ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Miguel Díaz-Canel Bermúdez លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបា
2022-11-25 16:17:04cri
Share with:

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Miguel Díaz-Canel Bermúdez លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបានិងជាប្រធានរដ្ឋគុយបាដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសគុយបា គឺជាប្រទេសដំបូងគេនៅអឌ្ឍគោលខាងលិច ដែលបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីគុយបា ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង គាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំលើបញ្ហានានាដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់គូភាគី បង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ ពួតដៃគ្នាដើរលើផ្លូវកសាងសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ប្រទេសខ្លួន ដើម្បីបន្តធ្វើឲ្យទំនាក់ទំនងចិន-គុយបាមានភាពកាន់តែស៊ីជម្រៅក្នុងយុគសម័យថ្មី។

ជាការឆ្លើយតប លោកDíaz-Canel បានថ្លែងថា គុយបាវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាទ្រឹស្តីនិងការអនុវត្តដែលលើកឡើងដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលក្នុងការកសាងសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ។ គុយបាកត់សម្គាល់ថា នេះជាការលើកទឹកចិត្តយ៉ាងពិតប្រាកដដល់កម្លាំងវឌ្ឍនភាពទាំងអស់នៅទូទាំងពិភពលោក៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស