ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងករណីដែលសហរដ្ឋអាមេរិកបន្ថែមអង្គភាពចិនជាច្រើនទៅក្នុង "បញ្ជីជាតិដែលបានកំណត់ជាពិសេស"
2023-03-11 15:16:06cri
Share with:

ទាក់ទិននឹងករណីដែលក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសពីការបញ្ចូលអង្គភាពចិនជាច្រើនទៅក្នុង"បញ្ជីជាតិដែលបានកំណត់ជាពិសេស" ដើម្បីដាក់ទណ្ឌកម្មចំពោះប្រទេសចិននាពេលថ្មីៗកន្លងនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនៅថ្ងៃទី ១០ ខែមីនាថា ប្រទេសចិនបានកត់សម្គាល់ឃើញថា អាមេរិកបានបញ្ចូលក្រុមហ៊ុន និងសហគ្រាសចិនចំនួន ២៤ និងបុគ្គលម្នាក់ទៅក្នុង"បញ្ជីជាតិដែលបានកំណត់ជាពិសេស" ដើម្បីដាក់ទណ្ឌកម្ម ក្រោមលេសពាក់ព័ន្ធនឹងអ៊ីរ៉ង។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ។ ភាគីអាមេរិកគួរតែកែប្រែកំហុសរបស់ខ្លួនភ្លាមៗ ហើយបញ្ឈប់ការគាបសង្កត់ដែលមិនសមហេតុផលរបស់ខ្លួនទៅលើក្រុមហ៊ុននិងបុគ្គលចិន ។ ប្រទេសចិននឹងចាត់វិធានការដ៏ចាំបាច់ ដើម្បីគាំពារយ៉ាងដាច់ខាតនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុននិងបុគ្គលចិន ។

អ្នកនាំពាក្យបានថ្លែងថា ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម និងគាបសង្កត់ច្រើនដងលើក្រុមហ៊ុនចិនក្រោមលេសនៃការជាប់ពាក់ព័ន្ធប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី ។ ទង្វើដែលសហរដ្ឋអាមេរិកធ្វើការដាក់ទណ្ឌកម្មដោយឯកតោភាគីនិងខុសទំនងនិងធ្វើបែប "អំណាចដៃវែង" គ្មានទីសំអាងផ្លូវច្បាប់អន្តរជាតិ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុននិងបុគ្គលចិន បំផ្លាញដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មធម្មតារវាងប្រទេសដទៃទៀត គំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងការផ្គត់ផ្គង់សកល ដែលបានរារាំងការ ស្តារឡើងវិញនិងអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស