ្រោះថ្នាក់" ។ មួយផែ្នកទៀត ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការទូតនៃតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃទី ៤ ខែមិថុនាដើម្បីស្វែងរកការប្រាស្រ័យទាក់ទងគ្នាជាមួយប្រទេសចិន ។

    ប្រការដែលចាំបាច់ត្រូវលើកឡើង គឺអាមេរិកធ្វើការទប់ស្កាត់និងបង្កការបដិបក្ខគ្នាផង តែបែរជាធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការផង បើនិយាយចំពោះអ្នកផងទាំងពួង កលល្បិចបែបនេះមិនមែនជារឿងចម្លែកនោះទេ ។ ក្នុងទំនាក់ទំនងជាមួយប្រទេសចិន ភាពខុសគ្នានៃឥរិយាបថរបស់អាមេរិកដែលធ្វើរឱ្យគេមិនស្រណុកបែបនេះ តាមពិតទៅ គឺជាភាពប្រក្រតីនៃយុទ្ធសាស្ត្រការទូតរបស់ខ្លួន ។ អ្នកវិភាគសម្គាល់ឃើញថា ក្នុងនាមជាមហាអំណាចផុតលេខលើទូទាំងពិភពលោក សហរដ្ឋអាមេរិកមានទម្លាប់ប្រើអំណាចជិះជាន់ក្នុងសហគមន៍អន្តរជាតិ ប៉ុន្តែវាមិនមានទស្សនៈការទូតដែលប្រកបដោយអត្ថន័យជាទូទៅដ៏ពិតប្រាកដនោះទេ ។

    បើមើលពីការពិតជាក់ស្តែងអាចឃើញថា ឥរិយាបថដែលមានភាពផ្ទុយគ្នារបស់អាមេរិកបានឆ្លុះបញ្ចាំងពីបរិយាកាសនយោបាយដែលខុសទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ។ ក្នុងបរិបទដែលអាមេរិកចាត់ទុកប្រទេសចិនដោយខុសឆ្គងថាជា"គូប្រជែងធំបំផុតខាងយុទ្ធសាស្ត្រ អ្វីដែលហៅថា "គោលជំហរដ៏រឹងចចេសចំពោះប្រទេសចិន"បានក្លាយជាភាពត្រឹមត្រូវខាងនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ។ ហេតុនេះហើយ ស្ទើរតែគ្មានអ្នកនយោបាយណាម្នាក់ហ៊ានរ៉ាប់រងទំនួលខុសត្រូវចំពោះការបន្ធូរបន្ថយភាពតានតឹងនៃទំនាក់ទំនងជាមួយប្រទេសចិនឡើយ ។ អ្វីដែលពួកគេធ្វើកាន់តែច្រើននោះ គឺ ធ្វើពុតស្វែងរកការប្រាស្រ័យទាក់ទងគ្នាជាមួយប្រទេសចិនផង តែបែរជាចង់ធ្វើឱ្យចិនទទួលយកក្បួនច្បាប់ល្បែងហ្គេមរបស់អាមេរិកផង ។ នៅកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ ការដែលសហរដ្ឋអាមេរិកបានបន្តឃោសនាបំប៉ោងពីអ្វីដែលហៅថា "ការគំរាមកំហែងរបស់ចិន"បានបង្ហាញឱ្យឃើញថា ក្បួនច្បាប់នៃអនុត្តរភាពនិយមរបស់ខ្លួនមិនកែប្រែទេ ហើយទង្វើដែលចាត់ទុកទំនាក់ទំនងរវាងចិននិងអាមេរិកជាថ្នូរនយោបាយក៏មិនបានកែប្រែដែរ ។

    យ៉ាងណាមិញ កម្លាំងចម្រុះរបស់អាមេរិកនាពេលបច្ចុប្បន្នមិនស័ក្តិសមនឹងឥរិយាបថមួយនេះទេ ។ សភាពការណ៍សេដ្ឋកិច្ចក្នុងស្រុកអាមេរិកនាពេលបច្ចុប្បន្ននេះគឺពោរពេញទៅដោយវិបត្តិលើច្រើនវិស័យ ។ បក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋបានដោះស្រាយវិបត្តិបំណុលយ៉ាងលំបាកលំបិនតាមរយៈការនិយាយតថ្លៃទៅវិញទៅមក ប៉ុន្តែពួកគេមិនបានដោះស្រាយបញ្ហាពីឬគល់នោះទេ ។ អ្នកវិភាគបានលើកឡើងថា ការដែលសហរដ្ឋអាមេរិកបានចាត់បញ្ជូនមន្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តម្រូវការនិងសំណូមពរដ៏សំខាន់មួយគឺដើម្បីបង្កើនការគ្រប់គ្រងវិបត្តិដែលផ្តោតសំខាន់លើបំណុលរបស់អាមេរិក ។ លើសពីនេះទៅទៀត អាមេរិកក៏មានតម្រូវការក្នុងកិច្ចសហប្រតិបត្តិការលើបញ្ហាជាច្រើនជាមួយប្រទេសចិន ដូចជា ការឆ្លើយតបបម្រែបម្រួលអាកាសធាតុ ការរីកសាយភាយអាវុធនុយក្លេអ៊ែរនិងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើមផងដែរ ។

    បើចង់ធ្វើកិច្ចសហប្រតិបតិ្តការក៏ធ្វើ បើចង់បដិបក្ខគ្នាក៏បដិបក្ខគ្នា ? សំដៅចំពោះការទូតអនុត្តរភាពរបស់អាមេរិកដែលប្រកបដោយអាត្មានិយមណាស់និងចាត់ទុកខ្លួនឯងជាអាទិភាព ប្រទេសចិនមានបទចម្រៀងមួយបទដែលត្រូវផ្សព្វផ្សាយតៗគ្នាថា "ពេលមិត្តមកដល់ផ្ទះ យើងមានស្រាល្អ ពេលចចកមក យើងក៏មានកាំភ្លើងបាញ់ដែរ "។

    ប្រជាជនបានមើលឃើញយ៉ាងច្បាស់ក្រឡែតថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិកបានធ្លាក់ក្នុងសភាពជាប់គាំង មូលហេតុពីឬគល់គឺដោយមកពីការយល់ដឹងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនមានកំហុសយ៉ាងធ្ងន់ ។ អ្នកណាធ្វើខុស ក៏ត្រូវទទួលខុសត្រូវនិងកែតម្រូវកំហុសរបស់ខ្លួន ។ សហរដ្ឋអាមេរិកមិនគួររំពឹងទុកថា ប្រទេសចិននឹងសហការគ្នាក្នុងវិស័យដែលអាមេរិកមានតម្រូវការនោះទេ ទន្ទឹមនឹងនេះ បែរជាមើលរំលងរហូតដល់ការប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា ក្នុងការប្រាស្រ័យទាក់ទងជាមួយចិន អាមេរិកកុំចង់ធ្វើអ្វីតាមទំនើងចិត្តឱ្យសោះ ។ ផ្ទុយទៅវិញ ពួកគេគួរតែរៀនចេះពីការគោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស